អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងជើងបន្តផ្គើនសហគមន៍អន្តរជាតិដោយបន្តបាញ់សាកល្បងគ្រាប់មីស៊ីល

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​កូរ៉េខាងជើង ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ឈ្មោះ KCNA បាន​ប្រាប់​ឲ្យ​ដឹង​នា​ថ្ងៃ​អាទិត្យ ទី១៧ មេសា​ថា លោក​គីម ជុងអ៊ុន​បាន​ចូលរួម​ត្រួតពិនិត្យ​លើ​ការ​បាញ់​សាកល្បង​ប្រកប​ដោយ​ជោគជ័យ​នូវ​ប្រព័ន្ធអាវុធ​ថ្មី។ ការ​បាញ់​សាកល្បង​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​របប​ក្រុង​ព្យុងយ៉ាង​ទើប​ប្រារព្ធ​ខួបកំណើត ១១០ឆ្នាំ​របស់​លោក​គីម អ៊ីលស៊ុង​ក្នុង​ថ្ងៃ​សុក្រ ទី១៥ មេសា។ បន្ទាប់​មក​នៅ​ថ្ងៃទី២៥ មេសា កូរ៉េខាងជើង​នឹង​ប្រារព្ធខួបកំណើត​កងទ័ព​ប្រជាមានិត​កូរ៉េ។

កូរ៉េខាងជើងបន្តផ្គើនសហគមន៍អន្តរជាតិដោយបន្តបាញ់សាកល្បងគ្រាប់មីស៊ីល។
កូរ៉េខាងជើងបន្តផ្គើនសហគមន៍អន្តរជាតិដោយបន្តបាញ់សាកល្បងគ្រាប់មីស៊ីល។ AP
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើង KCNA មិន​បាន​ប្រាប់​ពី​ប្រភេទ​អាវុធ​ដែល​បាន​សាកល្បង និង​បាន​ត្រឹម​បញ្ជាក់​ជា​ប្រព័ន្ធអាវុធ​ថ្មី​តាក់ទិក​ដែល​មាន​បំពាក់​ប្រព័ន្ធ​នាំ​ផ្លូវ និង​ដែល​ត្រូវ​បង្កើន​ប្រសិទ្ធិភាព​អាវុធ​នុយក្លេអ៊ែរ​តាក់ទិក។ បន្ទាប់​មក និង​បើ​តាម KCNA ដដែល មេដឹកនាំ​កូរ៉េខាងជើង​គីម ជុងអ៊ុន​ដែល​បាន​ចូលរួម​ត្រួតពិនិត្យ​លើ​ការ​បាញ់​សាកល្បង​បាន​ផ្តល់​ឲ្យ​ក្រុម​អ្នក​ស្រាវជ្រាវ​យោធា​នូវ​ការ​ណែនាំ​សំខាន់ៗ​ស្តីពី​ការ​បន្ត​ពង្រឹង​សមត្ថភាព​ការពារ និង​កម្លាំង​ប្រយុទ្ធ​នុយក្លេអ៊ែរ។ KCNA បាន​អះអាង​បន្ត​ទៀត​ថា ការ​បាញ់​សាកល្បង​ទទួល​បាន​ជោគជ័យ និង​មិន​បាន​បញ្ជាក់​ពី​ចំនួន​អាវុធ ពី​ថ្ងៃ និង​ទីកន្លែង​បាញ់​សាកល្បង​ពិត​ប្រាកដ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី អគ្គសេនាធិការដ្ឋាន​កងទ័ព​កូរ៉េខាងត្បូង​បាន​បញ្ជាក់​ពី​ការ​ចាប់​បាន​នូវ​រូបភាព​គ្រាប់​ចំនួន ២គ្រាប់​ដែល​បាន​បាញ់​ចេញ​នៅ​យប់​ជ្រៅ​ក្នុង​ថ្ងៃ​សៅរ៍ ទី១៦ មេសា និង​ថា គ្រាប់​នោះ​បាន​ហោះ​ក្នុង​ចម្ងាយ ១១០គីឡូម៉ែត្រ ក្នុង​កម្ពស់ ២៥គីឡូម៉ែត្រ និង​ក្នុង​ល្បឿន​ជិត ៥ ០០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ពី​ខាង​អាមេរិក អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​បាន​ត្រឹម​បញ្ជាក់​ពី​ការ​ដឹង​ព័ត៌មាន​ស្តីពី​ការ​បាញ់​សាកល្បង​អាវុធ​ថ្មី​របស់​កូរ៉េខាងជើង និង​ថា អាមេរិក​តាម​ដាន​លើ​ស្ថានការណ៍​នេះ។ តែ​សម្រាប់​ក្រុម​អ្នកវិភាគ​ឯណោះ​វិញពួក​គេ​ហាក់​បាន​អះអាង​ដោយ​មិន​អល់អែក​ថា ប្រព័ន្ធអាវុធ​ថ្មី​ដែល​កូរ៉េខាងជើង​ទើប​បាន​បាញ់​សាកល្បង​នេះ គឺ​ជា​គ្រាប់មីស៊ីល​បាលីស្ទិក​ថ្មី​បាញ់​ចម្ងាយ​ជិត។

សាទរ​ថ្ងៃ​កំណើត​លោក​គីម អ៊ីលស៊ុង ឬ​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ?

មាន​ការ​កត់សម្គាល់​ចំនួន​ពីរ​នៅ​ក្នុង​ការ​បាញ់​សាកល្បង​អាវុធ​ថ្មី​របស់​កូរ៉េខាងជើង​ពេល​នេះ ទី១ ចំ​ពេល​ខួបកំណើត ១១០ឆ្នាំ​របស់​លោក​គីម អ៊ីលស៊ុង​ដែល​ជា​ជីតា​របស់​គីម ជុងអ៊ុន និង​ទី២ ចំ​ពេល​ដែល​ក្រុង​ព្យុងយ៉ាង​ត្រៀម​ប្រារព្ធ​ថ្ងៃ​កំណើត​កងទ័ព​ប្រជាមានិត​កូរ៉េ​នៅ​ថ្ងៃទី២៥ មេសា​ខាង​មុខ។ គេ​អាច​និយាយ​បាន​ថា ការ​បាញ់​សាកល្បង​នេះ​ជា​ការ​សាទរ​លើ​ព្រឹត្តិការណ៍​ទាំង​ពីរ និង​ការ​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ។ សម្រាប់​មេដឹកនាំ​គីម ជុងអ៊ុន ព្រឹត្តិការណ៍​ថ្ងៃ​ខួបកំណើត​លោក​គីម អ៊ីលសុស៊ុង​ជា​ព្រឹត្តិការណ៍​មួយ​សំខាន់​ខ្លាំង​ណាស់​ដែល​គេ​មិន​អាច​មើល​រំលង​ដោយ​មិន​រៀបចំ​ពិធី​អបអរសាទរ​បាន​ទេ ព្រោះ​លោក​គីម អ៊ីលស៊ុង​ជា​ជីតាបង្កើត និង​ជា​ស្ថាបនិក​កូរ៉េខាងជើង។

នៅ​ក្នុង​ពិធី​សាទរ​តែង​ត្រូវ​បាន​ក្រុង​ព្យុងយ៉ាង​រៀបចំ​ជា​ក្បួន​ព្យុះយាត្រា​ស៊ីវិល កងទ័ព រួម​ទាំង​គ្រឿងសព្វាវុធ​គ្រប់​ប្រភេទ។ នេះ​ដោយ​មិន​ភ្លេច​និយាយ​ពី​ការ​សាទរ​តាម​រយៈ​ការ​សាកល្បង​នុយក្លេអ៊ែរ ឬ​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល។ ក្នុង​ថ្ងៃ​សុក្រ ទី១៥ មេសា​ដែល​ចំ​ថ្ងៃ​កំណើត​លោក​គីម អ៊ីលស៊ុង ក្រុងព្យុងយ៉ាង​បាន​រៀប​ចំ​ត្រឹម​ក្បួន​ព្យុះហយាត្រា​ស៊ីវិល ពិធី​រាំកំសាន្ត និង​ការ​បាញ់កាំជ្រួច ពោល​មិន​មាន​ព្យុះហយាត្រា​កងទ័ព​ដូច​ដែល​ក្រុម​អ្នកសង្កេតការណ៍​បាន​រង់ចាំ​ទេ។ ទន្ទឹម​គ្នា​នេះ ក្រុម​អ្នកវិភាគ រួម​ទាំង​ក្រុម​អ្នកទទួល​ខុសត្រូវ​កូរ៉េខាងត្បូង និង​អាមេរិក​ថែម​ទាំង​បាន​គិត​ថា កូរ៉េខាងជើង​អាច​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ ឬ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​នៅ​ចំ​ថ្ងៃ​ខួប​កំណើត​លោក​គីម អ៊ីលស៊ុង​ថ្ងៃទី១៥ មេសា។

លើស​ពី​នេះ ពួក​គេ​ថែម​ទាំង​បាន​គិត​ទៀត​ថា បើ​គីម ជុងអ៊ុន​មិន​ធ្វើ​ចំ​ថ្ងៃ​កំណើត​ជីតា​ទេ គីម ជុងអ៊ុន​អាច​ធ្វើ​សរុប​នៅ​ថ្ងៃទី២៥ មេសា​ដែល​ជា​ថ្ងៃ​កំណើត​កងទ័ព​ប្រជាមានិត​កូរ៉េ។ តែ​នៅ​ទីបំផុត គីម ជុងអ៊ុន​មិន​បាន​រង់ចាំ​ធ្វើ​សរុប​នៅ​ថ្ងៃទី២៥ មេសា​ឯណា។ គ្រាន់​តែ​ថា គីម ជុងអ៊ុន​បាន​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ក្នុង​ថ្ងៃទី១៧ មេសា ពោល​នៅ​មួយ​ថ្ងៃ​ក្រោយ​ថ្ងៃ​កំណើត​របស់​ជីតា។

គីម ជុងអ៊ុន​សាកល្បង​នុយក្លេអ៊ែរ ឬ​គ្រាប់មីស៊ីល​នៅ​ថ្ងៃទី២៥ មេសា?

ជាមួយ​អ្នក​ណា​មិន​ដឹង​ទេ តែ​បើ​ជាមួយ​គីម ជុងអ៊ុន អ្វីៗ​អាច​ទៅ​រួច​ទាំង​អស់ និង​ពេល​ខ្លះ​មិន​បាន​ព្រៀង​ទុក​ទៀត​ផង។ វា​អាច​ថា​នៅ​ថ្ងៃទី២៥ មេសា ក្រុង​ព្យុងយ៉ាង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ធំ​សម្បើម​អស្ចារ្យ​ជាមួយ​នឹង​ក្បួន​ព្យុះហយាត្រា​កងទ័ព​ដោយ​បង្ហាញ​គ្រឿងសព្វាវុធ​គ្រប់​ប្រភេទ រួម​ទាំង​ការ​សាកល្បង​នុយក្លេអ៊ែរ និង​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ចម្ងាយ​ឆ្ងាយ ឬ​ចម្ងាយ​ជិត។ ចូរ​កុំ​ភ្លេច​ថា​សម្រាប់​កូរ៉េខាងជើង នុយក្លេអ៊ែរ​ជា​អាយុជីវិត និង​ជា​ភាព​ស្ថិត​នៅ​របស់​របប​កុម្មុយនិស្ត។ នៅ​ក្នុង​សមាជ​គណបក្សកុម្មុយនិស្ត​កាល​ពី​ខែ​មករា ឆ្នាំ ២០២១ គីម ជុងអ៊ុន​បាន​បង្ហាញ​ផែនការ​អភិវឌ្ឍ​លើ​វិស័យ​ការពារ។

អ្វី​ដែល​គីម ជុងអ៊ុន​ចង់​បាន គឺ​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​កម្រិត​ខ្ពស់ និង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ខ្នាតតូច និង​មាន​ទម្ងន់​ស្រាល។ កាល​ពី ៣សប្តាហ៍​មុន​នេះ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​គ្រាប់មីស៊ីលបាលីស្ទិកអន្តរទ្វីប​ដែល​មាន​កម្លាំងខ្លាំង​មិន​ធ្លាប់​មាន​គិត​តាំង​ពី​ឆ្នាំ ២០១៧។ ចំណែក​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ត្រូវ​បាន​កូរ៉េខាងជើង​ធ្វើ​ចំនួន ៦ដង​គិត​តាំង​ពី​ឆ្នាំ ២០០៦។ បើ​តាម​ក្រុម​អ្នកវិភាគ កូរ៉េខាងជើង​អាច​នឹង​ធ្វើ​ការ​សាកល្បង​លើកទី៧ នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ។ ជាមួយ​នឹង​ការ​សាកល្បង​ជា​យថាហេតុ​នេះ​ត្រូវ​បាន​ក្រុម​អ្នកជំនាញ​យល់​ថា កូរ៉េខាងជើង​នឹង​ព្យាយាម​ផលិត​ក្បាលនុយក្លេអ៊ែរ​ខ្នាតតូច​ដើម្បី​បំពាក់​លើ​គ្រាប់មីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM។

ក្រុម​អ្នក​ទទួល​ខុស​ត្រូវ​កូរ៉េខាងត្បូង​បាន​ថ្លែង​ថា ក្រុង​ព្យុងយ៉ាង​អាច​នឹង​រៀបចំ​ក្បួនព្យុះហយាត្រា​កងទ័ព ឬ​សាកល្បង​នុយក្លេអ៊ែរ​នៅ​ចំ​ថ្ងៃ ឬ​ក្បែរ​ថ្ងៃទី២៥ មេសា​ដែល​ជា​កំណើត​កងទ័ព​ប្រជាមានិត​កូរ៉េ។ គេ​អាច​អាច​និយាយ​ជា​រឿង​ចៃដន្យ ព្រោះ​ថ្ងៃ​កំណើត​កងទ័ព​កូរ៉េខាងជើង​ចំ​ពេល​ដែល​អាមេរិក និង​កូរ៉េខាងត្បូង​រៀបចំ​សមយុទ្ធ​ចាប់​ពី​ថ្ងៃ​ចន្ទ ទី១៨ មេសា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ