អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សិទ្ធិសេរីភាពសារព័ត៌មាន​ក្នុង​បរិបទ​សង្រ្គាម​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

តើ​សិទ្ធិសេរីភាពសារព័ត៌មាន​នៅក្នុងពិភពលោក​បានល្អប្រសើរ ឬ​ធ្លាក់ចុះ​អាក្រក់​ជាងឆ្នាំមុន? នៅក្នុង​ឱកាសទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ថ្ងៃទី ៣​ឧសភា ដែលកំណត់​ឡើង​ដោយអង្គការ​សហប្រជាជាតិ អង្គការ​អ្នកកាសែត​គ្មានព្រំដែន ដែលមាន​មូលដ្ឋាន​នៅទីក្រុង​ប៉ារីស​បាន​ចេញ​របាយការណ៍​ប្រចាំឆ្នាំ​មួយ​ដែល​ទាញសញ្ញាអាសន្ន ពី​ភាពវឹកវរ​ក្នុងការផ្សព្វផ្សាយ​ព័ត៌មាន នៅក្នុង​ពិភពលោក។ នៅ​ឆ្នាំ ២០២២ សិទ្ធិសេរីភាព​សារព័ត៌មានកំពុង​រងគ្រោះផងដែរ ដោយសារ​សង្រ្គាម នៅអ៊ុយក្រែន។

លោកស្រីEvgeniy Maloletka, អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន​អាមេរិកាំង AP ចុះយកព័ត៌មាន​នៅ​ក្នុង​សង្រ្គាម​នៅប្រទេស​អ៊ុយក្រែន
លោកស្រីEvgeniy Maloletka, អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន​អាមេរិកាំង AP ចុះយកព័ត៌មាន​នៅ​ក្នុង​សង្រ្គាម​នៅប្រទេស​អ៊ុយក្រែន AP - Mstyslav Chernov
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ ដែល​ចេញផ្សាយ​នៅថ្ងៃ​នេះ នៅក្នុង​ឱកាស​ទិវាសិទ្ធិសេរីភាព​សារព័ត៌មាន​ពិភពលោក អង្គការ​អ្នកកាសែតគ្មាន​ព្រំដែន​បាន​ទាញ​សញ្ញាភាពវឹកវរ​ក្នុងការផ្សព្វផ្សាយ​ព័ត៌មាន។

នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​២០២២ អង្គការអ្នកកាសែត​គ្មាន​ព្រំដែន Reporter sans frontière បាន​ប្រើ​ពាក្យ Chaos informationnel ដែល​យើង​អាចប្រែក្រៅផ្លូវការ​ថា ភាពវឹកវរ ឬចលាចល​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន។ គេចាប់លឺពាក្យនេះ ចាប់តាំងពីមានការផ្សព្វផ្សាយ​ព័ត៌មាន​ស្អេកស្កះ នៅលើ​បណ្តាញ​សង្គម។ គួរបញ្ជាក់ថា នៅពេល​មិនទាន់​កើតមាន​បណ្តាញសង្គមដូចជាហ្វេសប៊ុក ទ្វីតទ័រជាដើម ការផ្សព្វផ្សាយព័ត៌មាន​ដែលមាន​នៅតែ​តាម​វិទ្យុ ទូរទស្សន៍​និង​កាសែត ធ្វើឡើង​ដោយសារ​អ្នកសារព័ត៌មាន​អាជីព ដែលមាន​ការបណ្តុះបណ្តាល​វិជ្ជាជីវៈត្រឹមត្រូវ។ ប៉ុន្តែ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារ​តែ​បណ្តាញសង្គម អ្នកណា​ក៏អាច​ផ្សព្វផ្សាយ​ព័ត៌មាន​បានដែរ ដែល​មាន​ទាំងព័ត៌មាន​ពិត និង​ព័ត៌មាន​មិនពិត។ នៅពេល​ព័ត៌មាន​ពិត និង​ព័ត៌មាន​មិនពិតលាយច្របូកច្របល់គ្នា យ៉ាងដូច្នេះ គេ​ពិបាកនឹង​ធ្វើការបែងចែក​ខ្លាំងណាស់។

សម្រាប់ អង្គការ​អ្នកកាសែត​គ្មានព្រំដែនវិញ ភាពវឹកវរ​ក្នុងការផ្សព្វផ្សាយ​ព័ត៌មាន គឺ​ចង់សំដៅ ដល់ ចំណុចសំខាន់​២។ ទីមួយ គឺការកើនឡើង​នៃការផ្សព្វផ្សាយ​ព័ត៌មានមិនពិត នៅក្នុង​បណ្តា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ និងទី២ គឺ​ការក្រសោបគ្រប់គ្រង​គ្រប់បណ្តាញផ្សព្វផ្សាយព័ត៌មាន នៅក្នុងចំណោម​ប្រទេស​ដឹកនាំ​ដោយរបប​ផ្តាច់ការ។

តាម​អង្គការអ្នកកាសែត​គ្មានព្រំដែន នៅតាម​បណ្តាប្រទេស​គ្រប់គ្រង​ដោយ​មេដឹកនាំផ្តាច់ការ គ្មានទេ ការគោរព​សិទ្ធិសេរីភាព​សារព័ត៌មាន។ ប្រព័ន្ធផ្សព្វផ្សាយ​ទាំងអស់ ស្ថិតនៅក្នុងកណ្តាប់ដៃ​គ្រប់គ្រង​យ៉ាងតឹងរ៉ឹង​របស់​រដ្ឋអំណាច ដែលជា​ហេតុធ្វើ​ឲ្យ​ប្រជាជន​មិន​បាន​ដឹងពីព័ត៌មាន​ពិតជាក់ស្តែង ដូចក្នុងករណី​របស់​អាជ្ញាធរ​រុស្ស៊ី ដែលបាន​បិទខ្ទប់ មិន​ឲ្យប្រជាជន​របស់ខ្លួន​បាន​ដឹង​ពី​សង្រ្គាមនៅអ៊ុយក្រែន។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅរុស្ស៊ី និយាយ​តែ​បេសសកម្ម​ពិសេស​របស់​កងទ័ព​រុស្ស៊ី​នៅអ៊ុយក្រែន ប៉ុន្តែ មិនមែន សង្រ្គាមឈ្លានពាន​អ៊ុយក្រែននោះទេ។ នៅ​ខែ​មីនា សភា​រុស្ស៊ី​បាន​បង្កើតច្បាប់​រឹតបន្តឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​សង្រ្គាមអ៊ុយក្រែន។ នៅពេល​កាសែត​ឯករាជ្យ​រុស្ស៊ី ត្រូវ​បិទទ្វារ ដើម្បីជៀសផុតពីការចោទប្រកាន់​ថា ជា​ភ្នាក់ងារ​ស៊ើបការណ៍​ឲ្យបរទេស អ្នកកាសែត ឬ​អ្នកដែល​សរសេរ​ចុះផ្សាយ​ពី​កងទ័ពរុស្ស៊ី​ធ្វើ​សង្រ្គាម​អ៊ុយក្រែន ត្រូវ​បានអាជ្ញាធរ​រុស្ស៊ី​ចាប់ខ្លួន ក្នុងបទចោទប្រកាន់​ចុះផ្សាយ​ព័ត៌មានក្លែងក្លាយ។

ព័ត៌មានក្លែងក្លាយនៅ​ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ

ការបោកបញ្ឆោត បន្លំ​មតិ​សាធារណៈ ព័ត៌មានក្លែងក្លាយ មិនមែន​កើតមាន​តែ​នៅដែល​មាន​របបផ្តាច់ការនោះទេ។ វា​មាន​ផងដែរ នៅក្នុងបណ្តា​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ។ នៅត្រង់ចំណុច​នេះ អង្គការ​អ្នកកាសែត​គ្មានព្រំដែន​បានលើកយក​ករណី​របស់​ប្រទេស​នៅអឺរ៉ុប ដែលមាន​ដូចជា បារាំង ក្រិក ហូឡង់ជាដើម ដែល​មាន​ចំណាត់ថ្នាក់​មិន​សូវល្អ​ខាងផ្នែកគោរព​សិទ្ធិសេរីភាព​សារព័ត៌មាន។ ឧទាហរណ៍​នៅបារាំង គេ​កត់សំគាល់​ឃើញ​កើតមាន​ប្រព័ន្ធផ្សព្វផ្សាយ ដែល​សំបូរ​ដោយ​អ្នកបញ្ចេញយោបល់​ជ្រុលនិយម ដែល​មាន​ទម្រង់ដូច​ទូរទស្សន៍ អាមេរិកាំង Fox News របស់​ក្រុមអភិរក្សនិយម។ ចំណែកនៅក្រិក អ្នកកាសែតដែល​ស៊ើបអង្កេត​ទៅលើ​រឿងពុករលួយ ឬជនអន្តោប្រវេសន៍ ត្រូវ​អាជ្ញាធរ​ឃ្លាំតាមដាន​លួចស្តាប់ និង​ចោទប្រកាន់​ពីបទ​រំលោភច្បាប់​សន្តិសុខជាតិ។ ការណ៍នេះធ្វើ​ឲ្យ​ក្រិក​ជាប់ចំណាត់ថ្នាក់ទី ១០៨ ក្នុង​ចំណោម​ប្រទេស​១៨០ នៅក្នុងពិភពលោក។

ហុងកុងធ្លាក់ចំណាត់ថ្នាក់ពី ៨០ ទៅលេខរៀងទី ១៤៨

ជាទូទៅ មាន​៧៣%នៃប្រទេស​សរុប ១៨០ ត្រូវ​បាន​អង្គការ​អ្នកកាសែត​គ្មានព្រំដែន​ចាត់ចូល​ទៅក្នុង​ស្ថានភាព​ដែល​សិទ្ធិសេរីភាព​សារព័ត៌មាន​ស្ថិតក្នុងភាពធ្ងន់ធ្ងរខ្លាំង លំបាក និង​មាន​បញ្ហា។

បើតាម​ចំណាត់ថ្នាក់​របស់​អង្គការអ្នកកាសែត​គ្មានព្រំដែន មាន​ប្រទេស​ចំនួន ២៨ ដែល​ស្ថិតនៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ចំណែក​ប្រទេស​ដែល​មានការគោរពសិទ្ធិសេរីភាព​សារព័ត៌មាន​ល្អជាងគេ​បាន​ថយចុះពីចំនួន ១២​នៅ​ឆ្នាំមុន មក​នៅត្រឹម​៨ប្រទេស។

ដូចឆ្នាំមុនៗ ប្រទេស​ដែល​គោរពសិទ្ធិសេរីភាពសារព័ត៌មាន មានសំបូរ​នៅ​ប្រទេស​អឺរ៉ុប​ខាងជើង ដូចជាដាណឺម៉ាក ស៊ុយអែត និង​​ន័រវែស​ជាដើម​ដែល​នៅតែជាប់ចំណាត់ថ្នាក់លេខ១ ពីរឆ្នាំជាប់គ្នា។

ចំណែក​ប្រទេស​ដែលជាប់ចំណាត់​ថ្នាក់អាក្រក់​ចុងក្រោយគេ​ទាំង​៦ មានដូចជា​ចិន ដែលជាប់ចំណាត់ថ្នាក់​លេខរៀង​ទី ១៧៥ គ្រាន់បើជាង​ភូមាបន្តិច​ដែល​ជាប់ចំណាត់ថ្នាក់​ទី ១៧៦។ បន្ទាប់មក គឺ អ៊ីរ៉ង់ អេរីត្រេ។ ប្រទេស​ដែល​ជាប់ចំណាត់ថ្នាក់ចុងក្រោយគេ ទី ១៨០​គឺ​កូរ៉េខាងជើង ដែល​បិទខ្ទប់​មិនស្វាគម​អ្នកកាសែត​បរទេស។

ជាការកត់សំគាល់ផងដែរ នៅក្នុង​ការបែងចែក​ចំណាត់ថ្នាក់លើកនេះ អង្គការ​អ្នកកាសែត​គ្មានព្រំដែន​បាន​ទម្លាក់ចំណាត់ថ្នាក់​របស់​ហុងកុង ខ្លាំងមែនទែន ពី លេខរៀង​ទី ៨០ មកនៅ​ចំណាត់ថ្នាក់ ទី ១៤៨។ មូលហេតុ​គឺ​មកពីសិទ្ធិសេរីភាព​សេរីភាព​សារព័ត៌មាន​នៅហុងកុង​ត្រូវ​សម្លាប់​សឹងទាំងស្រុង។ ដោយសារ​ការអនុវត្ត​ច្បាប់សន្តិសុខជាតិ របស់​រដ្ឋអំណាច​ប៉េកាំង អ្នកកាសែត​ហុងកុង ត្រូវ​ចាប់ខ្លួន ចំណែក​កាសែត​ឯករាជ្យ​ត្រូវ​អាជ្ញាធរ​ចិនចុះ​បិទទ្វារ​ជា​បន្តបន្ទាប់។

នៅក្នុងរបាយការណ៍​របស់ខ្លួននៅឆ្នាំនេះ អង្គការ​អ្នកកាសែត​គ្មានព្រំដែន​បានវាយតម្លៃដែរថា ក្នុង​រយៈពេល​១០ឆ្នាំ​ចុងក្រោយនេះ ការគំរាម​តាម​អ៊ីនធ័រនែតទៅលើ​អ្នកកាសែត បានកើនឡើង មិនថា ពីសំណាក់​អ្នកនយោបាយ ឬ​សាធារណជនទូទៅ។

នៅកន្លែងយកព័ត៌មានផ្ទាល់ អ្នកកាសែត ក៏បាន​ក្លាយជាផ្ទាំងស៊ីប​វាយប្រហារ មិនថា នៅក្នុងពេល​ចុះទៅយកព័ត៌មាននៅក្នុង​បាតុកម្ម​ប្រឆាំងការចាក់វ៉ាក់សាំង ឬ​នៅក្នុង​សង្រ្គាម​ ដូចនៅសង្រ្គាមអ៊ុយក្រែន ជាទីដែល​អង្គការ​អ្នកកាសែត​គ្មានព្រំដែន​បាន​រកឃើញថា ចាប់តាំងពី​រុស្ស៊ីចូលធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន មាន​អ្នកយកព័ត៌មាន​និង​អ្នកធ្វើការ​ក្នុងផ្នែកផ្សព្វផ្សាយ​យ៉ាងហោច ៥០នាក់ ត្រូវស្លាប់​នឹងគ្រាប់កាំភ្លើង នោះបើទោះបីជាពួកគេ​ពាក់អាវ​សំគាល់​អ្នកកាសែត​ក៏ដោយ។

ហេតុអ្វី​គេត្រូវ​គោរពសិទ្ធិសេរីភាព​សារព័ត៌មាន?

សិទ្ធិសេរីភាពសារព័ត៌មាន​សំខាន់ណាស់ ព្រោះថា បើកាលណា​គេ​គោរព​សិទ្ធិអ្នកកាសែត បើក​ឱកាស​ឲ្យមានការផ្សព្វផ្សាយ​ពិត ទៀងត្រង់ ដែលមានខ្លឹមសារគ្រប់ជ្រុងជ្រោយ នោះ ប្រជាជន​នឹង​បាន​ទទួលព័ត៌មាន​ច្បាស់លាស់ ដែលនឹងជួយឲ្យពួកគេ​អាច​សម្រេចចិត្ត​ត្រឹមត្រូវ ដូចជា​ក្នុងករណី​មានការបោះឆ្នោតជាដើម។

មួយវិញទៀត វាសំខាន់ណាស់ ដែល ប្រជាជន​ត្រូវ​មាន​សិទ្ធិ​ក្នុងការទទួល​ស្តាប់ មើល គ្រប់​ព័ត៌មាន ឯករាជ្យ ដូចជា​ សង្រ្គាមនៅ អ៊ុយក្រែន ឬ​ស្ថានភាពកូវីដ​នៅក្នុងពិភពលោក។ ការបើកភ្នែក​មើលឃើញ ស្តាប់ព័ត៌មាន​ឯករាជ្យ​គឺ​ជា​ការជួយបំពេញបន្ថែម​ចំណេះដឹង​ដ៏សំខាន់របស់​មនុស្សគ្រប់រូប។

Journée mondiale de la liberté de la presse.
Journée mondiale de la liberté de la presse. © Studio graphique FMM

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ