អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន-សេរីភាពព័ត៌មាន

តុលាការ​​រុស្ស៊ី​​ សម្រេច​​បិទហ្វេសប៊ុក​និងអ៊ីនស្តាក្រាម

តុលាការ​រុស្ស៊ី​បាន​សម្រេច​នៅ​ថ្ងៃ​ចន្ទ​ ២១មីនា​ម្សិលមិញ​បិទ​បណ្តាញ​សង្គម​ហ្វេសប៊ុក​និងអ៊ីនស្តាក្រាម​ក្រោម​បទ​ញុះញង់​ឲ្យ​មាន​សកម្មភាព​ជ្រុលនិយម​ប្រឆាំង​នឹង​ទីក្រុងមូស្គូ​។ ចំណាត់ការ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ស្វិតស្វាញ​របស់​វិមាន​ក្រេមឡាំង​ក្នុង​ការ​បង្ក្រាប​បណ្តាញ​សង្គម​ក្នុង​អំឡុង​សង្គ្រាម​អ៊ុយក្រែន​។

នៅថ្ងៃចន្ទ ២១មីនា ឆ្នាំ២០២២ តុលាការរុស្ស៊ីបានសម្រេចបិទបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្តាក្រាម ក្រោមបទញុះញង់ឲ្យមានសកម្មភាពជ្រុលនិយមប្រឆាំងនឹងទីក្រុងមូស្គូ។
នៅថ្ងៃចន្ទ ២១មីនា ឆ្នាំ២០២២ តុលាការរុស្ស៊ីបានសម្រេចបិទបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្តាក្រាម ក្រោមបទញុះញង់ឲ្យមានសកម្មភាពជ្រុលនិយមប្រឆាំងនឹងទីក្រុងមូស្គូ។ © REUTERS - DADO RUVIC
ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេច​របស់​តុលាការ​រុស្ស៊ី​ ធ្លាក់​មក​ក្រោយ​រុស្ស៊ី​ខឹង​និង​បាន​ប្រកាស​បើក​ការ​ស៊ើបអង្កេត​ប្រឆាំង​នឹង​ក្រុម​ហ៊ុនមេតា​ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អាមេរិក។ អាជ្ញាធរ​រុស្ស៊ី​កាលពី​ថ្ងៃ​ទី១១​ មីនា​ បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​មេតា​ដែលជា​ក្រុមហ៊ុន​មេរបស់​ហ្វេសប៊ុក​ និង​អ៊ីនស្តាក្រាម​ពីបទ​មិន​លុបសារ​ដែល​បង្កប់​ន័យ​ស្អប់​ ឬ​ប្រឆាំង​នឹង​ជនជាតិ​រុស្ស៊ី ឬក៏​ប្រទេស​រុស្ស៊ី​ ចាប់តាំងពីលោក​ពូទីនបញ្ជូនទ័ព​ចូលវៃអ៊ុយក្រែន​កាលពីថ្ងៃទី​២៤​ កុម្ភៈ​មក​។

នៅក្នុង​សវនាកាលពី​ម្សិលមិញ​ ភ្នាក់ងារ​សន្តិសុខ​រុស្ស៊ី​ (FSB) បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​មេតា​ថា​កំពុង​ធ្វើ​សកម្មភាព​ដែល​ប្រឆាំង​នឹង​ផល​ប្រយោជន៍​របស់ទីក្រុងមូស្គូ​ និង​កងទ័ព​រុស្ស៊ីដែល​កំពុង​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន​។

នៅក្នុង​ប្រទេស​រុស្ស៊ី​ គេ​មិនអាចចូល​ប្រើ​ហ្វេសប៊ុក​និង​ធ្វីតធ័រ​បាន​ឡើយ តាំងពី​ដើម​ខែ​មីនា​មក​ ចំណែក​អ៊ីនស្តាក្រាម​ដែលជា​បណ្តាញស​ង្គម​យុវជន​រុស្ស៊ី​ និយមប្រើខ្លាំង​ណាស់​នោះវិញ​ត្រូវ​បាន​បិទ​នៅក្នុង​ប្រទេស​រុស្ស៊ី​តាំងពីមួយ​សប្តាហ៍​មកហើយ​។

តុលាការរុស្ស៊ី​បាន​ឯកភាព​ទៅ​តាម​សំណើ​របស់​រដ្ឋអាជ្ញា​ក្រុងមូស្គូ​ និង​បាន​សម្រេច​បិទ​បណ្តាញ​សង្គម​ដ៏ល្បីល្បាញ​ទាំងពីរ​របស់​អាមេរិក​ជុំវិញរឿង​ប្រព្រឹត្ត​សកម្មភាព​ជ្រុលនិយម​។ សកម្មភាពជ្រុលនិយមនេះ​គឺរុស្ស៊ីចង់សំដៅ​ដល់​គោលការណ៍​របស់​ក្រុមហ៊ុន​មេតា​ដែលអនុញ្ញាត​ឲ្យ​មាន​ការបញ្ចេញមតិ​ ស្អប់ខឹង ឬ​ប្រឆាំង​រុស្ស៊ី​រឿងធ្វើសង្គ្រាម​នៅអ៊ុយក្រែន​។

ក្រុមហ៊ុន​មេតា​នៅ​មិន​ទាន់​ចេញ​មុខ​និយាយ​អ្វី​មួយ​មាត់​នោះទេ​។ ហើយនៅថ្ងៃ​ចន្ទ​ម្សិលមិញនេះ​ គេហទំព័រ​ព័ត៌មាន​របស់​បារាំង​មួយ​ទៀត​ឈ្មោះថា​ Euronews ក៏​ត្រូវ​អាជ្ញាធរ​រុស្ស៊ី​​បិទ​ដែរ។ វិធានការនេះ​ធ្វើឡើងដោយ​ស្រប​ទៅតាម​សំណើ​របស់​ការិយាល័យរដ្ឋ​អាជ្ញា​រុស្ស៊ី​ដូចគ្នា​។

យ៉ាងណាក៏ដោយ​ រុស្ស៊ី​មិន​បាន​បញ្ជាក់ប្រាប់នោះទេ​ពីមូលហេតុ​ដែល​នាំ​ឈាន​ទៅ​ដល់ការ​បិទ​គេហទំព័រ​ Euronews។ ស្រដៀង​គ្នា​នេះ​ កាលពីដើម​ខែ​មីនា​ រុស្ស៊ី​ក៏​បាន​បិទ​មិនឲ្យគេ​ចូល​មើល​គេហទំព័រ​ព័ត៌មាន​ BBC​ របស់​អង់គ្លេស​បាន​ឡើយ​។ ចំណាត់ការ​ជា​បន្តបន្ទាប់​គ្នា​នេះ​ ធ្លាក់មក​ស្របពេល​ដែល​ក្រសួងការ​បរទេស​រុស្ស៊ី​ព្រមាន​ចាត់​វិធានការ​សងសឹក​ប្រឆាំង​នឹង​ប្រព័ន្ធផ្សព្វផ្សាយ​ទាំងឡាយណា​ ដែល​ដើរ​ផ្ទុយ​នឹង​ផលប្រយោជន៍​របស់​ក្រេមឡាំង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ