អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីរ៉ង់ខឹង​វាយបក​នឹង​សេចក្តីសម្រេច​របស់​ទីភ្នាក់ងារ​AOEAដែល​ស្តីបន្ទោសអ៊ីរ៉ង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅពេល​ការចរចា​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ កំពុង​ជាប់គាំង តាំងពីខែ​មីនា ភាពតានតឹង​ក្នុងសំណុំរឿង​នុយក្លេអ៊ែរអ៊ីរ៉ង់ បាន​កើនឡើង​មួយកម្រិតទៀត បន្ទាប់ពី​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​អនុម័ត​សេចក្តីសម្រេច​ស្តីបន្ទោស​អ៊ីរ៉ង់។ នៅថ្ងៃ​ព្រហស្បតិ៍ទី​៩មិថុនា អ៊ីរ៉ង់​បាន​ចេញមុខ​បរិហារិះគន់ ចាត់ទុក​សេចក្តីសម្រេច​របស់​ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ​ថា មិនត្រឹមត្រូវ គ្មានន័យស្ថាបនា។

មន្រ្តីរបស់​ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរអន្រជាតិAIEA ត្រួតពិនិត្យ​ម៉ាស៊ីនកាម៉េរ៉ា​ថត​នៅ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ក្រៅទីក្រុង​ Isfahan,កាលពី​ឆ្នាំ ២០០៥
មន្រ្តីរបស់​ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរអន្រជាតិAIEA ត្រួតពិនិត្យ​ម៉ាស៊ីនកាម៉េរ៉ា​ថត​នៅ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ក្រៅទីក្រុង​ Isfahan,កាលពី​ឆ្នាំ ២០០៥ AP - Mehdi Ghasemi
ផ្សាយពាណិជ្ជកម្ម

អ៊ីរ៉ង់នៅថ្ងៃ​ព្រហស្បតិ៍នេះ បាន​ដំឡើងសំឡេងរិះគន់​ខ្លាំង ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ AIEA ដែលបាន​ចេញសេចក្តីសម្រេច ស្តីបន្ទោស​អ៊ីរ៉ង់​កាលពីថ្ងៃ​ពុធទី ៨​មិថុនា។

ក្នុង​រយៈពេល​២ឆ្នាំចុងក្រោយ (ចាប់តាំង​ពី​ខែមិថុនា ២០២០) នេះជា​លើកទី១​ដែល ទីភ្នាក់ងារ​ថាមពល​បរិមាណូអន្តរជាតិ AIEA ចេញសេចក្តីសម្រេច ស្តីបន្ទោស​អ៊ីរ៉ង់។ សេចក្តីសម្រេច​ដែល​ផ្តួចផ្តើម​ដោយ​អាមេរិក និងប្រទេស​អឺរ៉ុប​ទាំងបី គឺ​បារាំង អង់គ្លេស និង​អាល្លឺម៉ង់​ត្រូវ​បាន​សមាជិក​របស់​ទីភ្នាក់ងារ​ AIEA​ចំនួន ៣០​ប្រទេស​បោះឆ្នោត គាំទ្រ កាលពីថ្ងៃ ពុធម្សិលមិញ។ ដូចទម្លាប់ រុស្ស៊ី និង​ចិនបោះឆ្នោត​ប្រឆាំង ចំណែក​ប្រទេស​បី ដូចជា​ឥណ្ឌា ប៉ាគីស្ថាន និង​លីប៊ី បាន​បោះឆ្នោត​អនុប្បវាទ។

ក្រៅពី​ស្តីបន្ទោស​អ៊ីរ៉ង់ សេចក្តីសម្រេច​របស់​ទីភ្នាក់ងារ​ថាមពលនុយ​ក្លេអ៊ែរអន្តរជាតិ​បាន​អំពាវនាវ​ឲ្យ​អ៊ីរ៉ង់ គោរព​កាតព្វកិច្ច​ផ្លូវច្បាប់ ដែលមាន​ចែង​ក្នុងកិច្ចព្រមព្រៀង សហការ និង​ឆ្លើយបំភ្លឺ​រាល់​ចម្ងល់ សង្ស័យ​របស់​ AIEA។ នៅក្នុង​សេចក្តីថ្លែងការណ៍​រួម កាលពី​ថ្ងៃពុធ​ម្សិលមិញ អាមេរិក បារាំង អាល្លឺម៉ង់ និង​អង់គ្លេស ដែលសុទ្ធសឹង​ជា​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ បាន​និយាយ​ថា បើសិន បើសិនអ៊ីរ៉ង់ ធ្វើតាម​ការទាមទារ​របស់​ AIEA ហើយ​ប្រធានទីភ្នាក់ងារ​ AIEA​បានទទួល​ការពន្យល់គ្រប់ជ្រុងជ្រោយ​ពី​ភាគី​អ៊ីរ៉ង់ នោះ គេ​នឹង​មិន​ទាមទារ​ឲ្យ​ទីភ្នាក់ងារ​ AIEA​ចាត់វិធានការ​អ្វីបន្ថែម ប្រឆាំង​នឹង​អ៊ីរ៉ង់​នោះទេ។

អាមេរិក បារាំង អង់គ្លេស និង​អាល្លឺម៉ង់ បាន​ជំរុញ ឲ្យ​ទីភ្នាក់ងារ​ AIEAបោះឆ្នោត​ចេញ​សេចក្តីសម្រេច ស្តីបន្ទោស​អ៊ីរ៉ង់ នៅពេលនេះ គឺ​បន្ទាប់ពី​អ៊ីរ៉ង់បាន​ព្រងើយកន្តើយ មិន​បកស្រាយ​អ្វីទាំងអស់​នៅក្រោយ​របាយការណ៍​របស់​ AIEA​សរសេរ​ដាក់បន្ទុក​អ៊ីរ៉ង់​ថា​បាន​រំលោភ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ឆ្នាំ ២០១៥។

កាលពី​ចុងខែ​ឧសភា​កន្លងទៅ នេះ ទីភ្នាក់ងារ AIEA​បាន​ចេញរបាយការណ៍​មួយ​ដែល​បង្ហាញ​ថា អ៊ីរ៉ង់ បាន​បង្កើន បរិមាណស្តុក​សារធាតុ​អ៊ុយរ៉ាញ៉ូម​ដែល​ចម្រើនរួច ដល់​ទៅ​១៨ដង។ តាម​ AIEA គិត​ត្រឹម​ពាក់កណ្តាលខែ​ឧសភា ចំនួន​សារធាតុ​អ៊ុយរ៉ាញ៉ូមចម្រើនរួច ដែលមាន​ក្នុងស្តុក​របស់​អ៊ីរ៉ង់ បានកើនដល់​៣៨០៩,៣គីឡូក្រាម គឺ​ច្រើនជាង​បរិមាណ ស្តុក ២០២,៨គីឡូក្រាម​ដែលមាន​ចែង​ក្នុងកិច្ចព្រមព្រៀង។

ក្រៅពីបង្កើន​បរិមាណស្តុក​សារធាតុ​អ៊ុយរ៉ាញ៉ូម អ៊ីរ៉ង់ ត្រូវ​បាន​របាយការណ៍​របស់​ AIEA ចោទប្រកាន់​ផងដែរថា បាន​លួចចម្រើន​សារធាតុអ៊ុយរ៉ាញ៉ូម ដល់​៦០% គឺ​ឈាន​ទៅ​ក្បែរ​៩០% ដែលអាច​ឲ្យ​គេយកទៅ​ផលិត​ក្បាលគ្រាប់នុយក្លេអ៊ែរ។ មួយវិញ​ទៀត នៅក្នុង​របាយការណ៍ AIEA បាន​លើក​ឡើង​ថា អ៊ីរ៉ង់​មិនបានផ្តល់ព័ត៌មានលម្អិត គួរឲ្យជឿទុកចិត្ត ទាក់ទង នឹង​ស្លាកស្នាម អ៊ុយរ៉ាញ៉ូម​ចម្រើនធាតុ​ ដែល​គេបាន​ប្រទះឃើញ នៅ​ស្ថានីយ៍​នុយក្លេអ៊ែរ ៣ទីតាំង ហើយ​ដែល​ស្ថានីយ៍​ទាំង៣​នោះ គ្មាន​ក្នុង​បញ្ជី​ប្រកាស​របស់​អ៊ីរ៉ង់​កន្លងមក។

អ៊ីរ៉ង់សងសឹកវិញ ដោយកាត់ផ្តាច់ខ្សែកាម៉េរ៉ា​របស់ទីភ្នាក់ងារ AIEA នៅទីតាំង​នុយក្លេអ៊ែររបស់អ៊ីរ៉ង់

ប្រធាន​ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ទាត់ចោល​ទាំងស្រុងការចោទប្រកាន់ ដោយ​ថា អ៊ីរ៉ង់មិនបាន​ធ្វើសកម្មភាព​នុយក្លេអ៊ែរយោធា ហើយ​ក៏គ្មានទីតាំង​រោងចក្រ​លួចលាក់​នោះដែរ។ តាមប្រធាន​ទីភ្នាក់ងារ​ថាមពល​អ៊ីរ៉ង់ អ៊ីរ៉ង់​នៅតែរក្សា​ការសហការ​អតិបរមា​ជាមួយ​AIEA ប៉ុន្តែ គឺ​ក្រុមប្រទេស​លោកខាងលិច​ដែល​ដាក់​សម្ពាធខ្លាំង​លើ​អ៊ីរ៉ង់​តាមរយៈ ការចេញសេចក្តីសម្រេច​ដែលមាន​គោលដៅ​នយោបាយ។

ឆ្លើយតប​នឹង​សេចក្តីសម្រេច​របស់​ទីភ្នាក់ងារ ​AIEA​ដែល​អ៊ីរ៉ង់​ចោទថា មិនត្រឹមត្រូវ និង​គ្មាន​ន័យ​ស្ថាបនា អ៊ីរ៉ង់ ដែល​បាន​ត្រៀមខ្លួនរួចជាស្រេចនោះ ​បាននិយាយ​សងសឹក ដោយ​បាន​ប្រកាស បង្កើន​ចំនួន​ម៉ាស៊ីន​សម្រាប់ចម្រើនសារធាតុអ៊ុយរ៉ាញ៉ូម និង​ប្រកាស​កាត់ផ្តាច់​ខ្សែកាមេរ៉ា​ថត មួយចំនួន របស់​ទីភ្នាក់ងារ AIEA ដែល​គេដាក់ នៅតាម​ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ អ៊ីរ៉ង់។ នៅក្នុងនោះ​មានផងដែរ​កាម៉េរ៉ា​របស់​​AIEA ដែល​ថតតាមដាន​ការចម្រើន​សារធាតុ​អ៊ុយរ៉ាញ៉ូម របស់​អ៊ីរ៉ង់។

តាម​អ៊ីរ៉ង់ កាម៉េរ៉ា​ជាង ៨០%ដែល​ទីភ្នាក់ងារ​ថាមពល​បរិមាណូអន្តរជាតិ AIEA ដំឡើង​ដាក់​នៅតាម​ទីតាំង​នុយក្លេអ៊ែរ​របស់អ៊ីរ៉ង់​នៅតែ​ដំណើរការ​ធម្មតាទេ។ ប៉ុន្តែ តាម​អ្នកនាំពាក្យ​របស់ទីភ្នាក់ងារ​ថាមពលនុយក្លេអ៊ែរ​អ៊ីរ៉ង់ បាននិយាយ​ថា អ៊ីរ៉ង់នឹង​មិន​ខ្លាច​ចាត់វិធានការ​សងសឹក​បន្ថែម​ទៀតនោះទេ។ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិក​សោកស្តាយ ដែល​អ៊ីរ៉ង់ កាត់ផ្តាច់​ខ្សែកាម៉េរ៉ា​របស់​​AIEA។ សម្រាប់អាមេរិក សេចក្តីសម្រេច​របស់​​AIEA ​មានគោលដៅ ជំរុញ​ឲ្យ​អ៊ីរ៉ង់​សហការ​ពេញលេញ​ជាមួយ ទីភ្នាក់ងារ​​AIEA ប៉ុន្តែ មិនមែន​ជំរុញ​ឲ្យ​អ៊ីរ៉ង់​ត្រលប់​ទៅ​បង្កើន​សកម្មភាពចម្រើនសារធាតុអ៊ុយក្រែន និង​កាត់បន្ថយ​តម្លាភាព តាមរយៈ​ការកាត់ផ្តាច់​ម៉ាស៊ីនកាម៉េរ៉ា​របស់​AIEAនោះទេ។

សេចក្តីសម្រេចដែលអាច​បំផ្លាញ កិច្ចប្រឹងប្រែងស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ អ៊ីរ៉ង់​បាន​ព្រមានរួចហើយថា សេចក្តីសម្រេច​របស់​AIEA លើកនេះ គ្មាន​ន័យ​ស្ថាបនា។ ការចរចា​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កំពុង​ជាប់គាំង​ស្រាប់ផង ដោយសារ​តែ​មានការទាមទារ​ចង់បាន​ច្រើនពីខាងអ៊ីរ៉ង់។ ចុះ​ទម្រាំ AIEA​ចេញ​សេចក្តីសម្រេច ស្តីបន្ទោស អ៊ីរ៉ង់ បន្ថែមទៀត តើ​គេ​សង្ឃឹម​នឹង​បាន​ការសហការ​ពី​អ៊ីរ៉ង់ និងជំរុញ​ការចរចាឲ្យទៅ​មុខ​បាន​យ៉ាងម៉េច?

រហូតមក ការចរចា​ត្រូវជាប់គាំង ដោយសារ​ភាគី​ចរចា ចេះតែ​ចង់ខ្លាំងរៀងៗខ្លួន។ ដូចជា អ៊ីរ៉ង់​បាន​ទាមទារ​ឲ្យ​អាមេរិក​ដកទណ្ឌកម្ម​សេដ្ឋកិច្ច​ជាមុន បើសិន​ចង់​ឲ្យ​អ៊ីរ៉ង់ត្រលប់មក​គោរព​ពេញលេញ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។ ប៉ុន្តែ អាមេរិក​ដែលបាន​ដកខ្លួន ចេញពីកិច្ចព្រមព្រៀង​នៅ​ឆ្នាំ ២០១៨ បាន​ដាក់​លក្ខខណ្ឌ ឲ្យ​អ៊ីរ៉ង់ ត្រូវ​ត្រលប់​មក​គោរព​១០០%​នៃ​កិច្ចព្រមព្រៀង​ជាមុន សិន បើសិន​ចង់​ឲ្យ​អាមេរិក ត្រលប់មកចូល ក្នុងកិច្ចព្រមព្រៀង និងលុបចោល​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់។

សេចក្តីសម្រេច​របស់​ទីភ្នាក់ងារ​AIEA បាន​ត្រឹម​បន្ទោស និង​ទាមទារចង់បាន​ការសហការបន្ថែម​ពី​អ៊ីរ៉ង់។ សេចក្តីសម្រេចរបស់​​AIEAគួរ​នឹង​អាច​មាន​ប្រសិទ្ធិភាព ដាក់សម្ពាធ​លើ​អ៊ីរ៉ង់បាន។ ប៉ុន្តែ ក្នុង​កាលៈទេសៈ ដែល​មាន​ការប្រជែងគ្នា​រវាង​ប្រទេស​មហាអំណាច សព្វថ្ងៃ អ៊ីរ៉ង់​ដឹងថា ខ្លួននឹង​នៅតែមានការគាំទ្រ​ពី​ចិន និង​រុស្ស៊ី ដែលជា​គូប្រជែង​របស់​អាមេរិក និង​ប្រទេស​លោកខាងលិចផ្សេងទៀត។ ដូច្នេះ អ៊ីរ៉ង់​មិនងាយ​នឹង​ចុះចាញ់ សម្លុត ឱនលំទោន​ធ្វើតាម​សេចក្តីសម្រេច AIEA នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ