អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ អះអាង​ថា អ៊ីរ៉ង់​​ចម្រើន​​ធាតុ​អ៊ុយរ៉ានីញ៉ូម កាន់តែ​​ច្រើន​ឡើង​​ៗ

ក្នុងរវាងប៉ុន្មានខែចុងក្រោយនេះ អ៊ីរ៉ង់បានធ្វើការចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូម កាន់តែច្រើនឡើង ដែលឈានទៅជិតដល់កម្រិត ដែល​អាច​ឲ្យ​អ៊ីរ៉ង់ អាចផលិត​អាវុធនុយក្លេអ៊ែរបាន​។ នេះបើផ្អែកតាម​ការសន្និដ្ឋាន នៅក្នុងរបាយការណ៍របស់ទីភ្នាក់ងារ​ថាមពលនុយក្លេអ៊ែរអន្តរជាតិ ហៅកាត់ថា AIEA កាលពីថ្ងៃចន្ទ ទី​៣០ឧសភា ម្សិលមិញ។ បន្ថែមពីនេះ AIEA បាន​លើកឡើងថា​ អ៊ីរ៉ង់មិនបាន​ផ្តល់ព័ត៌មានលំអិត អំពីស្ថានីយ៍​នុយក្លេអ៊ែរ ដែលគ្មានការប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ​ថែមទៀត។

លោកអគ្គនាយកទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ AIEA/ IAEA Mariano Grossi ថ្លែងទៅកាន់អ្នកកាសែត នៅរដ្ធធានីតេអេរ៉ង់ ថ្ងៃទី ៥ មីនា ២០២២
លោកអគ្គនាយកទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ AIEA/ IAEA Mariano Grossi ថ្លែងទៅកាន់អ្នកកាសែត នៅរដ្ធធានីតេអេរ៉ង់ ថ្ងៃទី ៥ មីនា ២០២២ AP - Vahid Salemi
ផ្សាយពាណិជ្ជកម្ម

ចំនួនស្តុកនៃសារធាតុអ៊ុយរ៉ានីញ៉ូម ដែលអ៊ីរ៉ង់បានចម្រាញ់បាន បានកើនឡើងលើស​កម្រិត ដែលមានកំណត់នៅក្នុងកិច្ចព្រមព្រៀងឆ្នាំ​​២០១៥ ដល់ទៅ​៨ដង។ នេះគឺជាការលើកឡើង នៅក្នុងរបាយការណ៍របស់ ទីភ្នាក់ងារ​ថាមពលនុយក្លេអ៊ែរអន្តរជាតិ ហៅកាត់ថា AIEA ចេញផ្សាយនៅថ្ងៃចន្ទ ទី​៣០ឧសភា។

យោងតាមទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលបានអានលំអិតរបាយការណ៍​នេះ នៅខែកុម្ភៈ អ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ានីញ៉ូមក្នុងស្តុក សរុបប្រមាណ​ ៣១៩៧,១គីឡូក្រាម តែនៅពាក់កណ្តាលខែឧសភា ស្តុកនេះបានឡើង ដល់ ៣៨០៩,៣គីឡូក្រាម។ ពោលគឺវាលើស​ស្តុក កំណត់ត្រឹម​៣០០គីឡូក្រាម ដែលអ៊ីរ៉ង់ធ្លាប់បានសន្យាក្នុង​កិច្ចព្រមព្រៀង។​ បន្ថែមពីនេះ អ៊ីរ៉ង់បានបន្ថែមកម្រិតស្តុកនៃ អ៊ុយរ៉ានីញ៉ូមចម្រើនធាតុ​២០% ពី១៨២,១គីឡូក្រាម ឡើងដល់ ២៣៨,៤គីឡូក្រាម។ តាមធម្មតាកិច្ចព្រមព្រៀងបានកំណត់ អនុញ្ញាត តែអ៊ុយរ៉ានីញ៉ូម​ចម្រើនធាតុអ៊ីសូតូប (Isotope) មិនឲ្យ​លើសពី​ ៣,៦៧%ទេ ដែល​ជាកម្រិតចាំបាច់ សម្រាប់ប្រើក្នុងវិស័យវេជ្ជសាស្ត្រ ព្យាបាលជំងឺមហារីក​ជាដើម។

ជាងនេះទៀត យោងតាមរបាយការណ៍ ចំនួនស្តុក​នៃសារធាតុអ៊ុយរ៉ានីញ៉ូមចម្រើនធាតុ​អ៊ីសូតូប កម្រិត៦០% របស់អ៊ីរ៉ង់ គឺបាន​កើនពី ៣៣,២គីឡូក្រាម ទៅ ៤៣,១គីឡូក្រាម។ មន្ត្រីជំនាញ​អះអាងថា អ៊ីរ៉ង់កាន់តែឈានចូលជិតដល់​ដំណាក់កាល សារធាតុអ៊ុយរ៉ានីញ៉ូមចម្រើនធាតុក្នុងកម្រិត​៩០% ដែលអាចយកទៅប្រើ ដើម្បី​ផលិតជាគ្រាប់បែបបរមាណូ។

ដោយឡែកនៅក្នុងរបាយការណ៍មួយទៀត AIEA  បានលើកឡើងថា អ៊ីរ៉ង់មិនបានផ្តល់ព៍ត៌មានលំអិត គួរជាទីទុកចិត្តទេ ទាក់ទិននឹង នូវស្លាកស្នាមសារធាតុអ៊ុយរ៉ានីញ៉ូមចម្រើនធាតុ​ ដែលគេបានប្រទះឃើញនៅស្ថានីយ៍នុយក្លេអ៊ែរ៣ទីតាំង ហើយ​ដែលស្ថានីយ៍ទាំង៣នោះ គ្មានក្នុងបញ្ជីដែលអ៊ីរ៉ង់ប្រកាសជាផ្លូវការទេ។

តែយ៉ាងណា អ្នកនាំពាក្យ​ក្រសួងការបរទេសអ៊ីរ៉ង់បានលើកឡើងថា របាយការណ៍ចុងក្រោយ របស់​ AIEA នេះ គឺមានលក្ខណៈលំអៀង មិនត្រឹមត្រូវយុត្តិធម៌ទេ។ ភាគីអ៊ីរ៉ង់អះអាងថា ស្លាកស្នាមសារធាតុអ៊ុយរ៉ានីញ៉ូមចម្រើនធាតុ ដែលគេប្រទេះឃើញនោះ គឺជាស្នាដៃរបស់​ក្រុមធ្វើវិទ្ធង្សនា ដែលមានចេតនាបង្កាច់បង្ខូចអ៊ីរ៉ង់តែប៉ុណ្ណោះ។ ក្រៅពីបានចោទថា AIEA ទទួលសំពាធពីអ៊ីស្រាអែល អ៊ីរ៉ង់បាន​អះអាងបានប្រគល់ព័ត៌មានលំអិតទៅឲ្យ​ AIEA រួចហើយ ដើម្បីបញ្ចប់មន្ទិលសង្ស័យ ទាក់ទិននឹងស្ថានីយ៍ដែលគ្មានក្នុងបញ្ជីប្រកាស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ