អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការពាណិជ្ជកម្មពិភពលោកបានអនុម័តនូវកញ្ចប់វិធានការជាប្រវត្តិសាស្រ្តដែលមិនធ្លាប់មាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​ពាណិជ្ជកម្មពិភពលោក​ហៅកាត់​ជា​ភាសា​អង់គ្លេស WTO បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​លើកទី១២ រយៈពេល ៥ថ្ងៃ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស។ នៅ​ទីបំផុត និង​ក្រោយ​ពី​បាន​ជជែក​គ្នា​យ៉ាង​តានតឹង ក្រុម​សមាជិក WTO ទាំង ១៦៤ប្រទេស​បាន​អនុម័ត​លើ​កញ្ចប់​វិធានការ​មួយ​ដែល​មាន ៤ចំណុច​សំខាន់។ ភ្លាមៗ​នៅ​ក្រោយ​ការ​អនុម័ត​លើ​កញ្ចប់​វិធានការ អគ្គនាយិកា WTO លោកស្រី​អិនហ្កូហ្ស៊ី អូកុនហ្សូ អ៊ីវេឡា​បាន​ថ្លែង​សាទរ និង​បញ្ជាក់​ថា លទ្ធផល​នេះ​ជា​សក្ខីកម្ម​ដែល​ឆ្លុះ​បញ្ចាំង​ពី​សមត្ថភាព​របស់ WTO ក្នុង​ការ​ជំនះ​លើ​ភាព​មិន​ចុះ​សម្រុង​គ្នា។

អង្គការពាណិជ្ជកម្មពិភពលោកបានអនុម័តនូវកញ្ចប់វិធានការជាប្រវត្តិសាស្រ្តដែលមិនធ្លាប់មាន
អង្គការពាណិជ្ជកម្មពិភពលោកបានអនុម័តនូវកញ្ចប់វិធានការជាប្រវត្តិសាស្រ្តដែលមិនធ្លាប់មាន REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​នៃ​ក្រុម​ប្រទេស​សមាជិក WTO លើកទី១២ ត្រូវ​រៀបចំ​រយៈពេល ៥ថ្ងៃ និង​ត្រូវ​បិទបញ្ចប់​តាំង​ពី​ថ្ងៃ​ពុធ ទី១៥ មិថុនា។ ក៏​ប៉ុន្តែ កិច្ចប្រជុំ​មួយ​នេះ​បាន​អូសបន្លាយ​ពេល​បន្ថែម​រហូត​ដល់ ៣៦ម៉ោង។ គឺ​ទើប​នៅ​វេលា​ម៉ោង ៣ព្រឹក​ថ្ងៃ​សុក្រ ទី១៧ មិថុនា​ម៉ោង​ក្នុង​ប្រទេស​ស៊្វីស​ដែល​កញ្ចប់​វិធានការ​មួយ​មាន ៤ចំណុច​សំខាន់​ត្រូវ​បាន​អនុម័ត​នៅ​នាទី​ចុង​ក្រោយ។ វិធានការ​ទាំង ៤ចំណុច​សំខាន់ រួមមាន ទី១ កម្មសិទ្ធិបញ្ញា​លើ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ទី២ ឧបត្ថម្ភកធន​លើ​ការ​នេសាទ ទី៣ អសន្តិសុខស្បៀងអាហារ និង​ទី៤ កំណែទម្រង់ WTO។

បញ្ហា​កម្មសិទ្ធិបញ្ញា​លើ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ត្រូវ​បាន WTO ឯកភាព​ព្យួរ​បណ្តោះអាសន្ន​រយៈពេល ៥ឆ្នាំ​សម្រាប់​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍ មាន​ន័យ​ថា ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​មាន​សិទ្ធិ​ផលិត​វ៉ាក់សាំង​កូវីដ១៩ ដោយ​យក​រូបមន្ត​ពី​មន្ទីរពិសោធន៍​ដែល​បាន​រក​ឃើញ​វ៉ាក់សាំង​កូវីដ១៩។ ការ​សម្រេច​ព្យួរ​កម្មសិទ្ធិបញ្ញា​វ៉ាក់សាំង​នេះ​មាន​គោលដៅ​ជួយ​សម្រួល និង​បង្កើន​ការ​ផលិត​វ៉ាក់សាំង​ឲ្យ​បាន​ច្រើន​សម្រាប់​បំពេញ​តម្រូវការ​ក្នុង​លោក។ ក្រៅ​ពី​រឿង​កម្មសិទ្ធិបញ្ញា​លើ​វ៉ាក់សាំង​កូវីដ១៩ WTO  ក៏​បាន​ឯកភាព​គ្នា​សម្រួល​ឲ្យ​មាន​ការ​ធ្វើ​ចរាចរណ៍ និង​ការ​ផលិត​វ៉ាក់សាំង ថ្នាំព្យាបាល សម្ភារៈបរិក្ខារពេទ្យ និង​ឧបករណ៍​វិភាគ​ចាំ​បាច់​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​កូវីដ១៩។

ឧបត្ថម្ភកធន​លើ​ការ​នេសាទ

សំណុំរឿង​នេសាទ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រធានបទ​ស្នូល​នៃ​កិច្ចប្រជុំ​ថ្នាក់​ក្រសួង​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​លើកទី១២។ រហូត​ដល់​កិច្ចប្រជុំ​នាទី​ចុង​ក្រោយ គេ​ស្មាន​តែ​មិន​អាច​មាន​កិច្ចព្រមព្រៀង​មួយ​ផង។ តែ​នៅ​ទីបំផុត កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​រក​ឃើញ នោះ​បើ​ទោះ​បី​ជា​មាន​ចំណុច​ខ្លះ​នៅ​ក្នុង​កិច្ចព្រមព្រៀង​ត្រូវ​បាន​គេ​កែសម្រួល បន្ថែម​បន្ថយ​ពី​អ្វី​ដែល​គេ​ចង់​បាន​ពី​ដំបូង​ក៏​ដោយ។ នៅ​ក្នុង​កិច្ចព្រមព្រៀង​ដែល​បាន​អនុម័ត WTO បាន​លុបចោល និង​ហាម​មិន​ឲ្យ​មាន​ការ​ផ្តល់​ឧបត្ថម្ភកធន​មួយ​ចំនួន​ដែល​អាច​ជំរុញ​ឲ្យ​មាន​ការនេសាទ​ខុសច្បាប់ និង​ការ​នេសាទ​ច្រើន​ហួសហេតុ​ដែល​នាំ​ឲ្យ​អន្តរាយ​សត្វសមុទ្រ។

បន្ទាប់​មក និង​ដើម្បី​ជួយ​ក្រុម​អ្នក​នេសាទ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ WTO ចង់​បង្កើត​ឲ្យ​មាន​មូលនិធិ​មួយ​សម្រាប់​ជួយ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ដើម្បី​ឲ្យ​ពួក​អ្នក​នេសាទ​ងាក​ទៅ​រក​ការ​នេសាទ​ប្រកប​ដោយ​ចីរភាព។ ទាក់ទង​នឹង​បញ្ហា​អសន្តិសុខស្បៀងអាហារ​ដែល​ជា​បច្ចុប្បន្នភាព​ក្តៅ​សព្វថ្ងៃ កិច្ចព្រមព្រៀង​របស់ WTO មិន​បាន​សរសេរ​ចំ​ពី​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ទេ នោះ​បើ​ទោះ​បី​ជា​គេ​ដឹង​ថា សង្រ្គាម​មួយ​នេះ​កំពុង​បង្ក​ឲ្យ​មាន​វិបត្តិ​ខ្វះ​ស្បៀង​ក៏​ដោយ។

កិច្ចព្រមព្រៀង​របស់ WTO បាន​ផ្តោត​សំខាន់​លើ ៣ចំណុច ទី១ មិន​ត្រូវ​ហាម​ឃាត់ ឬ​រឹតបន្តឹង​លើ​ការ​នាំ​ចេញ​ផលិតផល​ស្បៀង ទី២ វិធានការ​បន្ទាន់​របស់​រដ្ឋាភិបាល​នីមួយៗ​ដើម្បី​ឆ្លើយ​តប​នឹង​ក្តីបារម្ភ​ទាក់ទង​នឹង​សន្តិសុខស្បៀងអាហារ ដូច​ជា​ផ្អាក​ការ​នាំ​ចេញ​ត្រូវ​ជា​វិធានការ​បណ្តោះអាសន្ន និង​មាន​តម្លាភាព ហើយ​ចំណុច​ទី៣ ផ្តោត​លើ​ការ​ការពារ និង​ជួយ​សម្រួល​លើ​ការ​​បញ្ជា​ទិញ​ម្ហូបអាហារ​របស់​អង្គការ​កម្មវិធី​ស្បៀង និង​កសិកម្ម​ពិភពលោក។

WTO មាន​សមត្ថភាព​ក្នុង​ការ​ឆ្លើយ​តប​នឹង​ស្ថានភាព​អាសន្ន

អ្វី​ដែល WTO សម្រេច​បាន​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់ក្រសួង​រយៈពេល ៥ថ្ងៃ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រឿង​ប្រវត្តិសាស្រ្ត។ កត្តា​ដែល​បាន​អនុញ្ញាត​ឲ្យ WTO អាច​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​របៀប​នេះ គឺ​ការ​ឲ្យ​តម្លៃ និង​ការ​ឲ្យ​សារៈសំខាន់​លើ​ប្រធានរឿង​ដែល​បាន​លើក​យក​ទៅ​ចរចា។ មួយ​វិញ​ទៀត គេ​អាច​និយាយ​បាន​ថា ជំងឺ​កូវីដ១៩ និង​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ហាក់​ជា​មេរៀន​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​សមាជិក​នីមួយៗ​របស់ WTO ភ្ញាក់ខ្លួន​ច្រើន​ជាង​មុខ។ ឧទាហរណ៍​ជាក់ស្តែង កង្វះ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ រួម​ទាំង​គ្រឿង​សម្ភារៈបរិក្ខារពេទ្យ​ជា​ច្រើន​ផ្សេង​ទៀត និង​វិបត្តិ​កង្វះ​ស្បៀង​នៅ​ពេល​នេះ។

មិន​ដែល​មាន​ទេ​នៅ​ក្នុង​ប្រវត្តិ​របស់ WTO ដែល​អនុម័ត​បាន​នូវ​កិច្ចព្រមព្រៀង​ច្រើន​ក្នុង​កិច្ចប្រជុំ​តែ​មួយ​ដូច​លើក​នេះ។ នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា ទោះ​បី​ជា​មាន​ភាព​តានតឹង និង​ភាព​ខ្វែង​គំនិត​គ្នា​លើ​ប្រធានរឿង​នៅ​ក្នុង​ការ​ចរចា​ក៏​ដោយ​ក៏​ប្រទេស​សមាជិក​នីមួយៗ​មិន​បោះបង់​ការ​ចរចា ព្យាយាម​សម្រុះសម្រួល និង​ស្វែង​រក​ការ​ចុះ​សម្រុង​នៅ​ទីបំផុត។ នេះ​ក៏​ស បញ្ជាក់​ឲ្យ​ឃើញ​ផង​ដែរ​ថា នៅ​ពេល​ដែល​ត្រូវ​ដោះស្រាយ​រឿង​បន្ទាន់ និង​បើ​មាន​ឆន្ទៈ​ចង់​ដោះស្រាយ ប្រទេស​សមាជិក​នីមួយៗ​មាន​សមត្ថភាព​ដោះស្រាយ ទុក​ប្រយោជន៍​ផ្ទាល់​ខ្លួន​មួយ​អន្លើ និង​ឈាន​ទៅ​សម្រេច​កិច្ចព្រមព្រៀង​មួយ ទោះ​បី​ជា​កិច្ចព្រមព្រៀង​នោះ​មិនមែន​ជា​អ្វី​ដែល​គេ​ចង់​បាន ១០០% ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ