អានតួអត្ថបទ
សេដ្ឋកិច្ច-បរិស្ថាន

ក្រុមប្រទេសសមាជិកអង្គការពាណិជ្ជកម្ម​ពិភពលោករួមគ្នាប្រឆាំងថាមពលផូស៊ីល និងប្លាស្ទិក

ថ្នាក់រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ក្រុម​ប្រទេស​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​បើក​កិច្ចប្រជុំ​តាម​អនឡាញ​នា​ថ្ងៃ​ពុធ ទី១៥ ធ្នូ។ នៅ​ក្នុង​កិច្ចប្រជុំ ប្រទេស​សមាជិក​បាន​ប្តេជ្ញា​ពន្លឿន​ការ​ចរចា​លើ​ប្រធានបទ​ចំនួន ៣ ទី១ ការ​បំពុល​ដោយ​ប្លាស្ទិក ទី២ ការ​បញ្ឈប់​ជួយ​គាំទ្រ​ថាមពល​ផូស៊ីល និង​ទី៣ លើក​ដំកើង​ពាណិជ្ជកម្ម​ប្រកប​ដោយ​និរន្តរភាព​អេកូឡូស៊ី។ ប្រធានបទ​ទាំង ៣ នេះ​ត្រូវ​បាន​អនុម័ត​តាម​រយៈ​សេចក្តីថ្លែងការណ៍​ចំនួន ៣ ដាច់​ពី​គ្នា។

អគ្គនាយិកា WTO លោកស្រីអិនហ្កូហ្ស៊ី អូកុនហ្សូ អ៊ីវេឡា
អគ្គនាយិកា WTO លោកស្រីអិនហ្កូហ្ស៊ី អូកុនហ្សូ អ៊ីវេឡា SALVATORE DI NOLFI POOL/AFP
ផ្សាយពាណិជ្ជកម្ម

« ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​សម្រាប់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក » នេះ​ជា​ការ​ថ្លែង​សាទរ​របស់​អគ្គនាយិកា WTO លោកស្រី​អិនហ្កូហ្ស៊ី អូកុនហ្សូ អ៊ីវេឡា មុន​នឹង​បន្ថែម​យ៉ាង​ដូច្នេះ​ថា « ពាណិជ្ជកម្ម​អាច និង​ត្រូវ​តែ​ធ្វើ​ឡើង​ដើម្បី​ផ្តល់​លទ្ធផល​ដល់​ការ​អភិវឌ្ឍន៍​យូរ​អង្វែង​សម្រាប់​មនុស្ស​នៅ​ទូទាំង​ពិភពលោក »។ តែ​លោកស្រី​អ៊ីវេឡា​មិន​ភ្លេច​ព្រមាន​ថា នេះ​គ្រាន់​ជា​ការ​ចាប់​ផ្តើម​ប៉ុណ្ណោះ​ដោយ​បាន​អំពាវនាវ​ឲ្យ​គ្រប់​ប្រទេស​ទាំង​អស់​ផ្តើម​សកម្មភាព​ចាប់​ពី​ឆ្នាំ ២០២២ ដោយ​រៀបចំ​តាក់តែង​នូវ​ផែនការ​ការងារ និង​សំណើ​ច្បាស់លាស់។

ប្រធានបទ​ទាំង ៣ ស្តីពី​ការ​បំពុល​ដោយ​ប្លាស្ទិក ការ​បញ្ឈប់​ជួយ​គាំទ្រ​ថាមពល​ផូស៊ីល និង​ការ​លើក​ដំកើង​ពាណិជ្ជកម្ម​ប្រកប​ដោយ​និរន្តរភាព​អេកូឡូស៊ី​ត្រូវ​បាន​អនុម័ត​ដោយ​សេចក្តីថ្លែងការណ៍​ចំនួន ៣ ដាច់​ពី​គ្នា។ សេចក្តីថ្លែងការណ៍​ទី១ ស្តីពី​រឿង​ប្លាស្ទិក​បាន​ចុះ​ហត្ថលេខា​ដោយ ៦៧ប្រទេសសមាជិក ក្នុង​នោះ​មាន​ចិន រុស្ស៊ី សហភាពអឺរ៉ុប តែ​គ្មាន​សហរដ្ឋអាមេរិក។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នេះ ក្រុម​ប្រទេស​ហត្ថលេខី​បាន​ប្តេជ្ញា​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​ប្លាស្ទិក​ដែល​ប្រើ​រួច និង​ប្លាស្ទិក​ដែល​កែច្នៃ​ឡើង​វិញ រួម​ទាំង​ប្រើ​បច្ចេកវិទ្យា​ដែល​ចូលរួម​កាត់​បន្ថយ​ការ​បំពុល​ដោយ​ប្លាស្ទិក។

សេចក្តីថ្លែងការណ៍​ទី២ ស្តីពី​ការ​បញ្ឈប់​ជួយ​គាំទ្រ​ថាមពល​ផូស៊ីល​បាន​ចុះ​ហត្ថលេខា​ដោយ​ក្រុម ៤៥ប្រទេស​សមាជិក ក្នុង​នោះ​មាន​សហភាពអឺរ៉ុប តែ​គ្មាន​ចិន និង​សហរដ្ឋអាមេរិក​ទេ។ កម្មវត្ថុ​នៃ​សេចក្តីថ្លែងការណ៍​នេះ​សំដៅ​កាត់​បន្ថយ​បណ្តើរៗ​នូវ​ជំនួយ​ជួយ​គាំទ្រ​ថាមពល​ផូស៊ីល។ ចំណែក​សេចក្តីថ្លែងការណ៍​ទី៣ ស្តីពី​ការ​លើក​ដំកើង​ពាណិជ្ជកម្ម​ប្រកប​ដោយ​និរន្តរភាព​អេកូឡូស៊ី​បាន​ចុះ​ហត្ថលេខា​ដោយ​ក្រុម ៧១ប្រទេស​សមាជិក ក្នុង​នោះ​មាន​ចិន និង​សហរដ្ឋអាមេរិក។ លោក Valdis Dombrovskis អនុប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​ថ្លែង​ថា ការ​ប្រែប្រួលអាកាសធាតុ និង​ការ​ខូតខាត​បរិស្ថាន​ជា​បញ្ហា​ប្រឈម​រួម​ដ៏​ធំ​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ