អានតួអត្ថបទ
ពាណិជ្ជកម្ម-សង្គ្រាមអ៊ុយក្រែន

WTOព្រមាន​​​​ពី​​ការ​​បែង​​ចែក​​ប្លុក​​សេដ្ឋកិច្ច​​ដែល​​អាច​​កើត​​ចេញ​​ពី​​សង្គ្រាម​​អ៊ុយក្រែន

សង្គ្រាម​អ៊ុយក្រែន​បាន​បង្ក​ជា​ទុក្ខ​វេទនា​យ៉ាង​ច្រើនសម្បើម​ដល់​មនុស្ស​ជាតិ ​និង​បាន​ជះ​ផល​អាក្រក់ផងដែរ​ដល់​​សេដ្ឋកិច្ច​ពិភពលោក​។ អគ្គនាយិកា​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក (WTO) អ្នកស្រី​ អូកុនហ្សូ អ៊ីវេឡា​ មាន​ប្រសាសន៍ថា​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​បាន​ក្លាយ​ជា​ដុំ​ពពកខ្មៅ​សម្រាប់​ពាណិជ្ជកម្មពិភពលោក​និងបានទាញ​សញ្ញា​អាសន្នពី​ការ​បែង​ចែក​ប្លុក​សេដ្ឋកិច្ច​។

អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោកអ្នកស្រី អិនហ្កូហ្ស៊ី អូកុនហ្សូ អ៊ីវេឡា។
អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោកអ្នកស្រី អិនហ្កូហ្ស៊ី អូកុនហ្សូ អ៊ីវេឡា។ AP - SALVATORE DI NOLFI
ផ្សាយពាណិជ្ជកម្ម

សង្រ្គាម​អ៊ុយក្រែន​នឹងធ្វើឲ្យ​ប៉ះពាល់​ដល់​កំណើនពាណិជ្ជកម្មពិភពលោក​ក្នុង​ឆ្នាំ​ ២០២២​នេះ​ និង​ទាញទម្លាក់​កំណើន​សេដ្ឋកិច្ចរបស់​ពិភពលោក​ផងដែរ​។ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ឯ​ទីក្រុង​ហ្សឺណែវនាថ្ងៃអង្គារ ១២មេសាម្សិលមិញ​ អ្នកស្រី​អគ្គនាយិកា​ អូកុនហ្សូ​ អ៊ីវេឡា​ និយាយ​ថា​ក្នុង​ពេល​មាន​វិបត្តិ​មួយ​ គេត្រូវការ​ធ្វើ​ពាណិជ្ជកម្ម​កាន់តែច្រើន​ និងថា​ការ​រឹតត្បិត​ពាណិជ្ជកម្ម​នឹង​គំរាមកំហែងដល់​សុខុមាលភាពរបស់ក្រុម​គ្រួសារ​និង​អាជីវកម្ម​ ព្រមទាំង​ធ្វើឲ្យ​សេដ្ឋកិច្ច​ពិភព​លោក​កាន់តែលំបាក​ក្នុងការងើបចេញ​ពី​វិបត្តិ​ដែល​បង្កឡើង​ដោយ​ជំងឺ​កូវីដ​១៩​។

 

ក្នុង​កាលៈទេសៈបែបនេះ​ អគ្គនាយិកា​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ថា​ បណ្តា​ប្រទេស​និង​អង្គការ​ស្ថាប័នអន្តរជាតិនានា​ត្រូវតែធ្វើការរួមគ្នា​ ដើម្បីសម្រួលដល់ការដោះដូរពាណិជ្ជកម្ម​ នៅចំពេលដែល​បញ្ហាអតិផរណា​កំពុងតែ​ដាក់សម្ពាធយ៉ាងខ្លាំងទៅលើ​ខ្សែសង្វាក់​ផ្គត់ផ្គង់​សំខាន់ៗ​។

ប្រវត្តិសាស្ត្រ​បានបង្រៀនយើងហើយថា​ការបែងចែក​សេដ្ឋកិច្ច​ពិភពលោក​ទៅជា​ប្លុក​ប្រកួត​ប្រជែង​គ្នា​ និងការ​បែរ​ខ្នង​ដាក់​ប្រទេសក្រីក្របំផុត​ មិន​បាន​នាំ​ពិភពលោក​ដើរ​ឆ្ពោះ​ទៅ​រក​ភាព​រុងរឿង​ ឬសន្តិភាពឡើយ​។ អ្នកស្រីអគ្គនាយិកាបានបន្ថែម​។

គួរជ្រាបថា​ យោងតាមការព្យាករណ៍​របស់​អង្គការ​ WTO សេដ្ឋកិច្ច​ពិភព​លោក​នឹង​កើន​ឡើង​ ២,៨% ក្នុង​ឆ្នាំ​ ២០២២នេះ​ ពោលគឺធ្លាក់ចុះ​ ១,៣%ពីការព្យាករណ៍​មុន​ដែលមានចំនួន​ ៤,១%​។

ការដាក់ទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិច​លើ​រុស្ស៊ីនិង​មហា​សេដ្ឋី​រុស្ស៊ីដែលស្និទ្ធ​នឹង​លោក​ពូទីន​ ហាក់​មាន​ឥទ្ធិពល​ខ្លាំង​លើ​ការ​ដោះដូរពាណិជ្ជកម្ម​។ យ៉ាងណាក៏ដោយ​ អង្គការ WTO ថា សង្រ្គាមនៅអ៊ុយក្រែន​ មិនមែនជា​កត្តាតែមួយគត់​ដែលមាន​ឥទ្ធិពល​លើពាណិជ្ជកម្ម​ពិភព​លោកនា​ពេល​បច្ចុប្បន្ន​នោះ​ទេ​។

វិធានការ​ហ្សេរ៉ូកូវីដ​-ការបិទខ្ទប់ដ៏តឹងរ៉ឹង​នៅ​ក្នុង​ប្រទេស​ចិន ក៏ជាកត្តា​រំខាន​ដល់​ការ​ដឹក​ជញ្ជូន​តាមផ្លូវទឹក​មួយដែរ​ ដែល​​អាច​នាំ​ឲ្យមានការខ្វះខាតជាថ្មី​នូវ​វត្ថុធាតុដើម​ ឬ​ផលិតផល​នានា​ និងធ្វើឲ្យមាន​អតិផរណា​ខ្ពស់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ