អានតួអត្ថបទ
វ៉ាក់សាំង​កូវីដ១៩

ប្រមុខ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោកអបអរ​ការព្រមព្រៀង​បឋមព្យួរ​កម្មសិទ្ធិបញ្ញា​​វ៉ាក់សាំង​កូវីដ

ប្រទេស​ជា​តួអង្គ​សំខាន់ៗ​ខាង​ផលិត​វ៉ាក់សាំង​កូវីដ​១៩ ទាំង​៤ បាន​ស្រុះ​ស្រួល​គ្នា​ ជា​លើក​ទី​មួយ លើក​កម្មសិទ្ធិបញ្ញា​ស្តីពី​ការ​ផលិត​វ៉ាក់សាំង​កូវីដ១៩។ នេះ​បើ​តាម​ការ​អបអរ​របស់​លោកស្រីអគ្គនាយិកា​​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក អិនហ្កូហ្ស៊ី អូកុនហ្សូ អ៊ីវេឡា (Ngozi Okonjo-Iweala) ដែល​អំពាវនាវ​ឱ្យ​ប្រទេស​ទាំង​បួន​ជួយ​បញ្ចុះ​បញ្ចូល​សមាជិក​អង្គការ​ផ្សេង​ទៀត​ផង។​

ប្រមុខ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោកអបអរ​ការព្រមព្រៀង​បឋម​លើក​កម្មសិទ្ធិបញ្ញា​​វ៉ាក់សាំង​កូវីដ
ប្រមុខ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោកអបអរ​ការព្រមព្រៀង​បឋម​លើក​កម្មសិទ្ធិបញ្ញា​​វ៉ាក់សាំង​កូវីដ AP - Matt Rourke
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ចរចា​គ្នាយ៉ាង​យូរ​ ​ និង​ឆ្លង​កាត់​ការ​លំបាក​ៗជា​ច្រើន​មក សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក ឥណ្ឌា​ និង​អាហ្វ្រិក​ខាង​ត្បូង បាន​ព្រមព្រៀង​គ្នា ​លើក​​កម្មសិទ្ធិបញ្ញា ​ជា​​ករណីលើកលែង រាល់​គ្រប់​ពាណិជ្ជកម្ម​ដែល​មានពាក់​ព័ន្ធ​នឹង​ការ​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍អបអរ​​របស់​លោកស្រី​អគ្គនាយិកា​​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ដោយ​ជំរុញ​ឱ្យ​ ភាគី​ទាំង​បួន​ត្រូវ​បន្តធ្វើការ​ច្រើន​ទៀត ដើម្បី​បាន​ធានា​ថា​ ​គ្រប់​ប្រទេស​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ព្រម​​គាំទ្រ​គម្រោង​របស់​ពួកគេ។

តាម​​ទម្លាប់ អង្គការ​ពាណិជ្ជកម្ម​​ពិភពលោក​តែង​​សម្រេច​កិច្ចការនានា​តាម​រយៈ​ការ​សម្រុះសម្រួល​ ឱ្យ​មាន​ការ​ព្រមព្រៀង​គ្នា។ ប្រធានបទ​លើក​កម្មសិទ្ធិបញ្ញា​ថ្នាំ​វ៉ាក់សាំង​កូវីដ​ និង​ផ្តល់​ឱ្យ​ប្រទេស​ក្រីក្រ​មាន​ថ្នាំ​បង្ការ​ ធ្លាប់​លើក​មក​ជជែក​ក្នុង​វេទិកា​អង្គការពាណិជ្ជកម្ម​ពិភពលោក​ដែរ ​នៅពេល​ឥណ្ឌា​និង​អាហ្វ្រិក​ខាង​ត្បូងធ្វើ​សំណើ​កាលពី​ឆ្នាំ​២០២០ ប៉ុន្តែ ប្រទេស​ស្វីស​បាន​បង្ហាញ​ជំហរ​ជំទាស់​ដាច់​ខាត​។ ហើយ​ក្រុមអ្នក​​ការពារ​ប្រយោជន៍​ក្រុមហ៊ុនឱសថ ក៏​មាន​ជំហរ​ដូច​ស្វីសដែរ។ ដោយ​គ្មាន​កា​រជឿន​លឿន​ទៅ​មុខ នៅទីបំផុត​ ប្រទេស​ទាំងពីរ​ដដែល (ឥណ្ឌានិង​អាហ្វ្រិក​ខាង​ត្បូង) សម្រេច​ចរចាជាក្រុម​​តូចៗ​វិញ ដោយ​មាន​ការ​ចូល​រួម​ពី​​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប។ ប៉ុន្មាន​សប្តាហ៍មក​នេះ នៅសល់​តែ​​ប្រទេស​ស្វីស​មួយទេ​ដែល​បន្ត​រិះគន់​ដោយ​ចំហ​ ដំណើរ​ការ​ចរចានេះ ព្រោះ​សំអាង​ថា​ទម្រង់​នៃ​ការ​ចរចា​មិន​ស្រប​តាម​​គោលការណ៍​គ្រឹះ​របស់​អង្គការ។

ផ្ទុយ​ពីស្វីស ​លោកស្រីអគ្គនាយិកា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​គាំទ្រ​ និង​ចាត់​ទុក​ការប្រឹង​​​សម្រុះសម្រួល​​របស់​ប្រទេស​ទាំងបួន ជា​ដំណើរ​បែប​បទឈាន​ទៅសម្រេច​កិច្ចព្រមព្រៀង​ ចុងក្រោយ។ តែ​លោកស្រី​​បានព្រមាន​​ឱ្យ​សហភាពអឺរ៉ុប សហរដ្ឋ​អាមេរិក  ឥណ្ឌា និងអាហ្វ្រិក​ខាង​ត្បូង ត្រូវ​បើក​ការ​​ពិគ្រោះ​យោបល់ ដោះស្រាយ​ចំណុច​លម្អិត​ឱ្យ​អស់ និង​ត្រូវផ្តើម​​យក​គម្រោង​កិច្ចព្រមព្រៀង​ទៅ​ពិភាក្សា​ជាមួយ​គ្រប់​​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។

ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន គាំទ្រ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល រាប់​ទាំង​អង្គការ​សុខភាព​ពិភពលោក យល់​ថា​កា​រលើក​កម្មសិទ្ធិបញ្ញា នឹង​សម្រួល​ឱ្យ​មាន​ការ​ចែក​រំលែក​ចំណេះ​ដឹង​និង​បង្កើន​មណ្ឌល​ផលិត​វ៉ាក់សាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ