អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អគ្គលេខាធិការអូតង់ព្រមានថាសង្រ្គាមអ៊ុយក្រែននឹង​អូសបន្លាយ​ច្រើនឆ្នាំទៀត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​អ៊ុយក្រែន​បាន​សន្យានៅថ្ងៃ​អាទិត្យ​ទី​១៩ មិថុនាថា អ៊ុយក្រែន​នឹង​​វាយដណ្តើម​យកឲ្យ​បាន​មកវិញនូវ​តំបន់ភាគខាងត្បូងពីកណ្តាប់ដៃ​រុស្ស៊ី។ នៅក្នុងបទសម្ភាសន៍ដែលចុះផ្សាយ​ក្នុងកាសែត​អាល្លឺម៉ង់ នៅថ្ងៃអាទិត្យ អគ្គលេខាធិការអង្គការ​អូតង់ លោក​​បាន​ព្រមានថា សង្រ្គាម​អ៊ុយក្រែន​នឹង​អូសបន្លាយ​ពេល​វែង យូរតទៅទៀត។ ​អ៊ុយក្រែន​មាន​សមត្ថភាព​វាយដណ្តើម​យកទឹកដី​របស់ខ្លួន​ពី​ដៃ​រុស្ស៊ីវិញ ដែរឬទេ?

ទាហានអ៊ុយក្រែននៅ​ជួរសមរភូមិមុខ​នៅ​តំបន់​ដុនបាស់ភាគខាងកើត​អ៊ុយក្រែន នៅថ្ងៃទី ៥​មិថុនា ២០២២
ទាហានអ៊ុយក្រែននៅ​ជួរសមរភូមិមុខ​នៅ​តំបន់​ដុនបាស់ភាគខាងកើត​អ៊ុយក្រែន នៅថ្ងៃទី ៥​មិថុនា ២០២២ REUTERS - GLEB GARANICH
ផ្សាយពាណិជ្ជកម្ម

សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី​នៅទឹកដី​​អ៊ុយក្រែន​បាន​ឈាន​ចូល​ដល់ថ្ងៃទី ១១៦ គិត​មកត្រឹម​ថ្ងៃ​អាទិត្យ​ទី ១៩មិថុនានេះ។ នៅបន្ទាប់ពីដំណើរ​ទៅជួបកងទ័ព​នៅសមរភូមិប្រយុទ្ធនៅភាគខាងត្បូង ប្រធានាធិបតី​អ៊ុយក្រែន លោក​ហ្សេឡេនស្គី បាន​សន្យា​ថា នឹង​មិនព្រម​ព្រលែង​ចោល​ទឹកដីភាគខាងត្បូង​សោះឡើយ។ អ៊ុយក្រែន​នឹង​ប្រយុទ្ធ​ដណ្តើម​យកទឹកដី​របស់ខ្លួនមកវិញ។

ប្រធានាធិបតី​អ៊ុយក្រែន លោក​ហ្សេឡេនស្គី​បាន​សន្យា​យ៉ាងដូច្នេះ នៅ​បន្ទាប់ពី​លោក​ធ្វើដំណើរ​ជាលើកទី១​ ទៅកាន់​សមរភូមិ​ជួរមុខ នៅទីក្រុង​Mykolaiv ភាគខាងត្បូង ប្រទេស​អ៊ុយក្រែន កាលពីថ្ងៃ​សៅរ៍​ទី ១៨​មិថុនា។ ទីក្រុង​Mykolaivដែលកំពុងស្ថិតក្រោមការកាន់កាប់​របស់​អ៊ុយក្រែន ជា​ទីតាំង​យុទ្ធសាស្រ្ត ព្រោះវា​ស្ថិតនៅចន្លោះ​ទីក្រុង​Kherson ដែល​ធ្លាក់ក្រោមការកាន់កាប់​របស់​កងទ័ព​រុស្ស៊ី និង​ទីក្រុង​ឆ្នេរសមុទ្រ​Odessa ដែលមាន​កំពង់ផែ​សេដ្ឋកិច្ច កន្លែងស្តុកស្រូវសាលី​ដ៏ធំរបស់​អ៊ុយក្រែន។

អ៊ុយក្រែន​ប្រហែល​គ្មាន​សមត្ថភាព​កងទ័ព និង​គ្រឿងសព្វាវុធដើម្បី​យកឈ្នះរុស្ស៊ី​ដែលជាមហាអំណាច​រុស្ស៊ី ប៉ុន្តែ អ៊ុយក្រែន​មានប្រជាជន​ដែលទឹកចិត្ត​មោះមុត​ដើម្បី​ប្រយុទ្ធការពារ​ទឹកដី​របស់ខ្លួន។ ជាក់ស្តែង គឺ​ប្រធានាធិបតីអ៊ុយក្រែន លោក​​ហ្សេឡេនស្គីតែម្តង​ដែល​បាន​បង្ហាញ​ជំហរ​មិន​ចុះញ៉ម​រុស្ស៊ី។ នៅពេល​ធ្វើដំណើរ​ទៅជួប​កងកម្លាំង​ប្រដាប់អាវុធ​នៅតំបន់​សមរភូមិប្រយុទ្ធ​នៅភាគខាងត្បូង​អ៊ុយក្រែន ក្បែរសមុទ្រ​ខ្មៅ កាលពីថ្ងៃ​សៅរ៍ម្សិលមិញ ប្រធានាធិបតី​អ៊ុយក្រែន​បាន​និយាយលើកទឹកចិត្ត​កងទ័ព ដោយថា ដរាបណា​ពួកគេ​នៅតែ​មានជីវិត ពួកគេ​ជា​ជញ្ជាំង​ដ៏រឹងមាំ​ដែលអាចការពារ​អ៊ុយក្រែន។ រុស្ស៊ី​ជាមហាអំណាចយោធា មាន​សព្វាវុធ និងកងទ័ពច្រើនមែនហើយ ប៉ុន្តែ សម្រាប់​ប្រធានាធិបតី​អ៊ុយក្រែន ចំនួនគ្រាប់មីស៊ីល​របស់រុស្ស៊ី មានមិនស្មើនឹង​​ទឹកចិត្ត​ចង់​រស់រានមានជីវិត​របស់​ប្រជាជន​អ៊ុយក្រែន​នោះទេ។

នៅក្រោយធ្វើដំណើរ​ទៅ​ទីក្រុង​Mykolaiv ដែល​ជាកំពុង​ក្លាយជា​ទីតាំង​សមរភូមិប្រយុទ្ធ​ជា​យុទ្ធសាស្រ្ត​នៅ​តំបន់ភាគខាងត្បូង ប្រធានាធិបតី​អ៊ុយក្រែន បាន​សន្យា​ហើយថា អ៊ុយក្រែន​នឹង​វាយដណ្តើម​យកទឹកដី​ទាំងអស់​របស់ខ្លួន​មកកាន់កាប់វិញ នោះបើ​ទោះបីជា​ទឹកដី​​ខាងត្បូង​មួយផ្នែកធំរបស់ខ្លួន ដូចជា​ទីក្រុង​Khersonម៉ារីយូប៉ូល​ជាដើម​បាន​ធា្លក់​ក្នុងដៃ​របស់​កងទ័ព​រុស្ស៊ីរួចហើយ​ក៏ដោយ។​

តាមការវាយតម្លៃ​របស់ Tony Radakin ប្រធាន​សេនាធិការកងទ័ព​អង់គ្លេស ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មានអង់គ្លេស PA កាលពីថ្ងៃ​សុក្រ រុស្ស៊ី​អាច​បោះជំហាន​ទៅមុខមែន ក្នុងសមរភូមិ​ភាគខាងកើត​អ៊ុយក្រែន ប៉ុន្តែ រុស្ស៊ី​តាមពិត​កំពុង​បរាជ័យ ក្នុង​ផ្នែកយុទ្ធសាស្រ្តធ្វើ​សង្រ្គាម ព្រោះថា​រុស្ស៊ី​របស់​លោក​ពូទីន​បាន​ចំណាយ​កងទ័ព និង​សព្វាវុធ​ប្រមាណ​២៥%​របស់​ខ្លួនសម្រាប់គ្រាន់តែ​ដណ្តើម​បាន​ទឹកដី​តិចតួច​របស់​អ៊ុយក្រែន។ តាម​មន្រ្តីយោធា​អង់គ្លេស​ដដែល អ៊ុយក្រែនអាច​យ៉ាប់​ច្រើន ព្រោះត្រូវ​ធ្វើសង្រ្គាមរយៈពេល​យូរ​តទៅទៀត ប៉ុន្តែ អ៊ុយក្រែន​នៅតែមានជំនួយគាំទ្រ​ពីប្រទេស​អឺរ៉ុប ក្នុងនោះមានផងដែរ​អង់គ្លេស។

លោក​Jens Stoltenbergថា សង្រ្គាមអ៊ុយក្រែន​នឹង​អូសបន្លាយពេលវែងយូរឆ្នាំ​តទៅទៀត

អគ្គលេខាធិការ​អូតង់និយាយថា សង្រ្គាម​អ៊ុយក្រែននឹង​អូសបន្លាយ​វែង​យូរឆ្នាំ ព្រោះលោកចង់​ឲ្យគេ​ត្រៀមខ្លួន​ ដោយ​មិន​ត្រូវ​ចុះទន់ដៃចុះខ្សោយនោះទេ។ តាម​អគ្គលេខាធិការអង្គការអូតង់ ជំនួយគាំទ្រ​អ៊ុយក្រែនដែលកំពុង​រងការឈ្លានពាន​ពីរុស្ស៊ី មិនមែន​គ្មាន​ផលវិបាក​នោះទេ។ វា​នឹងធ្វើ​ឲ្យគេ​ចំណាយច្រើន​ផ្នែក​សព្វាវុធ​សម្រាប់​ជួយ​អ៊ុយក្រែន ហើយលើសពីនោះទៀត ពិភពលោក​ក៏មកត្រូវ​ប្រឈម​វិបត្តិខ្វះថាមពល ទំនិញឡើងថ្លៃ​ ដោយសារ​តែសង្រ្គាមអូសបន្លាយពេល​នៅអ៊ុយក្រែន។ បើតាម​ប្រមុខអូតង់ ផលវិបាកនឹង​កាន់តែធ្ងន់ធ្ងរជាងនេះទៀត បើសិន​គេ​បណ្តោយ​ឲ្យ​រុស្ស៊ី​របស់​លោកពូទីន​សម្រេច​គោលដៅ នៅអ៊ុយក្រែន ដូចដែល​លោក​ពូទីន​បាន​សម្រេច​កាត់យកទឹកដីគ្រីមេ​របស់អ៊ុយក្រែន កាលពីឆ្នាំ ២០១៤។

ទោះជាត្រូវ​ជួបផលវិបាក​ដូចសព្វថ្ងៃនេះ គេ​ត្រូវ​តែនៅ​បន្តជួយ​ផ្តល់អាវុធដែល​អ៊ុយក្រែនត្រូវការ។ ​សម្រាប់​អគ្គលេខាធិការអូតង់ ជំនួយ​សព្វាវុធទំនើប​​របស់​ប្រទេសលោកខាងលិច​នឹង​អាច​ជួយ​ឲ្យ​អ៊ុយក្រែន​មាន​ឱកាស​ សមត្ថភាព​វាយរុញច្រានកងទ័ព​​រុស្ស៊ី​នៅក្នុង​សមរភូមិ​នៅ​តំបន់ដុនបាស់ ភាគខាងកើត​អ៊ុយក្រែន។

នៅថ្ងៃ​ពុធ​សប្តាហ៍នេះ អាមេរិក​ទើប​បាន​ប្រកាស​ផ្តល់ជំនួយ​យោធា ១ពាន់​លាន​ដុល្លារ​បន្ថែមទៀត​សម្រាប់ជួយ​កងទ័ពអ៊ុយក្រែន។ នៅក្នុង​កិច្ចប្រជុំកំពូល​របស់អូតង់​នៅ​អេស្ប៉ាញ នៅចុងខែមិថុនា ប្រទេស​សមាជិក​អូតង់​ទាំង ៣០ប្រទេស រួមជាមួយ​អូស្ត្រាលី ជប៉ុនកូរ៉េខាងត្បូង នឹងត្រូវ​ពិភាក្សា​គ្នា​ដើម្បី​សម្រេច​ផ្តល់​កញ្ចប់​ជំនួយយោធា​ថ្មីបន្ថែមសម្រាប់​ជួយអ៊ុយក្រែន ដើម្បីធ្វើសង្រ្គាមទប់ទល់​នឹង​ការវាយប្រហារ​ឈ្លានពាន​របស់​រុស្ស៊ី។

អ៊ុយក្រែនត្អូញត្អែរថា ការបញ្ជូនអាវុធ​របស់ប្រទេស​អូតង់យឺត មិនទាន់សភាពការណ៍

ចាប់តាំងពី​ត្រូវ​រុស្ស៊ី ចូលធ្វើសង្រ្គាមឈ្លានពាន ជាង​៣ខែនេះ អ៊ុយក្រែន​បាន​បាត់បង់​សព្វាវុធ​ប្រមាណ​៥០%​របស់ខ្លួន​ដោយសារ​តែការបាញ់បំផ្លាញ​របស់​គ្រាប់មីស៊ីល​រុស្ស៊ី។ នៅសប្តាហ៍នេះ មន្រ្តីយោធា​អាមេរិក​ក៏ធ្លាប់​និយាយ​ដែរថា អ៊ុយក្រែន​បាន​ប្រើអស់គ្មានសល់​សព្វាវុធ​ដែលផលិត​តាំង​ពី​​សម័យសហភាពសូវៀត។ ដូច្នេះ ឥលូវនេះ អ៊ុយក្រែនត្រូវការ​សព្វាវុធ​ទាំងស្រុង​ពីប្រទេស​លោកខាងលិច។ ជាការពិត ប្រទេសលោកខាងលិច​បាន​ប្រកាសបន្តបន្ទាប់​បញ្ជូន​ជំនួយ​សព្វាវុធ​ទៅ​ឲ្យអ៊ុយក្រែន ប៉ុន្តែ អ៊ុយក្រែន​ត្អូញត្អែរថា ខ្លួន​បាន​ទទួល​ប្រមាណ​តែ ១០%ប៉ុណ្ណោះ ពោល​គឺមិនគ្រប់គ្រាន់ ឆ្លើយតបនឹង​តម្រូវការ​របស់អ្នកប្រយុទ្ធអ៊ុយក្រែន ដែលកំពុង​ប្រចាំការ​នៅ​សមរភូមិប្រយុទ្ធនៅ​តំបន់ភាគខាងកើត ដែល​មាន​ប្រវែង ជាង​១ពាន់​គីឡូម៉ែត្រ​។ តាមមន្រ្តីយោធា​អ៊ុយក្រែន អ្នកប្រយុទ្ធអ៊ុយក្រែនសព្វថ្ងៃ ដែលចូល​ដល់​ចំនួន​រាប់លាន​នាក់ កំពុង​រង់ចាំ​អាវុធពី​ប្រទេស​លោកខាងលិច។

នៅក្នុង​សារទ្វីត​របស់​រដ្ឋមន្រ្តីការពារ​ជាតិ​អ៊ុយក្រែន អ៊ុយក្រែន​ត្រូវការ​បន្ទាន់ ពី​ប្រទេស​សមាជិក​អូតង់ ដូចជា ប្រព័ន្ធរ៉ុកកែត​ជាង​៣០០គ្រឿង រថក្រោះ​២ពាន់គ្រឿង និង​យន្តហោះដ្រូន​ជាង១ពាន់​គ្រឿង។

ប៉ុន្តែ ពីខាងភាគី​អាមេរិក​ដែលនាំមុខគេ​ខាងផ្តល់ជំនួយ​យោធា​ឲ្យអ៊ុយក្រែន ការបញ្ជូន​សព្វាវុធ​ទៅ​អ៊ុយក្រែន ត្រូវការពេលវេលាយូរ ព្រោះថា ដំបូង​គេត្រូវ​បង្ហាត់បង្រៀន​អ៊ុយក្រែន ចេះប្រើអាវុធ​ដ៏ទំនើប​របស់​អាមេរិក​ជាមុនសិន។ កន្លងមក កងទ័ព​អ៊ុយក្រែន ចេះប្រើ​តែ​សព្វាវុធដែល​ផលិតឡើង​នៅ​សម័យ​សហភាពសូវៀត ប៉ុន្តែ ពួកគេ​មិនធ្លាប់​ប្រើ​សព្វាវុធ​ទំនើប​របស់​ប្រទេស​លោកខាងលិច​នោះទេ។ គេត្រូវការបង្ហាត់បង្រៀន​ឲ្យកងទ័ពអ៊ុយក្រែន​ជាមុនសិន ដើម្បី​ឲ្យច្បាស់​ក្នុងចិត្តថា សព្វាវុធ​របស់​អូតង់​នឹងមិនត្រូវគេ​ប្រើដោយ​ឥតប្រយោជន៍ ខាតការណ៍នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ