អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

វ៉ាស៊ីនតោន​ថា អ៊ុយក្រែន​ប្រើអស់ គ្មានសល់​សព្វាវុធ​សម័យសហភាពសូវៀត

នៅក្នុងសង្រ្គាមរុស្ស៊ីឈ្លានពាន​អ៊ុយក្រែន​ជាង​៣ខែមកនេះ គ្រឿង​សព្វាវុធ​របស់​អ៊ុយក្រែន ដែលនៅ សល់ ផលិត តាំង​ពី​សម័យ​សហភាពសូវៀត ត្រូវបាន​កងទ័ពអ៊ុយក្រែន​ប្រើប្រាស់​អស់​គ្មានសល់។ ចំណែក​ស្តុកសព្វាវុធ មួយចំនួនទៀត​ត្រូវ​បំផ្លាញខ្ទេចខ្ទី នៅក្នុងការវាយប្រហារ​របស់​កងទ័ពរុស្ស៊ី។ តាមមន្រ្តីយោធា​អាមេរិក ដែលដកស្រង់សំដី​ដោយទីភ្នាក់ងារ​ព័ត៌មានបារាំង AFP កងទ័ព​អ៊ុយក្រែន​សព្វថ្ងៃ​កំពុង​ពឹង​អាស្រ័យទាំងស្រុង​លើ​អាវុធយុទ្ធភ័ណ ដែល​ក្រុមប្រទេស​លោកខាងលិច​បានផ្តល់ឲ្យអ៊ុយក្រែន សម្រាប់ធ្វើ​សង្រ្គាមទប់ទល់​រុស្ស៊ី។

ទាហាន​អ៊ុយក្រែន​បាញ់គ្រាប់ប្រឆាំង​រថក្រោះ NLAW ក្នុងពេល​ហាត់សម​នៅ តំបន់​ដូនែតស្ក៍ ភាគខាងកើត​អ៊ុយក្រែន កាលពី​ខែ​កុម្ភៈ ២០២២
ទាហាន​អ៊ុយក្រែន​បាញ់គ្រាប់ប្រឆាំង​រថក្រោះ NLAW ក្នុងពេល​ហាត់សម​នៅ តំបន់​ដូនែតស្ក៍ ភាគខាងកើត​អ៊ុយក្រែន កាលពី​ខែ​កុម្ភៈ ២០២២ AP - Vadim Ghirda
ផ្សាយពាណិជ្ជកម្ម

ធ្លាប់ជាប្រទេស​ក្នុងលំហ​សហភាព​សូវៀត កងទ័ព​និង​ឧស្សាហកម្ម​ការពារ​ជាតិ​អ៊ុយក្រែន​ត្រូវបានកសាង​ឡើង ដោយ​យកទៅតាម ខ្នាត ស្តង់ដា​សូវៀត និង រុស្ស៊ី ដូចជា អាវុធ​ធុនតូច រថក្រោះ និងកាំភ្លើងធំ​សម្រាប់​បាញ់​យន្តហោះ​ជាដើម។ សព្វាវុធ​របស់​អ៊ុយក្រែន​ខុសប្លែក​ទាំងស្រុង​ពី​សព្វាវុធ​ដែល​ប្រទេស​ជិត​ខាងរបស់អ៊ុយក្រែន នៅ​អឺរ៉ុប​ខាង​លិច ប្រើ​សម្រាប់​បំពាក់ឲ្យ​កងទ័ព​របស់ខ្លួន។

គ្រាដំបូង​ដែល​រុស្ស៊ី​ចូលធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន អូតង់​ដែលនាំមុខ​ដោយ​អាមេរិក​បានរារែក​មិនបញ្ជូនអាវុធ​ទៅ​ឲ្យអ៊ុយក្រែន ដោយខ្លាច​នឹង​អាច​ធ្លាក់​ចូល​ក្នុង​សង្រ្គាម​ផ្ទាល់ជាមួយ​រុស្ស៊ី។ មានមូលហេតុមួយទៀត ដែល​អាមេរិក និង​ប្រទេសអឺរ៉ុប​ដទៃទៀត មិន​ចង់​បញ្ជូន​សព្វាវុធ​របស់ខ្លួន​ទៅតាម​ការទទូចសុំ​របស់​អ៊ុយក្រែន។ នោះគឺ​កងទ័ព​អ៊ុយក្រែន មិនចេះប្រើ​សព្វាវុធ​របស់​ប្រទេស​លោកខាងលិច។ ម្យ៉ាង ដើម្បីបង្ការ ការពារ​កុំ​ឲ្យ​សព្វាវុធ និង​បច្ចេកវិទ្យា​យោធា​របស់ខ្លួន ធ្លាក់​ក្នុង​ដៃ​របស់​កងទ័ព​រុស្ស៊ី អូតង់ និង​អាមេរិក​បានដើរ​បញ្ចុះបញ្ចូល​ប្រទេស​អតីតសហសូវៀត ឲ្យ​បញ្ជូន​ទៅជួយ​កងទ័ព​អ៊ុយក្រែន។

តាមមន្រ្តីយោធាអាមេរិក នៅក្នុង​សង្រ្គាម​អ៊ុយក្រែន ជាង​៣ខែមកនេះ សព្វាវុធ​ផលិតឡើង​នៅ​សម័យ​សហភាពសូវៀត បាន​បាត់​មុខ​ពី​សមរភូមិ ដោយសារ​ទី១ កងទ័ពអ៊ុយក្រែន​ប្រើអស់​គ្មានសល់ និងទី២ ដោយសារ​ទីតាំង​ស្តុកសព្វាវុធ​ភាគច្រើន​របស់​អ៊ុយក្រែន ត្រូវ​រុស្ស៊ី​បាញ់បំផ្លាញ​ខ្ទេចខ្ទី។

ក្នុងហេតុផល​ជួយគាំទ្រអ៊ុយក្រែន ដើម្បីប្រយុទ្ធការពារ​ទឹកដី​នៅចំពោះមុខការឈ្លានពាន​របស់​រុស្ស៊ី ប្រទេស​លោកខាងលិច​គ្មាន​ជម្រើសអ្វី​ក្រៅពី​បញ្ជូន​សព្វាវុធ​ទំនើបថ្មី​ទៅ​ឲ្យ​កងទ័ពអ៊ុយក្រែន។ នៅដើម​ខែ​មិថុនានេះ អាមេរិក​បាន​ប្រកាស​ជំនួយយោធា​តម្លៃ  ៧០០លាន​ដុល្លារ ទៅ​ជួយអ៊ុយក្រែន។ ប៉ុន្តែ អ៊ុយក្រែនតែង​ត្អូញត្អែរ​ថា ជំនួយសព្វាវុធរបស់​ប្រទេស​លោកខាងលិច យឺតយ៉ាវ មិនទាន់​សភាពការណ៍សង្រ្គាម​ដែលកំពុងក្តៅគគុក នៅភាគខាងកើត​អ៊ុយក្រែន។

តាម​មន្រ្តីអាមេរិក ដែល​ដកស្រង់សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP អាមេរិក​ផ្តល់​សព្វាវុធ​ទៅ​ឲ្យអ៊ុយក្រែន ដោយសន្សឹមៗ មិនប្រញាប់ពេកនោះទេ ព្រោះ​ដើម្បី​ឲ្យប្រាកដ​ច្បាស់​ក្នុង​ចិត្តថា កងទ័ពអ៊ុយក្រែន​ចេះប្រើអាវុធ ដ៏មាន​ទំនើបរបស់អាមេរិក ដូចជា មីស៊ីលប្រឆាំង​យន្តហោះ ឬ​ប្រព័ន្ធបាញ់គ្រាប់មីស៊ីលចម្ងាយឆ្ងាយ ឈ្មោះ​Himars ដែល​អ៊ុយក្រែនចង់បាន។ បើតាម មេបញ្ជាការកងទ័ពអាមេរិក លោក​Mark Milley អាមេរិក​កំពុងត្រៀម​បញ្ជូន​ប្រព័ន្ធមីស៊ីល​Himars ៤គ្រឿង​ទៅ​ឲ្យអ៊ុយក្រែន ប៉ុន្តែ ដំណើរការបញ្ជូន​ត្រូវការពេលវេលា​យ៉ាងហោច ៧សប្តាហ៍។ ក្នុងដំណាក់កាលនេះ អាមេរិក​ត្រូវការ​បណ្តុះបណ្តាល​ទាហាន​អ៊ុយក្រែន ឲ្យចេះប្រើវា​ឲ្យ​មាន​ប្រសិទ្ធិភាព ជាមុនសិន។ មួយវិញទៀត ដោយ​បញ្ជូន​អាវុធ ជា​ដំណាក់កាល អាមេរិក និង​សម្ព័ន្ធមិត្ត មិនចង់​ឲ្យ​អាវុធ​របស់ខ្លួន​មានស្តុកច្រើន​ក្នុងទឹកដី អ៊ុយក្រែន ដែល​នឹងអាច​ក្លាយជា​គោលដៅ​បាញ់បំផ្លាញ របស់​កងទ័ពរុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ