អានតួអត្ថបទ

វេទិកាសេដ្ឋកិច្ចពិភពលោក៖ប្រមុខអង្គការអូតង់ព្រមានរុស្ស៊ី និងអំពាវនាវឲ្យទាញយកមេរៀនពីសង្រ្គាមអ៊ុយក្រែន

វេទិកាសេដ្ឋកិច្ច​ពិភពលោក​កំពុង​បន្ត​ធ្វើ​នៅ​ក្នុង​ទីក្រុង​ដាវ៉ូស ប្រទេស​ស៊្វីស។ ថ្លែង​នា​ឱកាស​នោះ អគ្គលេខាធិការ​អង្គការ​អូតង់​លោក​យែន ស្តុលទែនប៊ែរ​បាន​បញ្ជូន​សារ​ថ្មី​យ៉ាង​ម៉ឺងម៉ាត់​ទៅ​កាន់​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ ពូទីន។ លោក​យែន ស្តុលទែនប៊ែរ​បាន​រម្លឹក​ប្រាប់​លោក​ពូទីន​ថា កងកម្លាំង​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង​កំពុង​មាន​វត្តមាន​ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់​នៅ​ជាប់​ព្រំដែន​របស់​ប្រទេស​រុស្ស៊ី។ ក្រៅ​ពី​រុស្ស៊ី ប្រមុខ​អង្គការ​អូតង់​ក៏​បាន​និយាយ​ពី​ចិន​ដែល​ជា​ប្រទេស​ផ្តាច់ការ​មួយ​ទៀត​ដែល​មាន​គោរព​ច្បាប់​ជា​មូលដ្ឋាន​ដែល​ផ្អែក​លើ​សណ្តាប់ធ្នាប់​អន្តរជាតិ។ ទន្ទឹម​គ្នា​នេះ លោក​យែន ស្តុលទែនប៊ែរ​បាន​អំពាវនាវ​ឲ្យ​អ្នក​ចូលរួម​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ក្រុង​ដាវ៉ូស​ទាំង​អស់​ទាញ​យក​មេរៀន​ពី​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ពេល​នេះ។ មេរៀន​នោះ គឺ​គេ​មិន​ត្រូវ​ធ្វើ​សម្បទាន​សន្តិសុខ​សម្រាប់​រយៈពេល​យូរ​អង្វែង​ដើម្បី​តែ​ផលប្រយោជន៍​សេដ្ឋកិច្ច​រយៈពេល​ខ្លី​នោះ​ទេ។

អគ្គលេខាធិការអង្គការអូតង់លោកយែន ស្តុលទែនប៊ែរ។
អគ្គលេខាធិការអង្គការអូតង់លោកយែន ស្តុលទែនប៊ែរ។ AP - Markus Schreiber
ផ្សាយពាណិជ្ជកម្ម

« សង្រ្គាម​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ក្រឡែត​ថា ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​របប​ផ្តាច់ការ​អាច​បង្កើត​ឲ្យ​មាន​ភាព​ងាយ​រងគ្រោះ។ យើង​បាន​ឃើញ​សម្ព័ន្ធភាព​គ្មាន​សមាមាត្រ​សម្រាប់ការ​នាំ​ចូល​ទំនិញ​យុទ្ធសាស្ត្រ​ដូច​ជា​ថាមពល ហានិភ័យ​ដែល​បាន​បង្កើត​ឡើង​ដោយ​ការ​នាំ​ចេញ​បច្ចេកវិទ្យា​ជឿនលឿន​ដូច​ជា​បញ្ញាសិប្បនិមិត្ត និង​ការ​ចុះខ្សោយ​នៃ​ភាព​ធន់​របស់​យើង​ដែល​បណ្តាល​មក​ពី​ការគ្រប់គ្រង​របស់​បរទេស​លើ​ហេដ្ឋារចនាសម្ព័ន្ធ​យុទ្ធសាស្ត្រ​ដូច​យ៉ាង​បណ្តាញ​ទូរគមនាគមន៍ 5G។

ត្រង់​ចំណុច​នេះ ខ្ញុំ​ចង់​និយាយ​សំដៅ​ប្រទេស​រុស្ស៊ី រួម​ទាំង​ប្រទេស​ចិន​ដែល​ជា​របប​ផ្តាច់ការ​មួយ​ទៀត​ដែល​មិន​ចែក​រំលែក​តម្លៃ​របស់​យើង និង​មិន​បាន​គោរព​ច្បាប់​ជា​មូលដ្ឋាន​ដែល​ផ្អែក​លើ​សណ្តាប់ធ្នាប់​អន្តរជាតិ។ ពិត​ណាស់ ពាណិជ្ជកម្ម​អន្តរជាតិ​ប្រហែល​បាន​នាំ​មក​នូវ​វិបុលភាព​ដ៏​ធំ​សម្បើម​អស្ចារ្យ។ តែ​យើង​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា ជម្រើស​សេដ្ឋកិច្ច​របស់​យើង​បាន​ជះ​ផលវិបាក​ដល់​សន្តិសុខ​របស់​យើង ហើយ​ថា ការពារ​តម្លៃ​របស់​យើង​គឺ​វា​សំខាន់​ជាង​ទទួលបានផលចំណេញ​ទៅ​ទៀត »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ