អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាល្លឺម៉ង់៖G៧ បើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៅក្នុងបរិបទនៃសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ប្រទេស​ក្នុង​លោក​ហៅកាត់ G៧ បាន​បើក​កិច្ចប្រជុំកំពូល​រយៈពេល ៣ថ្ងៃ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ ទី២៦ មិថុនា។ មាន​ការ​កត់សម្គាល់​ចំនួន​ពីរ​នៅ​ក្នុង​កិច្ចប្រជុំកំពូល G៧ ឆ្នាំ ២០២២ នេះ ទី១ ការ​ចូលរួម​ដោយ​ផ្ទាល់​របស់​មេដឹកនាំ​ទាំង ៧ប្រទេស និង​ទី២ សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​បាន​ឈាន​ចូល​ដល់​ខែ​ទី៥។ តាម​គម្រោង ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី​នឹង​ថ្លែង​តាម​វីដេអូ​ទៅ​កាន់​មេដឹកនាំ G៧ នៅ​ថ្ងៃ​ចន្ទ ទី២៧ មិថុនា។

ប្រទេស​អាល្លឺម៉ង់រៀបចំ​កិច្ចប្រជុំកំពូលប្រចាំឆ្នាំ​របស់ G៧ នៅក្នុងបរិបទនៃសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ថ្ងៃទី២៦ មិថុនា ២០២២។
ប្រទេស​អាល្លឺម៉ង់រៀបចំ​កិច្ចប្រជុំកំពូលប្រចាំឆ្នាំ​របស់ G៧ នៅក្នុងបរិបទនៃសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ថ្ងៃទី២៦ មិថុនា ២០២២។ AFP - JOHN MACDOUGALL
ផ្សាយពាណិជ្ជកម្ម

មាន​សំណុំរឿង​ច្រើន​ដែល G៧ គ្រោង​លើក​យក​ទៅ​ជជែក​នៅ​ក្នុង​កិច្ចប្រជុំកំពូល​ប្រចាំ​ឆ្នាំ​រយៈពេល ៣ថ្ងៃ ក្នុង​នោះ​មាន​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន បញ្ហា​អាកាសធាតុ បញ្ហា​អតិផរណា​ដែល​កំពុង​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​រួម​ទាំង​ប្រទេស​សមាជិក G៧ ផង វិបត្តិ​ថាមពល ឬ​មួយ​ក៏​វិបត្តិ​ស្បៀងអាហារ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា បញ្ហា​អតិផរណា វិបត្តិ​ថាមពល ឬ​មួយ​ក៏​វិបត្តិ​ស្បៀងអាហារ​បាន​កើត​កាន់​តែ​ខ្លាំង​ដោយសារ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ នៅ​ក្នុង​សង្រ្គាម​មួយ​នេះ ក្រុម​ប្រទេស​បស្ចិមលោក​បាន​ពួត​ដៃ​គ្នា​ជួយ​អ៊ុយក្រែន​គ្រប់​យ៉ាង និង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចាស់ដៃ​ប្រឆាំង​រុស្ស៊ី។ គោលដៅ​របស់​បស្ចិមលោក គឺ​ខ្ទប់​ដង្ហើម​សេដ្ឋកិច្ច​រុស្ស៊ី។

តែ​បញ្ហា​នៅ​ត្រង់​ថា វិធានការ​ទណ្ឌកម្ម​សង្កត់ ក រុស្ស៊ី​របស់​បស្ចិមលោក​មិន​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​លាន​អណ្តាត​តែ​ម្នាក់​ទេ ពោល​បាន និង​កំពុង​ជះ​ផលវិបាក​ខ្លាំង​ដល់​ពិភពលោក​ទាំង​មូល។ កំណើន​អតិផរណា ប្រេងសាំង​ឡើង​ថ្លៃ គ្រាប់ធញ្ញជាតិ និង​ស្រូវសាលី​ឡើង​ថ្លៃ​សុទ្ធសឹង​ជា​វិបត្តិ​ដែល​កើត​ចេញ​ពី​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន និង​ដែល​ក្រុម​ប្រទេស G៧ ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​នៅ​ក្នុង​កិច្ចប្រជុំកំពូល​រយៈពេល ៣ថ្ងៃ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ ក្រៅ​ពី​នេះ មេដឹកនាំ G៧ ក៏​កំពុង​ព្យាយាម​ពង្រីក​ប្លុក​ប្រជាធិបតេយ្យ​មួយ​ដើម្បី​ទប់​នឹង​ប្លុក​បង្កើត​ឡើង​ដោយ​រុស្ស៊ី និង​ចិន។

នៅ​ក្នុង​ន័យ​នេះ G៧ បាន​អញ្ជើញ​មេដឹកនាំ​ប្រទេស​ឥណ្ឌូណេស៊ី ឥណ្ឌា សេណេហ្កាល់ អាហ្រ្វិកខាងត្បូង និង​ប្រទេស​អាហ្សង់ទីន​ឲ្យ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំកំពូល​ពេល​នេះ។

មាស​រុស្ស៊ី​ជា​ផ្ទាំងស៊ីប​ទណ្ឌកម្ម​របស់ G

សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​បាន​គ្របដណ្តប់​ខ្លាំង​នៅ​ក្នុង​កិច្ចប្រជុំកំពូល G៧។ ក្រៅ​ពី​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​នៅ​ក្នុង​វិស័យ​ប្រេង ឧស្ម័ន ឬ​ប្រព័ន្ធ​ទូទាត់​ហិរញ្ញវត្ថុ​អន្តរជាតិ G៧ កំពុង​សំឡឹង​ឃើញ​មាស​រុស្ស៊ី​មួយ​ទៀត។ រហូត​មក​ដល់​ពេល​នេះ និង​បើ​តាម​សំណេរ​របស់​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​នៅ​ក្នុង​ទំព័រ tweeter របស់​លោក មាន​ប្រទេស​សមាជិក G៧ ចំនួន ៤ប្រទេស គឺ​អាមេរិក អង់គ្លេស កាណាដា និង​ជប៉ុន​បាន​ប្រកាស​ពី​ការ​មិន​ទិញ​មាស​រុស្ស៊ី។ ចំណែក​ប្រទេស​សមាជិក​ចំនួន ៣ប្រទេស​ទៀត គឺ​បារាំង អ៊ីតាលី និង​អាល្លឺម៉ង់​ក៏​ប្រហែល​នឹង​ដើរ​តាម​ផ្លូវ​សមាជិក​ទាំង ៤ ប្រទេស​ដែរ។

ចូរ​កុំ​ភ្លេច​ថា រុស្ស៊ី​ជា​ប្រទេស​ជង្រុក​រ៉ែមាស​ដ៏​សំខាន់​មួយ​ក្នុង​លោក​ដែល​ការ​នាំ​ចេញ​មាស​ក្នុង​ឆ្នាំ ២០២១ មាន​ទឹកប្រាក់​ជិត ១៥ ០០០លានដុល្លារ។ សម្រាប់​រុស្ស៊ី មាស​ជា​ផលិតផល​នាំ​ចេញ​លំដាប់ទី២ បន្ទាប់​ពី​ប្រេង និង​ឧស្ម័ន។ នៅ​ក្នុង​បរិមាណ​មាស​ដែល​រុស្ស៊ី​បាន​នាំ​ចេញ​មាន​ដល់​ទៅ ៩០% បាន​លក់​ទៅ​ឲ្យ​ក្រុម​ប្រទេស G៧ ក្នុង​នោះ អង់គ្លេស​បាន​ទិញ​ច្រើន​ជាង​គេ។ ដូច្នេះ ការ​ឈប់​ទិញ​មាស​រុស្ស៊ី​នឹង​ធ្វើ​ឲ្យ​រុស្ស៊ី​បាត់បង់​ចំណូល​ថ្មី​មួយ​ទៀត​ដើម្បី​ចិញ្ចឹម​សង្រ្គាម​នៅ​អ៊ុយក្រែន។

នេះ​ជា​កម្មវត្ថុ​ដែល G៧ ចង់​បាន។ តែ​ក៏​ដូច​ជា​ទណ្ឌកម្ម​លើ​ប្រេង និង​ឧស្ម័ន រុស្ស៊ី​មិន​ឈឺ​ក្បាល និង​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​លក់​ទៅ​ឲ្យ​ប្រទេស​ផ្សេង​ទេ ទោះ​ត្រូវ​លក់​ក្នុង​តម្លៃ​ថោក​ក៏​ដោយ។

ការ​សន្យា​មាន​ច្រើន​នៅ​លើ​ក្រដាស

ក្រៅ​ពី​បន្ត​ការ​គាំទ្រ​អ៊ុយក្រែន​នៅ​ចំពោះ​មុខ​ការ​ឈ្លានពាន​របស់​រុស្ស៊ី G៧ ត្រូវ​បន្ត​ដោះស្រាយ​វិបត្តិអាកាសធាតុ​ដែល​ពិភពលោក​កំពុង​ប្រឈម​សព្វថ្ងៃ។ តាម​ពិត វិបត្តិ​អាកាសធាតុ​នេះ​មិនមែន​ជា​រឿង​ថ្មី​ដែល​ទ្រឹស្តី​មាន​ច្រើន​ជាង​ការ​អនុវត្តន៍​ជាក់ស្តែង។ គ្រោះទឹកជំនន់ កម្ពស់​ទឹក​មាន​កាន់​តែ​ខ្ពស់ និង​គ្រោះរាំងស្ងួត​សុទ្ធ​សឹង​ជា​បាតុភូត​ដែល​កំពុង​កើត​មាន​ច្រើន និង​ញឹកញាប់​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នា​រយៈពេល​រយៈពេល​ចុង​ក្រោយ​នេះ។ ជាក់ស្តែង​នៅ​អាហ្រ្វិក គ្រោះរាំងស្ងួត​បាន​ធ្វើ​ឲ្យ​ប្រជាជន​ជាង ១៨លាននាក់​កំពុង​ប្រឈម​នឹង​វិបត្តិ​អសន្តិសុខ​ស្បៀងអាហារ។ នេះ​ដោយ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ពី​វិបត្តិ​ខ្វះ​ស្បៀង​ដែល​បង្ក​ឡើង​ដោយ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។

លោក​អូឡាហ្វ ស្ហុលស៍ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ និង​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល G៧ បាន​ធានា​ថា G៧ បន្ត​គាំទ្រ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​ដែល​បាន​ចែង ២ចំណុច​សំខាន់ ទី១ មិន​ឲ្យ​កម្តៅ​នៅ​ក្នុង​ផែនដី​កើន​លើស​ពី ១,៥អង្សារ​ធៀប​នឹង​សម័យ​មុន​ឧស្សាហកម្ម និង​ទី២ ឈាន​ទៅ​មាន​អព្យាក្រឹត្យកាបូន​នៅ​ឆ្នាំ ២០៥០។ តែ​គោលដៅ​មួយ​នេះ​អាច​ពិបាក​សម្រេច​ដោយសារ​តែ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ ខណៈ​ដែល​អឺរ៉ុប​បាន​កាត់​បន្ថយ​ការ​ទិញ​ប្រេង ឧស្ម័ន​រុស្ស៊ី និង​ចំ​ពេល​ដែល​តម្លៃ​ប្រេង​កំពុង​ឡើង​ថ្លៃ​ខ្លាំង មាន​ប្រទេស​អឺរ៉ុប​ខ្លះ​បាន​ងាក​ទៅ​ប្រើ​ធ្យូងថ្ម​ជំនួស​វិញ។ រីឯ​ក្រុម​សកម្មជន​បរិស្ថាន​បាន​មើល​ឃើញ​ផ្ទុយ​ទៅ​វិញ​ថា ប្រេង​ឡើង​ថ្លៃ​ជា​ឱកាស​អនុញ្ញាត​ឲ្យ G៧ ពន្លឿន​ការ​អភិវឌ្ឍន៍​លើ​ថាមពល​បៃតង។

ក្នុង​រឿង​វិបត្តិអាកាសធាតុ​នេះ​ដដែល G៧ ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​លើ​ការ​សន្យា​របស់​ខ្លួន​ដើម្បី​ជួយ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​កំពុង​ប្រឈម​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ G៧ ធ្លាប់​បាន​សន្យា​ជួយ​ចំនួន ១០០ ០០០លានដុល្លារ​ក្នុង​មួយ​ឆ្នាំ​ចាប់​ពី​ឆ្នាំ ២០២០ ដើម្បី​ឲ្យ​ប្រទេស​ទាំង​នេះ​សម្រប​ខ្លួន​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ។ តែ​មក​ដល់​ពេល​នេះ ការ​សន្យា​នៅ​មិន​បាន​គោរព​ត្រឹមត្រូវ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ