អានតួអត្ថបទ
G7-អាហ្វហ្កានីស្ថាន

អង់គ្លេស​ប្រកាស​ថា​មេ​ដឹក​នាំ​ហ្សេ៧​នឹង​ជួប​ពិភាក្សា​គ្នា​ពី​បញ្ហា​អាហ្វហ្កានីស្ថាន

មេដឹកនាំ​នៃក្រុម​ប្រទេស​មហា​អំណាច​ឧស្សាហកម្ម​ទាំង៧​ (G7) នឹង​បើក​កិច្ច​ពិភាក្សា​អនឡាញ​ស្តី​អំពី​វិបត្តិ​នៅ​អាហ្វហ្កានីស្ថាន​នា​ថ្ងៃ​អង្គារ​ ទី២៤​ សីហា​ស្អែក​។ នេះ​បើ​តាម​ការប្រកាស​របស់​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោកបូរីស ចនសុន​ នៅ​មួយ​សប្តាហ៍​បន្ទាប់​ពី​ក្រុងកាប៊ុល​ធ្លាក់​ក្នុង​ដៃ​ក្រុម​តាលីបង់​។

នាយករដ្ឋមន្រ្តីអង់គ្លេសលោកបូរីស ចនសុន និយាយថាមេដឹកនាំនៃក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង៧ (G7) នឹងបើកកិច្ចពិភាក្សាអនឡាញ ស្តីអំពីវិបត្តិនៅអាហ្វហ្កានីស្ថាន នៅថ្ងៃអង្គារ ទី២៤ សីហា។
នាយករដ្ឋមន្រ្តីអង់គ្លេសលោកបូរីស ចនសុន និយាយថាមេដឹកនាំនៃក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង៧ (G7) នឹងបើកកិច្ចពិភាក្សាអនឡាញ ស្តីអំពីវិបត្តិនៅអាហ្វហ្កានីស្ថាន នៅថ្ងៃអង្គារ ទី២៤ សីហា។ AP - Lance Cpl. Nicholas Guevara
ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុ​នៃ​កិច្ចពិភាក្សា​របស់​មេដឹកនាំ​ប្រទេស​មហា​អំណាច​ឧស្សាហកម្ម​ទាំង៧​ គឺ​ដើម្បី​រិះរក​វិធី​ដោះស្រាយ​បញ្ហាដែលកំពុងកើតមាន​នៅព្រលានយន្តហោះក្រុងកាប៊ុល និងស្វែងរកវិធីកាពារ​កុំឲ្យស្ថានការណ៍​នៅអាហ្វហ្កានីស្ថាន​កាន់តែធ្លាក់​ដុនដាបខ្លាំង​។

រយៈពេល១សប្តាហ៍​ តាំងពី​រដ្ឋធានី​កាប៊ុល​ធ្លាក់ក្នុងដៃ​ពួកតាលីបង់មក​ មាន​ជនបរទេស​ ជនជាតិ​អាហ្វហ្កានីស្ថាន​ និង​អ្នកធ្លាប់ធ្វើការឲ្យកងកម្លាំងបរទេសយ៉ាងច្រើន​ ព្យាយាម​រត់ភៀសខ្លួន​ដើម្បី​សុវត្ថិភាព​។ នៅឯ​ព្រលាន​យន្តហោះ​ក្រុងកាប៊ុល មួយថ្ងៃៗ​គេឃើញ​ពេញ​ព្រៀប​ទៅដោយ​មនុស្សជាច្រើនពាន់នាក់​។

នាយករដ្ឋមន្ត្រីអង់គ្លេសលោកបូរីស ចនសុន​ បានឲ្យដឹងថា​វា​មាន​សារៈសំខាន់​ណាស់​ដែល​សហគមន៍​អន្តរជាតិធ្វើការរួមគ្នាដើម្បីធានាដល់ការជម្លៀសប្រកបដោយសុវត្ថិភាព​ ទប់ស្កាត់វិបត្តិមនុស្សធម៌​ និងជួយដល់​ប្រជាជនអាហ្វហ្កានីស្ថាន​​។

គួរជ្រាបថា សម្ព័ន្ធមិត្តលោកខាងលិចកំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំងទាក់ទងចំណាត់ការដោះស្រាយ​វិបត្តិនៅអាហ្វហ្កានីស្ថាន ជាពិសេសនៅបន្ទាប់ពីភាពច្របូកច្របល់​នៅឯ​ព្រលានយន្តហោះ​ក្រុង​កាប៊ុល​ បានបណ្តាលឲ្យ​ជនស៊ីវិល​អាហ្វហ្កានីស្ថាន​ជាច្រើននាក់​ស្លាប់។

ប្រធានាធិបតីអាមេរិក លោកចូ បៃដិនដែលកំពុងរងការរិះគន់ជុំទិសនឹងជួបជាមួយមេដឹកនាំ G7 ដើម្បីសម្របសម្រួលគោលនយោបាយ ពិភាក្សាអំពីប្រតិបត្តិការជម្លៀស និងជំនួយមនុស្សធម៌។

កាលពីថ្ងៃអាទិត្យម្សិលមិញ អាមេរិករបស់លោកបៃដិន ក៏បានឲ្យដឹងដែរថានឹងប្រើយន្តហោះពាណិជ្ជកម្មប្រមាណ ១៨ គ្រឿងដើម្បីជួយក្នុងប្រតិបត្តិការដឹកជម្លៀសជនជាតិអាមេរិក និងសម្ព័ន្ធមិត្តអាហ្វហ្កានីស្ថានចេញពីទីក្រុងកាប៊ុល។

ប្រមុខ​ការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន បានគូសបញ្ជាក់ថាក្រុងវ៉ាស៊ីនតោននឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីជួយអ្នករាល់គ្នា គ្រប់ពលរដ្ឋអាមេរិកដែលចង់ចាកចេញពីអាហ្វហ្កានីស្ថាន។ ហើយវិធានការរបស់ក្រុងវ៉ាស៊ីនតោននេះនឹងអនុវត្តដូចគ្នាដែរ ចំពោះ ជនជាតិអាហ្វហ្កានីស្ថានដែលធ្លាប់ធ្វើការឲ្យអាមេរិក។

បើតាមមន្ទីរបញ្ចកោណ មានជនជាតិអាមេរិករហូតដល់ប្រមាណ ១៥ ០០០ នាក់ និងសម្ព័ន្ធមិត្តអាហ្វហ្កានីស្ថានខ្ទង់ ៥០ ០០០ ទៅ ៦០ ០០០នាក់ដែលគេត្រូវជម្លៀសចេញពីអាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ