អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនបានធ្វើឲ្យអង្គការអូតង់ភ្លឺភ្នែក និងភ្ញាក់ខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​នៃ​សន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬ​ហៅកាត់​ជា​ភាសា​បារាំង « អូតង់ » បាន​បើក​កិច្ចប្រជុំកំពូល​រយៈពេល ៣ថ្ងៃ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​អង្គារ ទី២៨ មិថុនា។ កិច្ចប្រជុំកំពូល​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​រុស្ស៊ី​កំពុង​បន្ត​សង្រ្គាម​ឈ្លានពាន​នៅ​អ៊ុយក្រែន និង​ចំ​ពេល​ដែល​តួកគី​កំពុង​បន្ត​រារាំង​ប្រទេស​ស៊ុយអែត និង​ប្រទេស​ហ្វាំងឡង់​មិន​ឲ្យ​ចូល​ជា​សមាជិក​អូតង់។ សម្រាប់​ប្រមុខ​អង្គការ​អូតង់​លោក​យែន ស្តុលទែនប៊ែរ អូតង់​បាន​ធ្វើ​ដំណើរ​មក​ដល់​ផ្លូវរបត់​ដើម និង​ថា កិច្ចប្រជុំកំពូល​ពេល​នេះ​ជា​ឱកាស​មួយ​ដើម្បី​កំណត់​ចេញ​នូវ​គោល​យុទ្ធសាស្រ្ត​ថ្មី។

ប្រមុខ​អង្គការ​អូតង់​លោក​យែន ស្តុលទែនប៊ែរ (រូបស្តាំ)
ប្រមុខ​អង្គការ​អូតង់​លោក​យែន ស្តុលទែនប៊ែរ (រូបស្តាំ) AP - Manu Fernandez
ផ្សាយពាណិជ្ជកម្ម

សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​បាន​ធ្វើ​ឲ្យ​អង្គការ​អូតង់​ភ្លឺភ្នែក និង​ភ្ញាក់ខ្លួន។ តាម​រយៈ​សង្រ្គាម​មួយ​នេះ អង្គការ​អូតង់​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​កំណែទម្រង់​ស៊ីជ្រៅ​ដើម្បី​សម្របខ្លួន​ទៅ​នឹង​បរិបទ​ពិភពលោក​បច្ចុប្បន្ន​ដែល​ខុស​គ្នា​ឆ្ងាយ​ពី​ពិភពលោក​កាល​ពី​ជាង ៧០ឆ្នាំ​មុន។ ពិភពលោក​បច្ចុប្បន្ន​កំពុង​ទទួល​ការ​គំរាមកំហែង​ថ្មី​ចំនួន​ពីរ គឺ​សង្រ្គាម​កូនកាត់ និង​ការ​វាយប្រហារ​តាម​អ៊ីធឺនែត។ ចូរ​កុំ​ភ្លេច​ថា អង្គការ​នៃ​សន្ធិសញ្ញាអាត្លង់ទិកខាងជើង​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៤៩ ពោល​ក្នុង​សម័យ​សង្រ្គាមត្រជាក់​ដើម្បី​ប្រឈម​ទប់​នឹង​សហភាពសូវៀត។ ក្រោយ​ការ​ដួល​រលំ​សហភាព​សូវៀត​ក្នុង​ឆ្នាំ ១៩៩១ អូតង់​ហាក់​លែង​ចាត់​ទុក​រុស្ស៊ី​ជា​អ្នក​បង្ក​រឿង និង​ជា​ការ​គំរាមកំហែង​សន្តិសុខ​នៅ​អឺរ៉ុប​ទៀត​ឡើយ។

ផ្ទុយ​ទៅ​វិញ អូតង់​ថែម​បាន​​សំឡឹង​ឃើញ​រុស្ស៊ី​ជា​ដៃគូ​យុទ្ធសាស្រ្ត​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ចូលរួម​បង្កើត​លំហ​សន្តិសុខ សន្តិភាព និង​ស្ថិរភាព​នៅ​អឺរ៉ុប​ទៀត​ផង។ ជាក់ស្តែង​នៅ​ក្នុង​កិច្ចប្រជុំកំពូល​កាល​ពី​ឆ្នាំ ២០១០ ក្នុង​ប្រទេស​ព័រទុយហ្កាល់ អូតង់​បាន​អនុម័ត​នូវ​គោល​យុទ្ធសាស្រ្ត​ចុង​ក្រោយ​របស់​ខ្លួន​ដោយ​បាន​បោះដៃ​រក​រុស្ស៊ី និង​ចាត់​ទុក​រុស្ស៊ី​ជា​ដៃគូ​យុទ្ធសាស្រ្ត។ តែ​នៅ ១២ឆ្នាំ​ក្រោយ​មក រុស្ស៊ី​បែរ​ជា​បាន​បង្ហាញ​ជំហរ​ថ្មី និង​មុខ​ផ្សេង​ដែល​ផ្ទុយ​នឹង​ការ​មើល​ឃើញ​របស់​អូតង់​ទៅ​វិញ។ ក្រោយ​ពី​បាន​ក្រសោក​យក​តំបន់​គ្រីមេ​របស់​អ៊ុយក្រែន​ក្នុង​ឆ្នាំ ២០១៤ រុស្ស៊ី​បាន​លើក​ទ័ព​ចូល​ឈ្លានពាន​អ៊ុយក្រែន​ទាំង​មូល។

ប្រមុខ​អង្គការ​អូតង់​លោក​យែន ស្តុលទែនប៊ែរ​មិន​ញញើត​និយាយ​ថា ជាង ៧០ឆ្នាំ​ក្រោយ​មក អូតង់​បាន​ដើរ​មក​ដល់​ផ្លូវដើម​ជា​ថ្មី​ដែល​រុស្ស៊ី​បាន​ក្លាយ​ជា​អ្នក​បង្ករឿង និង​ជា​ការ​គំរាមកំហែង​សន្តិសុខ​នៅ​អឺរ៉ុប​ដូច​កាល​សម័យ​សហភាពសូវៀត។

ប្រធានរឿង​អាទិភាព​នៅ​ចំពោះ​មុខ

អង្គការ​អូតង់​ត្រូវ​សើរើ​ពិនិត្យមើល​ឡើង​វិញ​នូវ​គោលយុទ្ធសាស្រ្ត​របស់​ខ្លួន​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​បរិបទ​ពិភពលោក​សព្វថ្ងៃ។ តែ​មាន​ចំណុច​ស្នូល​មួយ​ដែល​អូតង់​មិន​ត្រូវ​ប៉ះពាល់ គឺ​មាត្រា៥ ដែល​ចែង​ពី​កាតព្វកិច្ច​របស់​អូតង់​ក្នុង​ការ​ចូល​ជួយ​សមាជិក​របស់​ខ្លួន​ដែល​ទទួល​រង​ការ​វាយប្រហារ​ពី​ប្រទេស​ផ្សេង។ គួរ​បញ្ជាក់​ថា​សព្វថ្ងៃ អូតង់​មាន​សមាជិក​ចំនួន ៣០ប្រទេស។ ក្រៅ​ពី​មិន​ប៉ះពាល់​លើ​មាត្រា ៥ អូតង់​ត្រូវ​ស្វែង​រក​គោលយុទ្ធសាស្រ្ត​ថ្មី ឬ​រូបមន្ត​ថ្មី​ដែល​អាច​ទទួល​យក​បាន​ពី​សមាជិក​ទាំង​អស់​នៅ​ក្នុង​កិច្ចប្រជុំកំពូល​រយៈពេល ៣ថ្ងៃ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ។

ខ្លឹមសារ​នៅ​ក្នុង​គោលយុទ្ធសាស្រ្ត​ថ្មី ឬ​រូបមន្ត​ថ្មី​ដែល​អូតង់​ត្រូវ​លើក​យក​ទៅ​ជជែក​រួម​មាន ការ​ឲ្យ​និយមន័យ​ពិតប្រាកដ​លើ​ការ​គំរាមកំហែង​របស់​រុស្ស៊ី ការ​ដាក់​បញ្ចូល​ចិន​ជា​ប្រទេស​ប្រឈម ឬ​ជា​ប្រទេស​គំរាមកំហែង ការ​កំណត់​ឲ្យ​បាន​ច្បាស់​ពី​ទំនាក់ទំនង​រវាង​អូតង់ និង​សហភាព​អឺរ៉ុប ការ​កំណត់​កញ្ចប់​ថវិកា​ចំណាយ​ក្នុង​វិស័យ​ការពារ​របស់​ប្រទេស​សមាជិក​នីមួយៗ ការ​កំណត់​វិភាគទាន​ដែល​ប្រទេស​សមាជិក​នីមួយៗ​ត្រូវ​បង់ ការ​បង្កើន​ចំនួន​កម្លាំងទ័ព និង​គ្រឿងសព្វាវុធ ឬ​មួយ​ក៏​ការ​បន្ថែម​សមាជិក​ថ្មី​ដែល​ខណៈ​នេះ​មាន​បេក្ខភាព ២ប្រទេស គឺ​ស៊ុយអែត និង​ហ្វាំងឡង់។

ទាំង​នេះ​ដោយ​មិន​ភ្លេច​និយាយ​ទេ​ពី​ការ​បន្ត​គាំទ្រ និង​ជួយ​អ៊ុយក្រែន​ជា​អាវុធ​ដើម្បី​បន្ត ត តាំង​នឹង​រុស្ស៊ី។ ឃើញ​ថា មិន​ខ្វះ​ទេ​ប្រធានរឿង​ដែល​សមាជិក​ទាំង ៣០ប្រទេស​ត្រូវ​លើក​យក​ទៅ​ជជែក និង​ត្រូវ​ស្វែង​រក​កុងសង់ស៊ុស​រួម។

បន្ត​គាំទ្រ​អ៊ុយក្រែន និង​ទប់​រុស្ស៊ី​កុំ​ឲ្យ​ឆ្លង​ហួស​ព្រំដែន​អ៊ុយក្រែន

គេ​នៅ​មិន​ទាន់​អាច​និយាយ​ពី​លទ្ធផល​ដែល​អូតង់​នឹង​សម្រេច​បាន​ទេ ព្រោះ​អ្វីៗ​អាស្រ័យ​លើ​ការ​ប្តេជ្ញាចិត្ត និង​ឆន្ទៈ​របស់​ប្រទេស​សមាជិក​ម្នាក់ៗ។ អ្វី​ដែល​គេ​អាច​និយាយ​បាន មាន​ប្រធានរឿង​អាទិភាព និង​បន្ទាន់​មួយ​ចំនួន​ដែល​អូតង់​មិន​អាច​បន្ត​អូសបន្លាយ​បាន​ទៀត​ឡើយ។ ជាក់ស្តែង​មាន​ប្រធានរឿង ៣សំខាន់ ទី១ ការ​បន្ថែម​ប្រទេស​ស៊ុយអែត និង​ប្រទេស​ហ្វាំងឡង់​ជា​សមាជិក​ថ្មី។ រហូត​មក​ដល់​ពេល​នេះ មាន​តែ​ប្រទេស​តួកគី​ម្នាក់​គត់​ដែល​កំពុង​យក​ជើង​រា​ទឹក។ តាម​ពិត ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​បាន​ស្តីបន្ទោស​ស៊ុយអែត និង​ហ្វាំងឡង់​ពី​បទ​បាន​គាំទ្រ និង​ផ្តល់​ជម្រក​ឲ្យ​ក្រុម​សកម្មជន​របស់​គណបក្ស​ពលករ​គួដឌីស្ថាន PKK ដែល​តួកគី​ចាត់​ទុក​ជា​អង្គការ​ភេរវនិយម។

មាន​កត្តា​ចំនួន​ពីរ​ដែល​អាច​ពន្លឿន​បញ្ចូល​ស៊ុយអែត និង​ហ្វាំងឡង់​ទៅ​ក្នុង​អង្គការ​អូតង់ ទី១ ការ​ធានា​ពិតប្រាកដ និង​ច្បាស់លាស់​ពី​ថ្នាក់ដឹកនាំ​ស៊ុយអែត និង​ហ្វាំងឡង់​ចំពោះ​តួកគី​ក្នុង​រឿង​ការ​ចោទប្រកាន់​របស់​តួកគី និង​ទី២ អន្តរាគមន៍​របស់​អាមេរិក​ដោយ​សន្យា​លើក​ទណ្ឌកម្ម​ចេញ​ពី​តួកគី។ ប្រធានរឿង​សំខាន់ទី២ អូតង់​គ្រោង​បង្កើន​កម្លាំងអន្តរាគមន៍​របស់​ខ្លួន​ពី ៤០ ០០០នាក់​ដល់ ៣០០ ០០០នាក់។ កម្លាំងអន្តរាគមន៍​ពហុជាតិ​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យាទំនើប​នេះ​មាន​កម្លាំងជើងគោក ជើងទឹក និង​ជើងអាកាស រួម​ទាំង​កម្លាំងពិសេស​ដែល​អាច​ដាក់​ពង្រាយ​យ៉ាង​ឆាប់​រហ័ស។ ចំណែក​ប្រធានរឿង​សំខាន់ទី៣ ចុង​ក្រោយ គឺ​បង្កើន​ទំនាក់ទំនង​រវាង​អូតង់ និង​សហភាព​អឺរ៉ុប។

ពិត​ណាស់ អឺរ៉ុប​គ្មាន​រចនាសម្ព័ន្ធការពារ​រួម​នៅ​ឡើយ​ទេ។ តែ​បារាំង​ចង់​ឲ្យ​អូតង់​បញ្ចូល​អឺរ៉ុប​ជា​កម្លាំង​មួយ​ដើម្បី​ចូលរួម​ពង្រឹង​កម្លាំង​របស់​អូតង់។ សរុប​មក​វិញ មាន​កិច្ចការ​ច្រើន​ណាស់​ដែល​អូតង់​ត្រូវ​ដោះស្រាយ​ដោយ​មិន​អាច​ពន្យារ​ពេល​បាន​ទៀត​ឡើយ។ បើ​ពុំ​នោះ​សោត​ទេ រុស្ស៊ី​នឹង​បន្ត​វាតទី​ឥទ្ធិពល​យោធា​កាន់​តែ​ធំ​លើស​ពី​ព្រំដែន​អ៊ុយក្រែន​ទៅ​ទៀត។ នេះ​ដោយ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ពី​កំណើន​ឥទ្ធិពល​របស់​ចិន​នៅ​កន្លែង​ផ្សេង​ទៀត​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ