អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង់គ្លេស៖នាយករដ្ឋមន្រ្តីលោកបូរីស ចនសុនកំពុងអង្គុយលើកៅអីដែលកំពុងបន្ត​ជ្រុះខ្ចៅ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អង់គ្លេស ក្រោយ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល និង​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​បាន​លា​ចុះ​ពី​តំណែង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នា​យប់​ថ្ងៃ​អង្គារ ទី៥ កក្កដា រដ្ឋលេខាធិការ​ទទួល​បន្ទុក​កុមារ និង​គ្រួសារ​បាន​លា​ចុះ​ពី​តំណែង​ក្នុង​ថ្ងៃ​ពុធ ទី៦ កក្កដា។ ការ​លា​ចុះ​ពី​តំណែង​របស់​ឥស្សរជន​ទាំង ៣​រូប​ពេល​នេះ​បាន​ធ្វើ​ឲ្យ​នាយករដ្ឋមន្រ្តី​លោក​បូរីស ចនសុន​ចុះ​ខ្សោយ​មួយ​កម្រិត​ទៀត ខណៈ​ដែល​លោក​កំពុង​រួមរឹត​ដោយ​រឿង​អាស្រូវ​ជា​ច្រើន។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ចនសុន​បាន​បន្ត​បដិសេធ​មិន​ចុះ​ចេញ​ពី​កៅអី​នាយករដ្ឋមន្រ្តី​ទេ​នៅ​ពេល​នេះ។

នាយករដ្ឋមន្រ្តី​អង់គ្លេស លោក​បូរីស ចនសុន
នាយករដ្ឋមន្រ្តី​អង់គ្លេស លោក​បូរីស ចនសុន AP - Hollie Adams
ផ្សាយពាណិជ្ជកម្ម

មូលហេតុ​សំខាន់​ដែល​បាន​ធ្វើ​ឲ្យ​សមាជិក​រដ្ឋាភិបាល​ទាំង ៣រូប​សម្រេចចិត្ត​លា​ចុះ​ពី​តំណែង​ពេល​នេះ គឺ​មិនពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក​បូរីស ចនសុន។ នៅ​ក្នុង​លិខិត​លាលែង​ផ្ញើ​ទៅ​ឲ្យ​លោក​ចនសុន រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក​សាយីដ យ៉ាវីដ​បាន​បញ្ជាក់​ថា លោក​មាន​ការ​សោកស្តាយ​ដែល​ស្ថានការណ៍​របស់​ប្រទេស​គ្មាន​ការ​ផ្លាសប្តូរ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ចនសុន និង​ថា លោក​លែង​ជឿ​ទុក​ចិត្ត​លើ​លោក​ចនសុន​ទៀត​ឡើយ។ ហេតុផល​ស្រដៀង​គ្នា​នេះ​ក៏​មាន​នៅ​ក្នុង​លិខិត​លាលែង​របស់​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​លោក​រីស្ហ៊ី ស៊ូណាក់​ដែរ។ « ពលរដ្ឋ​អង់គ្លេស​កំពុង​រង់ចាំ​ឲ្យ​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​ឲ្យ​បាន​ត្រឹមត្រូវ ឲ្យ​មាន​ប្រសិទ្ធិភាព និង​ឲ្យ​បាន​ប្រាកដប្រជា » នេះ​ជា​ខ្លឹមសារ​នៅ​ក្នុង​សំបុត្រ​លាលែង​របស់​លោក​រីស្ហ៊ី ស៊ូណាក់។

គួរ​បញ្ជាក់​ថា​សម្រាប់​លោក​ចនសុន ការ​លា​ចុះ​ពី​តំណែង​របស់​រដ្ឋមន្រ្តី​ទាំង​ពីរ​រូប​នេះ​ជា​ការ​បាត់បង់​ទម្ងន់​មួយ​ធំ​នៅ​ក្នុង​រដ្ឋាភិបាល​របស់​លោក។ ឆ្លៀត​ក្នុង​ឱកាស​នេះ គណបក្ស​ពលករ​ដែល​ជា​បក្សប្រឆាំង រួម​ទាំង​ឥស្សរជន​នយោបាយ​ខ្លះ​ក្នុង​គណបក្ស​អភិរក្សនិយម​របស់​លោក​ចនសុន​បាន​អំពាវនាវ​ជា​ថ្មី​ឲ្យ​លោក​ចនសុន​ចុះ​ចេញ​ពី​តំណែង។ « ក្រោយ​ផ្ទុះ​រឿង​អាស្រូវ និង​កំហុស​ឆ្គង វា​ច្បាស់​ណាស់​ថា រដ្ឋាភិបាល​កំពុង​ដួល​រលំ​ហើយ » នេះ​ជា​ចំណាប់​អារម្មណ៍​របស់​ប្រធាន​គណបក្សប្រឆាំង​លោក Keir Starmer។ ចំណែក​លោក David Frost អតីត​រដ្ឋលេខាធិការ​ទទួល​បន្ទុក Brexit ដែល​បាន​លា​ចុះ​ពី​តំណែង​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០២១ បាន​យល់​ឃើញ​ថា ការ​លា​ចុះ​ពី​តំណែង​របស់​រដ្ឋមន្រ្តី​សុខាភិបាល និង​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ជា​រឿង​ត្រឹមត្រូវ និង​បាន​ទាមទារ​ឲ្យ​លោក​ចនសុន​ចុះ​ចេញ​ពី​តំណែង​ដូច​គ្នា។

កុំ​ថា​ឡើយ​គណបក្សប្រឆាំង និង​ឥស្សរជន​ក្នុង​គណបក្ស​អភិរក្សនិយម​ដែល​ជា​បក្ស​កាន់អំណាច សូម្បី​តែ​កាសែត​ដែល​មាន​លក្ខណៈ​អភិរក្សមនិយម​ខ្លាំង​ក៏​បាន​ដាក់​ចំណង​ជើង​នៅ​ក្នុង​បទវិចារណកថា​បែប​ដៀមដាម​ឲ្យ​លោក​ចនសុន​ថា « Game over »។

រឿងអាស្រូវ​នៅ​ក្នុង​រឿងអាស្រូវ

គេ​អាច​និយាយ​បាន​ថា ការ​លា​ចុះ​ពីតំណែង​របស់​រដ្ឋមន្រ្តី​សុខាភិបាល និង​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ពេល​នេះ​ជា​រឿង​ភ្ញាក់ផ្អើល និង​មិន​ភ្ញាក់ផ្អើល។ មិន​ភ្ញាក់ផ្អើល ព្រោះ​វា​រឿង​ដែល​គេ​បាន​រង់ចាំ ហើយ​ភ្ញាក់ផ្អើល ព្រោះ​គេ​មិន​នឹក​ស្មាន​ថា សមាជិក​រដ្ឋាភិបាល​ទាំង ៣រូប​បាន​សម្រេច​លា​ចុះ​ពី​តំណែង​ក្នុង​ពេល​តែ​មួយ។ តាម​ពិត​ទៅ ការ​លា​ចុះ​ពី​តំណែង​របស់​រដ្ឋមន្រ្តី​សុខាភិបាល និង​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​គ្រាន់​ជា​ដំណក់ទឹក​មួយ​ដែល​បាន​ទៅ​បំពេញ​នៅ​ក្នុង​កែវ​មួយ​ដែល​ពេញប្រៀប​ហូរហៀរ​ទៅ​ហើយ​ប៉ុណ្ណោះ មាន​ន័យ​ថា ជា​រឿងអាស្រូវ​នៅ​ក្នុង​រឿងអាស្រូវ​ដែល​បាន​ធ្វើ​ឲ្យ​លោក​បូរីស ចនសុន​វិលមុខ ឈឺក្បាល​កាន់​តែ​ខ្លាំង។

គួរ​បញ្ជាក់​ថា លោក​ចនសុន​កំពុង​រួមរឹត​ដោយ​រឿងអាស្រូវ​ជា​ច្រើន​ឡើង​ល្វីងមុខ។ មុន​គេ គឺ​រឿងអាស្រូវ​ដែល​លោក​បាន​រៀបចំ​ពិធី​ជប់លៀង​នៅ​ក្នុង​គេហដ្ឋាន​នាយករដ្ឋមន្រ្តី ខណៈ​ដែល​ប្រទេស​កំពុង​ស្ថិត​ក្នុង​ការ​បិទខ្ទប់​ដោយ​កូវីដ១៩ កាល​ពី​ឆ្នាំ ២០២១។ បន្ទាប់​មក រឿង​អាស្រូវ​ផ្លូវភេទ​ជា​ច្រើន​នៅ​ក្នុង​សភា ក្នុង​នោះ មាន​តំណាងរាស្រ្ត​ម្នាក់​ដែល​ជាប់ចោទ​ពី​បទ​ចាប់​រំលោភ​ត្រូវ​បាន​ចាប់​ខ្លួន រួច​ត្រូវ​បាន​ដោះលែង​បណ្តោះអាសន្ន​នៅ​ពាក់​កណ្តាល​ខែ​ឧសភា និង​តំណាងរាស្រ្ត​ម្នាក់​ទៀត​បាន​លា​ចុះ​ពី​តំណែង​ក្នុង​ខែ​មេសា ក្រោយ​ពី​បាន​មើល​កុន​អាសអាភាស​លើ​ទូរស័ព្ទ​ដៃ​នៅ​ក្នុង​សភា។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ចនសុន​បាន​បន្ត​បដិសេធ​មិន​លា​ចុះ​ពី​តំណែង។ ក្នុង​ថ្ងៃ​ពុធ ទី៦ កក្កដា លោក​ចនសុន​បាន​ការពារ​ខ្លួន​នៅ​ក្នុង​សភា​នា​វេទិកា​ចោទ​សួរ​ប្រចាំ​សប្តាហ៍។

ចុះ​ចេញ​ដោយ​ខ្លួន​ឯង ឬ​ត្រូវ​គេ​ទម្លាក់​ចេញ?

រហូត​មក​ដល់​ពេល​នេះ លោក​ចនសុន​ហាក់​មិន​ទាន់​បាន​ត្រៀមខ្លួន​ដើម្បី​លា​ចុះ​ពី​តំណែង​ទេ។ តែ​គេ​អាច​និយាយ​បាន​ថា លោក​ប្រហែល​ជា​កំពុង​បន្ត​តស៊ូ​ដើម្បី​ដង្ហើម​ជីវិតនយោបាយ​ជា​នាយករដ្ឋមន្រ្តី​របស់​លោក​ជា​លើក​ចុង​ក្រោយ។ ចូរ​កុំ​ភ្លេច​ថា ជា​មួយ​នឹង​រឿងអាស្រូវ​រួមរឹត​ច្រើន​រាប់​មិន​អស់ នាយករដ្ឋមន្រ្តី​អង់គ្លេស​រូប​នេះ​បាន និង​កំពុង​បន្ត​បាត់បង់​ការ​គាំទ្រ និង​បាត់បង់​ការ​ជឿទុកចិត្ត​ពី​ក្រុម​ឥស្សរជន​ក្នុង​ជួរ​រដ្ឋាភិបាល រួម​ទាំង​នៅ​ផ្ទៃក្នុង​គណបក្សអភិរក្សនិយម​របស់​លោក។ ទន្ទឹម​គ្នា​នេះ លោក​ចនសុន​ក៏​ផ្តើម​បាត់បង់​ប្រជាប្រិយភាព​ពី​ប្រជាជន​អង់គ្លេស​ដែរ។

តាម​លទ្ធផល​ស្ទង់មតិ​របស់​វិទ្យាស្ថាន YouGov ចេញ​ផ្សាយ​នៅ​យប់​ថ្ងៃ​អង្គារ ទី៥ កក្កដា មាន​អ្នក​បោះឆ្នោត​អង់គ្លេស​ចំនួន ៦៩% ចង់​ឃើញ​លោក​ចនសុន​ចុះ​ចេញ​ពី​តំណែង។ ចំណែក​នៅ​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ឲ្យ​គណបក្ស​អភិរក្សនិយម​ក្នុង​ឆ្នាំ ២០១៩ ទាំង ៥៤% មាន​ជាង​ពាក់​កណ្តាល​យល់​ថា លោក​ចនសុន​ត្រូវ​ចុះ​ពី​កៅអី​នាយករដ្ឋមន្រ្តី។ គួរ​រម្លឹក​ថា លោក​ចនសុន​ធ្លាប់​បាន​រួច​ខ្លួន​យ៉ាង​ប្រផុតប្រផើយ​នៅ​ក្នុង​ការ​បោះឆ្នោត​ដក​សេចក្តីទុកចិត្ត​នៅ​ក្នុង​សភា​កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ។ តែ​លើក​នេះ និង​បើ​តាម​មើល​ទៅ អនាគត​ជីវិតនយោបាយ​ជា​នាយករដ្ឋមន្រ្តី​របស់​លោក​ចនសុន​បាន​ដើរ​មក​ដល់​ផ្លូវទាល់​មួយ​ដែល​ពិបាក​បត់​ស្តាំ ឬ​បត់​ឆ្វេង។

ក្រៅ​ពី​ការ​លា​ចុះ​ពី​តំណែង​របស់​សមាជិក​រដ្ឋាភិបាល​ចំនួន ៣រូប​ក្នុង​រយៈពេល ២ថ្ងៃគឺ​នឹង​អាច​មាន​អ្នក​ផ្សេង​លាលែង​ជា​បន្តបន្ទាប់​ទៀត និង​ដែល​អ្នក​ចុង​ក្រោយ​ប្រហែល​ជា​លោក​បូរីស ចនសុន​ខ្លួន​ឯង​តែ​ម្តង។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា រឿង​លោក​ចនសុន​ចុះ​ចេញ​ដោយ​ខ្លួន​ឯង ឬ​ត្រូវ​គេ​បង្ខំ​ជា​រឿង​មិន​អាច​ចៀស​រួច។ សំណួរ​ដែល​កំពុង​ចោទ​ឡើង​គឺ​ថា តើ​នៅ​ពេល​ណា និង​ចុះ​ចេញ​យ៉ាង​ម៉េច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ