អានតួអត្ថបទ
អង់គ្លេស-កូវីដ១៩

កៅអី​នាយករដ្ឋមន្ត្រី​របស់​​​លោក ​បូរីស ចនសុន រង្គោះរង្គើខ្លាំង​ដោយសារ​តែកម្មវិធី​ជប់លៀង​ផ្ទួនៗ

ខ្យល់ព្យុះកំពុងតែបោក​បក់ ខ្លាំងទៅៗ លើ​រដ្ឋាភិបាល​អង់គ្លេស ដឹកនាំដោយ​លោក​នាយករដ្ឋមន្ត្រី បូរីស ចនសុន។ រឿងអាស្រូវជាបន្តបន្ទាប់ ត្រូវបា​នទម្លាយ​ ទាក់ទិននឹងការរៀបចំកម្មវិធីជប់លៀងផ្ទួនៗគ្នា នៅក្នុង​និវេេសនដ្ឋានរបស់​លោក​នាយករដ្ឋមន្ត្រីរូបនេះ កាលពីឆ្នាំ​២០២០ ខណៈដែលប្រទេសអង់គ្លេសទាំងមូល កំពុងស្ថិត​នៅក្នុងការបិទខ្ទប់ទាំងស្រុង ដោយសារវិបត្តិកូវីដ។ អ្នកនយោបាយ​ ក៏ដូចជាប្រជាពលរដ្ឋអង់គ្លេស កំពុងរងចាំតាមដានលទ្ធផលស៊ើបអង្កេតផ្ទៃក្នុង​ ដែលនឹងអាចកំណត់ ពីវាសនាតំណែង របស់​លោក​បូរីស ចនសុន។

លោកបូរីស ចនសុន នៅក្នុងកម្មវិធីជប់លៀងមួយ ដែលគេរៀបចំជូនលោក ក្រោយ​លោកបានជោគជ័យ​ក្នុងការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ​២០១២ នៅទីក្រុងឡុងដ៍។ ឡុងដ៍ ថ្ងៃទី ៤ ឧសភា ២០១២
លោកបូរីស ចនសុន នៅក្នុងកម្មវិធីជប់លៀងមួយ ដែលគេរៀបចំជូនលោក ក្រោយ​លោកបានជោគជ័យ​ក្នុងការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ​២០១២ នៅទីក្រុងឡុងដ៍។ ឡុងដ៍ ថ្ងៃទី ៤ ឧសភា ២០១២ AP - Jonathan Short
ផ្សាយពាណិជ្ជកម្ម

ក្នុងអំឡុងពេលនេះ គឺជារដូវធ្លាក់ព្រឹលទឹកកក​នៅអឺរ៉ុប តែសីតុណ្ហភាព​នៅក្នុងអាគាររដ្ឋ​សភាអង់គ្លេស បាន​ឡើងកំដៅកាន់តែខ្លាំងឡើង។ នៅក្នុង​អង្គប្រជុំ សមាជិកសភាបក្ស​ពលករ ដែលជាបក្សប្រឆាំង បាន​ស្រែក​ស្តីបន្ទោសក្តែងៗ ទៅកាន់​លោល​នាយករដ្ឋមន្ត្រីបូរីស ចនសុន ដែលមកឆ្លើយ​ការពារខ្លួន និង​បានបដិសេធមិនព្រម​ចុះចេញពីតំណែង។

លោក​បូរីស ចនសុន បានអះអាងថា រដ្ឋាភិបាល​លោក​មាន​ការងារសំខាន់ៗត្រូវធ្វើច្រើនណាស់ នៅពេលនេះ ដូចជាការផ្តល់សន្ទុះសេដ្ឋកិច្ច និង​ការដោះស្រាយ​សំណុំរឿងអ៊ុយក្រែន ប្រឈមជាមួយ​រុស្ស៊ីជាដើម។ តែពាក្យ​ដោះសាររបស់​លោក​បូរីស ចនសុន ត្រូវបាន​លោក Keir Starmer ប្រធានក្រុមសមាជិកសភាបក្សពលករ ចាត់ទុកថាជាការមាក់ងាយ​ មក​លើ​ប្រជាជាតិ​អង់គ្លេសទាំងមូល​។

គួរបញ្ជាក់ថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បណ្តាញ​ព័ត៌មាន​អង់គ្លេសបានចុះផ្សាយ​រឿងអាស្រូវ មួយហើយ​មួយទៀត ទាក់ទិននឹង​ការរៀបចំកម្មវិធីជប់លៀងផ្ទួនៗគ្នា នៅក្នុង​និវេសនដ្ឋានរបស់​លោកនាយករដ្ឋមន្ត្រីបូរីស ចនសុន ក្នុងឆ្នាំ​២០២០កន្លងទៅ។ កម្មវិធីជប់លៀងសប្បាយ​ ដែលធ្វើ​ឲ្យ​មតិសាធារណៈអង់គ្លេស មិនអាចទទួលយកបាន ព្រោះអំឡុងពេល​នោះ រដ្ឋាភិបាល​លោក​បូរីស ចនសុន បានដាក់ចុះនូវវិធានការតឹងតែងបំផុត ហាមឃាត់ប្រជាពលរដ្ឋមិនឲ្យ​ចេញក្រៅ ឬជួបជុំគ្នាទេ ដើម្បី​កាត់ផ្តាច់ការឆ្លងរាលដាលកូវីដ។

កាលពីសប្តាហ៍កន្លងទៅ លោក​បូរីស ចនសុន បានថ្លែងសូមអភ័យទោសនៅចំពោះមុខអង្គសភា។ តែព្យុះសង្ឃរានេះមិនបានស្ងប់ទេ រឿងអាស្រូវមួយទៀត ត្រូវបានបើកទម្លាយ​ដោយ​បណ្តាញទូរទស្សន៍ ITV ដែលអះអាងថា ភរិយាលោកបូរីស ចនសុន បានរៀបចំកម្មវិធីជប់លៀងខួប​កំណើត​ឲ្យ​លោក នៅក្នុង​បន្ទប់ប្រជុំ​គណរដ្ឋមន្ត្រីតែម្តង កាលពីខែ​មិថុនាឆ្នាំ២០២០ ដោយ​មានមនុស្សចូលរួម​ប្រមាណ​៣០នាក់។ រឿងអាស្រូវថ្មីបន្ថែមទៀតនេះ បានរុញច្រានឲ្យ​មានការបើក​ការស៊ើបអង្កេត​ផ្ទៃក្នុង ដឹកនាំដោយលោកស្រី​ Sue Gray។ កាលពីថ្ងៃទី​២៥មករា នគរបាលទីក្រុងឡុងដ៍ ក៏បាន​បើកការស៊ើបអង្កេតមួយដែរ​ ទាក់ទិននឹងកម្មវិធីជប់លៀងបំពាន​វិធានសុខាភិបាលទាំងនេះ។

សំឡេងទាមទារឲ្យ​លោក​បូរីស ចនសុន ចុះចេញពីតំណែង បានបន្លឺឡើងកាន់តែច្រើន រួមទាំងមនុស្ស​ក្នុង​បក្សរបស់លោក​ផងដែរ។ របាយការណ៍សន្និដ្ឋានរបស់​លោកស្រី មន្ត្រីជាន់ខ្ពស់ Sue Gray ដែលនឹងចេញ​ផ្សាយ​ក្នុង​ពេលឆាប់ៗនេះ អាចនឹង​ជំរុញឲ្យ​សមាជិកសភា បក្សរបស់​លោក​បូរីស ចនសុន ដែលមិនទាន់សម្រេចចិត្ត អាចប្រមូលគ្នាបានគ្រប់៥៤នាក់ ដើម្បី​អាចបើកនីតិវិធីបោះឆ្នោតទំលាក់លោក​ ចេញពីកៅអីនាយករដ្ឋមន្ត្រី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ