អានតួអត្ថបទ
អង់គ្លេស-កូវីដ១៩

បូរីស ​ចនសុន ទទួលកំហុសនិងសូមអភ័យទោស ដែលបានរៀបចកម្មវិធី​ជប់លៀង​ក្នុងពេល​ដែល​ប្រទេស​ត្រូវ​បិទខ្ទប់​ដោយសារ​កូវីដ

កាលពីថ្ងៃពុធទី​១២មករា នៅចំពោះអង្គសភាអង់គ្លេស លោក​នាយករដ្ឋមន្ត្រីបូរីស ចនសុន បានថ្លែងទទួលស្គាល់កំហុស និងបានសូមអភ័យទោស ចំពោះការដែលលោក​បាន​រៀបចំកម្មវិធីជប់លៀង នៅគេហដ្ឋានលោក កាលពីខែឧសភា ឆ្នាំ២០២០ ខណៈដែល​​ប្រទេសអង់គ្លេសទាំងមូល ត្រូវបិទខ្ទប់ទាំងស្រុងដោយសារតែកូវីដ១៩។ ទោះយ៉ាងណា ការថ្លែងសូមអភ័យទោសពីសំណាក់លោកបូរីស ចនសុន គឺនៅមិនគ្រប់គ្រាន់ទេ ដោយសមាជិកសភាបានទាមទារឲ្យ​លោក លាចុះពីតំណែង។

លោកនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន ពេលធ្វើសន្និសីទកាសែត នៅ​ Downing Street ថ្ងៃទី៣ មករា ២០២២
លោកនាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន ពេលធ្វើសន្និសីទកាសែត នៅ​ Downing Street ថ្ងៃទី៣ មករា ២០២២ AP - Frank Augstein
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខអង្គសភា ក្នុងបរិកាសដ៏ក្តៅក្រេវក្រោធ លោក​នាយករដ្ឋមន្ត្រីអង់គ្លេសបូរីស ចនសុន បានថ្លែង​ទទួលស្គាល់កំហុស និងបានសូមអភ័យទោសទៅកាន់​ប្រជាពលរដ្ឋអង់គ្លេស។ ទន្ទឹមគ្នានេះដែរ លោក​ចសុន បានអះអាងថា កម្មវិធីជប់លៀង ដែលលោក​បានរៀបចំ កាលពី​ថ្ងៃទី​២០ឧសភា ឆ្នាំ​២០២០ នៅក្នុងសួនច្បារនៃនិវេសនដ្ឋានរបស់លោកនោះ​ គឺជាការជួបជុំគ្នានិយាយពីការងារផង និងដោយ​បានគោរព​វិធានរក្សាគម្លាតសង្គម។

ទោះយ៉ាងណាក៏ដោយ លោក ​ចនសុន បានទទួលស្គាល់កំហុស ដោយមិនបានគិតឲ្យ​បានវែងឆ្ងាយ ថាកម្មវិធីជួបជុំនោះ វាអាចធ្វើឲ្យ​ប៉ះពាល់ដល់ទឹកចិត្ត របស់ប្រជាពលរដ្ឋអង់គ្លេស ក្នុងអំឡុងពេលនោះ ព្រោះប្រទេសកំពុងស្ថិតនៅក្នុង​ការបិទខ្ទប់ទាំងស្រុង ដោយសារតែ​បញ្ហាជំងឺឆ្លងកូវីដ​១៩។​

គួររំលឹកថា នៅក្នុងអំឡុងពេលខែឧសភា ឆ្នាំ​២០២០ គឺជាពេលដែលអង់គ្លេសបានរងនូវរលកឆ្លងរាលដាលកូវីដ ដ៏ខ្លាំងក្លា។ រដ្ឋាភិបាលលោកបូរីស ចនសុន បានសម្រេចចេញវិធានការបិទខ្ទប់យ៉ាងតឹងតែងបំផុត ដោយ​មិន​ឲ្យ​មនុស្សលើសពី២នាក់ ជួបគ្នានៅខាងក្រៅទេ។ មាន​ប្រជាជន​អង់គ្លេសជាច្រើននាក់ ដែល​មិនត្រូវបាន​គេអនុញ្ញាត ឲ្យចូលទៅសួរសុខទុក្ខ បងប្អូនសាច់ញាតិខ្លួន ដែលឈឺឆ្លងកូវីដ ឬដែលហៀបនឹងស្លាប់នៅនាទីចុងក្រោយជាដើម។

គួរបញ្ជាក់ថា ដំណឹងបែកធ្លាយ​ ដែលថាលោកនាយករដ្ឋមន្ត្រីអង់គ្លេសបានរៀបចំកម្មវិធីជប់លៀង យ៉ាង​សប្បាយ​​​ក្អាកក្អាយ នៅក្នុងអំឡុងពេលនេះ បានបង្កឲ្យ​ប្រជាពលរដ្ឋអង់គ្លេស និងអ្នក​នយោបាយ​​បក្ស​ប្រឆាំង តវ៉ារិះគន់ជាខ្លាំង។ កាលពីថ្ងៃចន្ទ ទី​១០មករាថ្មីៗនេះ ​បណ្តាញទូរទស្សន៍ ITV បានផ្សាយអត្ថបទអ៊ីមែលមួយ ដែល​លេខារបស់​លោកបូរីន ចនសុន បានផ្ញើទៅកាន់​មនុស្សប្រមាណ​១០០នាក់ អញ្ជើញឲ្យ​ពួកគេ មកចូលរួមជប់លៀង ដោយ​បញ្ជាក់ថា កុំភ្លេចយកភេសជ្ជៈមកផង ដើម្បី​ញ៉ាំកម្សាន្តសប្បាយ​ជាមួយ​នឹង​ធាតុអាកាសល្អស្រស់បំព្រង។

លោក Keir Starmer ប្រធានក្រុមនយោបាយ​បក្សពលករ ដែលជាបក្សប្រឆាំង បាន​លើកឡើងថា ហេតុផល ក៏ដូចជាពាក្យសូមទោសរបស់​លោកបូរីន ចនសុន គឺប្រៀប​បីដូចជា​ពាក្យជេរប្រមាថមាក់ងាយ​ មកលើប្រជាជនអង់គ្លេសទាំងមូល។ យោងតាម​បណ្តាញព័ត៌មានអង់គ្លេស គឺលោកបូរីស ចនសុន អាចនឹងត្រូវតែបង្ខំចិត្តលាលែងចេញពីតំណែង ក្នុងពេលខាងមុខនេះហើយ ព្រោះថាសូម្បីតែមនុស្សក្នុងបក្សអភិរក្សនិយមរបស់លោក ក៏ចាប់ផ្តើមលែងគាំទ្រដែរ បន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់។ ក្រៅពីករណីរៀបចំកម្មវិធីជប់លៀង ខណៈប្រទេសត្រូវបិទខ្ទប់ទាំងស្រុងនេះ លោកបូរីន ចនសុន ត្រូវបានគេចោទថាអំពីករណីក្លែងបន្លំប្រាក់ចំណាយ​ ជួសជុលនិវេសនដ្ឋានលោក ព្រមទាំង​ករណី​បក្សពួកនិយមផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ