អានតួអត្ថបទ

អង់គ្លេសប្រារព្ធ​​​ខួប៧០ឆ្នាំ​នៃ​ការ​គ្រងរាជ្យ​របស់​ព្រះមហាក្សត្រីយ៍

នៅថ្ងៃព្រហស្បត្តិ៍ ប្រទេស​អង់គ្លេស​ ផ្តើម​ប្រារព្ធ​​ខួប៧០ឆ្នាំនៃការគ្រងសោយរាជ្យសម្បត្តិ​របស់ព្រះមហាក្សត្រីយ៍។ ពិធីបុណ្យដ៏​ឱឡារិក​នេះ ​មាន​ចំនួន​៤ថ្ងៃ​ ចាប់ពីថ្ងៃទី២មិថុនា រហូត​ដល់​ថ្ងៃ​អាទិត្យ ទី​៥មិថុនា។ មាន​ព្រះជន្មាយុ​៩៦ឆ្នាំ ព្រះមហាក្សត្រីយ៍ Elizabeth ទី២ ​ បាន​ចេញ​សម្តែង​ព្រះភក្ត្រ​ដ៏កម្រ​ នៅ​ក្នុង​ឱកាស​នេះ​។

ព្រះមហាក្សត្រីយ៍ Elizabeth ទី២ បានឡើងសោយរាជ្យបល្លង្ក នៅឆ្នាំ ១៩៥២។
ព្រះមហាក្សត្រីយ៍ Elizabeth ទី២ បានឡើងសោយរាជ្យបល្លង្ក នៅឆ្នាំ ១៩៥២។ AP - Alberto Pezzali
ផ្សាយពាណិជ្ជកម្ម

ព្រះមហាក្សត្រីយ៍ Elizabeth ទី២ ជានិមិត្ត​រូប​នៃការ​រួបរួម​ជាតិ និង​និរន្តរភាព​ជាតិ ហើយ​ជាផ្លូវ​ការ ទ្រង់​គឺជា​ព្រះ​ប្រមុខរដ្ឋ​សម្រាប់ប្រទេសនិងរាជាណាចក្រ ​ចំនួន ១៥ រាប់ចាប់​តាំងពី អង់គ្លេស កាណាដា រហូតដល់​ នូវេសេឡង់ ជាដើម។

ព្រះមហាក្សត្រីយ៍ Elizabeth ទី២  កាលពី​ខែ​តុលាឆ្នាំមុន ទ្រង់​ធ្លាក់​ព្រះកាយ​ប្រឈួន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​មួយ​រាត្រី​ ហើយតាំងពីពេលនោះមក គេ​កម្រ​នឹង​ឃើញ​ទ្រង់​បង្ហាញព្រះភក្ត្រ​ជា​សាធារណៈ​ណាស់។ ដូច្នេះ ការ​​យាង​ចេញព្រះភក្ត្រ​នៅក្នុង​ឱកាសបុណ្យ​ខួប​៧០ឆ្នាំនៃការ​សោយរាជ្យ​សម្បត្តិ​​នេះ គឺ​ជា​ការ​ទន្ទឹង​រង់ចាំ​ចង់​ឃើញ​ពីសំណាក់​ប្រជានុរាស្ត្រ​អង់គ្លេស​។​ អង់គ្លេស​ដែល​ដាក់​ចង​ទង់ជាតិ​ពាសពេញផ្លូវ ហើយ​អាណា​ប្រជានុ​ស្ត្រ​​មាន​​ទឹកមុខ​រីករាយ​ចេញពីផ្ទះ​ទស្សនា​ព្រះរាជពិធី​ ដែល​គេ​ហែក្បួន​សន្ធឹក​សន្ទាប់​តាម​ដងវិថី​ នៅក្រុង​ឡុង​។​

កម្មវិធី​អបអរ​មាន​ជាប់​គ្នា​រដឹក​ចាប់ពីថ្ងៃ​នេះ​ដល់​ថ្ងៃ​អាទិត្យ។ ថ្ងៃសុក្រ មាន​ការ​ជួប​ជុំ​ព្រះរាជវង្សានុវង្ស​។ នារា​ត្រី​ថ្ងៃសៅរ៍ មាន​ការ​សម្តែងមហា​​តន្ត្រី​ នៅព្រះបរម​រាជវាំង និង​​បញ្ជាំង​បន្ត​តាម​កញ្ចក់ទូរទស្សន៍​ ដែល​គេរំពឹង​ថា​នឹង​មាន​អ្នក​​មើល​ប្រមាណ ​២២ ០០០នាក់។ ថ្ងៃអាទិត្យ​ មនុស្ស​ប្រមាណ​១ម៉ឺននាក់​ នឹង​ធ្វើ​ក្បួន​ដង្ហែ នៅកណ្តាល​ក្រុង​ឡុង ទៀត​ផង។​

សូមរំឮកជូន​ថា ព្រះមហាក្សត្រីយ៍ Elizabeth ទី២ បាន​ឡើង​សោយរាជ្យបល្លង្ក​ នៅឆ្នាំ ១៩៥២។ ៧ទសវត្សរ៍​​ នៃ​រាជ្យសម្បត្តិ ក្នុង​សតវត្សរ៍ទី​២០និង​២១ ដែលទ្រង់​ឆ្លង​កាត់​សង្គ្រាម​ក៏​ច្រើន​ វិបត្តិ​សកលលោកក៏ខ្លាំង​។ ​ទ្រង់ក៏​ត្រូវគេ​ចាត់​ទុកថា ជា​ស្តេច​ដែល​គ្រង​រាជ្យ​យូរ​ជាង​គេ​បំផុតក្នុង​ពិភពលោក​ នៅក្នុង​ចំនួន​៣ព្រះ​អង្គ។ ២អង្គផ្សេងទៀត គឺ ​ស្តេច​បារាំង​ ល្វីទី​១៣ និង​ព្រះរាជ​សៀម រាម ទី​៩ (Rama IX)។​

​មួយ​រយៈ​ធំ​ចុងក្រោយ​នេះ​ ព្រះមហាក្សត្រីយ៍ Elizabeth ទី២ ​ទ្រង់​កម្រ​នឹងចេញ​សម្តែង​ព្រះភក្រ​នៅ​ក្នុង​ឱកាស​ផ្សេងៗ។ ពិធី​ផ្លូវការ​មួយ​ចំនួន​ត្រូវ​លុបចោល​និង​លើកពេល ឬក៏​ត្រូវ​ជំនួស​ដោយ​ព្រះរាជទាយាទ​របស់ព្រះអង្គ។ ពីព្រោះថា ទ្រង់មាន​ព្រះរាជ​សុខភាព​ពុំ​សូវ​ល្អប៉ុន្មាន​នោះទេ​ ​ ហើយ​ស្តេច​យាង​ដោយ​ព្រះហត្ថកាន់​ឈើច្រត​ទប់​ជានិច្ច។ បើទោះ​ជាយ៉ាង​នេះក្តី ព្រះមហាក្សត្រីយ៍ Elizabeth ទី២ ក៏ពុំ​បាន​សម្តែង​ព្រះទ័យ​ថា​ ចង់​ដាក់​រាជ្យ​សម្បត្តិ​ ឬ​លាលែង​ពី​រាជបល្លង្ក ក៏ទេដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ