អានតួអត្ថបទ
ស្បៀងអាហារ

អង្គការសហប្រជាជាតិថា ការចរចា​រវាង​អ៊ុយក្រែន រុស្ស៊ី ស្តីពីការនាំចេញស្រូវសាលី មានការរីកចម្រើនទៅមុខ

ខណៈដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះខាត​ស្បៀង ដោយសារ​សង្រ្គាម អ៊ុយក្រែន គ្រប់ក្រសែភ្នែក​ផ្តោត​ទៅលើ​ជំនួបរុស្ស៊ី អ៊ុយក្រែន នៅទីក្រុង​អ៊ីស្តង់ប៊ូល នៅក្រោម​ការជួយ​សម្របសម្រួល​របស់​ប្រទេស​តួកគី និងអង្គការ​សហប្រជាជាតិ។ នៅក្រោយ​ការចរចា រយៈពេល ៣​ម៉ោង កាលពីថ្ងៃពុធ​ទី ១៣​កក្កដា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បានថ្លែងថា ការចរចា​រុស្ស៊ីអ៊ុយក្រែន​ស្តីពី​ការបើកផ្លូវសមុទ្រ​ខ្មៅ​សម្រាប់​ការនាំចេញ​ស្រូវ​សាលី អ៊ុយក្រែន​បាន​រីកចម្រើនទៅមុខ។

កប៉ាល់​របស់​ក្រុមហ៊ុន​រ៉ូមានី​ចាក់បំពេញស្រូវសាលី​អ៊ុយក្រែន ទៅក្នុងកប៉ាល់​សម្រាប់​ការនាំចេញ​តាម​សមុទ្រ​ខ្មៅ
កប៉ាល់​របស់​ក្រុមហ៊ុន​រ៉ូមានី​ចាក់បំពេញស្រូវសាលី​អ៊ុយក្រែន ទៅក្នុងកប៉ាល់​សម្រាប់​ការនាំចេញ​តាម​សមុទ្រ​ខ្មៅ AP - Vadim Ghirda
ផ្សាយពាណិជ្ជកម្ម

ទទួលភារៈ​ពី​អង្គការ​សហប្រជាជាតិ ឲ្យ​សម្របសម្រួល​ការនាំចេញ​ស្រូវសាលី​អ៊ុយក្រែន ដែល​កំពុង​នៅជាប់គាំង​នៅ​កំពង់ផែ​ភាគខាងត្បូងអ៊ុយក្រែន តួកគី​បានធ្វើជាម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ កាលពីថ្ងៃ ពុធ ដែលមាន​ការចូលរួម​ពី​មន្រ្តីយោធា​អ៊ុយក្រែន និង​រុស្ស៊ី។

នេះជាលើកទី២ ដែល​រុស្ស៊ី និង​អ៊ុយក្រែន​បានជួបទល់មុខគ្នា ដើម្បី​និយាយពីការបញ្ចេញ​ស្រូវសាលី​របស់​អ៊ុយក្រែន បន្ទាប់​ពី​ការចរចា​បាន​បរាជ័យម្តង កាលពី​ខែ​មីនា។ នៅក្រោយ​កិច្ចប្រជុំ​បិទបញ្ចប់​នៅទីក្រុង​អ៊ីស្តង់ប៊ូល អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ ហ្គុយទែរក៍ បាននិយាយ​ប្រាប់អ្នកកាសែត​ថា ការចរចា​បានរីកចម្រើន​ទៅមុខ ដើម្បី​ធានា​ការនាំចេញ​ផលិតផល​ស្បៀង របស់អ៊ុយក្រែន ប្រកប​ដោយសុវត្ថិភាព នៅសមុទ្រខ្មៅ។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បន្ថែមថា ក្រុមរបស់​លោក​មានក្តីសង្ឃឹម​ថា នឹង​អាច​ទៅជួយ​សម្រាល​ទុក្ខសោក​របស់​មនុស្ស ហើយ​និងកាត់បន្ថយ​ភាពអត់ឃ្លាន នៅក្នុងពិភពលោក។

កិច្ចព្រមព្រៀង​រវាង​អ៊ុយក្រែន និង​រុស្ស៊ី សំខាន់ និង​បន្ទាន់ ព្រោះថា អ៊ុយក្រែន​ជា​ប្រទេស​ធំសំខាន់​ខាងនាំចេញស្រូវសាលី និង​គ្រាប់ធញ្ញជាតិ។ ចាប់តាំង​ពីកើតមាន​សង្រ្គាមនៅអ៊ុយក្រែន ពិភពលោកប្រឈម​នឹង​ការខ្វះស្បៀង តម្លៃចំណីអាហារ​កាន់តែ​ឡើងថ្លៃ ដែលជាហេតុ​ធ្វើឲ្យគេបារម្ភពីការកើតមាន​គ្រោះអត់ឃា្លន ជាពិសេស​នៅអាហ្រ្វិក។

រដ្ឋមន្រ្តីការបរទេស​អ៊ុយក្រែន​វិញ បាន​អះអាងថា នៅមិនយូរប៉ុន្មានទេ រុស្ស៊ី និង​អ៊ុយក្រែន​នឹង​អាច​រកឃើញ​កិច្ចព្រមព្រៀង​សម្រាប់​ការនាំចេញស្រូវ​សាលី​អ៊ុយក្រែន ដែល​កំពុងជាប់គាំង​នៅ​កំពង់ផែ ដោយសារ​តែ​សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី។

នៅ​២ខែមកនេះ អង្គការ​សហប្រជាជាតិ បានព្យាយាម​និយាយ​បញ្ចុះបញ្ចូល​ដើម្បី​បង្កើត​ឲ្យមានកិច្ចព្រមព្រៀង​មួយ ដែលបើកផ្លូវ​សម្រាប់​ការនាំចេញ​ស្រូវសាលី ជាង ២០លានតោន​របស់​អ៊ុយក្រែន ចេញពី​កំពង់ផែ នៅ​អូដេសា។ កិច្ចព្រមព្រៀង​ស្នើឡើង​ដោយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជំរុញផងដែរ ឲ្យមាន​ការនាំចេញ​ស្រូវសាលី​របស់រុស្ស៊ី ដែល​ត្រូវកកស្ទះ ដោយសារ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់អាមេរិក និងអឺរ៉ុប។

រដ្ឋមន្រ្តី​ការពារ​ជាតិ​តួកគី ដែលជាអ្នកសម្របសម្រួល​ភាគីអ៊ុយក្រែន និង​រុស្ស៊ី បាន​បង្ហាញ​សុទិដ្ឋិនិយម បន្ទាប់ពី​លឺថា ​អ្នកជំនាញយោធា​រុស្ស៊ី និង​អ៊ុយក្រែន​បាន​និយាយ​យល់ស្របគ្នាលើ​ចំនុចមួយចំនួន ដូចជា ការចូលត្រួតពិនិត្យរួមគ្នា​នៅ​កំពង់ផែរ ហើយនិង​មធ្យោបាយ​ដើម្បីធានា​សន្តិសុខ​ផ្លូវដឹកជញ្ជូនស្រូវសាលី នៅសមុទ្រខ្មៅ។ តាម​ប្រមុខការពារជាតិ​តួកគី ភាគី​អ៊ុយក្រែន និងរុស្ស៊ី​នឹងជួបគ្នា​ម្តងទៀត នាពេលខាងមុខ។

នៅមុនជួបចរចាជាមួយអ៊ុយក្រែន និង​មន្រ្តីអង្គការសហប្រជាជាតិ រុស្ស៊ី​ធ្លាប់​បាន​ដាក់លក្ខខណ្ឌថា អ៊ុយក្រែន​មិនត្រឹមជួយ​ដោះមីនក្នុងសមុទ្រខ្មៅ ប៉ុន្តែ រុស្ស៊ី​ត្រូវមាន​សិទ្ធិ​ចូល​ទៅ​ត្រួតពិនិត្យ ឆែកឆេរ​នៅលើកប៉ាល់​ដែល​ចេញចូល​កំពង់ផែ​នៅអូដេសា​របស់​អ៊ុយក្រែន។ ប៉ុន្តែ តាម​មន្រ្តីទូត​បរទេស ដែល​ស្រង់សំដី​ដោយទីភ្នាក់ងារព័ត៌មានបារាំង AFP ការដោះមីន​នៅសមុទ្រ​ខ្មៅ​លែងចាំបាច់ ព្រោះថា គេនៅមាន​ផ្លូវទឹក​ដែលគ្មានគ្រាប់មីន ប៉ុន្តែ ដែលស្ថិតក្រោម​ការយាមល្បាត​របស់​កងទ័ពរុស្ស៊ី។ សម្រាប់​អង្គការសហប្រជាជាតិ ភាគីជម្លោះទាំងពីរ​ត្រូវអនុវត្តបទឈប់បាញ់ សម្រាប់​តំបន់​ដែលមានការដឹកជញ្ជូន​ស្បៀង ចំណែក តួកគី​និង​មន្រ្តីអង្គការ​សហប្រជាជាតិ​ជាអ្នកទទួលបន្ទុក​ឆែកឆេរ​លើ​កប៉ាល់​ដើម្បីធានាដល់​រុស្ស៊ីថា នឹងគ្មាន​ការដឹកជញ្ជូន​អាវុធ​តាមកប៉ាល់​ចូល​កំពង់ផែអ៊ុយក្រែន។

ការចរចា​ដើម្បីអាច​នាំចេញស្រូវសាលី​អ៊ុយក្រេន ជា​ប្រធានបទសំខាន់​នៅក្នុង​ជំនួប​ពិភាក្សា​រវាងប្រធានាធិបតី​រុស្ស៊ី និង​ប្រធានាធិបតី​តួកគី ដែលធ្វើឡើង នៅថ្ងៃទី ១៩ កក្កដា នៅ​ក្រៅក្របខ័ណ្ឌប្រជុំ​ត្រីភាគី រុស្ស៊ីតួកគី អ៊ីរ៉ង់​ស្តីពីប្រទេស​ស៊ីរី។

ភាគីអ៊ុយក្រែន​ធ្លាប់​សង្ឃឹមច្រើនថា នឹង​អាចដំណោះស្រាយ សម្រាប់ការនាំចេញ​ស្រូវសាលី​របស់ខ្លួន ប៉ុន្តែ អ៊ុយក្រែន​នៅតែ​មិនទាន់ទុកចិត្ត​លើ​រុស្ស៊ី ដែល​អ៊ុយក្រែន​បាន​ចោទប្រកាន់​ថា បាន​លួច​នាំចេញ​ស្រូវសាលី ចេញពីទឹកដីអ៊ុយក្រែន ដែល​រុស្ស៊ី​បាន​ចូលឈ្លានពានកាន់កាប់។ ម្យ៉ាងសម្រាប់​អ៊ុយក្រែន រុស្ស៊ីនឹងមិនងាយ​សម្រួល​បើកផ្លុវ​ឲ្យ​អ៊ុយក្រែន​នាំចេញ​ស្រូវសាលីនោះទេ ព្រោះថា រុស្ស៊ី​ច្រណែន និង​ចង់​ឲ្យ​អ៊ុយក្រែន​បាត់បង់​ប្រាក់ចំណូល ធ្លាក់ខ្លួនក្រីក្រដោយសារ​សង្រ្គាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ