អានតួអត្ថបទ
អូតង់

អូតង់​ចុះ​ហត្ថលេខា​លើ​ពិធីសារ​បញ្ចូល​ស៊ុយអែត​និង​ហ្វាំងឡង់​ជា​សមាជិក

ក្រុម​ប្រទេស​ជា​សមាជិក​សម្ព័ន្ធ​អាត្លង់ទិក​ (អូតង់) បាន​ចុះ​ហត្ថលេខា​នៅថ្ងៃ​អង្គារ​ទី ៥​កក្កដា​ លើ​ពិធី​សារ​បញ្ចូលសមាជិកថ្មី ​​ហ្វាំងឡង់​និង​ស៊ុយអែត។ នៅពេល​ប្រទេស​ទាំង​៣០​ផ្តល់​សច្ចាប័ន​ទាំង​អស់​គ្នា​ហើយ អូតង់​អាច​នឹង​រៀប​ចំ​ដែនការពារ​រួម​ត​ជាប់​រហូត​ពី​សមុទ្ទ​មេឌីទែរ៉ាណេ ដល់​សមុទ្ទ​អាកទិក ដើម្បីប្រឈម​នឹងការ​គំរាមកំហែង​របស់​រុស្ស៊ី តែ​អ្វីៗ​ក៏​អាស្រ័យ​ផងដែរ​លើ​តួកគី។

អូតង់​ចុះ​ហត្ថលេខា​លើ​ពិធីសារ​បញ្ចូល​ស៊ុយអែត​និង​ហ្វាំងឡង់​ជា​សមាជិក​
អូតង់​ចុះ​ហត្ថលេខា​លើ​ពិធីសារ​បញ្ចូល​ស៊ុយអែត​និង​ហ្វាំងឡង់​ជា​សមាជិក​ AFP - KENZO TRIBOUILLARD
ផ្សាយពាណិជ្ជកម្ម

“​ជាថ្ងៃ​ប្រវត្តិសាស្ត្រ​ ! ពេលនេះ​អូតង់​បាន​រីក​ធំធាត់​ខ្លាំង​បំផុត​ ដោយ​មាន​សមាជិកឡើង​ដល់​​៣២​ប្រទេស”។ នេះ​ជា​ប្រសាសន៍​របស់​លោកអគ្គលេខា​អង្គការ​អូតង់​ ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ពិធីសារ​បញ្ជូល​សមាជិក​ថ្មី ហ្វាំងឡង់ និង​ស៊ុយអែត ដោយ​ឆ្លៀត​ជំរុញ​ឱ្យ​សមាជិក​ទាំង​អស់ រួសរាន់​ ផ្តល់​សច្ចាប័នដល់​ពិធីសារ​បញ្ចូល​សមាជិក​ ឱ្យ​បាន​ឆាប់ៗ​បំផុត។

ចាប់​ពី​ថ្ងៃ​នេះ​តទៅ ហ្វាំងឡង់និង​ស៊ុយអែត អាច​ចូល​រួម​ប្រជុំ​ និង​អាច​ទទួល​បាន​ព័ត៌មាន​សម្ងាត់​ ប៉ុន្តែ​ដរាបណាសមាជិក​អូតង់​ទាំង​អស់​មិន​ផ្តល់​សច្ចាប័នគ្រប់គ្នា​ទេ ​ប្រទេស​ទាំងពីរ​នៅមិន​ទាន់​អាច​ទទួលបាន​នូវការ​ការ​ពារ​ពី​អូតង់ ដូច​មាន​ចែង​ក្នុង​ច្បាប់​អូតង់​ថា បើ​ការ​វាយប្រហារ​លើ​ប្រទេស​ជា​សមាជិក​ណាមួយ​មាន​ន័យ​ស្មើ​នឹង​ការ​វាយប្រហារ​លើ​អូតង់​ទាំងមូល​ ឡើយ។ អេស្តូនី ប្រកាសរៀប​ចំ​​ផ្តល់​សច្ចាប័ន លើ​ពិធីសារ​បញ្ចូល​សមាជិក​ថ្មី​​នៅថ្ងៃ​ពុធ​ ប៉ុន្តែ​ទោះសម្ព័ន្ធ​មិត្ត​​ភាគច្រើន​មិនអែរអង់ក៏ដោយ ក៏​ដំណើរការ​ផ្តល់​សច្ចាប័ន​អាច​ប្រើ​ពេល​រហូត​ដល់​មួយ​ឆ្នាំដែរ និង​​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​តួកគី។

លោក​ប្រធានាធិបតី​តួកគី អ៊ែរដូហ្កាន បាន​ផ្តល់​ការ​ព្រមព្រៀង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន ឱ្យ​អូតង់​ផ្តើម​សំណុំ​បែប​បទ​បញ្ចូល​ហ្វាំងឡង់​និង​ស៊ុយអែត​ជា​សមាជិក​ហើយ ប៉ុន្តែ​បាន​ព្រមាន​ប្រទេស​ទាំងពីរ​ឱ្យ​គោរព​អនុស្សារណៈរួម បើ​ពុំ​នោះ​ទេ​តួកគី​នឹង​មិន​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​បញ្ចូល​សមាជិក​ថ្មី​ទេ។ លោក អ៊ែរដូហ្កាន​បាន​ព្រលយ​ថា​ នៅក្នុង​កិច្ចសន្យា ស៊ុយអែត​ត្រូវ​ធ្វើ​បត្យាប័ន​មេភេរវជន​គួឌីស្ថាន​៧៣​នាក់​ដែល​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​តួកគី​កាលពី​ឆ្នាំ​២០១៦។ ប៉ុន្តែ​រដ្ឋមន្ត្រី​ការ​បរទេស ស៊ុយអែត បាន​​​ច្រាន​ចោល​នៅថ្ងៃអង្គារ៍​ទី ៥​កក្កដានេះ​ថា​មិន​បាន​និយាយ​ពី​ចំនួន ឬ​​បញ្ជី​ឈ្មោះ​ជន​ត្រូវ​ធ្វើ​បត្យាប័នទេ។ ​រដ្ឋាភិបាល​​​ហ្វាំងឡង់​​និងស៊ុយអែត គោរព​សេចក្តី​សម្រេច​របស់​តុលាការក្នុងការ​ធ្វើ​បត្យាប័ន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ