អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ.ស.ប. ៖ ការ​រំលោភ​សិទ្ធិមនុស្ស​ នៅស៊ីនជាំង អាច​ជា​​​​ឧក្រិដ្ឋកម្មប្រឆាំង​មនុស្សជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​រង់ចាំ​អស់​ជា​ច្រើន​ខែ និងការ​បំពេញ​​ទស្សនកិច្ច​ដ៏​ចម្រូង​ចម្រាស​មក ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ លោកស្រី មីស្ហែល បាសឺឡេ Michelle Bachelet បាន​ចេញ​ផ្សាយ​របាយការណ៍​ស្តីពីការ​រំលោភ​សិទ្ធិមនុស្សលើជនជាតិ​ភាគតិច​ ​​នៅ​ស៊ីនជាំង​​។ ការ​រំលោភ​សិទ្ធិមនុស្ស​ ដ៏​ហួសហេតុ ដែល​អាច​ចាត់ទុក​បាន​ជា​ អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។ ​របាយការណ៍​បាន​លើក​ឡើង​អំពី​ទង្វើ​ហិង្សា​ ការធ្វើ​ទារុណកម្ម ការ​រំលោភ​ផ្លូវភេទ​ លើ​ជនជាតិ​អ៊ុយហ្គួរ​ និង​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​បញ្ចេញ​សកម្មភាព​ ជា​បន្ទាន់​ ព្រោះអង្គការ​មាន​ភស្តុតាង​គួរ​ឱ្យ​ទុកចិត្ត​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​ចិន​​ពី​បទ​រំលោភ​សិទ្ធិមនុស្ស​នៅស៊ីនជាំង​ហើយ។

ក្រុង​Urumqi របស់​តំបន់​ស៊ីនជាំង និង​ប្រជាពលរដ្ឋ​
ក្រុង​Urumqi របស់​តំបន់​ស៊ីនជាំង និង​ប្រជាពលរដ្ឋ​ © jun jin luo/Wikimedia Commons
ផ្សាយពាណិជ្ជកម្ម

« អាចចាត់​ទុក​ថា​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ » នេះ​ជា​ពាក្យ​ដែលមាន​​សរសេរ​នៅក្នុង​របាយការណ៍​អង្គកា​រសហប្រជាជាតិ ចេញផ្សាយ​ជា​សាធារណៈ​នៅ​វេលា​ម៉ោង ២៣​និង​៤៧​នាទី​ ថ្ងៃទី ៣១​សីហា ពោល​គឺ​តែ​១៣​នាទី​ មុន​លោកស្រី​ មីស្ហែល បាសឺឡេ បញ្ចប់​អាណត្តិ​ជា​ឧត្តមស្នង​សិទ្ធិមនុស្ស​អង្គការ​ប្រជាជាតិ។ របាយការណ៍​បាន​សន្និដ្ឋាន​ថា យោ​ល​ទៅ​តាម​សន្ធឹក​​នៃទង្វើ​​​ឃុំ​ឃាំង​មនុស្ស​ដោយ​គ្មាន​ឆ្លង​កាត់​តុលាការ​ និង​ការ​រើស​អើង​លើ​ជនជាតិ ​អ៊ុយហ្គួរ ព្រមទាំង​ជនជាតិភាគតិចកាន់​សាសនា​អ៊ីស្លាម​​ផ្សេង​ទៀត ... ដោយ​ហាមឃាត់​ បំបិទ​សេរីភាព​ ជាមូលដ្ឋាន​គ្រឹះ​របស់​មនុស្ស​ដ៏​ច្រើន ឬជា​សមូហភាព​​ ​អាចហៅ​​បាន​ថា​ ​ជាបទ​​ឧក្រិដ្ឋ​​អន្តរជាតិ​ ពោល​គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។

សាក្សី​គួរ​ជា​ទី​ទុកចិត្ត

មិនមែន​ជា​ការ​គាស់ទម្លាយ​ ​ឱ្យ​ឃើញហេតុ​​ថ្មី​ទេ ប៉ុន្តែ​របាយការណ៍​នេះជា​ការ​ប្រថាប់​ត្រា​បញ្ជាក់ អំពី​​ការ​ចោទ​ប្រកាន់តាំងពីយូរមក​​ ​ថា​អាជ្ញាធរ​ចិន​បាន​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ស៊ីនជាំង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ប៉េកាំង​ព្យាយាម​រារាំង​មិន​ឱ្យ​ចេញ​របាយការណ៍​នេះ​។

ដើម្បី​អាច​សរុប​សេចក្តី​សន្និដ្ឋាន​នេះ​បាន អ.ស.ប.​ដែល​បាន​ទទួល​ដំណឹង​ស្តីពីការ​បាត់​ខ្លួន​ក្រុម​មនុស្ស​នៅ​ស៊ីនជាំង​កាលពី​ចុង​ឆ្នាំ ២០១៧ ហើយ​បាន​ផ្តើម​ធ្វើសិក្សា​ស្រាវជ្រាវ​ភ្លាម​នៅ​ឆ្នាំ ២០១៨ ដោយ​ មាន​សំណេរ-​សេចក្តី​ថ្លែងការណ៍​របស់​អាជ្ញាធរ​ចិនផ្ទាល់​​ជា​បង្អែក​ផង និងមាន​ការ​ងារ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ រូបភាព​ផ្កាយរណប ព័ត៌មាន​ផ្សេងតាម​បណ្តាញ​សេរី ព្រមទាំង​សំដី​របស់​សាក្សី​ ឬ​ជន​រងគ្រោះ​ចំនួន ៤០​​នាក់ ក្នុងនោះ​២៦នាក់ជា​អតីត​អ្នក​​ជា​ប់ឃុំឃាំង​ក្នុងមណ្ឌល​កែប្រែ ឬ​ “​អប់រំ​វិជ្ជាជីវៈ” (ពាក្យផ្លូវការ​របស់​អាជ្ញាធរ​ចិន)។

នៅក្នុង​បទ​សម្ភាសន៍ អតីតអ្នក​​​ធ្លាប់​ជាប់​ឃុំឃាំង​ ពីរភាគបី បាន​រៀបរាប់​ថា​ធ្លាប់​រងការ​ធ្វើ​បាបបង្ខំ​ឱ្យ​លេប​ថ្នាំ រង​​ទារុណកម្ម​ និងការ​រំលោភ​ផ្លូវ​ភេទ​ផង​សម្រាប់​ស្ត្រី រយៈ​ពេល​ជា​ច្រើន​ខែដោយ​មិន​អាច​ទាក់ទង​មក​គ្រួសារ​បាន​ទៀត។ កំហុស ? គ្មាន​អ្វី​ក្រៅ​ពី​ពួកគេ​មាន​កំណើត​ជា​ជនជាតិ​ភាគតិច​ឡើយ។ របាយការណ៍​បាន​លើ​ក​ឡើង​ទៀត អំពី​ការ​បង្ខំ​ឱ្យ​បង្ក​កំណើត​កូន​ និង​ការប្រើ​កម្មវិធី​​តាមដានមនុស្ស​ទ្រង់ទ្រាយ​ធំ​។ បើតាម​អ្នក​ស្រាវជ្រាវ មាន​ប្រជាពលរដ្ឋពេញ​វ័យ​​នៅស៊ីនជាំង​ប្រមាណ​ពី ១០​ទៅ​២០%  ធ្លាប់​បាន​ជាប់​ និង​បញ្ជូន​ទៅមណ្ឌល​អប់រំកែប្រែ នៅ​​ពេល​ណា​មួយ​ ប៉ុន្តែ​អង្គការ​សហប្រជាជាតិ​គ្មានលទ្ធភាព​ផ្ទៀង​ផ្ទាត់​ចំនួន​ទេ។

ជាមួយ​នឹង​ការ​អំពាវនាវ​ឱ្យ​ សហហគមន៍​អន្តរជាតិ បញ្ចេញ​សកម្មភាព​ ជា​បន្ទាន់ ព្រោះ​ពេល​នេះ​​អង្គការ​សហប្រជាជាតិ មានសាក្សី ភស្តុតាង​ដែល​គួរ​ឱ្យ​ជឿជាក់ សម្រាប់​ធ្វើ​ការ​ចោទ​ប្រកាន់​ចិន​ពី​បទ​រំលោភសិទ្ធិមនុស្ស។

​ស៊ីនជាំង​តំបន់​យុទ្ធ​សាស្ត្រ​​សម្រាប់​ចិន 

ធំ​ជាង​ប្រទេស​បារាំងបីដង ធំជាង​ប្រទេស​យើង​ប្រមាណ​៩ពាន់​ដង ស៊ីនជាំង ជា​តំបន់​ភ្នំ ពាក់កណ្តាល​វាលរហោស្ថាន ដែល​ស្ថិត​នៅភាគ​ពាយ័ព្យ​នៃ​ប្រទេស​ចិន និង​មានព្រំដែន​ជាប់​ជាមួយ​៨​ប្រទេស នៅ​តំបន់​អាស៊ីកណ្តាល ព្រមទាំង​រុស្ស៊ី និង​ប៉ាគីស្ថាន​ទៀត។  ទីតាំង​ភូមិសាស្ត្រ​របស់​ស៊ីនជាំង មាន​លក្ខណៈយុទ្ធសាស្ត្រណាស់ ព្រោះ​ធ្លាប់ជា​ទីប្រសប់​នៃ​វប្បធម៌​និង​ឥទ្ធិពល នៃ​​ផ្លូវ​សូត្រ​ចាស់ និង​ក្នុង​គម្រោង​ផ្លូវ​សូត្រ​ថ្មី​​របស់​លោក​ស៊ីជីនពីងទៀត។ បើ​តាម​ពាក្យ​របស់​រដ្ឋាភិបាល​ចិន ​​ស៊ីនជាំង​ជា​ក្បាលស្ពាន​​​ចម្លង​ចិន​ឆ្ពោះទៅ​ទិស​ខាង​លិច។

ក្រៅ​អំពី​មាន​ទេសភាព​ធម្មជាតិ​ល្អប្រណិត​ មាន​ជ្រលង​ភ្នំជ្រៅៗ​ វាល​ស្មៅ បឹង និង​ភ្នំទឹកកក គួរ​ជា​ទី​​ទាក់ទាញទេសចរ​យ៉ាង​ខ្លាំងនោះ ស៊ីនជាំង​មាន​ធនធាន​ធម្មជាតិ​ក្រោម​ដីច្រើន​និង​​សម្បូរ​បែប​ណាស់ ដូច​ជាត្បូង​ធម្មជាតិ​មាន​តម្លៃ រ៉ែធ្យូងថ្ម និង​​ប្រេងកាត។ ស៊ីនជាំង​ជា​ជង្រុក​​ប្រេង​កាត​ដ៏​ធំ​ជាង​គេ​បំផុត​របស់​ចិន។

៥០%​នៃ​ផលិតកម្ម​ Polysililium ​ពិភពលោក ធ្វើ​នៅ​ស៊ីនជាំងនេះ​ឯង។ Polysililium ជា​សារធាតុ​​ដ៏​ចាំបាច់​សម្រាប់​ធ្វើ​ផ្ទាំង​សូឡា។

លើ​ផ្នែក​កសិកម្ម​វិញ ស៊ីនជាំង​ជា​ជង្រុក​ស្រូវ ស្រូវសាលី និងពោត ព្រមទាំង​កប្បាស។ មួយភាគ​៥​នៃ​កប្បាស​ពិភពលោក ជា​កប្បាស​ស៊ីនជាំង។ មួយភាគបួ​ន​នៃ​ផ្លែប៉េងប៉ោះ​នៅលើ​ពិភពលោក ដាំ​នៅ​ស៊ីនជាំង។ ដូច្នេះ​ស៊ីនជាំង​ជា​តំបន់​សេដ្ឋកិច្ចជា​​អាទិភាព និង​ប្រកប​ដោយ​សក្តានុពល​​របស់​ចិន ដែល​អភិវឌ្ឍ ដោយ​សារ​ការ​​ចាប់​ពលរដ្ឋ​ គឺ​ជនជាតិ​អ៊ុយហ្គួរ​ឱ្យ​ធ្វើ​ការ​ដោយ​បង្ខំ។

​ភេរវនិយម​និង​អ៊ីស្លាមជ្រុលនិយម​

ស៊ីនជាំង​មាន​ប្រជាពលរដ្ឋ​ សរុប ប្រមាណ​២៦​លាន​នាក់ ខ្លះ​មាន​ដើម​កំណើត​ជា​ជនជាតិ កាហ្សាក់ស្ថាន ខ្លះ​ជាជនជាតិ​ហាន និង​អ៊ុយហ្គួរ ដែល​ជា​​ជនជាតិដើម​​ភាគ​តិច ដ៏​ចម្បង​គេ​​។ មាន​គ្នា​សរុប​ប្រមាណ​១២​លាន​នាក់ ពោល​គឺ​ ​៤៥%​នៃ​ប្រជាជន​សរុប​នៅស៊ីនជាំង ជនជាតិ​អ៊ុយហ្គួរ​​ច្រើនរស់​​នៅ​ភាគ​ខាង​ត្បូង​ស៊ីនជាំង ភាគ​ច្រើន​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុននីត និយាយភាសា​ស្រដៀង​នឹង​ភាសា​តួកគី ហើយ​មាន​វប្បធម៌ របៀប​របប​រស់​នៅ​ប្រហាក់ប្រហែល​នឹង​ជនជាតិនៅ​​អាស៊ីកណ្តាល។

ជាពលរដ្ឋ​ភាគច្រើន នៅ​មុន​ឆ្នាំ​១៩៤៩ (មុន​ការ​ឡើងកាន់​អំណាច​របស់​បក្ស​កុម្មុយនិស្ត​ចិន​) ជនជាតិ​អ៊ុយហ្គួរ​ មាន​អារម្មណ៍​ថា​ជនជាតិ​ហាន (ពលរដ្ឋ​ភាគច្រើន​នៅ​ចិន) បាន​ទទួល និង​ដណ្តើម ​ផល​ប្រយោជន៍​ពីការ​អភិវឌ្ឍន៍​តំបន់​ និង​បាន​ចោទ​ប្រកាន់​អំណាច​កណ្តាលចិន​ ថា​បានរារាំង ឬ​ហាមឃាត់ មិន​ឱ្យ​ពួកគេ​ប្រកាន់​ទំនៀមទម្លាប់ប្រពៃណី សាសនា​និង​ភាសា​របស់​ខ្លួន។

បន្ទាប់​មក ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​ ស៊ីនជាំង ព្រមទាំង​តំបន់​ផ្សេង​ទៀត បាន​រង​ភេរវកម្ម​ ដែល​បើ​តាម​អាជ្ញាធរ​ប៉េកាំង ជា​ស្នាដៃ​របស់​ពួក​អ៊ីស្លាមជ្រុលនិយម ឬ​ក្រុម​ផ្តាច់​ទឹក​ដី​និយម​អ៊ុយហ្គួរ។ ភេរវកម្ម​បំផ្ទុះ​រថយន្ត​​នៅ​ទីលាន​ធានអាន់មៀន កាលពី​ឆ្នាំ​២០១៣​ ក៏​ជាប់​ចោទថា​​ជា​ទង្វើ​របស់​អ៊ុយហ្គួរ​ដែរ។ ​តាំងពីនោះ​មក ស៊ីនជាំង​ស្ថិត​ក្រោម​​ការ​ឃ្លាំមើល​ជាពិសេស។ ​ប៉េកាំង​បាន​ចាប់​ផ្តើម​រឹត​បន្តឹង​វិធានការ​សន្តិសុខ ដាក់​កាមេរ៉ា ទ្វារ​សុវត្ថិភាពតាមអាគារធំៗ បញ្ជូន​កម្លាំង​យោធា​ល្បាត​តាម​ផ្លូវ​ក្នុង​ក្រុង​ កំរិត​ការ​ផ្តល់​លិខិត​ឆ្លង​ដែន​ ។ល។ និង​។ល។ ក្រោម​ផ្លាក នៃ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម និង​ដើម្បី​បំបាត់​ភាព​ជ្រុលនិយម​ក្នុង​សាសនា អាជ្ញាធរ​បាន​ជំរុញ​​ ​បែប​ហាមឃាត់ មិន​ឱ្យជន​អ៊ុយហ្គួរ​​​ប្រកាន់​ទម្លាប់​របស់​សាសនាអ៊ីស្លាម​មួយ​ចំនួន ដូច​ជា​ទុក​ពុកចង្កា​វែងៗ ឬ​រុំ​ស្បៃ​អ៊ីស្លាមទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ