អានតួអត្ថបទ
ចិន-ស្នងការសិទ្ធិមនុស្ស

ចិន​ព្រមទទួល​ទស្សនកិច្ច​របស់​​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ស៊ីនជាំង

បន្ទាប់​ពី​រង់​ចាំ​អស់​ជា​ច្រើនឆ្នាំ​ នៅទីបំផុត ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ លោកស្រី មីឆែល បាស្ហឺឡេ Michelle Bachelet នឹង​អញ្ជើញ​ទៅ​បំពេញទស្សនកិច្ចនៅ​ប្រទេស​ចិន នៅ​ខែ​ឧសភា​ខាង​មុខ។ រដ្ឋាភិបាលចិន​ទើប​ឆ្លើយ​ព្រមព្រៀង​ កាលពីពេលថ្មីៗនេះ​។ នេះ បើ​តាមការ​អះអាង​របស់​លោក​ស្រី​ឧត្តមស្នង​ការ ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ។

លោកស្រី​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ មីឆែល បាស្ហឺឡេ
លោកស្រី​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ មីឆែល បាស្ហឺឡេ REUTERS - DENIS BALIBOUSE
ផ្សាយពាណិជ្ជកម្ម

លោកស្រី​ឧត្តមស្នងការ​សិទ្ធិមនុស្ស​បានសុំ​​ធ្វើ​ដំណើរ​ទៅ​តំបន់​ស៊ីនជាំង ដោយ​​​​​ត្រឹមត្រូវ និង​ដោយ​គ្មានការ​រារាំង តាំងពី​ជាច្រើន​ឆ្នាំមក​ហើយ។ តែ​​ប៉េកាំង​តែងតែ​បដិសេធ​ជា​រៀង​រហូត​មក រាល់គំនិត​ចង់​ចុះ​ទៅ​​អង្កេត​នៅ​ស៊ីនជាំង ​​​និង​យល់​ថា​រាល់គ្រប់​ទស្សនកិច្ចនៅ​តំបន់​នេះ​ត្រូវ​មាន​លក្ខណៈ​ជា​មិត្តភាព។ ​ប៉េកាំងទើប​ព្រមទទួលលោកស្រី​ ​នា​ពេល​ថ្មីៗ​នេះ បន្ទាប់​ពី​ភាគី​ទាំង​ពីរ​​រក​ឃើញ​កិច្ចព្រមព្រៀងអំពី​​​លក្ខខណ្ឌនៃ​វិធីសាស្ត្រ​​​អង្កេត​ និង​អំពី​លក្ខខណ្ឌ​នៃ​ជំនួប​ជាមួយ​សង្គមស៊ីវិល។​

​ដូច្នេះ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់លោកស្រី​ឧត្តមស្នង​ការ​​នៅ​ប្រទេសចិន នឹងអាច​​ប្រព្រឹត្ត​នៅ​ខែឧសភា។ ប៉ុន្តែ​នៅ​ខែ​មេសា​ក្រោយ​នេះ សហការី​របស់​លោកស្រី និង​រដ្ឋាភិបាល​ ផ្តើម​រៀបចំ​ និង​​ទៅ​ត្រួសត្រាយ​មុន នៅ​ក្នុង​តំបន់​ជា​ច្រើន​របស់​ប្រទេស​ រាប់​​ទាំង​តំបន់​ស៊ីនជាំងដែល​ជាប់​ចោទ​​ថា​ជា​កន្លែង​មានប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​ជនជាតិ​ភាគ​តិច​កាន់​សាសនា​អ៊ីស្លាម​អ៊ុយហ្គួរ។

សេចក្តី​ប្រកាស​ចេញ​ទៅ​បំពេញ​ទស្សនកិច្ចនៅ​ស៊ីនជាំងបាន​ទទួលការ​អបអរ​ស្វាគមន៍​យ៉ាង​ខ្លាំង ហើយ​ភ្លាមមួយ​រំពេច ​អង្គការ​ក្រៅរដ្ឋាភិបាល​ និង​អង្គការ​ការពារសិទ្ធិមនុស្ស​ជិត​២០០​អង្គការ បានចេញ​លិខិត​ចំហ​មួយ ទាមទារ​ឱ្យ​លោកស្រី​ផ្សព្វផ្សាយ​ ដោយ​គ្មាន​បង្អង់ របាយការណ៍​សិទ្ធិមនុស្ស​នៅ​ស៊ីនជាំង ដែល​សន្យាផ្សាយ​តាំង​ពី​យូរ​មកហើយ។

ក្រុម​អង្គការ​​ហត្ថលេខីនៃ​លិខិត​ចំហ ដែល​មាន​ជាអាទិ៍​អង្គការ Human Rights Watch ​និង Amnesty International យល់​ថា​ការផ្សព្វផ្សាយ​របាយការណ៍​សិទ្ធិមនុស្ស​នៅស៊ីនជាំង ជា​ការចាំ​បាច់​ណាស់ សម្រាប់​ផ្តល់សារ​ដល់​ជនរងគ្រោះ និង​ដល់​ប្រទេស​អ្នកប្រព្រឹត្ត​ល្មើស ថា​គ្មាននរណា​នៅលើ​ច្បាប់អន្តរជាតិ​ទេ ទោះ​ជាមហា​អំណាច​ក៏​ដោយ។ តាមគម្រោង​ របាយការណ៍​ត្រូវ​ចេញនៅ​ដើមឆ្នាំ​ តែ​បែរ​ជាអាក់ខាន​រហូត​មកទល់​នឹងពេល​នេះ។

បើ​តាម​អង្គការ​ការ​ពារសិទ្ធិមនុស្ស មាន​ជនជាតិ​អ៊ុយហ្គួរ និង​ជនជាតិភាគតួកគី​ យ៉ាងហោចណាស់​១លាននាក់​ ភាគ​ច្រើនកាន់​សាសនា​អ៊ីស្លាម បាន ឬ កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ជម្រំ​លត់​ដំ​នៅស៊ីនជាំង​ ក្រោមការ​ត្រួត​ពិនិត្យ​យ៉ាង​តឹង​តែង​ពី​អាជ្ញាធរ។ ប៉ុន្តែ​ប៉េកាំង​តែងច្រាន​ចោលរាល់​គ្រប់​ពាក្យ​ចោទប្រកាន់ទាំងអស់ ដោយ​អះអាងថា ជំរំនោះ​ជា​មជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ​ សង្គ្រោះ​យុវវជន​ពីឱ្យ​ចេញ​ឆ្ងាយ​ពី​មនោគមវិជ្ជា​​ភេរវនិយម និង​ផ្តាច់​ទឹកដីនិយម ​ ក្រោយ​មាន​ភេរវកម្ម​អ៊ីស្លាមជ្រុលនិយម​ជា​ច្រើន​ពី​សំណាក់​ក្រុមផ្តាច់​ទឹកដីនិយម​អ៊ុយហ្គួរ។

ប្រឈមនឹង​ក្តី​ព្រួយ​បារម្ភ​​ចំពោះការបង្ក្រាប​​បុគ្គលដែល​ហ៊ានបញ្ចេញ​មតិស្តីពី​សិទ្ធិមនុស្ស ឬ​រិះគន់​អាជ្ញាធរ លោកស្រី​ បាស្ហឺឡេ បានអះអាង​នៅ​ថ្ងៃអង្គារ​នេះ​ដែរ​ថា លោកស្រី​បាន​លើក​យក​មក​និយាយ​ជាមួយ​រដ្ឋាភិបាល​ចិន និង​បានលើក​ទឹក​ចិត្ត​ឱ្យ​អាជ្ញាធរ​ប៉េកាំង​ធានាគោរព​​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​យោបល់ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ