អានតួអត្ថបទ
ចិន-ការងារដោយ​បង្ខំ

ចិន​ផ្តល់សច្ចាប័នលើអនុសញ្ញាប្រឆាំងនឹងការធ្វើការដោយបង្ខំ

ជាប់​ចោទ​ជា​ប្រទេស​ប្រើ​ពលរដ្ឋ​ ជា​ជនជាតិ​ភាគតិច​​កាន់​សាសនា​អ៊ីស្លាម ឱ្យ​ធ្វើ​ការ​​ដោយ​បង្ខំ​ ចិន​បានចុះ​ហត្ថលេខា​ផ្តល់​សច្ចាប័នលើ​អនុសញ្ញា​ប្រឆាំង​នឹង​ការ​ធ្វើការ​ដោយ​បង្ខំនៅ​ថ្ងៃ​ពុធ​ទី ២០ មេសា ២០២២​នេះ។ ការ​​ផ្តល់​សច្ចាប័នលើ​អនុសញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ប្រឆាំងនឹង​ការធ្វើការ​ដោយ​បង្ខំ ​ជា​លក្ខខណ្ឌ​មួយ​របស់​សហភាព​អឺរ៉ុប មុន​នឹង​ឈាន​ដល់​ការ​ផ្តល់​សច្ចាប័ន​ដល់​​កិច្ចព្រមព្រៀង​វិនិយោគទ្វេភាគី​ចិន-អឺរ៉ុប ដែល​រក​ឃើញ កាលពីឆ្នាំ​២០២០។

ចិន​ផ្តល់សច្ចាប័នលើអនុសញ្ញាប្រឆាំងនឹងការធ្វើការដោយបង្ខំ
ចិន​ផ្តល់សច្ចាប័នលើអនុសញ្ញាប្រឆាំងនឹងការធ្វើការដោយបង្ខំ Getty Images/Studio Box
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បើក​ប្រជុំអស់​រយៈ​ពេល​បី​ថ្ងៃ គណៈកម្មការអចិន្ត្រៃយ៍​របស់​សភាប្រជាជន​ចិន បានប្រកាស​​ផ្តល់​សច្ចាប័ន​​លើ​អនុសញ្ញា​ឆ្នាំ​១៩៣០​ របស់​អង្គការ​ពលកម្ម​អន្តរជាតិ ​ស្តីពី​ការ​ប្រឆាំង​នឹង​ការ​ធ្វើការ​ដោយ​បង្ខំ និង​បាន​ផ្តល់​សច្ចាប័ន​លើអនុសញ្ញាលុបបំបាត់​ការបង្ខំ​​មនុស្ស​ឱ្យ​ធ្វើ​ការ​​ ​ឆ្នាំ​១៩៥៧។

ការ​ផ្តល់សច្ចាប័ន​នេះ​បានប្រព្រឹត្តទៅ​ក្នុង​ខណៈ​ដែល​គណៈកម្មការ​ជំនាញ​អង្គការ​ពលកម្មអន្តរជាតិ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ជ្រាលជ្រៅ​ កាលពី​ខែ​កុម្ភៈ ២០២២ កន្លង​ទៅ​នេះ ចំពោះ​ជោគវាសនា​របស់​​ជនជាតិ​ភាគតិច​ នៅ​ប្រទេស​​ចិនជាពិសេស​នៅ​តំបន់​ស៊ីនជាំង។ បើ​តាមអង្គការ មានជន​អ៊ុយហ្គួរ និងជាតិ​ពិន្ធុ កាន់​​សាសនា​អ៊ីស្លាមផ្សេងទៀត ​ យ៉ាង​ហោច​ណាស់​មួយ​លាននាក់​កំពុង​ឬ​ធ្លាប់​បាន​ជាប់​ឃុំឃាំង​ក្នុង​ជំរំលត់​ដំ​នៅភាគ​ពាយ័ព្យ​ប្រទេស។ អ្នកជំនាញ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ បានជំរុញ​ឱ្យ​ប៉េកាំង តម្រែ​តម្រង់​ទិស​ដៅ ​របស់​មជ្ឈមណ្ឌលដែល​បើ​តាម​ប៉េកាំង​ជា​ កន្លែង​បំពាក់បំប៉នវិជ្ជាជីវៈនិង​​​​អប់​រំ តែ​បច្ចុប្បន្ន​មាន​ទម្រង់​ជា​មន្ទី​រ​អប់រំ​នយោបាយ​ សម្រាប់​ឃុំឃាំងមនុស្ស។

សំណុំ​រឿងជំរំ​លត់​ដំនេះ​បាន​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​ ជាពិសេស​អាមេរិក​ ចោទ​ចិន​ពី​បទ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​លើជនជាតិ​អ៊ុយហ្គួរ និង​បាន​ចេញច្បាប់​ តាំង​ពី​ធ្នូ​ឆ្នាំ​២០២១​មកហាមឃាត់​ការ​នាំចូល​​ផលិតផល​ដែលជន​​អ៊ុយហ្គួរ​ធ្វើ​ដោយ​បង្ខំ។ សម្រាប់​សហភាពអឺរ៉ុប ​ការ​​ផ្តល់​សច្ចាប័ន​​លើ​អនុសញ្ញា​​ប្រឆាំង​នឹងការធ្វើការ​ដោយ​បង្ខំ បាន​ក្លាយ​ជា​​​លក្ខខណ្ឌ​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ជា​ច្រើននៃ​​កិច្ចព្រមព្រៀងវិនិយោគ​ចិន-សហភាពអឺរ៉ុប ឆ្នាំ​២០២០។​ នៅក្នុង​កិច្ចព្រមព្រៀង ​ដែល​មានអត្ថន័យការពារ​អ្នក​​វិនិយោគអឺរ៉ុប​នៅ​ចិន ប៉េកាំង​​បានសន្យា​ផ្តល់​សច្ចាប័ន​លើ​​គ្រប់​អនុសញ្ញា​របស់​អង្គការពលកម្មអន្តរជាតិ រាប់​ទាំង​ការ​ហាមឃាត់​ ការ​បង្ខំ​ឱ្យ​ធ្វើការ​ផង។ ប៉ុន្តែ​បន្ទាប់​ពី​អឺរ៉ុប​និង​អាមេរិក​ព្រមទាំង​កាណាដា បាន​​នាំ​គ្នា​ដាក់​ទណ្ឌកម្ម​លើ​ឥស្សរជនចិន​បួនរូប និង​ក្រុមហ៊ុន​ចិន​មួយ កាលពី​ខែ​មីនា​២០២១​មក​ កិច្ចព្រមព្រៀង​វិនិយោគចិន-អឺរ៉ុប​មិន​អាច​ចូល​ជា​ធរមាន​បាន ដោយចិន​យឺតយ៉ាវ​មិន​ផ្តល់​ ​សច្ចាប័ន​​លើ​អនុសញ្ញា​របស់​អង្គការ​ពលកម្មអន្តរជាតិ។

ចិនទើប​ព្រម​​ផ្តល់​សច្ចាប័ន​នៅ​ថ្ងៃ​ពុធ​ទី ២០​មេសា នេះ ជួន​ចំពេល​ដែល​លោកស្រី​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ត្រូវ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេសចិន នៅ​ខែ​ឧសភា​ខាង​មុខនេះ។ លោកស្រី​ Michelle Bachelet បានទទូចសុំ​ប៉េកាំង​ជា​យូរ​ឆ្នាំមក​ហើយ​ ចង់ចុះទៅ​ខេត្ត​ស៊ីនជាំង ដោយ​គ្មានការរារាំងពី​អាជ្ញាធរចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ