អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោត​សភា​ស៊ុយអែត ៖ បក្សជាតិនិយម​ជ្រុល កំពុង​ត្រៀមឈ្នះ​ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃអាទិត្យ​ទី ១១ កញ្ញានេះ ពលរដ្ឋ​ស៊ុយអែត ជាង​៧លាន​នាក់​កន្លះ ត្រូវ​ចេញ​ទៅ​បោះឆ្នោតសភា។ ក្នុង​បរិបទ​នៃ​វិបត្តិ​អន្តរជាតិ​ដ៏​ធ្ងន់ធ្ងរ ផ្តើម​​ដោយ​សង្គ្រាម​នៅ​អ៊ុយក្រែន និង​ក្នុង​ខណៈ​ដែល​ស៊ុយអែត​កំពុង​រង់ចាំ​ចូល​ជា​សមាជិក​អង្គការ​អូតង់​ ការ​បោះឆ្នោត​សភា​ថ្ងៃ​នេះ​ មានទម្រង់​និង​អត្ថន័យ​​ពិសេស​​​គួរ​ឱ្យ​កត់​សម្គាល់ ៖ គូប្រជែង​មាន​សំឡេង​ប្រកៀកប្រកិត​គ្នា​ខ្លាំង គណបក្ស​ប្រជាធិបតេយ្យ​ស៊ុយអែត ដែល​ជា​គណបក្ស​ជាតិ​និយម​ជ្រុល​ បាន​ឡើង​សំឡេង​ជា​គំហុក។ តើ​ស៊ុយអែត​នឹងក្លាយ​ជា​ប្រទេស​នៅអឺរ៉ុប​ថ្មី​មួយ​ទៀត ដែលមាន​រដ្ឋាភិបាល​កើត​ចេញ​ពី គណបក្ស​ជាតិ​និយម​ជ្រុល​ ? ឬ​ក៏​រដ្ឋាភិបាល​កំពុង​កាន់​អំណាច​អាច​បន្តដឹកនាំប្រទេស​ជា​គម្រប់​​អាណត្តិ​ទីបី ?

ស៊ុយអែត រៀប​ចំ​ការ​បោះឆ្នោត​សភា ថ្ងៃទី ១១​កញ្ញា ២០២២
ស៊ុយអែត រៀប​ចំ​ការ​បោះឆ្នោត​សភា ថ្ងៃទី ១១​កញ្ញា ២០២២ AP - Johan Nilsson
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្នោត​សភា​នៅ​ស៊ុយអែត​ថ្ងៃ​នេះ ស្ទើរ​តែ​អាច​និយាយ​បាន​ថា​ប្រជាពលរដ្ឋ​ជា​​ម្ចាស់​ឆ្នោត​ ត្រូវ​ទៅ​ជ្រើសរើស​រវាងប្លុក​នយោបាយ​ពីរ រវាង​​​​សម្ព័ន្ធ​ពីរ។ ម្ខាង​ជា​ប្លុក​​ ​បក្ស​សង្គមប្រជាធិបតេយ្យ ដែល​​ដឹកនាំ​ដោយលោកស្រី​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​ Magdalena andersson ឬ​ សម្ព័ន្ធ​អ្នក​ឆ្វេងនិយម​និងអ្នក​​បរិស្ថាននិយម។ ម្ខាង​ទៀត ជា​ក្រុម​អ្នក​ស្តាំនិយម​ ​ដឹកនាំ​ដោយ​ប្រមុខ​បក្ស​អភិរក្សនិយម មិន​តឹង​តែង លោក Ulf Kristersson ដែល​ជាលើក​ទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​បាន​ប្រកាស​ត្រៀម​ចង​សម្ព័ន្ធ​ភាព​​ជាមួយ​គណបក្សជាតិ​និយម​ជ្រុល​ ​ប្រជាធិបតេយ្យ​ស៊ុយអែត​របស់​​លោក Jimmie AKesson។

ពិត​ជា​មិនធ្លាប់​មាន​ពី​មុន​មក​សោះ ! តាំងពី​ដើម​មក គណបក្ស​អភិរក្សស្តាំនិយមស៊ុយអែត មិនដែល​មាន​គំនិត​​គិត​ចង់​សហការ​ដឹកនាំ​រដ្ឋាភិបាល​ ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ ឬ​ត្រូវ​ការ​ការ​គាំទ្រ​​ពី​ក្រុម​ជាតិនិយម​ជ្រុល​ទេ។

តាំងពី​ឆ្នាំ​២០១៤​មក ស៊ុយអែតមានលេច​ចរន្ត​​​អ្នក​​កណ្តាលបែប​ស្តាំនិយម​ អ្នកកណ្តាល​ងាក​ឆ្វេង ​ដែល​គេ​ពិបាក​បែង​ចែងជា​​ប្លុក ឱ្យ​បាន​ច្បាស់លាស់។ នេះ​បើតាមកា​រពន្យល់​របស់​ លោក Yohann Aucante សាស្ត្រាចារ្យ​នៅ​សាលាសិក្សា​​វិទ្យាសាស្ត្រ​សង្គម​ជាន់​ខ្ពស់​ EHESS។ អ្នក​វិភាគរូប​នេះ​បាន​លម្អិត​​ តាម​រយៈ​ក្បាល​មីក្រូ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​​ទៀតថា អ្វី​ដែល​ថ្មី ដែល​អាច​​ចាត់​ទុកថា​មាន​​ លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​គួរសម នៅក្នុង​ការបោះឆ្នោត​សភា​​​លើក​នេះ គឺមាន​ការ​រំកិល​ប្តូរ​ផ្លាស់​នៅ​ផ្ទៃក្នុង​ប្លុក​នីមួយៗ ​និង​ជា​លើក​មួយ​ គណបក្ស​ជាតិ​និយម​ជ្រុល​បាន​ងាក​ខិត​មក​ជិតក្រុម​អ្នក​ស្តាំនិយម​។ ដល់​អ៊ីចឹង​ទៅ ក្រុម​​កណ្តាល​និយម​ ក៏​ទោរ​ទៅ​ខាង​ឆ្វេង បង្កើត​ជា​ប្លុក​ពីរ ដែល​សំឡេង​ប្រដេញ​គ្នា​ យ៉ាង​កៀកកិត​បំផុត ដែល​គេពិបាក​ស្មាន​ថា​តើ​នរណា​ជា​អ្នក​ឈ្នះ​ក្នុង​សម័យបោះឆ្នោត​នេះ។

បក្ស​ជាតិនិយមជ្រុលចេះ​កែប្រែមុខមាត់

​គណបក្ស​ជាតិនិយម​ជ្រុល​ប្រជាធិបតេយ្យ​ស៊ុយអែត ដឹកនាំ​ដោយ​លោក Jimmie Akesson អាយុ​៤៣​ឆ្នាំ តាំងពី​ឆ្នាំ​២០០៥មក ចេះ​ប្រែក្លាយរូបភាព​​​បក្ស ផ្តាច់​ចេញ​ពី​ប្រវត្តិ​ចាស់​គំរិល​ និង​កាត់​ផ្តាច់​​ឫសគល់ពី​សៃស្រឡាយ​ចលនា​ណាហ្ស៊ីស្ទើរ​​អស់​រលីង។ ជាង​ម្ភៃឆ្នាំ​មក​នេះ គណបក្ស​បាន​ដុះ​ខាត់​មុខ​មាត់​ជា​ប្រចាំ ដើម្បី​ក្លាយ​ជា​ចរន្ត​នយោបាយ​ដែល​អាច​ទទួល​យក​បាន និង​ដែល​អាច​បន្ស៊ី​ជាមួយ​នឹង​ក្រុម​អ្នក​អភិរក្សនិយម​ អ្នក​ស្តាំ​និយម​ អ្នក​មិន​ជ្រុលនិយម​ផ្សេងៗ។ មាន​ឈ្មោះ​ជា​អ្នក​ជាតិនិយមជ្រុល តែ​​​មិន​ស្អប់​​អឺរ៉ុប រហូត​ដល់​ចង់​ដកប្រទេស​ចេញ​សហភាពអឺរ៉ុប ហើយ​គាំទ្រ​បេក្ខភាព​ស៊ុយអែត ជា​សមាជិក​អង្គការ​អូតង់ទៀត។

​​​​ធ្លាប់​មាន​សំឡេង​គាំទ្រ​តែប្រមាណ​១%​កាលពី​ម្ភៃ​ឆ្នាំ​មុន នៅ​ក្នុង​សម័យ​បោះឆ្នោត​លើក​នេះ គណបក្ស​ប្រជាធិបតេយ្យ​ស៊ុយអែត បាន​ឡើង​ប្រជាប្រិយភាព​ខ្ពស់ដល់​ទៅ​ប្រមាណ​២០% កំពុង​ក្លាយទៅ​ជា​​ចរន្ត​នយោបាយ​លំដាប់​ទីពីរ​បស់​ប្រទេស  និង​ជា​ចរន្ត​នយោបាយ​លំដាប់​ទីមួយ​ក្នុង​ប្លុក​ស្តាំនិយម​ផង។ ជា​បក្ស​ដែល​មាន​អ្នក​ចង់​បោះឆ្នោត​ឱ្យ​ច្រើន​ជាង​គេ​ទៀត។ ​ជា​អ្នក​កំណត់​ប្រធានបទ​នៅពេល​ឃោសនា​បោះឆ្នោត​ ជុំ​វិញ​បញ្ហា​ក្តៅ​គគុក​មួយ​ចំនួន មាន​ជាអាទិ៍ បញ្ហា​ឧក្រិដ្ឋកម្ម វិបត្តិ​អតិផរណា ទំនិញ ប្រេង ឧស្ម័ន​ឡើង​ថ្លៃ និង​បញ្ហា​អន្តោប្រវេសន៍​មិន​សម្រប​ខ្លួន​ក្នុង​សង្គម​ស៊ុយអែត ...

​គណបក្ស​កាន់អំណាចនាំមុខ​តែ​ដោយប្រផុតប្រផើយ

គណបក្សកំពុង​កាន់​អំណាច​ ដែលជា​​អ្នកឆ្វេង​និយម​ និងធ្លាប់​នាំ​មុខ​គេ​ក្នុង​ឆាក​នយោបាយ​ស៊ុយអែត តាំង​ពី​ឆ្នាំ​១៩៣០​មក​វិញនៅ​តែ​​នាំមុខ​គេ ដោយ​មាន​សំឡេង​គាំទ្រ​ប្រមាណ​​ ពី​២៨,៥ទៅ៣០%។

ចំណែក​ប្រមុខ​ដឹកនាំបក្ស ​​ ​ដែល​ជា​នាយករដ្ឋមន្ត្រីផុត​អាណត្តិ​ រូប​លោកស្រី​ Magdalena Andersson ផ្ទាល់​មាន​ប្រជាប្រិយភាព​រឹង​មាំ និង​ខ្ពស់​ជាង​គូប្រជែង​នៃ​ក្រុម​​ស្តាំនិយម និង​ជាតិនិយម​ជ្រុល​ ទាំងអស់។ ជា​អតីត​ជើងឯក​ហែល​ទឹក បានក្លាយ​ជានាយករដ្ឋមន្ត្រី​កាលពី​ខែ​វិច្ឆិកា ២០២១ មាន​​វ័យ​៥៥​ឆ្នាំ លោកស្រី អាឌែរសាន់ បាន​ស្តារ​បក្ស​ និង​បាន​បញ្ចេញ​ស្នាដៃ​គួរ​ជា​ទីកត់​សម្គាល់ ជាពិសេស​គឺ​ការ​សម្រេច​ចិត្ត​សុំ​ចូល​ជា​សមាជិក​អង្គការ​អូតង់ នៅពេល​ផ្ទុះ​សង្គ្រាម​នៅអ៊ុយក្រែនភ្លាម។

​គ្រប់​ការ​ស្ទង់មតិសុទ្ធ​តែ​យល់​ថា​ ក្រុមអ្នក​ឆ្វេង​និយម ដឹកនាំ​ដោយ​លោក​ស្រី អាន់ឌែរសាន់ ជា​នាំ​មុខ​ទាំងអស់ តែ​ជា​ការ​នាំ​មុខ​ដ៏​ប្រផុតប្រផើយ។

៣៤៩​អាសនៈ

បើ​គណបក្ស​​ជាតិនិយម​ជ្រុលប្រជាធិបតេយ្យ​​ជាអ្នក​​ឈ្នះ នៅ​ល្ងាច​នេះ នោះ​ស៊ុយអែត នឹង​បើក​ទំព័រ​នយោបាយ​ថ្មី​ សម្រាប់​ប្រទេស​ស៊ុយអែត​ផ្ទាល់​ខ្លួន​ផង និង​សម្រាប់​អឺរ៉ុប​ផង ព្រោះចាប់​ពី​ថ្ងៃទី ១​មករា​២០២៣ទៅ​ស៊ុយអែត នឹង​ធ្វើ​ជា​ប្រធានផ្លាស់​វេន​អឺរ៉ុប និង​ម្យ៉ាង​ទៀត រដ្ឋាភិបាល​ថ្មី​ត្រូវ​មាន​ភារៈ​ចាត់​ចែង​បញ្ចប់​បេក្ខភាព​ជា​ប្រវត្តិសាស្ត្រ​របស់​ស៊ុយអែត​ក្នុង​អង្គការ​អូតង់។  

តាមប្រពៃណី តួនាទី​នាយករដ្ឋមន្ត្រី​​​នឹង​ត្រូវ​ប្រគល់​ទៅ​ឱ្យ​បក្សសម្ព័ន្ធ​​ដែល​មាន​សំឡេង​ភាគ​ច្រើន​នៅក្នុង​សភា​។ តែ​ក្រុម​គណបក្ស​ស្តាំនិយម​ ថ្វីបើ​ចង​សម្ព័ន្ធ​ជាមួយ​បក្ស​ប្រជាធិបតេយ្យ​មែន តែ​មិន​ចង់​របូត​តួនាទី​នាយករដ្ឋមន្ត្រី​ទេ។

បើ​ក្រុម​អ្នក​ឆ្វេង​និយម​ឈ្នះ ​ដូច​ការ​ស្ទង់​មតិ​មែនវិញ នោះ​យុទ្ធសាស្ត្រ​ខិត​ចូល​ជិត​ក្រុម​ជាតិនិយមជ្រុល​របស់​អ្នក​ស្តាំ​និយម ត្រូវ​បរាជ័យ។ ឯ​ការ​បង្កើតរដ្ឋាភិបាល​ចម្រុះ​ ក៏​អាច​នឹង​មិន​ជាក់​លាក់​ដែរ។ តែ​អ្នក​នយោបាយ​ជា​ច្រើន​យល់​ថា ស៊ុយអែត​ទំនង​ជា​គ្មាន​​​វិបត្តិ​នយោបាយ​ក្រោយការ​​បោះឆ្នោត ដូច​នៅ​​ឆ្នាំ​២០១៨ ដែល​កាលណោះ​គេ​ត្រូវ​ការ​ពេល​វេលា​ដល់​ទៅ​បួន​ខែ​ទម្រាំ​អាច​បង្កើត​រដ្ឋាភិបាលទេ។

នៅ​ស៊ុយអែត ​សភាមាន​អាសនៈ​សរុប​៣៤៩ ដែល​បែង​ចែង​​ឱ្យបក្ស​មាន​សំឡេង​គាំទ្រ​ចាប់ពី​៤%​ទៅ​ តាម​សមមាត្រ​​​។ ​ដើម្បី​អាចទទួល​បាន​ការ​តែង​តាំង​​ជា​នាយករដ្ឋមន្ត្រី គេ​មិន​ចាំបាច់​ត្រូវ​មាន​សំឡេង​គាំទ្រ​ភាគ​ច្រើន​ដាច់​ខាតពី​សភា​ទេ តែកុំ​ឱ្យ​មាន​សំឡេង​ប្រឆាំង​ចាប់​ពី​១៧៥​ឡើង​​ទៅ បាន​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ