អានតួអត្ថបទ

ព្រឹទ្ធ​សភា​អាមេរិក​​បោះឆ្នោត​​ផ្តល់​​សច្ចាប័ន ​ទទួល​​យក​ស៊ុយអែត​ និង​​ហ្វាំងឡង់​​ជា​​សមាជិក​​អូតង់

កាលពីថ្ងៃពុធ ទី​៣សីហា ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោត​ផ្តល់សច្ចាប័ន លើសេ​ចក្តីសម្រេចចិត្ត ព្រមទទួល​បេក្ខភាពរបស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ ចូលជាសមាជិក​ថ្មីរបស់អង្គការសម្ព័ន្ធមិត្តអូតង់។ ស៊ុយអែត និង​ហ្វាំងឡង់ បានសម្រេចចិត្ត​បោះបង់ចោល​ភាពអព្យាក្រិត្យរបស់ខ្លួន ហើយ​ងាកមកសុំ​ចូលជាសមាជិកអូតង់ បន្ទាប់​ពីបានឃើញ​អំពើឈ្លានពាន​របស់​រុស្ស៊ី ទៅលើអ៊ុយក្រែន។ តែយ៉ាងណាបេក្ខភាពរបស់​ប្រទេសទាំង២នេះ ត្រូវការ​ការអនុម័តផ្តល់សច្ចាប័ន ពី​ប្រទេសសមាជិកអូតង់​ទាំង​៣០ប្រទេស​។

លោកអគ្គលេខាធិការអង្គការអូតង់Jens Stoltenberg (កណ្តាល​) ថតរូបជាមួយ​លោករដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ Pekka Haavisto និងលោកស្រី​រដ្ឋមន្ត្រីការបរទេសស៊ុយអែត Ann Linde ក្នុងឱកាសដែលអូតង់ទទួលយកបេក្ខភាពសុំចូលជាសមាជិករបស់ប្រទេសទាំង២។ ក្រុងព្រុចស៊ែល ថ្ងៃទី​ ៥កក្កដា ២០២២
លោកអគ្គលេខាធិការអង្គការអូតង់Jens Stoltenberg (កណ្តាល​) ថតរូបជាមួយ​លោករដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ Pekka Haavisto និងលោកស្រី​រដ្ឋមន្ត្រីការបរទេសស៊ុយអែត Ann Linde ក្នុងឱកាសដែលអូតង់ទទួលយកបេក្ខភាពសុំចូលជាសមាជិករបស់ប្រទេសទាំង២។ ក្រុងព្រុចស៊ែល ថ្ងៃទី​ ៥កក្កដា ២០២២ AP - Olivier Matthys
ផ្សាយពាណិជ្ជកម្ម

ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោត ៩៥សំឡេងយល់ព្រម ទល់នឹង១សំឡេង​ប្រឆាំង។ សេចក្តីសម្រេចចិត្ត​ទទួលយក​បេក្ខភាព​របស់ស៊ុយអែត និងហ្វាំងឡង់ ឲ្យ​ចូលជាសមាជិកថ្មីរបស់អង្គការអូតង់ ត្រូវបាន​សហរដ្ឋអាមេរិកផ្តល់សច្ចាប័ន​ជាផ្លូវការ។

លោក Chuck Schumer ប្រធានក្រុមសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ បានថ្លែងថា “ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន មានបំណង​ប្រើប្រាស់សង្គ្រាម​នៅអ៊ុយក្រែន ដើម្បីបំបែកបំបាក់​សម្ព័ន្ធភាពលោកខាងលិច។ តែផ្ទុយទៅវិញ ការបោះឆ្នោតនៅថ្ងៃនេះ បានបង្ហាញថា សម្ព័ន្ធភាព​នេះ​កាន់តែរឹងមាំ រួមសាមគ្គីគ្នាជាធ្លុងមួយ”។

គួរបញ្ជាក់ថា រដ្ឋបាល​របស់​លោក​ចូ បៃដិន បាន​គាំទ្រនិងជំរុញ​ឲ្យ​សភាអាមេរិក ផ្តល់សច្ចាប័ន​លើសេចក្តីសម្រេចចិត្តនេះ ដើម្បី​បើក​ផ្លូវ​ ទទួល​ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត ឲ្យចូល​ជាសមាជិកថ្មីនៅក្នុងអង្គការសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង ឬហៅកាត់ថាអូតង់។ ហ្វាំងឡង់ និងស៊ុយអែត កន្លងមក​បានព្យាយាមរក្សាអព្យាក្រិត្យភាព នៅចន្លោះ​សម្ព័ន្ធមិត្តលោកខាងលិច និង​រុស្ស៊ី។ ក៏ប៉ុន្តែ ក្រោយ​ការធ្វើសង្គ្រាម​ឈ្លានពាន​នៅអ៊ុយក្រែន ហ្វាំងឡង់ និង​ស៊ុយអែត បានសំឡឹងឃើញពីគ្រោះថ្នាក់ ដែលខ្លួនអាចប្រឈម ប្រសិនបើ​គ្មាន​បង្អែកការពារទេនោះ។ យោងតាម​មាត្រា៥ នៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង គឺនៅពេល​​ប្រទេសសមាជិកណាមួយ រងការវាយ​ប្រហារ នោះសមាជិកអូតង់ទាំងអស់​នឹងរួមកម្លាំងគ្នាអន្តរាគមន៍ ដើម្បីការពារ។

សូមរំលឹកថា រាល់ការ​បញ្ជូលសមាជិក​ថ្មី គឺប្រទេសសមាជិក​អូតង់ទាំងអស់ត្រូវ​តែយល់ព្រម និងផ្តល់សច្ចាប័នជាឯកច្ឆ័ន្ទ។ កាលពីថ្ងៃពុធ​ម្សិលមិញ គឺសភាបារាំង និង​អ៊ីតាលី ដែល​បានបោះឆ្នោត​ផ្តល់សច្ចាប័ន។​ គិតមកត្រឹមពេលនេះ ដោយរាប់ទាំងសហរដ្ឋអាមេរិក គឺ​មាន​ប្រទេសសមាជិកអូតង់ចំនួន​២៣ប្រទេសហើយ ដែលបានផ្តល់សច្ចាប័ន​ក្នុងចំណោម​៣០ប្រទេស​។

តែ​យ៉ាងណាក៏ដោយ នៅមាន​​ឧបសក្គមួយដ៏ធំ ចំពោះបេក្ខភាពរបស់​ហ្វាំងឡង់ និងស៊ុយអែត គឺ​ការជំទះរារាំងរបស់​តួកគី។ លោក​ប្រធានាធិបតី​តួកគី កំពុងតែឆក់ឱកាសនេះ កេងចំណេញ​នយោបាយ​ផ្ទៃក្នុង ដោយ​បាន​ទាមទារឲ្យ ​ហ្វាំងឡង់ និងជាពិសេសស៊ុយអែត ត្រូវតែ​ជួយ​ខ្លួន​ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម​ចលនានយោបាយ “គណបក្សពលករគួកឌីស្ថាន PKK” ដែលប្រធានាធិបតី​តួកគី ចាត់ទុកថាជាក្រុមភេរវកម្ម និងជាសត្រូវនយោបាយ​​ដ៏ធំមួយ​របស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ