អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កិច្ចប្រជុំកំពូល​របស់​អង្គការកិច្ចសហប្រតិបត្តិការ​សៀងហៃ​គ្របដណ្តប់ដោយជំនួប​មេដឹកនាំ ចិន និង​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតីរុស្ស៊ី និង​ប្រធានាធិបតី​ចិន នឹង​បើកជំនួបកំពូល​រួមគ្នា នៅល្ងាច​ថ្ងៃព្រហស្បតិ៍ទី​១៥​កញ្ញា នៅ​ក្រៅក្របខណ្ឌ​កិច្ចប្រជុំកំពូល​អង្គការសហប្រតិបត្តិការសៀងហៃ ដែលត្រូវ​បើកទ្វារ​ជាផ្លូវការ​នៅថ្ងៃ នេះ នៅ​ប្រទេស​អ៊ូសបេគីស្ថាន។ នៅពេល កិច្ចប្រជុំរបស់​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀងហៃ ត្រូវ​ផ្តោត​ទៅលើ​សន្តិសុខរួម និងទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​សមាជិក សង្រ្គាមអ៊ុយក្រែន និង​អាហ្វហ្កានីស្ថាន​ជា​សំណុំរឿង​សំខាន់​នៅក្នុង​កិច្ចប្រជុំលើកនេះ។ កិច្ចប្រជុំដែល​ត្រូវ​បាំងលុបជិតផងដែរ ដោយជំនួបទ្វេភាគី រវាង​ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង និង​ប្រធានាធិបតី រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន។ តើ​ជំនួប​ទ្វេភាគី​រវាង​លោក​ស៊ី ជីនពីង លោក​ពូទីន​មាន​អត្ថន័យ​យ៉ាងណាខ្លះ? តើ​ប្រធានាធិបតី រុស្ស៊ី លោក​ពូទីន ទន្ទឹងចង់បាន​អ្វីពីជំនួប​ជាមួយ​ប្រធានាធិបតីចិនលើកនេះ?

ប្រធានាធិបតី​រុស្ស៊ី​លោកពូទីន (ឆ្វេង) និងប្រធានាធិបតី ចិន ស៊ី ជីនពីង នៅវិមាន​ក្រុង​ប៉េកាំង​នៅឆ្នាំ ២០១៩
ប្រធានាធិបតី​រុស្ស៊ី​លោកពូទីន (ឆ្វេង) និងប្រធានាធិបតី ចិន ស៊ី ជីនពីង នៅវិមាន​ក្រុង​ប៉េកាំង​នៅឆ្នាំ ២០១៩ AP - Kenzaburo Fukuhara
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី ចិន លោក​ស៊ី ជីនពីង និង​ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន​នឹង​បើកជំនួបកំពូល​ទ្វេភាគី ចិន រុស្ស៊ី នៅថ្ងៃ​ព្រហស្បតិ៍ ទី ១៥ កញ្ញា នៅក្រៅក្របខ័ណ្ឌ​កិច្ចប្រជុំ​សហប្រតិបត្តិការ​សៀងហៃ ដែលត្រូវ​បើកទ្វារ​ជា​ផ្លូវការ​នៅថ្ងៃ​ព្រហស្បតិ៍ នៅ​ទីក្រុង​សាម៉ាកង់របស់​ប្រទេស​អ៊ូសបេគីស្ថាន។

នៅក្នុង​កិច្ចប្រជុំ​របស់​អង្គការកិច្ចសហប្រតិបត្តិការ​សៀងហៃ នឹង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​ប្រទេស​សមាជិកទាំង៨ ដូចជា​ចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន និង​ប្រទេស​នៅអាស៊ីកណ្តាល​ចំនួន​៤ កាហ្សាក់ស្ថាន តាហ្ស៊ីគីស្ថាន អ៊ូសបេគីស្ថាន ​កៀហ្ស៊ីគីស្ថាន ហើយ​និង​មេដឹកនាំ​ប្រទេស​តួកគី និង​អ៊ីរ៉ង់។

នៅក្នុង​ដំណើរទស្សនកិច្ច​ចេញទៅ​បរទេស​ជា​លើកទី១ ចាប់តាំង​ពី​វិបត្តិកូវីដ លោក​ស៊ី ជីនពីង​នឹងបើកជំនួបកំពូល​ផ្ទាល់​ជាមួយ មេដឹកនាំ​រុស្ស៊ី លោកវ្លាឌីមៀរ ពូទីន​ដែល​កំពុង​រងការដាក់ទណ្ឌកម្ម​ពីលោកខាងលិច ដោយសារ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន។

មេដឹកនាំ​ចិន និង​រុស្ស៊ី ធ្លាប់​បានប្រកាស​ទំនាក់ទំនង​ដ៏​រលូន និងចំណងមិត្តភាពគ្មានព្រំដែន រវាង​ប្រទេស​ទាំងពីរ ម្តងហើយ នៅពេល លោក​ស៊ី ជីនពីង និង​លោក​ពូទីន​បាន​ជួបពិភាក្សា​គ្នាផ្ទាល់ នៅ​ទីក្រុង​ប៉េកាំង កាល​ពី​រដូវ​ប្រកួតកីឡាអូឡាំពិក កាលពី​ខែ​កុម្ភៈ ពោល​គឺ​នៅប៉ុន្មានថ្ងៃ​មុន​ដែល​រុស្ស៊ីបើកសង្រ្គាមឈ្លានពាន​អ៊ុយក្រែន។

ចិន មហាអំណាច​សេដ្ឋកិច្ច​ទី​២ ក្នុងពិភពលោក ចំណែក​រុស្ស៊ី ជា​មហាអំណាច​នុយក្លេអ៊ែរ​ធំទី​២ នៅក្នុង​ពិភពលោក។ ប្រទេស​ទាំងពីរ​បាន​ខិតចូលជិតស្និទ្ធគ្នា​ជាងពេលណាទាំងអស់ ដើម្បី​រួមគ្នា​ទប់ទល់ឥទ្ធិពល​អាមេរិក​ដែល​ជាគូប្រជែង សត្រូវរួម​របស់ប្រទេស​ទាំងពីរ។

ក្នុងករណី​ចិន ចិនមិនត្រឹមតែ​មាន​ជម្លោះថ្នាំងថ្នាក់​ជាមួយ​អាមេរិក ក្នុងវិស័យពាណិជ្ជកម្ម និង​បញ្ហា​សិទ្ធិមនុស្ស​តែប៉ុណ្ណោះទេ ប៉ុន្តែ ចិន​បាន​ខឹងឆេះដុំ ក្តៅក្រហាយខ្លាំង ដែល​ឃើញ អាមេរិក បង្កើនការលក់អាវុធ ហើយ​និង​បញ្ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទៅ​កោះតៃវ៉ាន់។ សម្រាប់ចិន នយោបាយ​របស់អាមេរិកកំពុង​រំលោភ​ដែនអធិបតេយ្យភាព​របស់​ចិន។ ត្រលប់មកនិយាយ​ពី​រុស្ស៊ី វិញ រុស្ស៊ី​បាន​រងការដាក់ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច នាំមុខ​ដោយ​អាមេរិក បន្ទាប់ពី​រុស្ស៊ី ធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន។

រុស្ស៊ី​របស់​លោក​ពូទីន​ឯណោះវិញ បន្លឺសំឡេង​គាំទ្រចិន ដែល​ដំឡើង​សំឡេង​រិះគន់​អាមេរិក​ក្នុងរឿង​តៃវ៉ាន់ នៅបន្ទាប់ពី​ចិន មិនថ្កោលទោស រុស្ស៊ី ដែលធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន ប៉ុន្តែ ផ្ទុយទៅវិញ ចិន​ស្តីបន្ទោស ប្រទេស​លោកខាងលិច និងអាមេរិក ដែល ដាក់ទណ្ឌកម្ម លើ​រុស្ស៊ី ហើយ​និង​ការលក់អាវុធ​ទៅ​ឲ្យអ៊ុយក្រែន។

ជំនួបកំពូល​ជាមួយ​លោកស៊ី ជីនពីង នឹង​មានន័យ​យ៉ាងណា​សម្រាប់​លោក​ពូទីន?

ជំនួបកំពូល​ជាមួយប្រធានាធិបតីចិន មាន​សារៈសំខាន់ អត្ថន័យខ្លាំងណាស់​សម្រាប់​ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន ដែល​កំពុងរងការដាក់ទណ្ឌកម្ម​របស់ប្រទេស​លោកខាងលិច ហើយនិងនៅក្នុង​កាលៈទេសៈមួយ ដែល​កងទ័ព​រុស្ស៊ី កំពុង​ចាញ់ដៃ ធ្វើ​សង្រ្គាម​នៅអ៊ុយក្រែន បន្ទាប់ពី​ទាហាន​អ៊ុយក្រែន​វាយដណ្តើម​យកបាន​ទឹកដី​របស់ខ្លួន ជាច្រើន​មកវិញ នៅប៉ុន្មាន​សប្តាហ៍នេះ។

ប៉ុន្តែ​មុន​នឹង​និយាយ​ដល់​សារៈសំខាន់​នៃ​ជំនួប​ជាមួយ​ប្រមុខរដ្ឋចិន លោក​ពូទីន​ចង់​បញ្ជាក់ប្រាប់​ទៅ​ប្រទេស​លោកខាងលិចថា រុស្ស៊ី​មិន​ឯកោនោះទេ។ វត្តមាន​របស់​លោក នៅក្នុងកិច្ចប្រជុំសហប្រតិបត្តិការ​សៀងហៃ ដែល​មាន​ការចូល​រួម​ពីមហាយក្ស​អាស៊ី ដូចជា​ចិន ឥណ្ឌា ប៉ាគីស្ថាន និង​ប្រទេស​អាស៊ីកណ្តាលផ្សេងទៀត បង្ហាញ​ថា រុស្ស៊ី នៅតែ​មាន​ដៃគូ ធ្វើ​ពាណិជ្ជកម្មជាមួយ ដោយមិន​នៅឯកោ ទៅតាមការប៉ុនប៉ង​របស់​ប្រទេស​លោក​ខាងលិច ដែល​បាន​ដាក់ទណ្ឌកម្ម សេដ្ឋកិច្ច​រុស្ស៊ី​នោះទេ។

ដោយសារ​តែ​ការដាក់ទណ្ឌកម្ម​របស់​អឺរ៉ុប អាមេរិក និងសម្ព័ន្ធមិត្ត ដែល​ឈប់ទិញ និង​បាន​កម្រិតតម្លៃប្រេង ឧស្ម័ន​រុស្ស៊ី ដើម្បី​ដាក់សម្ពាធ​លើ​រុស្ស៊ី លោក​ពូទីន​ចង់ប្រើ​កិច្ចប្រជុំ​សហប្រតិបត្តិការសៀងហៃ លើកនេះ ដើម្បី បែរ​ទិសដៅ ពង្រឹងការធ្វើជំនួញពាណិជ្ជកម្ម​ជាមួយ​បណ្តាប្រទេស​អាស៊ី ដែល​នាំមុខ​ដោយ​ចិន។

គួរបញ្ជាក់ដែរថា ក្រៅពីជួបទ្វេភាគី​ជាមួយ​​ប្រធានាធិបតីចិន លោកពូទីន​នឹង​បើកជំនួបទ្វេភាគីជាមួយ​នាយករដ្ឋមន្រ្តីតួកគី ប៉ាគីស្ថាន និង​ជាមួយនាយករដ្ឋមន្រ្តី​ឥណ្ឌា ដែល​ជាអ្នកទិញប្រេង សំខាន់​មួយដែរ​របស់រុស្ស៊ី បន្ទាប់​ពី​ចិន។

ចាប់តាំង​ពី​រងដាក់ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច ដោយសារ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន ចិនគឺជាអ្នកទិញប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី ច្រើនជាងគេ។ ថ្មីៗនេះទៀត ប្រទេស​ទាំងពីរ​បាន​ប្រកាស​លែងប្រើលុយដុល្លារ ប៉ុន្តែ លុយរូប្លិ៍​របស់រុស្ស៊ី និង​លុយយ័ន​របស់​ចិន សម្រាប់​ការទិញប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី។

ក្រៅពីត្រូវការចិន ជាអតិថិជន​ធំ ដើម្បីទិញប្រេង និង​ឧស្ម័ន ដែល​រុស្ស៊ី​មិនអាច​បញ្ចេញ​លក់ទៅ​អឺរ៉ុប ដោយសារ​ការដាក់ទណ្ឌកម្ម រុស្ស៊ី កំពុង​ចង់បានការគាំទ្រ​ផងដែរ ពីខាងចិន ជាពិសេស​ផ្នែក​យោធា នៅក្នុង​ខណៈពេល​កងទ័ព​រុស្ស៊ី កំពុង​បរាជ័យ កាន់តែច្រើន ​នៅក្នុង​សមរភូមិប្រយុទ្ធ​ជាមួយ​កងទ័ព​អ៊ុយក្រែន នៅប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ។

កន្លងមក​មានដំណឹងថា រុស្ស៊ី​បានទិញអាវុធ ពី​កូរ៉េខាងជើង និងប៉ាគីស្ថាន​សម្រាប់យកទៅធ្វើ​សង្រ្គាម​នៅអ៊ុយក្រែន ប៉ុន្តែ គេ​នៅមិនទាន់​ដឹងច្បាស់ថា តើ​ចិនមាន​បាន​លក់អាវុធ​ទៅ​ឲ្យ​រុស្ស៊ី​ដែរឬទេ។

នៅក្នុងជំនួបជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោកប្រធានាធិបតី​ចិន ទំនង​អាច​ត្រឹមបង្ហាញ សមានចិត្ត គាំទ្រ​រុស្ស៊ី និង​ទិញប្រេង និងទំនិញ ដែលមិនជាប់​ក្នុងទណ្ឌកម្ម ប៉ុន្តែ មិន​ដល់​ថា្នក់​យកក ល អន្ទាក់  ដោយ​សុខចិត្ត​ជួយ​ផ្តល់សព្វាវុធ​ទៅ​ឲ្យរុស្ស៊ី ដែល​អាច​ធ្វើ​ឲ្យ​ចិន ប្រឈម​នឹង​ការដាក់ទណ្ឌកម្ម របស់​ប្រទេស​លោកខាងលិច ដែល​ធ្វើ​ឲ្យ​ចិន ខាតបង់​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​ចិននោះ​ទេ។

ប្រធានាធិបតី​ចិន​ទន្ទឹងចង់បាន​អ្វីពី​ជំនួបជាមួយ​ប្រធានាធិបតី​រុស្ស៊ី?

ក្នុងទំនាក់ទំនង​ជាមួយ​រុស្ស៊ី ចិន​បាន​សំឡឹងឃើញ ផលប្រយោជន៍​ពីរ គឺ​ផលប្រយោជន៍​សេដ្ឋកិច្ច និង​ភូមិសាស្រ្ត​នយោបាយ។

រុស្ស៊ី ជា​មហាអំណាច​នុយក្លេអ៊ែរ​ធំទី​២​បន្ទាប់ពីអាមេរិក។ ដូច្នេះ មាន​រុស្ស៊ី ជា​ដៃគូ ប៉ុន្តែ មិនមែនជា​សម្ព័ន្ធមិត្ត ចិន​កក់ក្តៅក្នុងចិត្ត ដើម្បី​ចេញមុខ​តទល់​ជាមួយមហាអំនាច​យោធា​ដូចជា​អាមេរិក។ ប៉ុន្តែ ការរំពឹង​របស់ចិន ទៅលើ​មុខមាត់មហាអំណាច​យោធា​របស់រុស្ស៊ី ត្រូវ​បាន​ធ្លាក់ចុះ​បន្តិច នៅក្រោយ កងទ័ព​រុស្ស៊ី បរាជ័យ ក្នុង​សមរភូមិប្រយុទ្ធជាមួយ​កងទ័ព​អ៊ុយក្រែន ដែលវាយដណ្តើម​យកបានមកវិញ ជាបន្តបន្ទាប់​ដែនដី ដែល​កងទ័ព​រុស្ស៊ី បាន​ឈ្លានពានកន្លងមក។

ចិន មិនអាច​រំពឹង​ទាំងស្រុង​លើ​រុស្ស៊ី ខាង​ឥទ្ធិពលយោធា ប៉ុន្តែ ចិន​នៅតែត្រូវការពឹងផ្អែក​លើ​រុស្ស៊ី នៅ​ផ្នែក​សេដ្ឋកិច្ច។ និយាយ​ពីផលប្រយោជន៍​សេដ្ឋកិច្ចវិញ ចិន​បាន​ប្រយោជន៍ច្រើនណាស់ ចាប់តាំង​ពី​រុស្ស៊ីជាប់ទណ្ឌកម្ម ដោយ​លែងអាច​លក់ប្រេង និង​ឧស្ម័ន​ទៅ​អឺរ៉ុប។ ចិនបាននាំចូល​ដោយ​គំហុកនិង​ក្នុងតម្លៃថោក​ ប្រេង និង​ឧស្ម័ន ដែល​រុស្ស៊ី មិនបានលក់​ទៅ​ឲ្យ​អឺរ៉ុប​ដោយសារ​ការដាក់ទណ្ឌកម្ម។

ដោយសារ​តែ​រុស្ស៊ី​នៅជាប់ទណ្ឌកម្ម របស់​ប្រទេស​លោកខាងលិច រុស្ស៊ី​ចាញ់ប្រៀបច្រើន​នៅក្នុងការចរចា​ធ្វើជំនួញ​ជាមួយចិន។ គេវាយតម្លៃថា ដោយសារ​តែ​រុស្ស៊ី មិន​សូវ​មានជម្រើសច្រើន ចិនដែលមាន​ប្រៀប​ក្នុងការចរចា នឹង​អាចទាមទារ​ឲ្យ​រុស្ស៊ី​ធ្វើ​សម្បទាន​ច្រើន ដូចជាបើកផ្លូវ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន​ចូល​ទៅ​បោះទុនវិនិយោគ​នៅ​កន្លែងធ្វើអាជីវកម្ម​ប្រេង និង​ឧស្ម័នរបស់​រុស្ស៊ី ដែលតាមពិត រុស្ស៊ី​បាន​បិទខ្ទប់រហូតមក មិនឲ្យ​មានការលូកដៃ វិនិយោគ​របស់​ក្រុមហ៊ុន​បរទេស។

មួយវិញទៀត លោកប្រធានាធិបតី​ចិន ចង់ប្រើ​ជំនួប​ជាមួយ​មេដឹកនាំ​អាស៊ីផ្សេងទៀត​ នៅ​កិច្ចប្រជុំ​សហប្រតិបត្តិការសៀងហៃ  និង​ជំនួបកំពូលជា​មួយ​ប្រធានាធិបតីរុស្ស៊ី ដែលជាមហាអំណាច​នុយក្លេអ៊ែរ​ដែលជា​សត្រូវរបស់អាមេរិក សម្រាប់​ផលប្រយោជន៍​នយោបាយក្នុងស្រុក ក្នុង​បរិបទ​ដែលលោក​កំពុង​រកសំឡេងគាំទ្រ​នៅក្នុង​មហាសន្និបាត​របស់​បក្ស​កុម្មុយនិស្តលើកទី​២០ ដើម្បី​ឲ្យ​លោក​អាច​ដឹកនាំប្រទេស​អាណត្តិទី​៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ