អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំហររារែករបស់សហគមន៍អន្តរជាតិ នៅក្រោយ​រុស្ស៊ី​ប្រកាស​កាត់យក​តំបន់ទាំង៤​របស់​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

រុស្ស៊ី​បាន​លើក​ដៃវេតូ មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​បោះឆ្នោត​លើ​សេចក្តីសម្រេច​ថ្កោលទោស ការបោះឆ្នោតប្រជាមតិខុសច្បាប់ ដើម្បី​កាត់យកទឹកដី​ទាំង​៤​របស់​អ៊ុយក្រែន។ បន្ទាប់ពី​ធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន ក្នុងហេតុផល​ការពារ​អ្នកនិយាយភាសារុស្ស៊ី ពីការធ្វើទុក្ខបុកម្នេញ​របស់​ទាហាន​ណាហ្ស៊ីថ្មី នៅ​អ៊ុយក្រែន រុស្ស៊ី នៅទីបំផុត បានរំលោភកាត់យក​តំបន់​ចំនួន​៤​របស់​អ៊ុយក្រែន ទៅ​ដាក់​ក្នុង​ផែនទី​របស់ខ្លួន។ បន្ទាប់ពីនេះ តើ​នឹង​មាន​រឿងអ្វីកើតឡើងបន្ត?

លោកពូទីន នៅក្នុង​កញ្ចក់ទូរទស្សន៍នៅពេល​ថ្លែង​ក្រោយ​ការចុះហត្ថលេខា​លើ​ក្រឹត្យ​ប្រកាស​ដាក់បញ្ចូល​តំបន់​៤របស់អ៊ុយក្រែន​ទៅក្នុង​ទឹកដី រុស្ស៊ី កាលពីថ្ងៃសុក្រទី ៣០​កញ្ញា ២០២២
លោកពូទីន នៅក្នុង​កញ្ចក់ទូរទស្សន៍នៅពេល​ថ្លែង​ក្រោយ​ការចុះហត្ថលេខា​លើ​ក្រឹត្យ​ប្រកាស​ដាក់បញ្ចូល​តំបន់​៤របស់អ៊ុយក្រែន​ទៅក្នុង​ទឹកដី រុស្ស៊ី កាលពីថ្ងៃសុក្រទី ៣០​កញ្ញា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

នៅក្នុងការបោះឆ្នោត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ កាលពីថ្ងៃ​សុក្រ រុស្ស៊ី​លើកដៃ​វេតូ​តែម្នាក់ឯង​ប្រឆាំង​មិនឲ្យចេញសេចក្តីសម្រេច ថ្កោលទោស​ការកាត់បញ្ចូល​ទឹកដីអ៊ុយក្រែន ទៅជាដែនដី​រុស្ស៊ី។ ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ចំនួន ១០បាន បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​ដែលស្នើឡើង​ដោយ​អាមេរិក និង​អាល់បានី។ ប្រទេស​៤ ចិន ឥណ្ឌា ប្រេស៊ីល និងហ្កាបុង បោះឆ្នោត​អនុប្បវាទ។ ក្រុមប្រឹក្សា​សន្តិសុខ បរាជ័យ មិនអាច​ថ្កោលទោស រុស្ស៊ី បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន​បាន​ប្រកាស​ជាឱឡារិក ដាក់បញ្ចូល​ជាផ្លូវការ ទឹកដី​អ៊ុយក្រែន ចំនួន ៤ ទៅក្នុងទឹកដី​រុស្ស៊ី។

ដូច​កាល​រុស្ស៊ី កាត់យក​ទឹកដី​គ្រីមេ របស់​អ៊ុយក្រែន កាលពីឆ្នាំ ២០១៤ សហគមន៍អន្តរជាតិ​បាន​បញ្ចេញ​សំឡេង​ថ្កោលទោស ចំណែក ប្រទេស​លោកខាងលិច ប្រកាស​ដាក់ទណ្ឌកម្ម​បន្ថែម​ទៀត ទៅលើ​រុស្ស៊ី ដែល​ប្រកាស​កាត់យក​ទឹកដី ៤​ទៀត របស់​អ៊ុយក្រែន។

ប៉ុន្តែ ខុសស្រឡះពីការកាត់យកទឹកដី​គ្រីមេ របស់អ៊ុយក្រែន ដែល​រុស្ស៊ី​បានធ្វើឡើង​ដោយ​គ្មានសង្រ្គាមបង្ហូរឈាម កាលពីឆ្នាំ ២០១៤ គេ​រំពឹងថា ការកាត់យកទឹកដី​អ៊ុយក្រែន ចំនួន ៤ នៅក្នុងបរិបទ​សង្រ្គាម​ប្រយុទ្ធ​គ្នា ដែលកំពុងបន្ត​ក្នុងទឹកដី​អ៊ុយក្រែន នឹង​អាច​ធ្វើឲ្យ​សហគមន៍​អន្តរជាតិ ប្រតិកម្ម ដាក់សម្ពាធ​លើ​រុស្ស៊ី ជាពិសេស​បណ្តាប្រទេសមួយចំនួន ដូចជា​ចិន ឥណ្ឌា និង​បណ្តាប្រទេស​នៅអាហ្វ្រិក ជាច្រើន ដែល ធ្លាប់​នៅ​ស្ងៀម​មិនថ្កោលទោស​រុស្ស៊ី ដែល​បើកធ្វើ​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន កាលពី៧ខែមុន។

សង្រ្គាមរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន នៅពេលនេះ​បាន​វិវឌ្ឍ ឈានទៅដល់​ដំណាក់កាលថ្មីមួយ​ទៀត។ ដើម្បី​ការពារខ្លួន រុស្ស៊ី​ធ្លាប់បាន​ប្រកាស​បើក​ប្រតិបត្តិការ​យោធា ពិសេស ដើម្បី​ការពារ​ប្រជាជន​និយាយ​ភាសារុស្ស៊ី នៅអ៊ុយក្រែន ដែល​ម៉ូស្គូ​អះអាងថា រងការរើសអើង ប្រល័យពូជសាសន៍ ពីអាជ្ញាធរ​អ៊ុយក្រែន។ ប៉ុន្តែ នៅពេល លោក​ពូទីន ប្រកាស​កាត់យក​ទឹកដី របស់អ៊ុយក្រែន ៤បន្ថែមទៀត ដោយ​ក្នុងនោះ ទឹកដី​២ នៅភាគខាងត្បូង ត្រូវ​ឈ្លានពាន​ ចូលកាន់កាប់​ដោយ​កងទ័ព​រុស្ស៊ី យ៉ាងដូច្នេះ គេ​លែង​ជឿជាក់​លើ​រុស្ស៊ី របស់​លោកពូទីន ហើយ​គេ​បារម្ភថា លោកពូទីន​នឹង​មិនបញ្ឈប់​ត្រឹមកាត់យក​ទឹកដី​អ៊ុយក្រែន​ទាំង​៤​របស់​អ៊ុយក្រែន​នេះទេ។ ប្រទេស​អតីត​សហភាព​សូវៀត ជាច្រើន ដែលនៅ​អឺរ៉ុប និង​នៅ​អាស៊ី​កណ្តាល​ខ្លាច​ថា មហិច្ឆតា​របស់​លោក​ពូទីន នៅអ៊ុយក្រែន នឹង​អាច​រាលដាល​ចូល​ដល់​ពួកគេ នៅថ្ងៃ​ខាងមុខ បើសិន​លោក​ពូទីនចេះតែ​កាត់យក​ទឹកដី​របស់​អ៊ុយក្រែន ដោយ​ខ្លាចរអែង​យ៉ាងដូច្នេះ។ ចំណែក ប្រទេស​ផ្សេងទៀត ដូចជា​ចិន និង​ឥណ្ឌា ទោះជា​ដៃគូ ពាណិជ្ជកម្ម ជាមួយ រុស្ស៊ី កំពុងបារម្ភ​ខ្លាច​ថា មហិច្ឆតា​ធ្វើសង្រ្គាម​របស់​លោកពូទីន នៅអ៊ុយក្រែន នឹង​អាច​ទៅ​បង្ក​ផ្ទុះ​សង្រ្គាម​ធំបាន។

រុស្ស៊ី​របស់​លោកពូទីន​បាន​ប្រកាសសាជាថ្មី រុស្ស៊ី នឹង​ប្រើគ្រប់​មធ្យោបាយ ដែលនៅ​ក្នុងនោះ មានផងដែរ ការប្រើអាវុធនុយក្លេអ៊ែរ ដើម្បី​ការពារ​ដែនដី​អ៊ុយក្រែន ដែលត្រូវ​កាត់បញ្ចូល​មកជា​ទឹកដី​របស់​រុស្ស៊ី។

នៅក្នុង​ការថ្លែងកាលពី​ថ្ងៃ​សុក្រ ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន​និយាយ​ថា អាមេរិក និង​សម្ព័ន្ធមិត្ត​មិន​ចុះចាញ់​ពាក្យសម្លុត​របស់​លោក​ពូទីន និង​ថា អូតង់​នឹង​ការពារ​ដែនដី​របស់ខ្លួន មិនឲ្យបាត់បង់ សូម្បី ១សង់ទីម៉ែត្រ។ ទីប្រឹក្សា​សន្តិសុខ​របស់ប្រធានាធិបតីអាមេរិក លោក​Jack Sullivan បាន​អះអាងដែរថា កងទ័ពអាមេរិក​នៅអឺរ៉ុប ត្រៀមខ្លួន​ទប់ទល់​រាល់គ្រប់ហេតុការណ៍។

ដោយ​លើកឡើង​ពី​ជំនួយថ្មី ១២ពាន់​លាន​ដុល្លារ ដែល​ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​អនុម័ត​កាលពីថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​អាមេរិក​បាន​ប្រកាស​សន្យា​បន្ត​ផ្តល់ជំនួយ​យោធា ដើម្បី​ឲ្យអ៊ុយក្រែន​នៅបន្តប្រយុទ្ធ​ការពារ​ខ្លួន​តទៅទៀត។

លោកចូ បៃដិន​នៅបាន​និយាយ​ចាត់ទុក ពិធីបុណ្យ​អបអរ​របស់​រុស្ស៊ី ក្នុងការដាក់បញ្ចូលជាផ្លូវការ​ដែនដី​របស់​អ៊ុយក្រែន ទៅក្នុង​ទឹកដី​រុស្ស៊ី ថា ជា​ឆាកល្ខោន និង​ជា​ការឆ្លុះបញ្ចាំង​ពីការលំបាក​របស់​កងទ័ព​រុស្ស៊ីក្នុងសមរភូមិ។

លោកពូទីន​ប្រាប់​ឲ្យ​អ៊ុយក្រែនទម្លាក់អាវុធចុះចាញ់ និង​ចូលតុចរចា

ក្រោយ​ចុះហត្ថលេខា​លើ​ក្រឹត្យ​ដាក់បញ្ចូលទឹកដី​ទាំង​៤​របស់​អ៊ុយក្រែន កាលពីថ្ងៃ​ម្សិលមិញ ប្រធានាធិបតី​រុស្ស៊ី​បាននិយាយប្រាប់​ឲ្យអ៊ុយក្រែន ទម្លាក់អាវុធ និង​ត្រលប់ចូលតុចរចា។ អ្វីដែលគេ​ដឹង លឺច្បាស់​ពី​មាត់​របស់​លោក​ពូទីន គឺ​រុស្ស៊ី​នឹង​មិន​ចរចា ពី​តំបន់​ទាំង​៤​របស់​អ៊ុយក្រែន ដែល​ត្រូវបានចាត់ចូល ជា​ផ្លូវការ​ក្នុងដែនដី​របស់​រុស្ស៊ី។

តាម​លោកពូទីន ទឹកដីទាំង​៤​របស់​អ៊ុយក្រែន​ទាំង ៤ បាន​ក្លាយជាដែនដី​របស់​រុស្ស៊ី​រួចហើយនោះ នឹងស្ថិតនៅ​ជា​ដែនដី​របស់​រុស្ស៊ី ជា​រៀងរហូត​ដោយ​គ្មាន ការប្រែប្រួល សើរើ​អ្វីទាំងអស់។

ដោយវាយដណ្តើមយកបាន ហើយនិងប្រកាសដាក់បញ្ចូល​ទឹកដីទាំង​៤​របស់​អ៊ុយក្រែន បន្ថែមទៀត យ៉ាងដូច្នេះ រុស្ស៊ី របស់​លោកពូទីន​សង្ឃឹមថា ខ្លួន មាន​ទឹកមាត់ប្រៃ​ដើម្បី​ចរចា ដាក់​សម្ពាធ​លើ​អ៊ុយក្រែន។ ក្នុងករណី​ថា អ៊ុយក្រែន យល់ព្រម​ចរចា ដើម្បី​បញ្ឈប់សង្រ្គាម នៅពេលនេះ រុស្ស៊ី ចំណេញច្រើន សង្រ្គាមពង្រីកទឹកដី ព្រោះថា ទឹកដីរបស់​អ៊ុយក្រែន ដែលរុស្ស៊ី ទើប​កាត់បញ្ចូល ជាផ្លូវការ កាលពីថ្ងៃ​សុក្រ នឹង​ក្លាយជា​ដែនដី​របស់​រុស្ស៊ី ដោយ​គ្មាន​ការប្រកែកបាន។

តើ​អូតង់​នឹង​សម្រេចចិត្ត​យ៉ាងណា?

ប្រធានាធិបតី​អ៊ុយក្រែន លោក​ហ្សេឡេនស្គី​បាន​បដិសេធ​ដាច់អហង្កា មិន​ចរចា​ជាមួយ​លោកពូទីន និង​ថា អ៊ុយក្រែននឹង​ចរចាជាមួយ​ប្រធានាធិបតី​ថ្មី​របស់​រុស្ស៊ី​តែប៉ុណ្ណោះ។ នៅក្រោយ រុស្ស៊ី ប្រកាស​ដាក់បញ្ចូល ជាផ្លូវការ ទឹកដី​អ៊ុយក្រែន​ទៅក្នុង​ទឹកដី​រុស្ស៊ី យ៉ាងដូច្នេះ ប្រធានាធិបតី​អ៊ុយក្រែន​បានប្រកាស​ពន្លឿនដំណើរការ​ដាក់ពាក្យសុំចូល​ជា​សមាជិក​របស់អូតង់។

ការប្រកាស​ដាក់បញ្ចូល​ជាផ្លូវការ ទឹកដី​ចំនួន​៤​របស់​អ៊ុយក្រែន ទៅក្នុងផែនទី​សហព័ន្ធរុស្ស៊ី​អាច​ធ្វើ​ឲ្យ​សង្រ្គាម​អ៊ុយក្រែន ប្រែប្រួល ប៉ុន្តែ សម្រាប់ ភាគី​អ៊ុយក្រែន មហិច្ឆតា​របស់​រុស្ស៊ី មិនបាន​ធ្វើ​ឲ្យ​អ៊ុយក្រែន​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​ធ្វើ​សង្រ្គាម​របស់ខ្លួនឡើយ។ កងទ័ព​អ៊ុយក្រែន​បាន​ប្រកាស​ហើយ​ថា គេ​នៅតែបន្តប្រយុទ្ធ ដើម្បី​វាយដណ្តើម​យក​ទឹកដី​របស់ខ្លួន មកវិញ បើទោះបី​ជា ទឹកដី​ទាំងនោះ ត្រូវ​រុស្ស៊ី​កាត់យក​ធ្វើជា​ដែនដី​របស់ខ្លួន​ក៏ដោយ។

អ៊ុយក្រែន​មិនចុះញ៉ម​នឹង​ការសម្លុត របស់លោកពូទីន ដែល​ទាមទារ​ឲ្យ​អ៊ុយក្រែន ទម្លាក់អាវុធ និង​ត្រលប់​ចូលតុចរចា។ សម្រាប់​អ៊ុយក្រែន ដែលឃើញ រុស្ស៊ី លេបយកទឹកដី របស់ខ្លួន ជាមួយ​សង្រ្គាមឈ្លានពាន អ៊ុយក្រែន​គ្មានអ្វី​ត្រូវមកចរចា​ជាមួយរុស្ស៊ី របស់​លោកពូទីនទៀតនោះទេ។ ប្រឈម​នឹង​ការដាក់សម្ពាធ​របស់​រុស្ស៊ី ប្រធានាធិបតី​អ៊ុយក្រែន បាន​ងាក​ទៅរកជំនួយ ​ពី​សម្ព័ន្ធមិត្ត​លោកខាងលិច ដើម្បី​សុំ​ឲ្យ​ខ្លួន​បានទទួល​ខ្នងបង្អែក​ពីអូតង់។ នៅ​ថ្ងៃ​សុក្រ​ថា ប្រធានាធិបតី អ៊ុយក្រែន បាននិយាយ​ថា អ៊ុយក្រែន​ដាក់ពាក្យ សុំចូលជាសមាជិក​របស់អូតង់ និង​សុំ​ឲ្យអូតង់​ជួយ​ពន្លឿន​ដំណើរការ​ចូលជា​សមាជិក​របស់​អ៊ុយក្រែន​ទៅក្នុងអង្គការ​អូតង់។ ប្រមុខការបរទេស​អាមេរិក ដែលបានធ្វើ​ទស្សនកិច្ច​នៅកាណាដា អះអាងថា អាមេរិក​គាំទ្រ​ឲ្យអ៊ុយក្រែន ចូលជាសមាជិក​របស់អូតង់ ប៉ុន្តែ លោកទទួលស្គាល់ថា ដំណើរការចូលជា​សមាជិក​អូតង់​នឹង​ត្រូវការពេលវេលាយូរ។

អគ្គលេខាធិការ​អង្គការ​អូតង់ក៏មាន​ជំហរដូចគ្នា​នេះដែរ។ សម្រាប់​អគ្គលេខាធិការ​អូតង់ លោក Jen Stoltenberg ​រាល់ប្រទេស​ប្រជាធិបតេយ្យ​នៅអឺរ៉ុប​មាន​សិទ្ធិសុំ​ចូលជា​សមាជិក​របស់អូតង់។ អូតង់​បើកទ្វារជានិច្ច ប៉ុន្តែ ការសម្រេចចិត្តយ៉ាងណា ត្រូវ​អាស្រ័យ​លើ​ការបោះឆ្នោត​ជាឯកច្ឆន្ទ​របស់​ប្រទេស​សមាជិក​ទាំង​៣០​របស់​អូតង់។

អ៊ុយក្រែន ចង់​ចូលជាសមាជិករបស់អូតង់ ដើម្បី​បានអូតង់ជាខ្នងបង្អែក សម្រាប់​ទប់ទល់​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី ប៉ុន្តែ មិនមែនមានន័យថា អូតង់​យល់ព្រមនោះដែរ ព្រោះ​ធ្វើដូច្នេះ គឺ​ប្រៀបដូចជា អូតង់​ត្រូវ​ប្រឈម​មុខ​ធ្វើសង្រ្គាមដោយផ្ទាល់ជាមួយ​រុស្ស៊ី ដែលនឹង​ផ្ទុះចេញទៅជា​សង្រ្គាមលោកទី​៣។

នៅក្នុងដំណាក់កាលនេះ អូតង់ និង អាមេរិក​បដិសេធ​មិន​ប្រលូក​ចូល​ផ្ទាល់​ ក្នុង​សង្រ្គាម អ៊ុយក្រែន ប៉ុន្តែ បាន​ជួយ​ផ្តល់សព្វាវុធ និង​បណ្តុះបណ្តាល​ទាហាន​អ៊ុយក្រែន​ឲ្យ​ប្រយុទ្ធ​ដណ្តើម​ទឹកដី​ពី​រុស្ស៊ីមកវិញ។

នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃ​សុក្រ នៅទីក្រុង​ព្រុចសែល អគ្គលេខាធិការ​អូតង់ លោក Jen Stoltenberg ​ថ្កោលទោស ចាត់ទុក​ការកាត់យកទឹកដី​របស់​អ៊ុយក្រែន ថា ជារឿងខុសច្បាប់ និង​ថា អូតង់​មិន​ទទួលស្គាល់​ទឹកដី​ទាំងនោះជា​ទឹកដី​របស់​រុស្ស៊ី។ តាមប្រមុខអង្គការ​អូតង់ អ៊ុយក្រែន​មាន​សិទ្ធិ​ប្រើកម្លាំង ដើម្បី​វាយដណ្តើម​យកទឹកដី ដែល​រុស្ស៊ី​បាន​ឈ្លានពាន​កាន់កាប់។ ​លោក Jen Stoltenberg នៅបាន​អះអាងថា អូតង់​នឹង​ជួយ​គាំទ្រ ដើម្បី​ឲ្យអ៊ុយក្រែន​រំដោះយក​ទឹកដី​ពី​ដៃ​កងទ័ពរុស្ស៊ីមកវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ