អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

ក្រោយ​ប្រកាស​យកដី​អ៊ុយក្រែន​រួចរាល់​ លោក​ពូទីន​ហៅ​ឲ្យ​​អ៊ុយក្រែន ត្រូវ​ដាក់​អាវុធ​និង​​ចូល​តុចរចា

កាលពីថ្ងៃសុក្រទី​៣០កញ្ញា​ លោក​ប្រធានាធិបតី​ពូទីន បាន​ចុះហត្ថលេខា ប្រកាសជាឱឡាឫក ចាត់បញ្ចូលដែនដីទាំង៤របស់អ៊ុយក្រែន គឺតំបន់​លីហ្កង់ស្ក៍ តំបន់ដូណេតស៍ តំបន់ហ្សាប៉ូរីចា និងតំបន់ឃឺសិន មកក្នុងទឹកដីរបស់​សហព័ន្ធរុស្ស៊ី។ ក្នុង​​ឱកាសនោះ លោកពូទីន ក៏បានប្រកាសហៅឲ្យ​អ៊ុយក្រែន ត្រូវតែទំលាក់អាវុធ ហើយងាកមកចូលតុចរចា។ តែយ៉ាងណា អ៊ុយក្រែន បានឆ្លើយតបថា ដរាបណាលោកពូទីននៅតែដឹកនាំរុស្ស៊ី អ៊ុយក្រែននឹងមិន​ចរចា​ជាដាច់ខាត។

ពីឆ្វេងទៅស្តាំ ៖ មេដឹកនាំតំបន់ឃឺសិន Vladimir Saldo, មេដឹកនាំតំបន់ហ្សាប៉ូរីចា Yevgeny Balitsky, លោក​ប្រធានាធិបតីរុស្ស៊ី Vladimir Putin, មេដឹកនាំ​តំបន់​ដូណេតស៍ Denis Pushilin និង​មេដឹកនាំតំបន់លូហ្កង់ស្ក៍ Leonid Pasechnik ចាប់ដៃគ្នាអបអរ ក្រោយ​ការចុះហត្ថលេខាបញ្ចូលដែនដីទាំង៤ជាទឹកដីសហព័ន្ធរុស្ស៊ី។ វិមានក្រឹមឡាំង ថ្ងៃទី៣០កញ្ញា ២០២២។
ពីឆ្វេងទៅស្តាំ ៖ មេដឹកនាំតំបន់ឃឺសិន Vladimir Saldo, មេដឹកនាំតំបន់ហ្សាប៉ូរីចា Yevgeny Balitsky, លោក​ប្រធានាធិបតីរុស្ស៊ី Vladimir Putin, មេដឹកនាំ​តំបន់​ដូណេតស៍ Denis Pushilin និង​មេដឹកនាំតំបន់លូហ្កង់ស្ក៍ Leonid Pasechnik ចាប់ដៃគ្នាអបអរ ក្រោយ​ការចុះហត្ថលេខាបញ្ចូលដែនដីទាំង៤ជាទឹកដីសហព័ន្ធរុស្ស៊ី។ វិមានក្រឹមឡាំង ថ្ងៃទី៣០កញ្ញា ២០២២។ AP - Grigory Sysoyev
ផ្សាយពាណិជ្ជកម្ម

លោកពូទីន បានថ្លែង​សុន្ទរកថា រយៈពេលជិតមួយម៉ោង នៅវិមានក្រឹមឡាំង ចំពោះមុខ​សមាជិករដ្ឋាភិបាល សមាជិកសភា និងក្រុម​អ្នកមានអំណាចរុស្ស៊ី ព្រមទាំង​តំណាង​សាសនាផង។ ក្រោយចប់សុន្ទរកថា លោកបានចុះហត្ថលេខា លើឯកសារផ្លូវការ ដែលបញ្ចូល តំបន់លូហ្កង់ស្ក៍ តំបន់ដូណេតស៍ តំបន់ហ្សាប៉ូរីចា និងតំបន់ឃឺសិន មកក្នុង​ទឹកដី​នៃ​សហព័ន្ធរុស្ស៊ី។

នៅពេល​​លោកពូទីន ចាប់ដៃជាមួយ​មេដឹកនាំនៃតំបន់ទាំង៤ ហើយ​បានស្រែកបន្ទរព្រមគ្នាថា “រុស្ស៊ី” អ្នកកាសែតនិយាយក្នុង​ទូរទស្សន៍ Rossiya 24 ដែលផ្សាយបន្តផ្ទាល់ផ្តិតយករូបភាពកម្មវិធីនេះ បាននិយាយថា រូបភាពនេះ គឺជារូបភាពចារក្នុងប្រវត្តិសាស្ត្រ របស់រុស្ស៊ី​។

គួរបញ្ជាក់ថា នៅក្នុងខ្លឹមសារនៃសុន្ទរកថា លោក​ពូទីនបានលើកឡើងថា អ៊ុយក្រែនត្រូវតែឈប់ប្រយុទ្ធជាបន្ទាន់ ហើយត្រូវងាក​មកចូល​តុចរចា។ លោកពូទីន បាននិយាយយ៉ាងវែងអន្លាយ ចោទក្រុមប្រទេសលោកខាងលិច ដែលមាន​អាមេរិកជាមេដំបូល​ ថាជាអ្នកដែលចង់អនុវត្ត “ប្រព័ន្ធអាណានិគមសម័យថ្មី” មកលើរុស្ស៊ី​ ក្រោយដែល​​ពេលសហភាពសូវៀត​បាន​ដួលរលំ។ លោកពូទីនអះអាងទៀតថា លោកគ្មានបំណងណាមួយ ចង់ធ្វើឲ្យសហភាពសូវៀត​ រស់ឡើងវិញម្តងទៀត ដូចដែល​ពួកលោកខាងលិចចោទនោះទេ ព្រោះសហភាពសូវៀត បានស្លាប់បាត់ទៅ​ហើយ​។

ក្រោយសុន្ទរកថារបស់​លោកពូទីននេះ លោក​ប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បាន​ថ្លែងសារតាមវីដេអូភ្លាមៗ ថា “ដរាបណា ពូទីននៅតែកាន់អំណាចនៅរុស្ស៊ី គឺអ៊ុយក្រែននឹងមិនចូលតុចរចា ជាមួយរុស្ស៊ីជាដាច់ខាត។ អ៊ុយក្រែននឹងបន្តប្រយុទ្ធ ដើម្បី​ប្រមូលទឹកដី​របស់ខ្លួន ដែលរុស្ស៊ីប្លន់ទៅមកវិញឲ្យ​បាន​ ហើយអ៊ុយក្រែនព្រម​ចរចា នៅពេលណារុស្ស៊ីមាន​ប្រធានាធិបតីថ្មី។ លោកហ្សេឡេនស្គី បាន​ប្រកាស​បញ្ជាក់ថា អ៊ុយក្រែន នឹង​អនុម័តបេក្ខភាពសុំចូលជាសមាជិករបស់អង្គការសម្ព័ន្ធមិត្តអូតង់។

សូមបញ្ជាក់ដែរថា ក្រោយ​ការប្រកាសជាផ្លូវការ បញ្ចូលតំបន់ទាំង៤នៅខាងត្បូង និងខាងកើតអ៊ុយក្រែន ទៅក្នុងទឹកដីរុស្ស៊ីនេះ ប្រតិកម្មបានធ្លាក់ចេញជាបន្តបន្ទាប់ ពី​សហគមន៍អន្តរជាតិ។ សហភាពអឺរ៉ុបបានអះអាងថា គេមិនទទួល​ស្គាល់ជាដាច់ខាត។ ដូចគ្នាដែរលោកប្រធានាធិបតី ចូ បៃដិន និង​លោក​ស្រី លីហ្ស ត្រាស្ស បាន​អះអាងថា គ្មានថ្ងៃជាដាច់ខាត ដែលអាមេរិកនិងអង់គ្លេស ទទួលស្គាល់ដែនដីថ្មី ដែលរុស្ស៊ីបានប្លន់ពីអ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ