អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

មេដឹកនាំ​តំបន់​ផ្តាច់​ទឹក​ដីអ៊ុយក្រែន​ ប្រកាស​ជោគជ័យក្នុង​​ប្រជាមតិ

អាជ្ញាធរ​គ្រប់​គ្រង​ទឹក​ដី​អ៊ុយក្រែន នៅ​ភាគ​ខាង​កើត​និង​ខាង​ត្បូង ដែល​បន្តុប​ដោយ​រុស្ស៊ី បាន​ប្រកាសទទួល​បាន​ជោគជ័យ​ ក្នុង​ប្រជាមតិតំបន់​ កាលពី​ចុង​សប្តាហ៍​។ ប្រជាពលរដ្ឋ​ ​បាន​បោះឆ្នោត​គាំទ្រ​ ការ​ភ្ជាប់​តំបន់​ហ្សាប៉ូរីចា ខឺសិន លូហ្កនស្ក៍ និង​ដូនេតស្ក៍ ទៅ​នឹង​ប្រទេស​រុស្ស៊ី ទទួល​សំឡេង​គាំទ្រ ដ៏​ច្រើន​លើសលុប។ បាន​លទ្ធផល​ហើយ ដំណើរបែប​បទ​ ប្រកាស​បញ្ជូល​ដែន​ដី​​ទាំង​ទៅ​ក្នុង​សហព័ន្ធ​រុស្ស៊ី នឹង​ប្រព្រឹត្ត​ទៅ​យ៉ាង​ឆាប់ៗ​បំផុត។

កម្មករ​អ៊ុយក្រែន លើក​គ្រវី​ទង់ជាតិ​​រុស្ស៊ី លើ​អគារ​មួយ​នៅ Louganskថ្ងៃ​ទី ២៧ កញ្ញា ២០២២
កម្មករ​អ៊ុយក្រែន លើក​គ្រវី​ទង់ជាតិ​​រុស្ស៊ី លើ​អគារ​មួយ​នៅ Louganskថ្ងៃ​ទី ២៧ កញ្ញា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

បរិហារ​ដោយ​ក្រុង​កៀវ និង​ក្រុម​លោក​ខាង​លិច​ ប្រជាមតិ​តំបន់​ចង់​ផ្តាច់​ទឹក​ដី​អ៊ុយក្រែន ​គ្មានអ្វី​ជា​ផ្លូវការ​ទេ។ ប៉ុន្តែ រៀប​ចំ​ដោយ​ម៉ូស្គូ​ ការ​ភ្ជាប់​តំបន់ចំនួន​បួន​ នៅ​​ភាគ​ខាង​កើត និង​ខាង​ត្បូង​អ៊ុយក្រែន​ មក​ក្នុង​សហព័ន្ធរុស្ស៊ី នឹង​មាន​ដំណើរ​បែបបទ​យ៉ាង​​លឿន ដូច​អ្វី​ដែល​ធ្លាប់​កើត​មាន​នៅ​គ្រីមេ កាលពី​ឆ្នាំ​២០១៤។ កាលណោះ​ លោក​ពូទីន បាន​ចុះ​ហត្ថលេខាសន្ធិសញ្ញាក្រសោប​​យក​​​ដី​គ្រីមេ តែ​ពីរ​ថ្ងៃ​ក្រោយ​​ប្រជាមតិ​ និង​មុន​ការ​អនុម័ត​របស់​សភា​រុស្ស៊ី​ទៅ​ទៀត។ សម្រាប់​លើក​នេះ​ សភា​ដូម៉ា​របស់​រុស្ស៊ី នឹង​ធ្វើ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ២៩​កញ្ញា​២០២២ ទទួល​យក​តំបន់​ទាំង​បួន ជា​ដែន​ដី​រុស្ស៊ី ជា​ផ្លូវការ​ ដោយ​មាន​ពិធី​អបអរ​ ប្រគុំ​តន្ត្រី​និង​បាញ់​កាំជ្រួច​ នៅ​យប់​ថ្ងៃសុក្រ​ផង នៅ​ទីក្រុង​មូស្គូ។

នា​ឱកាស​បុណ្យ​ជាតិ​នោះ លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាដេមៀ ពូទីន ទំនង​ជា​អាច​នឹង​ថ្លែង​សុរន្ទរកថា​ ប្រកាស​បញ្ចូល​ដែនដី​នេះ​ទៅក្នុង​សហព័ន្ធ​រុស្ស៊ី​ផង។​ ​បើ​តាម​​អ្នក​សង្កេត​ការណ៍​ លោក​ពូទីន នឹង​បង្ហាញ​គោល​នយោបា​យ​ធំៗ ពិសេស​​បង្ហាញ​អំពី​បន្ទាត់​ព្រំដែនរុស្ស៊ីថ្មី​ ថា​ស្ថិត​នៅ​ត្រឹម​​​ដែន​ដី​អ៊ុយក្រែន​ដែល​កំពុង​គ្រប់គ្រង​ដោយ​យោធារុស្ស៊ី​បច្ចុប្បន្ន ឬ​ប្រកាសកាត់​យក​តំបន់​ ដូនេតស្ក៍​ និង​​លូហ្កនស្ក៍ ទាំង​មូល​តែ​ម្តង បើ​ទោះ​បី​តំបន់​នេះ​មួយ​ភាគ​ស្ថិត​ក្រោម​កា​រ​គ្រប់គ្រង​របស់​អ៊ុយក្រែន​ក៏​ដោយ។

ជា​​ប្រតិកម្ម ប្រធានាធិបតី​អ៊ុយក្រែន បាន​​អះអាង​ភ្លាម​តាម​ប្រព័ន្ធ​សង្គម​​តេឡេក្រាម កាលពី​ល្ងាច​ថ្ងៃអង្គារ​ទី ២៧​កញ្ញា​២០២២ ថា នឹង​ការពារ​ប្រជាជន​អ៊ុយក្រែន ក្នុង​តំបន់​គ្រប់គ្រង​ដោយ​យោធារុស្ស៊ី​ក្នុងពេល​​បច្ចុប្បន្នផង និង​ តំបន់​គ្រីមេផង។ ហើយ​អ៊ុយក្រែន​មិន​អាច​ចូល​ចរចា​ជាមួយ​រុស្ស៊ី​បាន​ទេ ក្រោយ​ការ​លេប​យក​ដី តាម​រយៈ​ប្រជាមតិ​បែប​នេះ។ នេះ​ជា​សារ​របស់​លោក​ ហ្សេឡេនស្គី ទៅកាន់​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ក្នុង​ជំនួប​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ ម្សិលមិញ​នេះ អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​កិច្ចការ​នយោបាយ​ ប្រកាសគាំទ្រ​បូរណភាព​ដែន​ដី​ទាំងមូល​របស់​អ៊ុយក្រែន ដែល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ។ ចំណែក​ក្រុមG7 បាន​ប្តេជ្ញា​ជា​ថ្មី​មិន​ទទួល​ស្គាល់​លទ្ធផល​ប្រជាមតិ​របស់រុស្ស៊ី​ទេ ហើយ​វ៉ាស៊ីនតោន​សន្យា​តបតវិញ​ដោយ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​។ ពី​អង្គការ​សហប្រជាជាតិ ឯកអគ្គរដ្ឋ​ទូត​ចិន បាន​អំពាវនាវ​ឱ្យ​​មាន​ការ​គោរព​បូរណភាព​ដែន​ដី​គ្រប់​ប្រទេស​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ