អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រុស្ស៊ីប្រឈមសាជាថ្មី​នឹង​​សេចក្តីសម្រេច​របស់អ.ស.ប.ទាក់ទង​នឹងការកាត់យកទឹកដីអ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំងពី​ថ្ងៃ​ចន្ទ ទី​១០​តុលា មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ ដើម្បី​ជជែក​ពី ការកាត់យកទឹកដី​អ៊ុយក្រែន ចំនួន ៤​បន្ថែមទៀត​ពីសំណាក់រុស្ស៊ី។ មហាសន្និបាត​អង្គការ​សហប្រជាជាតិ​រៀបចំ​កិច្ចប្រជុំ​វិសាមញ្ញ នៅ​សប្តាហ៍នេះ បន្ទាប់ពី ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បរាជ័យ មិនអាច​បោះឆ្នោត ចេញសេចក្តី​សម្រេច​ថ្កោលទោស រុស្ស៊ី ចំពោះ​ការកាត់យកទឹកដី​អ៊ុយក្រែន កាលពីដើមខែតុលា។ ម្យ៉ាងវាធ្វើឡើង​នៅចំថ្ងៃ​ដែល​រុស្ស៊ី​បានបាញ់មីស៊ីលយ៉ាង​សន្ធប់​ទៅលើ​ទីក្រុង​ធំៗ​របស់​អ៊ុយក្រែន ដោយ​បាន​សម្លាប់​ប្រជាជន​ស៊ីវិល​យ៉ាងតិច ១១នាក់​និង​របួស​ជិត ១០០នាក់។

មហាសន្និបាតអង្គការ​សហប្រជាជាតិលើកទី ៧៧ កាលពីថ្ងៃទី ២៦​កញ្ញា ២០២២
មហាសន្និបាតអង្គការ​សហប្រជាជាតិលើកទី ៧៧ កាលពីថ្ងៃទី ២៦​កញ្ញា ២០២២ REUTERS - EDUARDO MUNOZ
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ថ្ងៃ​ចន្ទ មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅទីក្រុង​ញូវយ៉ក ចាប់​ជជែកគ្នា ពី​សេចក្តីសម្រេច​ថ្កោលទោស​ការកាត់យកទឹកដី​អ៊ុយក្រែន ចំនួន​៤បន្ថែមទៀត ពីសំណាក់​រុស្ស៊ី នៅបន្ទាប់ពី រុស្ស៊ី​លើកដៃ​វេតូ ប្រឆាំង​មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ចេញសេចក្តីសម្រេច ថ្កោលទោស​រុស្ស៊ី ពីរឿងនេះ កាលពី​ចុងខែ​កញ្ញា។

នៅ​ទីក្រុង​ញូវយ៉ក បន្ទាប់ពីការជជែក នៅថ្ងៃ​ចន្ទ និង​ថ្ងៃអង្គារ ប្រទេស​សមាជិក​ចំនួន ១៩៣​របស់​អង្គការ​សហប្រជាជាតិ​គ្រោង​នឹង​បោះឆ្នោត នៅថ្ងៃពុធទី ១២ តុលា​លើ​សេចក្តីសម្រេច​ដែល​អ៊ុយក្រែន​ជាអ្នកដាក់​ឲ្យ​គេ​ពិភាក្សា នៅ​មហាសន្និបាត។

សេចក្តីសម្រេច​ដែលចងក្រង​ឡើង​ដោយ​សហភាពអឺរ៉ុប មាន​ចែង​ពីការថ្កោលទោស​លើ​ការកាត់យក​ដោយ​ខុសច្បាប់ ទឹកដី តំបន់​ចំនួន​៤​របស់​អ៊ុយក្រែន ក្រោម​លេស បោះឆ្នោត​ប្រជាមតិ​របស់​រុស្ស៊ី។ សេចក្តីសម្រេចខាងលើ​បាន​ចាត់ទុក​សកម្មភាព​កាត់យក​ទឹកដី​អ៊ុយក្រែន ពីសំណាក់​រុស្ស៊ី ថា ជា​ការផ្ទុយនឹង​ច្បាប់​អន្តរជាតិ។ ដូច្នេះ គ្មាន​អ្នកណាម្នាក់ ត្រូវ​ទទួលស្គាល់ ទឹកដី​ទាំង​៤ របស់អ៊ុយក្រែនដែលរុស្ស៊ី​ទើបកាត់យកថ្មីៗនេះ ថា ជាទឹកដី​របស់​រុស្ស៊ីនោះទេ។ ជាចុងក្រោយ សេចក្តីសម្រេច​ដែល​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​គ្រោងបោះឆ្នោត នៅថ្ងៃ​ស្អែក បានអំពាវនាវ​ផងដែរ​ឲ្យ​រុស្ស៊ី ដកទ័ពជាបន្ទាន់​ពីអ៊ុយក្រែន។

ការអំពាវនាវឲ្យ​រុស្ស៊ី​ដកទ័ព ធ្លាប់​មាន​នៅក្នុង​សេចក្តីសម្រេចលើកទី ១ដែល​មហាសន្និបាត​អង្គការ​សហប្រជាជាតិ បានបោះឆ្នោត អនុម័តកាលពីថ្ងៃទី ២​មីនា ពោល​គឺនៅប៉ុន្មានថ្ងៃ​ក្រោយ​រុស្ស៊ី បើកធ្វើ​សង្រ្គាម​អ៊ុយក្រែន។

សេចក្តីសម្រេចលើកទី​៤​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ទាក់ទង​នឹង​សង្រ្គាមរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

នៅឆ្នាំ ២០១៤ មហាសន្និបាត​អង្គការ​សហប្រជាជាតិ ចេញសេចក្តីសម្រេច​ថ្កោលទោស​ការកាត់យក​ទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន​ពីសំណាក់​រុស្ស៊ី។ ដូចករណី​គ្រីមេ សេចក្តីសម្រេច​លើកទី ៤ របស់មហាសន្និបាតអង្គការ​សហប្រជាជាតិ​គ្រាន់តែ​ថ្កោលទោស​ការកាត់យក​ទឹកដី​ចំនួន​៤ទៀត របស់​អ៊ុយក្រែន​ ពីសំណាក់​រុស្ស៊ី​ ប៉ុន្តែ គ្មាន​លក្ខណៈ​បង្ខំ​ឲ្យ​រុស្ស៊ី​ឈប់​ធ្វើ​សង្រ្គាម ឬ​ប្រគល់​ទឹកដីទាំង​៤​មក​ឲ្យ​អ៊ុយក្រែន។

យ៉ាងណាក៏ដោយ សេចក្តីសម្រេចរបស់​មហាសន្និបាត អង្គការ​សហប្រជាជាតិ ជា​សារ​បញ្ជាក់ថា មាន​ប្រទេស​ច្រើន នៅក្នុង​ពិភពលោក​ដែលមិន​យល់ស្រប​ឲ្យ​រុស្ស៊ី កាត់លេបយកទឹកដី​អ៊ុយក្រែន។ សម្រាប់​ក្រុមប្រទេស​លោកខាងលិច និង​អ៊ុយក្រែន គោលដៅ​សំខាន់​របស់ពួកគេ គឺ​ចង់​ឲ្យ​រុស្ស៊ី រឹតតែ​ឯកោ គ្មានអ្នកណារាប់រក នៅក្នុង​ឆាកអន្តរជាតិ។

អ៊ុយក្រែនផ្ទាល់​បានបើក​យុទ្ធនាការ​ការទូត​សម្បើមណាស់ ជាពិសេស នៅ​ទឹកដីអាហ្វ្រិក ដើម្បី​បញ្ចុះបញ្ចូល បណ្តាប្រទេស​ដែលធ្លាប់​បោះឆ្នោត​អនុប្បវាទ និង​ប្រទេស​ដែល​មិនចូលរួម​បោះឆ្នោត នៅក្នុងសេចក្តីសម្រេច​មុនៗ ឲ្យទៅបោះឆ្នោត គាំទ្រ​សេចក្តីសម្រេច​ថ្កោលទោស ​ការកាត់យក​ទឹកដីអ៊ុយក្រែន​ពីសំណាក់​រុស្ស៊ី​លើកនេះ។ អ៊ុយក្រែន ត្រូវ​តែ​ខំប្រឹងប្រែង​ស្វែងរក​សំឡេងគាំទ្រ ព្រោះថា ការបោះឆ្នោត របស់​មហាសន្និបាត កន្លងមក ទាក់ទង​នឹងវិបត្តិអ៊ុយក្រែន បង្ហាញថា សំឡេង​គាំទ្រ​សេចក្តីសម្រេច​បានធ្លាក់​ថយចុះ​បន្តិចម្តងៗ ចំនួន ពី​១៤១ មកនៅ​៩៣។ អ្នកទទួលខុសត្រូវ​អឺរ៉ុប​ម្នាក់ព្យាករថា សំឡេង​គាំទ្រ​សេចក្តីសម្រេច របស់​មហាសន្និបាត​នឹង​មាន​ក្នុងចន្លោះ ១០០ និង​១៤០។ សម្រាប់អ្នកជំនាញ ក្រុមប្រទេស​កំពុងអភិវឌ្ឍ​មួយចំនួន ដែល​មិនសប្បាយចិត្ត​នឹង​ក្រុមប្រទេស​លោកខាងលិច ពីរឿង​ដែល​ផ្តោតសំខាន់តែ​ទៅលើបញ្ហា អ៊ុយក្រែន និង​ភ្លេច​អស់ហើយ បញ្ហា​នៅកន្លែងផ្សេង ជាពិសេស រឿង​វិបត្តិថាមពលឡើងថ្លៃ ទំនង​ជា​នឹង​បោះឆ្នោត អនុប្បវាទ ឬ​មិនចូលរួម​ក្នុងការបោះឆ្នោត​តែម្តង។ ការណ៍នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​លោកខាងលិច មិនអាច​សម្រេច​គោលដៅ​ដើម្បី ធ្វើឲ្យ​រុស្ស៊ី ឯកោ។

ប៉ុន្តែ អ្នកជំនាញ​ខ្លះទៀត វាយតម្លៃថា ហេតុការណ៍​បាញ់មីស៊ីល​របស់​រុស្ស៊ី សំដៅ ទីក្រុង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​សម្លាប់​ប្រជាជន​ស៊ីវិល​អ៊ុយក្រែន កាលពី​ថ្ងៃ​ចន្ទ ដែល​សូម្បី អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ក៏ចេញមុខ​ថ្កោលទោស នឹង​អាច​ចាត់ទុក​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម ទំនងជានឹង​មានប្រទេស​ច្រើន ដែលនឹង​លែង​ឈរ​នៅ​ខាងរុស្ស៊ី ដែលកាន់តែ​សាហាវ ឃោឃៅនៅក្នុង​សង្រ្គាមឈ្លានពាន​អ៊ុយក្រែន។

ប្រទេស​មហាអំណាច​ឧស្សាហកម្ម G7​ជួបប្រជុំ​បន្ទាន់ នៅក្រោយ​រុស្ស៊ី​បាញ់មីស៊ីល​បំផ្លាញទីក្រុងកៀវ

ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម G7 បើកកិច្ចប្រជុំបន្ទាន់ នៅ​បន្ទាប់ពី រុស្ស៊ី​បើកការវាយប្រហារ បាញ់​មីស៊ីល បំផ្លាញ ទីក្រុង​ធំៗ​របស់​អ៊ុយក្រែន ដូចជា​រដ្ឋធានី កៀវ ដើម្បី​ជាការសងសឹក​នឹង​ការបំផ្ទុះបំផ្លាញ ស្ពានគ្រីមេ ដែលលោកពូទីន​ចោទទម្លាក់កំហុស ថា ជា​សកម្មភាពភេរវកម្ម​របស់​អ៊ុយក្រែន។

នៅក្នុង​កិច្ចប្រជុំ​G 7 ដែលផ្តួចផ្តើមគំនិត​ដោយ​នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រីលីស្ហ ត្រាស្ហ ប្រធានាធិបតី​អ៊ុយក្រែន លោក​ហ្សេឡេនស្គី នឹង​មានវត្តមាន នៅ​ក្នុង​កិច្ចប្រជុំ​តាម​វីដេអូ​នៅថ្ងៃអង្គារដែរ។

នៅមុន​ការសម្រេច​រួម​របស់​ក្រុមប្រទេស​G7 ដើម្បីចាត់វិធានការ នៅក្រោយ ការវាយប្រហារ​មីស៊ីល​ទៅលើ​ទីក្រុង​អ៊ុយក្រែន ប្រទេស​សមាជិកមួយៗ​របស់​G7 កាលពីថ្ងៃ​ចន្ទ បាន​ប្រកាស​ជំនួយ ឥតចុះថយ​សម្រាប់​អ៊ុយក្រែន។

នៅក្រោយ​ប្រធានាធិបតី អាមេរិកនិយាយ​ទូរស័ព្ទជាមួយ ប្រធានាធិបតី​អ៊ុយក្រែន នៅក្រោយ​ទីក្រុង​កៀវ​រងការវាយប្រហារ​មីស៊ីល នៅថ្ងៃ ចន្ទ សេតវិមាន​ប្រកាស​ថា នឹង​បញ្ជូន​ប្រព័ន្ធខែលមីស៊ីល​បន្ថែមទៀត ទៅ​អ៊ុយក្រែន។ អាល្លឺម៉ង់​ដែលជា​សមាជិក​G7 ក៏​ប្រកាស​បញ្ជូន​ប្រព័ន្ធប្រឆាំង​មីស៊ីលទៅជួយ​អ៊ុយក្រែនដែរ។ សម្រាប់​នាយករដ្ឋមន្រ្តី​អង់គ្លេស គេ​មិនត្រូវចុះញ៉ម បាក់ស្បាត ដោយសារ​ការវាយប្រហារ​មីស៊ីល​របស់​រុស្ស៊ី កាលពី​ថ្ងៃ​ចន្ទ។ គេ​ត្រូវបន្ត​ជួយ​អ៊ុយក្រែន ដើម្បី​យកឈ្នះ​លើ​រុស្ស៊ីវិញ។

មន្រ្តីស៊ើបការណ៍សម្ងាត់អង់គ្លេសម្នាក់​បាន​និយាយ​ថា បើសិន​រុស្ស៊ី នៅបន្ត វាយប្រហារ​បាញ់​មីស៊ីល ដូច​កាលពីថ្ងៃ​ចន្ទ នោះ មិនយូរទេ រុស្ស៊ី នឹងអស់​សព្វាវុធពីក្នុងឃ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ