អានតួអត្ថបទ
ផ្ទុះលើស្ពានគ្រីមេ

រុស្ស៊ីពង្រឹងសន្តិសុខ​លើស្ពានគ្រីមេ នៅមួយថ្ងៃក្រោយ​ហេតុការណ៍​បំផ្ទុះរថយន្តនៅលើស្ពាន

ស្ពានគ្រីមេ ​បាន​ចាប់បើកដំណើរការឡើងវិញ តាំងពីថ្ងៃ​សៅរ៍ នៅប៉ុន្មានម៉ោង​ក្រោយ​ហេតុការណ៍​បំផ្ទុះរថយន្ត ដែលបាន​សម្លាប់មនុស្ស​៣នាក់ និង​បាន​បំផ្លាញស្ពានអស់មួយភាគ។ តាម​ទីភ្នាក់ងារព័ត៌មាន​រុស្ស៊ី ដោយបញ្ជាឲ្យ​បើកការស៊ើបអង្កេតបន្ទាន់ លោក​ពូទីនបានបញ្ជាផងដែរ​ឲ្យក្រុមភ្នាក់ងារ​សន្តិសុខសហព័ន្ធ ដែលជា​ក្រុមភ្នាក់ងារសម្ងាត់​រុស្ស៊ីទទួលបន្ទុក​​ធានា​សុវត្ថិភាព​ស្ពានគ្រីមេដែលជា​ហេដ្ឋារចនាស​ម្ព័ន្ធគន្លឹះ និង​និមិត្តរូបនៃ​ការកាត់យកទឹកដីអ៊ុយក្រែន​ពីសំណាក់​រុស្ស៊ី។

រូបភាពផ្កាយរណប​បង្ហាញ​ស្ពានគ្រីមេដែល​មួយផ្នែក​បាក់ធ្លាក់​ទៅក្នុង​ទឹកសមុទ្រ​ដោយ​សារកម្លាំងផ្ទុះរថយន្តធុនធ្ងន់ កាលពីថ្ងៃសៅរ៍ទី ៨តុលា ២០២២
រូបភាពផ្កាយរណប​បង្ហាញ​ស្ពានគ្រីមេដែល​មួយផ្នែក​បាក់ធ្លាក់​ទៅក្នុង​ទឹកសមុទ្រ​ដោយ​សារកម្លាំងផ្ទុះរថយន្តធុនធ្ងន់ កាលពីថ្ងៃសៅរ៍ទី ៨តុលា ២០២២ AP
ផ្សាយពាណិជ្ជកម្ម

ចរាចរណ៍​រថយន្ត និង​រទេះភ្លើង​នៅលើ​ស្ពាន​គ្រីមេ​បាន​ចាប់ដំណើរការ​ធម្មតា​ឡើងវិញ នៅ​រសៀលថ្ងៃ​សៅរ៍ ដោយអាជ្ញាធរ​សម្រេចបិទតែស្ពានផ្លូវរថយន្តដែលរងខូចខាតមួយផ្នែកនិង​ បាក់ធ្លាក់ចូល​សមុទ្រ ដោយ​​​សារ​កម្លាំងបំផ្ទុះរថយន្ត។

រូបភាពវីដេអូ​របស់​កាំម៉េរ៉ាសន្តិសុខ​ដែលគេឃើញបង្ហោះផ្សាយ​នៅលើ​បណ្តាញ​សង្គម​បាន​បង្ហាញ​កម្លាំង​ផ្ទុះមហាសាល​នៅលើ​ស្ពានគ្រីមេ នៅព្រឹកព្រលឹមថ្ងៃ​សៅរ៍ នៅពេល​រថយន្តតូចធំ​កំពុងបើកឆ្លងទៅមករវាង​ដែនដីរុស្ស៊ី និងទៀបកោះគ្រីមេ ដែលរុស្ស៊ីបានកាត់យក​ពី​អ៊ុយក្រែននៅ​ឆ្នាំ ២០១៤។ តាម​ក្រុមស៊ើបអង្កេត កម្លាំងផ្ទុះរបស់​រថយន្តធុនធ្ងន់មួយគ្រឿងបាន​ទៅ​រាលដាលឆេះ​ស៊ីទែនប្រេង​នៅលើ​ផ្លូវរទេះភ្លើងក្បែរនោះ។ មនុស្ស​៣នាក់​បាន​ស្លាប់ ដោយ​១នាក់ ជា​ម្ចាស់បើករថយន្តធុនធ្ងន់ ចំណែក​២នាក់ទៀត​ជាអ្នកបើកនិងអ្នកធ្វើដំណើរ​នៅក្នុងរថយន្តធុនតូច ដែលបើកជិត​រថយន្តកំពុងផ្ទុះ។

នៅក្រោយ​ហេតុការណ៍ផ្ទុះបំផ្លាញ​ស្ពានគ្រីមេ​ដែលជាច្រក​សំខាន់របស់​រុស្ស៊ីសម្រាប់​ការដឹកជញ្ជូន​ទ័ព និង​សព្វាវុធ ទៅធ្វើ​សង្រ្គាម​នៅអ៊ុយក្រែន រុស្ស៊ី​មិនបាននិយាយ​ចោទប្រកាន់​អ៊ុយក្រែន ហើយ​ភាគីអ៊ុយក្រែន​ក៏មិនបាន​ចេញមុខ​ទទួលខុសត្រូវ​ថា ហេតុការណ៍​បំផ្ទុះបំផ្លាញស្ពាន​គ្រីមេ​ជា​ស្នាដែរបស់ខ្លួនដែរ។

ខណៈពេលដែល​រុស្ស៊ី​កំពុង​រង់ចាំ​លទ្ធផល​ស៊ើបអង្កេត មុនការសន្និដ្ឋាន​យ៉ាងណានោះ វិមានប្រធានាធិបតី​អ៊ុយក្រែន​ចេញផ្សាយ​សេចក្តីប្រកាសព័ត៌មាន​របស់​ទីប្រឹក្សា​សន្តិសុខ​របស់​លោកហ្សេឡេនស្គី ដែលលើកឡើងថា ហេតុការណ៍បំផ្ទុះរថយន្តនៅលើស្ពានគ្រីមេកើតចេញមកពី​ជម្លោះផ្ទៃក្នុង​រវាង​កងទ័ពរុស្ស៊ី និងក្រុមភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់រុស្ស៊ី។ តាម​ទីប្រឹក្សា​សន្តិសុខ​ជាតិអ៊ុយក្រែន រថយន្តដែលផ្ទុះឆេះ​នៅលើ​ស្ពានគ្រីមេ​មានប្រភពចេញមកពី​ដែនដី​រុស្ស៊ី។ ដូច្នេះ គឺ​នៅ​ក្នុង​ទឹកដី​រុស្ស៊ី ដែលគេត្រូវផ្តោតតាមដានស៊ើបអង្កេត។

​គណៈកម្មាធិការ​ស៊ើបអង្កេតរុស្ស៊ី​បានអះអាង​ថា គេ​បាន​កំណត់អត្តសញ្ញាណ​របស់​ម្ចាស់រថយន្តធុនធ្ងន់ ដែលជា​ប្រជាជន​រស់នៅ​ភាគខាងត្បូង​រុស្ស៊ី និងថា គេ​កំពុងចុះឆែកឆេ​ផ្ទះរបស់​ជនសង្ស័យខាងលើ។ ​

តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Ria Novsti ​​​ឧបនាយករដ្ឋមន្រ្តី​រុស្ស៊ី លោក​Marat Khousnoullineបានបញ្ជា​ឲ្យ​គេ​ស្រង់បំណែក​របស់​ស្ពានចេញ​ពីទឹកជាបន្ទាន់ ក្នុងពេល​ដែល​ក្រុមជំនាញមុជក្រោមទឹក​ចាប់សិក្សា​ពីទំហំខូចខាត​របស់​ស្ពាន នៅព្រឹកថ្ងៃអាទិត្យ។ ដោយអះអាង​ពីសមត្ថភាពបច្ចេកទេសនាំមុខ​របស់​រុស្ស៊ី ឧបនាយករដ្ឋមន្រ្តី​រុស្ស៊ី​បញ្ជាក់​ថា ស្ពានគ្រីមេ​នឹង​ត្រូវ​ជួសជុល ហើយនឹងអាច​ដំណើរការពេញលេញ​ឡើងវិញនាពេលឆាប់ៗ​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ