អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការសិក្សា ៖ ការ​ឡើ​ងកម្តៅអាកាសធាតុ​ នឹង​ធ្វើ​ឱ្យ​លេច​មេរោគ​ថ្មីៗ​មកពី​តំបន់​អាកទិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ឡើង​កម្តៅអាកាសធាតុ មិន​ត្រឹម​តែ​បង្ក​ឱ្យ​មាន​មហន្តរាយ​ធម្មជាតិ និង​ជំរុញ​ឱ្យ​មនុស្ស​ព្រមទាំង​​កុមារ​រាប់​លាន​នាក់​បន្ថែម​ទៀត​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​ទេ តែ​ថែម​ទាំង​អាច​ធ្វើ​ឱ្យ​លេចឡើង​នូវ​​​មេរោគថ្មីៗ ចេញ​ពី​ការ​រលាយ​ទឹកកក​នៅ​តំបន់​អាកទិក ​ឱ្យ​ហៀមកចម្លង​មនុស្ស​សត្វ​រុក្ខជាតិ​មាន​ជីវិត​ផ្សេងៗ​ទៀត​។ នេះ​​បើ​តាម​ការ​សិក្សា​របស់​កាណាដា​ចេញ​ផ្សាយ​នៅថ្ងៃពុធ​ទី ១៩​តុលា​២០២២ ដែល​បញ្ជាក់​ថា​រហូត​មក​ទល់​ពេល​នេះ វីរុសកកជាប់​​ក្នុងជម្រៅ​​ផ្ទាំង​ទឹកកកទេ។

ការ​ឡើ​ងកម្តៅអាកាសធាតុ​ នឹង​ធ្វើ​ឱ្យ​លេច​មេរោគ​ថ្មីៗ​មកពី​ការ​រលាយ​ទឹក​កក​នៅ​តំបន់​អាកទិក
ការ​ឡើ​ងកម្តៅអាកាសធាតុ​ នឹង​ធ្វើ​ឱ្យ​លេច​មេរោគ​ថ្មីៗ​មកពី​ការ​រលាយ​ទឹក​កក​នៅ​តំបន់​អាកទិក Peter Adams/Getty Images
ផ្សាយពាណិជ្ជកម្ម

ការ​ប្រែប្រួល​អាកាសធាតុ អាច​នឹង​ដាស់​​មេរោគដែល​ស្ថិត​នៅកប់ក្នុងជម្រៅ​​ផ្ទាំង​ទឹកកក មិន​ដឹង​តាំងពី​ពេល​ណាមក​រហូត​មក​ទល់​នឹង​ពេល​នេះ ​ឱ្យ​រស់​ឡើង​វិញ។ បើ​ទឹកកក​តំបន់​អាកទិក​រលាយ នោះ​មេរោគ​នឹង​លេច​ឡើង​មក​​ជួប​ចម្លងសត្វ​ មនុស្ស​ រុក្ខជាតិ ក្នុង​បរិស្ថាន​និង​ គ្មាន​ភាព​ស៊ាំ​នឹង​មេរោគ​តំបន់​អាកទិក​បាន​។ មេរោគ-វីរុស តែង​​ត្រូវការសរីរាង្គ​មាន​ជីវិត​ (ដូច​ជា​​ មនុស្ស សត្វ រុក្ខជាតិ​​) ដើម្បី​ពង្រីក​ខ្លួន​និង​ធ្វើ​ការ​ចម្លង ជា​ពិសេស​សរីរាង្គ​ថ្មី​ដែល​គ្មាន​ភាព​ស៊ាំ​។ ឧទាហរណ៍​ជាក់ស្តែង មេរោគ​កូវីដ​១៩ បាន​ចម្លងរីករាលដាល ក្លាយ​ជា​ជំងឺ​រាតត្បាត​សកល​ ដោយ​ហេតុតែមនុស្ស​យើង​គ្មាន​ភាព​ស៊ាំនឹង​វា​សោះ​ពី​ដំបូង។

ហេតុ​ដូច្នេះ​ហើយ​​បាន​ជា​អ្នក​ស្រាវជ្រាវ​កាណាដា បាន​នាំ​គ្នា​ធ្វើ​ការ​សិក្សា​ដើម្បី​ចង់​ដឹង​ថា តើ​ការ​ប្រែប្រួល​អាកាសធាតុ ដែល​ធ្វើ​ឱ្យ​តំបន់​ប៉ូល​អាកទិក​ឡើង​កម្តៅ​យ៉ាង​លឿន​ដល់​ទៅ​បួន​ដង​​លើស​តំបន់​ផ្សេង​ទៀត​នៃភពផែនដី  អាច​សម្រួល​សេណារីយ៉ូ​រលាយទឹកកក​លេច​មេរោគ​ថ្មីៗ អ្វី​ខ្លះ នៅ​តំបន់​បឹង​ទឹកកក​ Hazen ដែល​ស្ថិត​នៅភាគ​ខាង​ជើង​បំផុត នៃ​ប្រទេស​កាណាដា និង​ដែល​ជា​បឹង​ទឹក​សាប​ដ៏​ធំ​ជាង​គេ​នៅ​តំបន់​ប៉ូល​អាកទិក ? ​តើ​មេរោគ​ក្នុង​ផ្ទាំង​ទឹកកក​អាកទិក​ នឹង​មាន​ដំណើរ​វិវឌ្ឍ​ដូច​មេរោគ​ទូទៅ​នេះ​ដែរឬទេ ?

ដើម្បី​បាន​ដឹង អ្នក​ស្រាវជ្រាវ បាន​ទៅ​ចោះអារ​​យក​សំណាក (ជា​ដើម​ទឹកកក)​នៅ​ក្នុង​ស្ទឹង​ដែល​ហូរចាក់​ទៅ​ក្នុង​បឹង​ នៅ​ខែ​ក្តៅ និង​សំណាក​ទឹកកក​ នៅ​បាត​បឹង​ជម្រៅ​៣០០ម៉ែត្រ កាលពី​ខែ​ឧសភា​ឆ្នាំ​២០១៧ មក​វិភាគ​ ADN និង​ARN ពោលគឺ​វិភាគ​កូដ​ហ្សែន និង​របៀប​ពង្រីក​ខ្លួន​របស់​វីរុស។

ពង្សាវតារ​នៃ​វីរុស

ជា​លទ្ធផល ​មេរោគ​ក្នុង​ទឹកកក​អាកទិក ពិត​ជាអាច​ចម្លង​ និងវិវឌ្ឍប្រែប្រួល ​ទៀត។ បើ​តាម​លោក Stéphane Aris-Brosou សាស្ត្រាចារ្យ​នៅ​ដេប៉ាតីម៉ង់ ជីវវិទ្យា​នៃ​សកលវិទ្យាល័យ​អូតាវ៉ា ដែល​ជា​អ្នក​ត្រួតពិនិត្យ​ការ​សិក្សា​របស់​អ្នកស្រី​ Audrée Lemieuxនេះ គេ​ពិត​ជា​អាច​កំណត់​បាន​ថា​ វីរុស​ប្រភេទ​ណា អាចធ្វើការ​ចម្លង​ក្នុង​​បរិស្ថានណា ហើយ​តើ​ជីវិត​ប្រភេទ​ណា​មាន​សក្តានុពល​ទទួល​យក​មេរោគ​នោះ។ ក្រុម​អ្នក​ស្រាវជ្រាវ បាន​ថែម​ទាំងវិភាគពង្សាវតារ​​របស់​​វីរុសទៀត ដើម្បីបាន​​យល់​ថា​តើ​វីរុស​ធ្លាប់មាន​ការ​​​វិវឌ្ឍ​ប្តូរ​ផ្លាស់​ដែរ​ឬអត់។

បើ​ពង្សាវតារ​នៃ​វីវុស​ដូច​គ្នា នោះ​មាន​ន័យ​ថា​មេរោគវិវឌ្ឍ​ដោយ​ចម្លង​លើ​សរីរាង្គ​មាន​ជីវិត​ដែល​វា​បាន​ចម្លង​ ប៉ុន្តែ​បើ​ពង្សាវតារនៃ​វីរុស​មាន​ភាព​ខុស​គ្នា មាន​ន័យ​ថា​វីរុស​បាន​ប្តូរ​ផ្លាស់​អ្នក​ចម្លង ទោះបី​ជា​តែ​ម្តងក៏​ដោយ ក៏​វា​អាច​នឹង​ប្តូរ​ម្តង​ទៀត​បានដែរ។ បើតាម​អ្នក​និពន្ធរបាយការណ៍ ការសិក្សា​បាន​លាត​ត្រដាង​ឱ្យ​ឃើញ​ពី​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ ក្នុងសំណាក​របស់​វីរុស និង​អ្នក​ឆ្លង​វីវុស​ ដែល​យក​ចេញ​ពី​បាត​បឹង​។ តែ​សំណាក​យក​ពី​ស្ទឹង មិន​សូវ​ខុស​គ្នា​ទេ។ អ្នក​ស្រាវជ្រាវ​គិត​ថា​នេះ​មក​ពីនៅ​​ស្ទឹង ​​ផ្ទាំង​ទឹកកក​រលាយ​​​ហូរ ដែល​កំរិត​មិន​ឱ្យ​វីរុស​បាន​ជួប​ចម្លង​ទៅ​សរីរាង្គ​មាន​ជីវិត តែ​ពេល​ចុះ​ទៅ​បឹង​ ទឹក​នឹង ទើប​វីរុស​នៅវិល​វល់​អាច​ឆ្លង​ទៅ​​សរីរាង្គ​មាន​ជីវិត​ផ្សេង​ទៀត​ច្រើន​។

ភ្នាក់ងារ​​ចម្លង​ថ្មី

ក្រុម​អ្នក​ស្រាវជ្រាវកាណាដានេះ បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់​លាស់ នៅ​ពេល​ចុះ​ផ្សាយ​ក្នុង​ទំព័រទស្សនាវដ្តី​ស្រាវជ្រាវ​ជីវវិទ្យា ថា មិន​បាន​ព្យាករថា​នឹង​មាន​ការ​លេចឡើង​នូវ​​មេរោគ​ថ្មីៗ​ ឬ​មេរោគរាតត្បាត​ទេ។ ប្រូបាប៊ីលីតេផ្ទុះ​មហន្តរាយ​រាតត្បាត​​​ទាប​ខ្លាំងណាស់ សម្រាប់​អ្នក​និពន្ធ​ Audrée Lemieux ប៉ុន្តែ​ហានិភ័យ​មាន​កាន់​ខ្ពស់​ទៅ​តាម​កំរិត​នៃ​ការ​ឡើង​កម្តៅអាកាសធាតុ​ ព្រោះ​អាច​នឹង​មាន​អ្នក​ទៅ​ចម្លង​ថ្មីៗ​ ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​អាកទិក ដែល​មិន​ធ្លាប់​អនុគ្រោះ​ដល់​ជីវិត​ពីមុន។ អ្នក​ទៅ​ចម្លង​ថ្មី​នោះ អាច​ជា​សត្វ ចៃឆ្កែ មូស ឬ​សត្វ​ផ្សេង​ទៀត ហើយក៏​មាន​ដែរ​​បាក់តេរី និង​វីរុស។ នេះ​បើ​តាម​អ្នក​ស្រី Andrée Lemieux។

លទ្ធភាព​នៃ​ការ​លេច​ឡើង​នូវ​មេរោគ​ថ្មី​ ពិត​ជា​មិន​អាច​ទាយ​ទុក​ជា​មុន​បាន​សោះ ដូច្នេះ​គេ​ក៏​មិន​អាច​កំណត់​អំពី​ផលវិបាក​បាន​ដែរ វា​អាច​ត្រឹម​ជា​ការ​ចម្លង​ ដែល​មាន​ទម្រង់​ធម្មតា​ ទៅជា​​ការ​រាតត្បាត​សកល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ