អានតួអត្ថបទ
សត្វព្រៃ

អង្គការ​WWF ៖ មានការ​បាត់​បង់​សត្វព្រៃ​ជាមធ្យមជិត​៧០% ចាប់​ពី​ឆ្នាំ​១៩៧០មក

ក្នុង​អំឡុងពេល​៥០ឆ្នាំកន្លង​មក​នេះ ផែនដី​បាន​បាត់​បង់ បរិមាណ សត្វ​ព្រៃ​ ​ជា​មធ្យម ជិត​៧០%។ នេះ​បើ​តាមការ​របាយការណ៍​របស់​អង្គការ​មូលនិធិ​ពិភពលោក​ដើម្បី​ធម្មជាតិ WWF ចេញ​ផ្សាយ​នៅថ្ងៃព្រហស្បតិ៍​ទី ១៣​តុលា២០២២។ សម្រាប់​WWF ​មូល​ហេតុនៃ​ការ​បាត់​បង់​ជីវៈចម្រុះ​ មាន​ពាក់​ព័ន្ធ​កាន់​តែខ្លាំង​ឡើងៗ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

អង្គការ​WWF ៖ មានការ​បាត់​បង់​សត្វព្រៃ​ជាមធ្យមជិត​៧០% ចាប់​ពី​ឆ្នាំ​១៩៧០មក
អង្គការ​WWF ៖ មានការ​បាត់​បង់​សត្វព្រៃ​ជាមធ្យមជិត​៧០% ចាប់​ពី​ឆ្នាំ​១៩៧០មក Getty Images/Juergen Ritterbach
ផ្សាយពាណិជ្ជកម្ម

ពី​ឆ្នាំ​១៩៧០​មក​ទល់​នឹង​ឆ្នាំ​២០១៨ សត្វ​ព្រៃដូច​ជា ​ត្រី សត្វស្លាប សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ សត្វ​រស់​ក្នុង​ទឹក​ផងនិង​លើ​គោកផង ព្រមទាំង​ពពួក​សត្វ​ល្មូន ចំនួន​ប្រមាណ​៦៩% បាន​បាត់​បង់ ពី​ភព​ផែន​ដី។ នេះ​បើ​តាម​របាយការណ៍វាស់​សន្ទទស្សន៍​នៃ​ជីវិត​សត្វ​នៅ​លើ​ផែនដី​ ​របស់​អង្គការ​WWF ដែល​ចេញ​ផ្សាយ​ជា​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង។

បើ​តាម​របាយការណ៍​ដដែល អាមេរិក​ឡាទីន ដែល​​ល្បី​ល្បាញខាង​​ជីវៈចម្រុះ ​និង​ជា​អ្នកទ្រទ្រង់​អាកាសធាតុ បាន​បាត់​បង់​សត្វព្រៃ​ជា​មធ្យម​ដល់​ទៅ​៩៤%។ អាហ្វ្រិក​៦៦% តែ​ចំនួន​សត្វ​ស្វាGorilles នៅវាល​ទំនាប​បាន​ធ្លាក់​ចុះ​អស់​៨០%។ ចំណែក​​នៅ​អឺរ៉ុប​ ចំនួន​សត្វ​ព្រៃថយ​ចុះ​អស់​ជា​មធ្យម​តែ​១៨%​ទេ ប៉ុន្តែ​ការ​បាត់​បង់បរិមាណ​ជីវៈចម្រុះ​​យ៉ាង​ហួសហេតុ​​និង​ជា​ប្រវត្តិសាស្ត្រ​បានកើត​ឡើង​នៅ​មុន​អង្គការ​ចាប់​ផ្តើម​សិក្សា​។

របាយការណ៍​បាន​ចង្អុល​បង្ហាញ​អំពី​មូលហេតុ​ជា​ច្រើន​ដែល​នាំ​ឱ្យ​​មាន​ការ​បាត់​បង់​សត្វព្រៃនេះ។ មូលហេតុ​ចម្បង គឺ​​គេការ​បំផ្លិច​បំផ្លាញ​ជម្រក​ធម្មជាតិ​ ដើម្បី​ធ្វើ​កសិកម្ម​ ​បន្ត​ដោយ​ការ​ ទាញ​យក​ប្រយោជន៍​ហួសហេតុ​និង​ប្រម៉ាញ់។ ការ​ប្រែប្រួល​អាកាសធាតុ​ ជា​កត្តា​ទី​បី​ ប៉ុន្តែ​មាន​តួនាទី​ពន្លឿន​​ការ​បាត់​បង់​លឿន​​ខ្លាំង​ណាស់​។ នេះបើ​តាម​ការ​បញ្ជាក់​របស់​លោក Marco Lambertini ​អគ្គនាយក​អង្គការ​WWF។ បន្ទាប់​មក​ទៀត​គឺ​មូល​ហេតុ​​ ​ខ្យល់​ ទឹក​ និង​ដី​ពុល ព្រមទាំង​ការ​បណ្តុះ​​ពូជ​សត្វ​សាយកូន។

នៅក្នុង​សន្និសីទ​កាសែត​អន្តរជាតិ អគ្គនាយក​WWF បាន​អះអាង​ថា របាយការណ៍​បាន​ទាញ​សញ្ញា​អាសន្ន​ខ្ពស់​បំផុត​សម្រាប់​ពិភពលោក និង​មនុស្សជាតិ នៅ​ចំពេល​​យើង​ចាប់​ផ្តើម​យល់ច្បាស់​ថា​​ប្រព័ន្ធ​អេកូសាស្ត្រ​មាន​និរន្តរភាព ជីវៈចម្រុះ​សម្បូរ​បែប អាកាសធាតុ​ថេរ (មិន​ឡើង​កម្តៅ) ​ជា​ការ​ចាំបាច់​ក្នុង​ការធានា​អនាគត​រុងរឿង​ មាន​សមភាព​ខ្ពស់ និង​មាន​សុវត្ថិភាព​ប្រាកដ​ សម្រាប់​យើង​ផង​និង​កូនចៅ​ជំនាន់​ក្រោយៗផង។ ក្នុង​ន័យ​នេះ ដើម្បី​ទប់​ស្កាត់​ការ​បាត់​បង់​សត្វ​ព្រៃ និង​ទប់​កុំ​ឱ្យ​អាកាសធាតុ​ប្រែប្រួល​ខ្លាំង របាយការណ៍​WWF​ដដែល​នេះ បាន​ទទូច​ឱ្យបង្កើន​​ការ​ខិត​ខំ​ប្រឹង​ប្រែងអភិរក្សសត្វព្រៃ ស្តារហើយ​ផលិត​និង​បរិភោគ​ចំណីអាហារ​ដែល​ស្ថិតស្ថេរ​យូរអង្វែង​ និង​ឈប់​បញ្ចេញ​ឧស្ម័នកាបូនិកឱ្យ​បាន​លឿន​បំផុត​លើ​គ្រប់​វិស័យ​សេដ្ឋកិច្ច។

អង្គការ​WWF បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ឆក់​យក​ឱកាស​ចុងក្រោយ​ ព្រម​​អនុម័ត​កិច្ចព្រមព្រៀង​ពិភពលោកសង្គ្រោះ​សត្វ​ព្រៃ ប្រកប​ដោយ​មហិច្ឆតា​បំផុត ក្នុង​ជំនួបកំពូលជីវៈចម្រុះ​​អន្តរជាតិ​COP15 នៅ​ទីក្រុង​ម៉ុងរ៉េអាល់​ នា​ខែ​ធ្នូ​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ