អានតួអត្ថបទ
ថាមពល-ប្រែប្រួលអាកាសធាតុ

អង្គការឧតុនិយមពិភពលោក៖គេត្រូវ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ថាមពលទាំងស្រុង បើសិន​ចង់ជៀសវាងវិបត្តិ​អសន្តិសុខថាមពល

នៅពេល​ពិភពលោកកំពុង​ជួប​វិបត្តិ​ថាមពលឡើងថ្លៃ ដោយសារ​វិបត្តិសង្រ្គាមអ៊ុយក្រែន អង្គការ​ឧតុនិយម​ពិភពលោក​ដែល​ជា​ស្ថាប័ន​មួយ​របស់​អង្គការ​សហប្រជាជាតិ​បាន​ចេញ​របាយការណ៍ ពញ្ញាក់ស្មារតី​ឲ្យ​ពិភពលោក​ប្រញាប់​ផ្លាស់ប្តូរ​ប្រព័ន្ធផ្គត់ផ្គង់​ថាមពល​សព្វថ្ងៃ បើសិន មិន​ចង់ជួប​បញ្ហា​អសន្តិសុខ​ថាមពល។ តាមអង្គការ​ឧតុនិយម​ពិភពលោក មួយភាគ​នៃ​ប្រព័ន្ធផ្គត់ផ្គង់ថាមពល​ក្នុងពិភពលោក​ប្រឈម​រងការគំរាមកំហែង​ដោយ​គ្រោះមហន្តរាយ​ធម្មជាតិ​ដែល​បង្កឡើងដោយ​ការប្រែប្រួល​អាកាសធាតុ។

គ្រោះរាំងស្ងួតខ្លាំង​នៅ​អេស្ប៉ាញ​បានធ្វើ​ឲ្យបរិមាណ​ទឹក​នៅទំនប់វ៉ារីអគ្គិសនី ធ្លាក់ថយចុះខ្លាំង​រហូត​ដល់គេ​អាច​ឃើញ​ខ្មោចភូមិ​ដែលធ្លាប់​ជន់លិច​ដោយ​សារ​ទំនប់កាលពី​៣០ឆ្នាំមុន
គ្រោះរាំងស្ងួតខ្លាំង​នៅ​អេស្ប៉ាញ​បានធ្វើ​ឲ្យបរិមាណ​ទឹក​នៅទំនប់វ៉ារីអគ្គិសនី ធ្លាក់ថយចុះខ្លាំង​រហូត​ដល់គេ​អាច​ឃើញ​ខ្មោចភូមិ​ដែលធ្លាប់​ជន់លិច​ដោយ​សារ​ទំនប់កាលពី​៣០ឆ្នាំមុន AP - Emilio Morenatti
ផ្សាយពាណិជ្ជកម្ម

រោងចក្រផលិតអគ្គិសនី​ដើរដោយថាមពល​ផូស៊ីល ដូចជា​ប្រេង ធ្យូងថ្ម ឧស្ម័ន ជា​ប្រភពបញ្ចេញឧស្ម័នកាបូនិក ដែលជា​ឧស្ម័នផ្ទះកញ្ចក់ ដើមហេតុ​នៃការឡើងកំដៅផែនដី និងការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែ ជាមួយគ្នានោះ របាយការណ៍​របស់​អង្គការ​ឧតុនិយម​ពិភពលោក​រកឃើញ​ដែរ​ថា រោងចក្រ​ផលិតអគ្គិសនី​ដែល​បញ្ចេញឧស្ម័នកាបូនិ​ក្រាស់ក្រែលទាំងនោះ ក៏ជាអ្នកងាយ​រងគ្រោះខ្លាំង ដោយសារគ្រោះមហន្តរាយធម្មជាតិ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុដែរ។

នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ ស្តីពីស្ថានភាពសេវាអាកាសធាតុ (ចេញផ្សាយ​កាលពីថ្ងៃ​អង្គារ) អង្គការ​ឧតុនិយម​ពិភពលោក បាន​ព្រមាន​ថា គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​មាន​សន្ទុះ កម្លាំង​កាន់តែ​ខ្លាំង និង​កាន់តែ​ញឹកញាប់ ដូចជា គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ និង​ការឡើងកំពស់ទឹកសមុទ្រ ដែលជា​លទ្ធផល​នៃ​ការប្រែប្រួល​អាកាសធាតុ កំពុង​គំរាមកំហែង​ប្រភពផ្គត់ផ្គង់​ថាមពល នៅក្នុង​ពិភពលោក។

តាម​របាយការណ៍​ខាងលើ នៅ​ឆ្នាំ ២០២០ ៨៧%នៃ​រោងចក្រ​អគ្គិសនី​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ ថាមពល​ផូស៊ីល និង​ស្ថានីយ៍វ៉ារី​អគ្គិសនី នៅក្នុងពិភពលោក ពឹងផ្អែក​ខ្លាំង​លើ​តម្រូវការ​ទឹកត្រជាក់។ ប៉ុន្តែ ១ភាគ៣​នៃ​រោងចក្រ​ដោយថាមពល​ឥន្ធនៈផូស៊ីល​ស្ថិតនៅក្នុង​តំបន់ខ្វះទឹក។ ២៥%​នៃ​រោងចក្រ​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ​ស្ថិតនៅ​ជាប់​ស្ទឹង ដែលកំពុង​ប្រឈម​នឹងការរីងស្ងួត ហួតហែង។ រោងចក្រអគ្គិសនីមួយចំនួនក៏កំពុង​ប្រឈមរងគ្រោះ​ផងដែរ​ដោយសារ​ការឡើងកំពស់ទឹកសមុទ្រ និង​ខ្យល់ព្យុះសមុទ្រ។

សម្រាប់​អគ្គលេខាធិការ​អង្គការ​ឧតុនិយមពិភពលោក Petteri Taalas ពេលវេលា​មិននៅ​ខាង​មនុស្សលោក នោះទេ ហើយ​អាកាសធាតុ​កំពុងប្រែប្រួល ក្រឡាប់ចាក់ នៅចំពោះភ្នែក​របស់​មនុស្ស។ ដូច្នេះ អ្វីដែល​គេ​ត្រូវ​ធ្វើ​បន្ទាន់ គឺ​ការវិនិយោគ ដើម្បី ផ្លាស់ប្តូរ​ប្រព័ន្ធ​ផ្គង់ផ្គង់​សព្វថ្ងៃ ដោយ​ជំនួសមកវិញ នូវ​ថាមពល​កកើតឡើង​វិញ ដូចជា ថាមពល​បាន​មកពី​ផ្ទាំងសូឡា និង​វាយោអគ្គិសនី​ជាដើម។

តាម​អង្គការ​ឧតុនិយម ពិភពលោក វាយោអគ្គិសនី និង​ផ្ទាំងសូឡា​មិនត្រឹម​តែផលិតថាមពលស្អាតស្អំ ដែលនឹង​ជួយ​ឲ្យ​ពិភពលោក​កាត់បន្ថយ ​ការបញ្ចេញ​ឧស្ម័ន​បាន​ច្រើន​តែប៉ុណ្ណោះ ប៉ុន្តែ ទីតាំង ផ្ទាំងសូឡា និង​ស្ថានីយ៍វាយោអគ្គិសនី នឹង​ជួយ​ឲ្យ​គេអាចធានា​បាន​សន្តិសុខ​ថាមពល ជាពិសេស​នៅក្នុង​អំឡុង​រលកកំដៅខ្លាំង។

ដើម្បីបញ្ចុះបញ្ចូល​ឲ្យគេ​បង្កើន​ទ្វេដង​ប្រភពផ្គង់ផ្គង់អគ្គិសនី ដែល​បាន​មកពី​ថាមពលស្អាតស្អំ របាយការណ៍​របស់​អង្គការ​ឧតុនិយម​បាន​លើកយក​ករណី​អសន្តិសុខ​ថាមពល បង្កឡើងដោយ​រលកកំដៅ នៅ​អាហ្សង់ទីន ជាទី​ដែល​ រោងចក្រ​ផលិតអគ្គិសនី​ត្រូវបង្ខំចិត្ត កាត់ផ្តាច់ភ្លើង ដោយសារ​តម្រូវការ​កើនឡើងខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ