អានតួអត្ថបទ

អង់គ្លេស៖ កៅអី​នាយករដ្ឋមន្រ្តីកំពុងរង្គោះរង្គើ ក្រោយពី​​រដ្ឋមន្ត្រី​​​មហាផ្ទៃ ​សុំ​​​ចុះ​តំណែង

នៅ​អង់គ្លេស, អ្នកស្រី លីស ត្រាស្ស ឡើងកាន់តំណែងទើបនឹងបានប៉ុន្មានសប្តាហ៍សោះ ប៉ុន្តែ​តំណែងកៅអី​នាយករដ្ឋមន្រ្តី​កំពុងរង្គោះរង្គើ ព្រោះតែ​បញ្ហាផ្ទៃក្នុងគណៈរដ្ឋមន្រ្តី។ ក្រោយ​ពី​ប្តូរ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុនៅ​សប្តាហ៍​មុន, ​ថ្ងៃពុធ ទី​១៩តុលា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក៏​បាន​ប្រកាស​សុំ​ចុះ​​ចេញពីតំណែងទៀត​។ ទន្ទឹមនឹង​គ្នា​នេះ ​គណ​បក្ស​ប្រឆាំង​ កាន់តែ​បាន​ដៃ និង​ទាមទារ​ឲ្យ​​អ្នកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសចុះ​ចេញពី​តំណែងដែរ​​​។​  

លោកស្រី លីស ត្រាស្ស នាយករដ្ឋមន្រ្តីអង់គ្លេស ដែល​លាឈប់​ពីតំណែង
លោកស្រី លីស ត្រាស្ស នាយករដ្ឋមន្រ្តីអង់គ្លេស ដែល​លាឈប់​ពីតំណែង AP - Daniel Leal
ផ្សាយពាណិជ្ជកម្ម

ពីថ្ងៃពុធ រដ្ឋមន្ត្រីមហាផ្ទៃ អ្នកស្រី ស៊ុយអេល្លា ប្រាវ័រម៉ាន់ (Suella Braverman) បាន​សុំ​លាឈប់​​ពីតំណែង ​ដោយ​​ទទួល​ស្គាល់​កំហុស​ ថាបាន​ប្រើ​ប្រាស់​ប្រព័ន្ធ​សារអេឡិចត្រូនិចអ៊ីម៉ែល​​ផ្ទាល់ខ្លួន សម្រាប់​ផ្ញើ​ឯកសារ​ផ្លូវ​ការ​របស់រដ្ឋ ទៅកាន់​អ្ន​កតំណាង​រាស្ត្រ​ម្នាក់​នៅ​សភា។ ​អ្នក​ស្រីរដ្ឋមន្ត្រី​រូបនេះទទួល​បន្ទុក​សំខាន់​ខាង​មើលការ​ខុសត្រូវ​ជនភៀស​​ខុសច្បាប់ ដែល​លួច​ឆ្លង​ដែន​តាម​សមុទ្រ​ពីស្រុក​បារាំង​ទៅ​អង់គ្លេស។ ​អ្ន​ក​ស្រី​ក៏​ធ្លាប់​ត្រូវ​គេ​ស្គាល់​ថាជា​​អ្នក​​​​គ្រប់​គ្រង​នយោបាយ​អន្តោប្រវេសន៍​​យ៉ាង​តឹង​រឹង តួយ៉ាងករណី​បញ្ជូន​ជន​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ដើម​វិញ ដូចជា សំណុំ​រឿង ​បញ្ចូនជនភៀស​ទៅ​ប្រទេស​រ៉វាន់ដា នាពេល​កន្លងទៅ​។​

ការសុំ​​លា​ឈប់​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ គឺ​បណ្តាល​ឲ្យ​បរិយាកាសនយោបាយ​អង់គ្លេស​​កាន់តែ​អាប់អួរ​ចំពោះ​អ្នក​ស្រី​​នាយករដ្ឋមន្ត្រី​ លីស ត្រាស្ស ដែល​ទើបតែ​ចូល​កាន់​តំណែង​​បាន​៦សប្តាហ៍​ តែ​ពេល​នេះ ​ពីរ​ក្រសួងទៅ​​ហើយ ត្រូវរុះរើ​។ រដ្ឋមន្ត្រីម្នាក់​ត្រូវ​​ដកចេញ និង​ម្នាក់ទៀត ​សុំ​ចុះ​ចេញ។ ​ព្រឹត្តិការណ៍​នេះ នាំឲ្យ​ខាង​ក្រុមគណ​​បក្ស​ប្រឆាំង គឺបក្ស​ពលករ​ ទាមទារ​ឲ្យ​អ្នកស្រី​នាយករដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង​ដែរ។ ការទាមទារ​ឲ្យ​ចុះ​ចេញពី​តំណែង​នេះ ក៏​មាន​ដែរ​ ពី​ អ្ន​កតំណាងរាស្ត្រ​ ដល់ទៅ​ ៦ រូប មកពី​គណបក្ស​អភិរក្ស​និយម បក្សរួមគ្នា​​របស់​អ្នកស្រី​នាយករដ្ឋមន្ត្រី​​ដែរ​។

តាមការ​ស្ទង់​មតិ​របស់​ YouGov, ក្នុង​ចំណោម​ពលរដ្ឋអង់គ្លេស១០នាក់ គឺមានតែ​មួយនាក់​​ប៉ុណ្ណោះ​ដែលបញ្ចេញ​មតិ​វិជ្ជមាន​ចំពោះ​អ្នកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស។ ជាមួយគ្នានេះ ក្នុង​ចំណោម​ម្ចាស់ឆ្នោត​៥នាក់ដែល​បោះឆ្នោត​​ឲ្យ​បក្ស​អភិរក្សនិយម គឺម្នាក់​ប៉ុណ្ណោះ​នៅ​ដកជាប់​ចិត្ត​នឹង​អ្នកស្រី​លីស ត្រាស្ស។ លើសពីនេះទៀត​ ៥៥% ​នៃ​សមាជិក​បក្សកាន់​អំណាច​​ គឺ​យល់ឃើញ​ថា​អ្នកស្រី​គួរតែ​ចុះ​ពី​តំណែង​។ នេះបើតាម​តាម​ការ​ស្ទង់​មតិ​ដដែល។​​​ ​ប៉ុន្តែ គណ​បក្ស​អភិរក្សនិយម ​ក៏​បាន​ដឹងច្បាស់​​ហើយថា ដំណើរការ​ដោះដូរ​នាយករដ្ឋមន្ត្រី​ត្រូវ​ស៊ីពេល​យូរ ​ឆ្លង​នីតីវិធី​ច្រើន និងស្មុគស្មាញ ខណៈ​ដែល​អាណត្តិ​រដ្ឋាភិបាល​ នៅ​សល់តែ​ប្រមាណ​២ឆ្នាំទៀត​​ប៉ុណ្ណោះ។​

ទោះជា​យ៉ាងម្តេច​ក្តី  អ្នកស្រី​ លីស ត្រាស្ស នៅតែប្រកាន់ជំហរ​មាំ​។​ ក្នុង​សវនាការ​សួរ​ដេញ​ដោរ​ប្រចាំសប្តាហ៍ នៅ​​រដ្ឋ​សភា អ្នកស្រី​អះអាងថា​ខ្លួន​ជាអ្នក​ប្រយុទ្ធ និង​មិនមែន​មនុស្ស​ដែល​បោះបង់​ដោយ​ងាយៗទេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ