អានតួអត្ថបទ

នាយករដ្ឋមន្រ្តីអង់គ្លេស លាចុះពីតំណែង ក្រោយពី​កាន់អំណាច បាន​តែ៤៤ថ្ងៃ

-នៅ​អង់គ្លេស, នាយករដ្ឋមន្រ្តីអង់គ្លេស អ្នកស្រី លីស ត្រាស្ស ប្រកាស​លាឈប់​ចុះចេញពី​តំណែង​។ ជាការ​ប្រកាស​តែ​២៤ម៉ោង​ប៉ុណ្ណោះ ក្រោយពី​អ្នក​ស្រី​អះអាង​ថា​នឹងតស៊ូ​ឲ្យ​ដល់​ទីបំផុត និង​ថាខ្លួន​មិនមែន​ជាមនុស្ស​ដែល​បោះបង់​ចោល​ងាយៗទេ។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ចុះ អ្នកស្រី លីស ត្រាស្ស បាន​បំណែកកំណត់ត្រា ជានាយករដ្ឋមន្ត្រីអង់គ្លេស ដែលកាន់អំណាចបានតិចថ្ងៃជាងគេបំផុត​ ពោល​គឺអ្នកស្រី​​កាន់​តំណែង​នាយករដ្ឋមន្ត្រី បានតែ​៤៤ថ្ងៃ​ប៉ុណ្ណោះ។​

Primeira-ministra britânica Liz Truss anuncia renúncia
Primeira-ministra britânica Liz Truss anuncia renúncia AP - Kirsty O'Connor
ផ្សាយពាណិជ្ជកម្ម

«បើ​ផ្អែក​មើល​លើ​ស្ថានភាព​បច្ចុប្បន្ន ខ្ញុំ​មិនអាច​នឹង​បំពេញ​អាណត្តិនាយក​រដ្ឋមន្ត្រី​​​​ ដែល​បក្ស​អភិរក្សនិយម​បាន​បោះឆ្នោត​ឲ្យខ្ញុំ បាន​ចប់​អាណត្តិ​ទេ​ ហើយ​ការ​សុំ​លា​ចុះ​ពីតួនាទី​នេះ ខ្ញុំ​បាន​ទូលថ្វាយ​ព្រះ​មហាក្សត្រ​រួច​ហើយ​»។ នេះជាប្រសាសន៍​របស់​អ្នក​ស្រី លីស ត្រាស្ស និងដែល​បាន​ប្រកាសទៀតថា ការ​បោះឆ្នោត​ផ្ទៃក្នុងបក្ស​ ដើម្បីជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល អាច​នឹង​ត្រូវ​រៀបចំ​ធ្វើ​​ ទៅក្នុង​សប្តាហ៍​ថ្មីខាងមុខ​។ ក៏ប៉ុន្តែ ចំពោះ​ប្រមុខ​គណ​បក្ស​ប្រឆាំង​ បក្សពលករ​ ​គឺលោក Keir Starmer ទាមទារ​ឲ្យ​ប្រញាប់​បោះឆ្នោត​រើស​នាយករដ្ឋមន្ត្រី​ ឲ្យ​បាន​ឆាប់ គឺក្នុង​ពេល​ឥឡូវ​នេះតែម្តង។

ក្រោយ​ការ​ប្រកាស​​ចុះពី​ក្បាល​ម៉ាស៊ីន​រដ្ឋាភិបាលអង់គ្លេស​ ប្រតិកម្មបាន​ធ្លាក់​ចុះមក​ភ្លាមៗពីប្រទេស​សម្ព័ន្ធមិត្ត។​ ប្រធានាធិបតីបារាំង ដែល​បាន​ជជែក​គ្នា​កាលពី​សប្តាហ៍​មុន ជាមួយ​អ្នកស្រី លីស ត្រាស្ស និង​បាន​ចាត់ទុក​ថា ការ​ដោះដូរ​យោបល់នោះ ​ប្រកប​ដោយ​ក្តី​ស្ថាបនា​ ហើយលោក អេមានុយអែល ម៉ាក្រុង ក៏​បាន​ជូនពរ​និងសង្ឃឹមថា អង់គ្លេស​ អាច​ឆាប់​បាន​រក​ច្រកផ្លូវ ​វិលទៅ​រក​ស្ថានភាព​ប្រក្រតីភាពជាធម្មតា​វិញ​​​ និង​ឆាប់​បាន​បោះពួយ​ទៅមុខ​។​

ជាការ​រំឭក អ្នកស្រី​ លីស ត្រាស្ស ចូល​កាន់​តួនាទី​ជា​ប្រមុខ​រដ្ឋាភិបាល​ នៅ​ថ្ងៃទី​៦កញ្ញា បានតែ​២ថ្ងៃ ព្រះមហាក្សត្រិយ អេលីហ្សាប៊ែត ទី២ ស្តេច​យាងសោយ​ទីវង្គត ហើយអង់គ្លេស​ត្រូវ​ធ្វើ​បុណ្យ​កាន់ទុក្ខ​ជាតិ អស់​១០ថ្ងៃ។ ថ្ងៃទី​២៣កញ្ញា អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ បាន​ប្រកាស​គម្រោង​ចាត់​ចែង​ថវិកា​ជាតិ​ ដើម្បី​ជំរុញ​កំណើន​​សេដ្ឋកិច្ច និង​ចុះបន្ថយ​ពន្ធ​។ ក៏ប៉ុន្តែ គម្រោង​ការនេះ ត្រូវ​ធ្វើ​ឲ្យ​ទីផ្សារ​សេដ្ឋកិច្ច​អង់គ្លេស ដាំក្បាល​ចុះ ហើយ​រូបិយប័ណ្ណជាតិ​ក៏​ធ្លាក់​ចុះ​អាក្រក់​មិនធ្លាប់​ជួប ដែល​ជំរុញ​ឲ្យ​មាន​វិបត្តិហិរញ្ញវត្ថុ និងដរជា​វិបត្តិ​​នយោបាយ​ រហូត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ត្រូវ​ដក​ចេញ ហើយ​អ្នកស្រី​នាយករដ្ឋមន្ត្រីខ្លួន​ឯង ក៏​ទទួល​ស្គាល់​កំហុស ដែល​ត្រូវ​លុប​ចោល​កំណែទម្រង់​សេដ្ឋកិច្ច​ ដែល​ខ្លួនបាន​សន្យា​។

ការ​សុំ​លា​ឈប់​ពីតំណែង​របស់​រដ្ឋមន្ត្រី​​មហាផ្ទៃនៅ​ថ្ងៃពុធ ទៀតសោត​ ក៏​ជា​កម្លាំង​ចលករ​បន្ថែម ជំរុញ​ដាក់​សម្ពាធ​ធ្វើឲ្យ​អ្នក​ស្រី​នាយករដ្ឋម​ន្ត្រី ត្រូវ​ប្រកាសសុំ​ចុះ​ពី​តំណែង​ដែរ។ ការ​ប្រកាស​នេះ បន្ទាប់ពី​អ្នកស្រី លីស ត្រាស្ស បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​ក្រុម​ប្រឹក្សា​កែទម្រង់​ផ្ទៃ​ក្នុង​បក្ស ហ្គ្រាហាំ ប្រាឌី (Graham Brady) នៅព្រឹក​ថ្ងៃព្រហស្បតិ៍​។ អ្នក​នយោបាយ​ទាំង​ពីរ​បា​នឯកភាព​គ្នា​ថា ត្រូវ​រៀបចំបោះឆ្នោត​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ជ្រើសរើស​​មេដឹកនាំថ្មី​។ ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​មាន​ពេល​អនុវត្ត​គម្រោង​ថវិកា​ និង​ធានា​បាន​ស្ថិរភាព​សេដ្ឋកិច្ច​និង​​សន្តិសុខជាតិផង​។ នេះបើតាម​ការ​ពន្យល់​របស់​អ្នកស្រី លីស ត្រាស្ស។​

ចំពោះ​មុខតំណែង​​នាយករដ្ឋមន្ត្រីថ្មី ​កាសែត​ក្នុង​ស្រុក​អង់គ្លេស​ជាច្រើនរួម​ទាំង​ BBC ផង​ យល់ឃើញ​ថា​ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Jeremy Hunt នឹង​មិន​ដាក់​បេក្ខភាព​ទេ។ ចំណែក​សារព័ត៌មាន​ Sky News រាយការណ៍ថា អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោកសេដ្ឋី រីស្សី ស៊ុនណាក់​ (Rishi Sunak) ជា​បុគ្គល​ទី១ ដែលគណ​​បក្សអភិរក្សនិយម ​ពេញចិត្ត​ជាងគេ​។ ម្នាក់ទៀត អតីត​រដ្ឋមន្ត្រី​ការពារជាតិ អ្នកស្រី ផែន្នី ម័រដូនត៍ (Penny Mordaunt)។ អ្នកទាំង​ពីរនេះ ​ធ្លាប់​ចាញ់​ក្នុង​ដៃ​អ្នកស្រី​ លីស ត្រាស្ស ម្តងហើយ​កាលពី​រដូវ​ក្តៅ តែពេលនេះ កំពុងតែ​រក​ផ្លូវ​ប្រកួត​ប្រជែង​អំណាចជាថ្មី ​ម្តងទៀត៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ