អានតួអត្ថបទ

នាយករដ្ឋមន្ត្រីស្រីអង់គ្លេស ប្រឹង​ទប់​ទល់​ដើម្បី​រក្សា​កៅអី​របស់ខ្លួន

នៅ​អង់គ្លេស, នាយករដ្ឋមន្ត្រីអង់គ្លេស អ្នកស្រី លីស ត្រាស្ស និង​បក្ស​អភិរក្សនិយម ត្រូវ​ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងនយោបាយកាន់តែខ្លាំងៗ ដែល​ត្រូវ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កាលពី​សប្តាហ៍​មុន។ ការ​ផ្លាស់ប្តូរ​រដ្ឋមន្ត្រីនេះ គឺត្រូវ​គេរិះគន់​ជាបន្ថែមទៀតថា អ្នកស្រី​នាយករដ្ឋមន្ត្រី ប្រឹងទប់ទល់ដើម្បីរក្សាកៅអីរបស់ខ្លួន។ បើ​តាម​កាសែត​នៅក្នុងស្រុក​អង់គ្លេស Sunday Times និង Sunday Express គឺមាន​សំបុត្រ​ប្រមាណ​ជា​មួយ​រយ​ច្បាប់ ផ្ញើ​តាមពី​អ្នក​តំណាង​រាស្ត្រ​ ទៅ​គណបក្ស​អភិរក្ស​និយម ដែល​បាន​សរសេរ​ថ្លែង​ពី​ក្តី​មិនទុក​ចិត្ត​រដ្ឋាភិបាល និងជំរុញ​ឲ្យ​គិតគូរ​ដូរ​នាយករដ្ឋមន្ត្រី​ចេញទៅ។​

Liz Truss a annoncé un nouveau virage économique et fiscal, et nommé un nouveau ministre des Finances
Liz Truss a annoncé un nouveau virage économique et fiscal, et nommé un nouveau ministre des Finances © Daniel Leal/AP/SIPA
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ពីថ្ងៃអាទិត្យ អ្នក​ស្រី លីស ត្រាស្ស ប្រសាសន៍​ថា«​បាន​ស្តាប់​និង​បាន​យល់​»ពី​សំណូមពរ​និងកំហឹង​របស់​រាស្ត្រ​និង​អ្ន​ករិះគន់​ហើយ។ នាយករដ្ឋមន្ត្រី​អង់គ្លេស បន្ត​បញ្ជាក់​ជំហរ​ថា «បើ​ពឹងផ្អែក​​លើប្រាក់​ចំណូល​ពន្ធតិចតួច ហើយ​ការ​គ្មាន​ទំនុក​ចិត្តនៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុនោះ​ គឺយើង​មិន​អាច​នឹងឲ្យ​សេដ្ឋកិច្ច​ជាតិ​មាន​កំណើន​រឹង​មាំ​បាន​ទេ»។ ប្រសាសន៍​នេះ គឺជាការ​កែសម្រួល​កំហុស​ក្នុង​បន្ទាត់​ហិរញ្ញវត្ថុ​កន្លងទៅ​។ ពោល​គឺ​ ជាមួយនឹង​​រដ្ឋមន្ត្រីសេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ចាស់ គឺ​មាន​គម្រោង​កំណត់​និង​កែសម្រួល​វិស័យហិរញ្ញវត្ថុ​របស់​ក្រសួង​រដ្ឋ និង​បន្ធូរ​បន្ថយពន្ធ​ផ្ទះ​សម្រាប់​អ្ន​កមាន ព្រមទាំង​កាត់​បន្ថយ​ពន្ធលើក្រុមហ៊ុន​ឯកជន ជាដើម។ ក៏ប៉ុន្តែ នយោបាយ​ហិរញ្ញវត្ថុ បែបនេះ ពុំ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​សប្បាយ​ចិត្ត ហើយ​សមាជិក​ជាច្រើន​របស់​គណបក្ស​​អភិរក្សនិយម ជាបក្សកាន់អំណាច មិន​ពេញ​ចិត្ត​ដែរ។ មិនតែប៉ុណ្ណោះ​ តម្លៃ​ប្រាក់​លីវ្រអង់គ្លេសបាន​​ធ្លាក់​ចុះ​, បំណុលសាធារណៈ​ក៏ឡើង ព្រមទាំង​ទំនុកចិត្ត​ក្នុង​វិស័យ​ទីផ្សារ​ក៏​ធ្លាក់​ចុះទៀត​។​  វិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ បង្កប្រែក្លាយ​​ទៅជា​ វិបត្តិ​ផ្នែក​នយោបាយ​ នៅក្នុង​ជួរ​រង្វង់​បក្ស​អភិរក្ស​និយម ខ្លួន​ឯង រហូត​អ្នក​ស្រី​នាយករដ្ឋមន្ត្រី ត្រូវ​សម្រេច​ចិត្ត​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី​។

បន្ទាប់ពីត្រូវ​តែងតាំង​កាលពីថ្ងៃ​សុក្រ រដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មី Jeremy Hunt អះអាង​ពីការ​ដំឡើង​ពន្ធ​ និង​កាត់​បន្ថយចំណាយ​នៅ​តាម​ក្រសួង​រដ្ឋ។ លោក​សង្កត់​ធ្ងន់​​ថា ការ​ដំឡើង​ពន្ធគឺ​​ចំពោះតែ​​ផ្នែក​ណា​ដែល​ចាំបាច់​ត្រូវឡើង​ប៉ុណ្ណោះ និង​មិន​ដំឡើង​ទាំងអស់​ ជា​ទូទៅ​ទេ​ ហើយ​ការ​ដំឡើង​ពន្ធ​នេះទៀត​សោត ក៏​សម្រេច​ទៅតាម​ការ​ចង់​បាន​របស់​មនុស្ស​ទូទៅដែរ។ លោក​​ ក៏​បាន​ថ្លែង​ការពារ​នាយករដ្ឋមន្ត្រី​ដែរថា អ្នកស្រី លីស ត្រាស្ស គ្រាន់តែ«ប្តូរ​របៀប​ដើរ​តែប៉ុណ្ណោះ តែ​មិន​ប្តូរ​គោលដៅ​ឡើយ»។ នេះបើតាម​រដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មី Jeremy Hunt ដែល​ថ្លែង​ពីថ្ងៃ​សៅរ៍ ។​

ចំពោះ​អ្នកវិភាគ​នយោបាយ​អង់គ្លេស និង​ចំពោះ​អ្នក​​មិន​សប្បាយ​ចិត្ត​នឹង​ចំ​ណាត់ការ​របស់​នាយករដ្ឋមន្ត្រី​ គឺគេ​បាន​អះអាង​ការ​យល់ឃើញរបស់ខ្លួន​ថា ការ​ដក​តំណែក និងប្តូរ​តំណែង​រដ្ឋមន្ត្រី​ក្រោម​បង្គាប់​ គឺដើម្បី​ឲ្យអ្នកស្រី លីស ត្រាស្ស ​ខ្លួន​ឯង​ អាច​បន្ត​នៅ​រក្សា​កាន់​តំណែក​នាយករដ្ឋមន្ត្រីតទៅទៀត​។​

ជុំវិញ​រឿង​នេះ អ្នកស្រី Alicia Kearns ប្រធានគណៈ​កម្មាធិការ​កិច្ចការ​បរទេស​ នៅ​សភា​អង់គ្លេស និង​ជា​មនុស្ស​មាន​ឥទ្ធិពល​ខ្លាំង​ដែរ​នៅក្នុងសភាដែរ បានលើកឡើងថា​ យើង​ធ្លាប់​ជួប​ប្រទះ​នឹង​វិបត្តិ​ផ្នែក​ស្មារតី​និង​សីលធម៌​ ក្រោយ​អាណត្តិ​របស់​អតីត​នាយករដ្ឋមន្ត្រី បូរីស ចនសុន ហើយ​តែពេល​នេះ ត្រូវ​ប្រឈម​មុខ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ទៅវិញ។  ដូច្នេះ ការ​បន្ត​តំណែង​នាយករដ្ឋមន្ត្រី ឬ​មិនបន្ត គឺជាសំណួរ​មួយ​លំបាក​ខ្លាំងណាស់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ