អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ពូទីន ចោទ​បស្ចិមលោកជា​ថ្មី​ថាលេង​ល្បែង​គ្រោះថ្នាក់ តែ​បង្ហើប​ទ្វារ​ចរចា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពិភពលោកបច្ចុប្បន្ន កំពុង​ធ្លាក់​ក្នុង​ទសវត្សរ៍​ដ៏​គ្រោះ​ថ្នាក់​បំផុត មិនធ្លាប់​មាន​ទេ​គិត​ចាប់​តាំងពី​សង្គ្រាម​លោក​ទីពីរ​បិទ​បញ្ចប់​មក។ នេះ​ជា​ពាក្យ​ព្រមាន​ថ្មី​របស់​លោក​ពូទីន នា​ឱកាស​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ក្លឹបពិភាក្សា​​អន្តរជាតិ​នៅ​ទីក្រុង​មូស្គូ នា​ថ្ងៃទី ២៧​តុលា២០២២។ ប្រធានាធិបតី​រុស្ស៊ី បានទម្លាក់​កំហុស​​លើ​ក្រុមបស្ចិមលោកជា​ថ្មីទៀត ដោយ​​ចោទ​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ថា កំពុង​លេង​ល្បែង​ភូមិសាស្ត្រ​នយោបាយដ៏​​ខ្មៅកខ្វក់ និង​គ្រោះថ្នាក់ ប៉ុន្តែមិន​ថ្វី​ឡើយ​ព្រោះ​បើ​តាម​លោក​ពូទីន ​យូរឬ​ឆាប់ ក្រុម​លោក​ខាង​លិច​គង់​នឹង​មកចរចា​ជាមួយ​រុស្ស៊ី​​ទេ។

ប្រធានាធិបតី​រុស្ស៊ី ក្នុង​វេទិកា​ពិភាក្សា​អន្តរជាតិ នៅទីក្រុង​មូស្គូ ថ្ងៃទី ២៧ តុលា ២០២២
ប្រធានាធិបតី​រុស្ស៊ី ក្នុង​វេទិកា​ពិភាក្សា​អន្តរជាតិ នៅទីក្រុង​មូស្គូ ថ្ងៃទី ២៧ តុលា ២០២២ AP - Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

បើ​តាម​លោក​ពូទីន ពេល​នេះ​ ពិភពលោក​កំពុង​ឈាន​ចូល​ដំណាក់កាល​ដ៏​​គ្រោះ​ថ្នាក់ ខ្លាំង និង​ពិបាក​ស្មានបំផុត តាំងពី​ឆ្នាំ​១៩៤៥​មក។ ទាំង​អស់​នេះ គឺ​ដោយ​ហេតុ​តែ​ក្រុម​អ្នក​គាំទ្រ​និង​បំពាក់​អាវុធ​ឱ្យ​អ៊ុយក្រែន ប្រឆាំង​នឹងប្រតិបត្តិការ​យោធាពិសេស​របស់​រុស្ស៊ី ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន។ សម្រាប់​លោក​ប្រធានាធិបតី​រុស្ស៊ី ជម្លោះ​នៅ​អ៊ុយក្រែន ជាការ​តស៊ូ​ប្រឆាំង​នឹង​ការ​ត្រួត​ត្រា​របស់​បស្ចិមលោក ដែល​គ្មាន​សាមគ្គីភាព​ជាក់​លាក់​ តែចង់ដឹកនាំ ​ពិភពលោក​ ហើយ​ប្រជាពលរដ្ឋ​មួយ​ភាគធំ​មិន​អាច​ទទួល​យក​បាន។

ហេតុ​ដូច្នេះ ហើយ​បាន​ជា​ពិភពលោកធ្លាក់​​ក្នុង​ស្ថានភាព​ធ្វើ​បដិវត្ត ! ការ​វាយលុក​នៅ​អ៊ុយក្រែនធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវត្ថុ​ចង់​ប្តូរ​ផ្លាស់​សណ្តាប់​ធ្នាប់​ពិភពលោក​។ ជា​ការ​ប្តូរ​ផ្លាស់​សណ្តាប់​ធ្នាប់​ពិភពលោក​ដោយ​ចៀស​មិន​បាន​ពីព្រោះ​រុស្ស៊ី​មិន​អាច​ទ្រាំ​ទ្រ​នឹង​ចរិក​កាច​សាហាវ​ និង​ ​អាណានិគម​បែប​ថ្មី​របស់​ក្រុម​លោក​ខាង​លិច​បាន។ អ្វី​ដែល​រុស្ស៊ី​ធ្វើ​មិនមែន​ដើម្បី​ផ្គើនបំបាក់​លោក​ខាង​លិច​ទេ តែ​ដើម្បី​ការពារសិទ្ធិ​និង​​វត្តមាន​រុស្ស៊ី​នៅលើ​ផែនដី។ លោក​ពូទីន​បាន​ចោទ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ថា​ចង់​បំផ្លាញ និង​លុប​រុស្ស៊ី ពី​ផែន​ទី តាម​រយៈ​ល្បែង​ភូមិសាស្ត្រ​​យុទ្ធសាស្ត្រ​ដ៏​ខ្មៅកខ្វក់ គឺ​​​ធ្វើ​ឱ្យ​មាន​វិបត្តិ​ទ្រង់ទ្រាយ​ធំ។ ​

គ្រាន់​តែ​ដើម្បី​រក្សា​វត្តមាន​លើ​ផែនដី

ជា​វិបត្តិ​យោធា​និង​នយោបាយផង ជា​វិបត្តិសេដ្ឋកិច្ច​និងមនុស្សធម៌​ទៀត។ លោក​ខា​ង​លិច​បាន​ចាត់​​វិធានការ​​មួយ​ចំនួន​ធំ​ដែល​នាំ​មក​នូវ​តែ​ភាព​ប្រឈម ដំឡើងឱ្យ​មាន​​ភាព​តាន​តឹងជាប់​ជា​និច្ច និង​​មិន​មែន​ជាទង្វើ​ថ្មី​ទេ។ ពន្យុះ​លើក​ទឹក​ចិត្ត​ឱ្យអ៊ុយក្រែន​​ធ្វើ​សង្គ្រាម​ បង្ក​ហេតុ​នៅ​តៃវ៉ាន់ បង្កអស្ថិរភាពទីផ្សារ​​ចំណីអាហារ​ និង​ថាមពល​ពិភពលោក​។ ទាំង​នេះ​ជា​លទ្ធផល​នៃការ​ចង់​គ្រប់គ្រង​​អំណាច​របស់​លោក​ខាង​លិចដែល​លោក​ពូទីន អះអាង​បាន​ធ្លាប់​និយាយ​រួចហើយ។ តែ​ក្រុមលោក​ខាង​លិច​ នៅ​តែយក​មក​ធ្វើ​ល្បែង​លេង​ ដោយមិន​ខ្វល់​អំពី​បញ្ហា​បូរណភាព​ប្រទេស​ និង​ជាតិ ឬ​ផលប្រយោជន៍​របស់​ជាតិ​ដទៃទេ។

ប៉ុន្តែ​សម្រាប់​​លោក​ពូទីន ល្បែង​ទាំង​នេះ បាន​ផ្តល់​ផលល្អ​មក​ឱ្យ​រុស្ស៊ី​ និង​សម្រាប់​អនាគត​រុស្ស៊ី ព្រោះ​រុស្ស៊ី​បាន​ឆ្លង​កាត់​ការ​លំបាក​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច​រួច​ហើយ។ ហើយ​ជា​ចុងក្រោយ​ លោក​ពូទីន​ បាន​គូស​បញ្ជាក់​ថា យូរ​និង​ឆាប់ ក្រុមលោក​ខាង​លិច​នឹង​ងាក​មក​រក​ចរចា​ជាមួយ​រស្ស៊ី​ ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​អង្រួន​ពិភពលោក​ប៉ុន្មាន​ខែ​មក​នេះ។

​ចង់បំបាត់​ដានគ្រាប់​បែក​វិទ្យុសកម្ម

លោក​ពូទីន​បាន​បកស្រាយ ថា​រុស្ស៊ី​មិន​ដែល​និយាយ​អំពី​លទ្ធភាព​ប្រើអាវុធ​នុយក្លេអ៊ែរ​ទេ។ អ្វី​ដែល​រុស្ស៊ី​លើក​ឡើង គឺ​គ្រាន់​តែ​ជា​ចម្លើយ​តប​ទៅ​នឹង​ការ​គំរាមកំហែង​របស់​គូប្រជែង ជាពិសេស​សេចក្តីថ្លែងការណ៍​របស់​ប្រទេស​ខ្លះ​ប៉ុណ្ណោះ។ សម្រាប់​លោក​ពូទីន គឺ​អ៊ុយក្រែន​និង​ក្រុមលោក​ខាង​លិច​ទេ ដែល​ជាអ្នក​អះអាង​ថា​រុស្ស៊ី​គំរាម​ប្រើ​អាវុធនុយក្លេអ៊ែរ ដើម្បី​អូសទាញ​ប្រទេស​អព្យាក្រិត្យ​​កុំ​ឱ្យ​រាប់​អាន​រុស្ស៊ី។ គឺ​មាន​តែ​សហរដ្ឋ​អាមេរិក​មួយ​គត់ ដែល​បាន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ប្រឆាំង​នឹង​ប្រទេស​គ្មាន​នុយក្លេអ៊ែរ “ជប៉ុន” កាលពី​ឆ្នាំ ១៩៤៥។

​បើ​តាម​លោក​ពូទីន គឺ​អ៊ុយក្រែន​ជា​អ្នក​ចង់​ប្រើអាវុធ​​វិទ្យុសកម្ម​ ដើម្បី​អាច​និយាយ​បាន​នៅពេល​ក្រោយ​ថា​រុស្ស៊ី​ជា​អ្នក​វាយប្រហារ​នុយក្លេអ៊ែរ។​

អ៊ីចឹង​ហើយ​បាន​ជា​ម្ចាស់​វិមាន​ក្រេមឡាំង​បាន​ស្នើ​សុំ​និង​ជំរុញ​ឱ្យ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ AIEA ត្រូវ​ប្រញាប់​រួសរាន់​ចុះ​ទៅ​ស៊ើប​អង្កេត​នៅអ៊ុយក្រែន​ឱ្យ​បាន​ឆាប់​រហ័ស​ ​ និង​ឱ្យ​បាន​ទូលំទូលាយ​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះអាជ្ញាធរ​ក្រុង​កៀវកំពុង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​​បំបាត់​ដាន​ នៅ​ទីតាំងផលិត​គ្រាប់​បែក​វិទ្យុសកម្ម ពីរ​​​ក្នុង​ប្រទេស​អ៊ុយក្រែន។ នៅក្នុង​សេចក្តី​ថ្លែងការណ៍ AIEA បានប្រកាស​ចុះ​ទៅ​ដល់​​ មណ្ឌលទាំង​​ពីរ តាម​សំណើ​អ៊ុយក្រែន នៅក្នុង​សប្តាហ៍​នេះ។ ជា​ការ​ត្រួតពិនិត្យ​ឯករាជ្យ ដើម្បី​ស្វែង​រក​សញ្ញា​នៃ​ការ​លួច​ពង្វាង​ប្រើ​ប្រាស់​សារធាតុ​នុយក្លេអ៊ែរ។ លទ្ធផល​នៃ​ការ​ងារ​នឹង​ត្រូវ​ផ្សព្វផ្សាយ​ក្នុង​ពេល​ដ៏​ឆាប់ៗ។

យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ​អាមេរិក​ថ្មី

គេ​បាន​ដឹង​តាំង​ពី​ប៉ុន្មាន​សប្តាហ៍​មក​ហើយ ថា​អាមេរិក​មាន​យុទ្ធសាស្ត្រ​ថ្មី ដែល​ចាត់ទុក​ចិន​ជា​គូប្រជែង​ចម្បង​អនាគត​ តែ​​គ្រា​បន្ទាន់​គឺត្រូវ​រក​វិធី​​ទប់​រុស្ស៊ី។ ម្សិលមិញ​ស្ទើរ​ទន្ទឹម​នឹង​សេចក្តី ថ្លែងការណ៍​របស់​លោក​ពូទីន សហរដ្ឋ​អាមេរិក​បាន​ចេញ​ផ្សាយរបាយការណ៍​ស្តីអំពី​​​យុទ្ធសាស្ត្រ​ការពារ​ជាតិ​ថ្មី​របស់​ខ្លួន។ ជា​ឯកសារ​បាន​កំណត់​អំពី​កម្មវត្ថុ​យុទ្ធសាស្ត្រ​យោធា សម្រាប់​ឆ្នាំ​ខាង​មុខ ដូច​ទម្លាប់​ទេ​​ ប៉ុន្តែ​នៅ​លើក​នេះ ជា​លើក​ទី​មួយ​ វា​​មាន​បង្កប់​លក្ខណៈ​ពិសេស​មួយ គឺ​មានភ្ជាប់​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ​ថ្មី​​បញ្ចូល​ជាមួយ​​ផង។ បើ​តាម​មន្ទីរ​បញ្ចកោណ អាវុធ​នុយក្លេអ៊ែរ ដែល​​អាមេរិក​មាន​នឹង​ប្រើ​សម្រាប់​កម្លា​ រារាំង​​រាល់​គ្រប់​ទម្រង់​នៃ​ការ​វាយប្រហារ​យុទ្ធសាស្ត្រ រាប់​ទាំង​ការ​សង្គ្រាម​មិនមែន​នុយក្លេអ៊ែរ​ផង។ សេចក្តី​សម្រេច​បែប​នេះ មាន​ទិសដៅ បន្ទុច​បង្អាក់​សេចក្តី​សម្រេច​ចិត្ត​របស់​គូប្រជែង​។ នេះ​បើ​តាម​ការ​លម្អិត​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួងការពារ​ជាតិ​អាមេរិក។

​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ​ថ្មី ទម្រង់​ពេញ​លេញ​ដែលឯកសារ​​សម្ងាត់​រដ្ឋ ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​សភា​អាមេរិក​តាំងពី​ជា​ច្រើន​ខែ​មក​ហើយ ​មិន​មែន​សំដៅ​ព្រមាន​រុស្ស៊ី​តែ​មួយ​ទេ យុទ្ធសាស្រ្ត​យោធា​អាមេរិក​ថ្មី​ក៏​បាន​កំណត់​ដោយ​ចំៗ​ថា រាល់​ការ​វាយ​ប្រហារ​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង​ប្រឆាំង​អាមេរិក ឬ​សម្ព័ន្ធមិត្ត​ព្រមទាំង​ដៃ​គូ នឹង​នាំឱ្យ​មាន​បញ្ចប់​របប​កុម្មុយនិស្ត​ព្យុងយ៉ាង។ គ្មាន​សេណារីយ៉ូណា​ផ្សេង​ដែល​របប​គីមជុងអ៊ុន​អាច​ប្រើ​អាវុធនុយក្លេអ៊ែរ​ហើយ​អាច​ត្រដរ​បាន​ទៀត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ