អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

សង្គ្រាម​អ៊ុយក្រែន ៖ លោក​ចូ បៃដិន ព្រមាន​រុស្ស៊ី​សាជាថ្មីពីរឿងប្រើ​អាវុធនុយក្លេអ៊ែរតាក់ទិក

​នៅចំពោះ​មុខក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ នា​ថ្ងៃ​អង្គារ​ទី ២៥​តុលា ​រុស្ស៊ី​បាននិយាយចោទ​ប្រកាន់ដដែលៗ ថា​​​​អ៊ុយក្រែនចង់​​​ប្រើ​គ្រាប់​បែក​វិទ្យុសកម្ម​។ ជា​មួយ​ការ​​បដិសេធ​ទាំង​ស្រុង អ៊ុយក្រែនបាន​អញ្ជើញ​អ្នក​ជំនាញ​អន្តរជាតិ​ឱ្យ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់។ ចំណែក លោក​ប្រធានាធិបតី​អាមេរិក​បាន​ព្រមាន​រុស្ស៊ីសា​​ជា​ថ្មី​ រឿង​ប្រើអាវុធ​នុយក្លេអ៊ែរតាក់ទិក។

ក្រោយរុស្ស៊ី​ចោទអ៊ុយក្រែន​ថា​ប្រើគ្រាប់បែក​វិទ្យុសកម្ម លោក បៃដិន ព្រមាន​មូស្គូ​រៀង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​តាក់ទិក
ក្រោយរុស្ស៊ី​ចោទអ៊ុយក្រែន​ថា​ប្រើគ្រាប់បែក​វិទ្យុសកម្ម លោក បៃដិន ព្រមាន​មូស្គូ​រៀង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​តាក់ទិក AP - LIBKOS
ផ្សាយពាណិជ្ជកម្ម

ភ្នាក់ងា​រ​ថាមពល​បរមាណូ​អន្តរជាតិ នឹង​ចុះ​ទៅ​ត្រួត​ពិនិត្យ តាម​សំណូមពរ​របស់​អ៊ុយក្រែន ​ ទីតាំងពីរ​កន្លែង​​ពាក់ព័ន្ធ​នឹង​កា​រចោទ​ប្រកាន់​របស់​រុស្ស៊ី ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាង​មុខ​នេះ។ ​បើ​តាម​ឯកអគ្គរដ្ឋ​ទូតរង​​រុស្ស៊ី​ប្រចាំអង្គការ​សហប្រជាជាតិ ​ដោយ​ចង់​បញ្ចៀស​បរាជ័យ​ ព្រមទាំង​នាំ​អូតង់​ឱ្យមក​ប្រឈម​​នឹង​​សង្គ្រាម​ជាមួយ​រុស្ស៊ី​ដោយផ្ទាល់ អ៊ុយក្រែន​មាន​សមត្ថភាព​នឹង​ប្រើគ្រាប់​បែក​កខ្វក់ ឬ​គ្រាប់​បែក​វិទ្យុសកម្ម ដែល​ផលិត​ដោយ​ប្រើ​បច្ចេកវិទ្យា​អន់ៗ​នៅ​ទីតាំង​ពីរកន្លែង។

អ៊ុយក្រែន​និង​បស្ចិម​លោក ចាត់​ទុក និង​សង្ស័យ​ថា រុស្ស៊ី​ប្រើ​​ពាក្យ​ចោទ​ប្រកាន់​ដដែល​ៗ ​​ជា​លេស ក្នុង​ការ​ប្រើ​គ្រាប់​បែកកខ្វក់​ខ្លួន​ឯង ដើម្បី​សង​សឹក​នឹង​សន្ទុះ​ជោគជ័យ​របស់​អ៊ុយក្រែន។ ហេតុ​ដូច្នេះ​ហើយ​បានជា​ លោកចូ បៃដិន បាន​ព្រមានរុស្ស៊ីសាជា​ថ្មី ថា​រុស្ស៊ី​​នឹង​ខុស​ធ្ងន់​ក្រៃ​បើ​ហ៊ាន​ប្រើ​អាវុធនុយក្លេអ៊ែរ​តាក់ទិក។​

នៅក្នុង​ប្រទេស​អ៊ុយក្រែន​វិញ ​ការ​ប្រយុទ្ធនៅ​តែបន្ត​មាន​ខ្លាំងនៅភាគ​ខាងកើត​ប្រទេស ជាពិសេស​នៅក្រុង​Bakhmout ដែល​យោធា​រុស្ស៊ី​ប៉ុនប៉ង​វាយប្រហារ​យក​តាំង​ពី​ជា​ច្រើន​ខែ​មក​ តែមិន​បាន​សម្រេច។ ​មាន​ជនស៊ីវិល​យ៉ាង​ហោច​៧នាក់​បាន​ស្លាប់​។ ក្រៅ​អំពី​ត្រូវ​ការ​ជំនួយ​ជា​អាវុធ​យុទ្ធភ័ណ្ឌ នៅថ្ងៃ​អង្គារ​ទី ២៥​តុលា ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន​អំពាវនាវ​សុំជំនួយ​ហិរញ្ញវត្ថុ​ពី​សហគមន៍​អន្តរជាតិ​ សម្រាប់បង្គប់​ចំណាយ​សាធារណៈ​នៅឆ្នាំ​២០២៣​។ ដោយ​ហេតុ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​ អ៊ុយក្រែន​មាន​ឱនភាព​ថវិកា​យ៉ាង​ធ្ងន់ធ្ងរ។ អ៊ុយក្រែន​ត្រូវ​ថវិកា​ចំនួន ៣៨ពាន់​លាន​ដុល្លារ សម្រាប់​បើក​ប្រាក់បៀរវត្សរ៍​ជូន​បុគ្គលិក គ្រូបង្រៀន​ គ្រូពេទ្យ​ ចំណាយ​សង្គម​ផ្សេងៗ​ និង​អ្នក​ចូលនិវត្តន៍។ នេះ​បើ​តាម​ការ​លម្អិត​របស់​លោក​ ហ្សេឡេនស្គី ក្នុង​ឱកាស​ថ្លែង​ពីទីក្រុង​កៀវ ទៅ​កាន់​សន្និសីទ​អន្តរជាតិនៅប៊ែរ​ឡាំង​​ស្តីពី​ការ​ស្ថាបនា​អ៊ុយក្រែនឡើង​វិញ។ ការ​ស្ថាបនា​អ៊ុយក្រែន​ឡើងវិញ​ដែល​ត្រូវ​ចាប់​ផ្តើម​ភ្លាម​នៅពេល​នេះ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ និង​សម្រាប់​លោកស្រី​​ប្រធាន​គណៈកម្មការ​អឺរ៉ុប សង្គ្រាម​បាន​បង្ហិន​បង្ហោច​អ៊ុយក្រែន​ហួស​និស្ស័យ។ ​បើតាម​ធនាគារ​ពិភពលោក​ ការ​​ខូច​ខាត​នៅ​អ៊ុយក្រែន​មាន​តម្លៃ​ប្រមាណ​៣៥០ពាន់​លាន​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ