អានតួអត្ថបទ
អឺរ៉ុប-អាកាសធាតុ

អង្គការ​សហប្រជាជាតិ ៖ អឺរ៉ុប​ឡើង​កម្តៅសីតុណ្ហភាព​លឿន​​ជាង​គេ​នៅ​លើ​ផែនដី

នៅក្នុង​ចំណោម​តំបន់​ទាំង​៦​របស់​​ភពផែនដី អឺរ៉ុប​ជាទ្វីប​​ដែល​រង​ការ​ឡើង​កម្តៅ​សីតុណ្ហភាព​លឿន​ជាង​គេ​បំផុត និង​ក្នុង​កំរិត​ល្បឿន​២​ដង​លើ​មធ្យមភាគ​ នៃ​កម្តៅផែនដីទាំងមូល​សម្រាប់​រយៈ​ពេល​៣០​ឆ្នាំ​ចុងក្រោយ។ នេះ​បើរបាយការណ៍​​របស់​អង្គការ​សហប្រជាជាតិ ចេញ​ផ្សាយ​នៅថ្ងៃពុធ​ទី ២​វិច្ឆិកា ២០២២ ដែល​ព្យាករ​ថា​ ការ​ឡើង​កម្តៅយ៉ាង​លឿន​ នឹង​ជំរុញ​ឱ្យ​អឺរ៉ុប​ក្តៅ​ខ្លាំង មានគ្រោះភ្លើង​ឆេះព្រៃ ព្រមទាំង​ទឹកជំនន់​ កាន់​តែ​ធ្ងន់ធ្ងរ។

ភ្នំទឹកកក​នៃ​ជួរភ្នំ​Alpes នៅអឺរ៉ុប រលាយ​អស់​៣០ម៉ែត្រ​ រវាង​ពី​ឆ្នាំ​១៩៩៧-២០២១
ភ្នំទឹកកក​នៃ​ជួរភ្នំ​Alpes នៅអឺរ៉ុប រលាយ​អស់​៣០ម៉ែត្រ​ រវាង​ពី​ឆ្នាំ​១៩៩៧-២០២១ FABRICE COFFRINI / AFP
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​អង្គការ​ឧតុនិយម​ពិភពលោក និង​ភ្នាក់ងារ​អឺរ៉ុប​ស្តីពី​ការ​ប្រែប្រួលអាកាសធាតុ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា កម្តៅ​សីតុណ្ហភាព​នៅ​អឺរ៉ុបបាន​ឡើ​ងខ្ពស់​ខ្លាំង គួរ​ឱ្យ​កត់​សម្គាល់ នៅ​រវាង​ពីឆ្នាំ​ ១៩៩១-២០២១ និង​ក្នុង​ល្បឿន​កន្លះ​អង្សា​ជា​រៀង​រាល់ទសវត្សរ៍។ ជាការ​​ឡើ​ងកម្តៅ​​ដ៏​លឿន​ជាង​បំផុត​បើ​ប្រៀប​ទៅ​នឹង​តំបន់​ទាំង​៦នៃ​ភព​ផែនដី​ ដែល​កំណត់​ដោយ​អង្គការ​ឧតុនិយម​ពិភពលោក។ ជា​ទូទៅ អាកទិក ឡើង​កម្តៅ​​លឿន​ខ្លាំង​ជាង​អឺរ៉ុប​ទៅ​ទៀត គ្រាន់​តែ​​​អាកទិក​មិន​ត្រូវបាន​​ចាត់​ទុក​ថាជា​តំបន់​មួយ​ដ៏​​ពេញលេញប៉ុណ្ណោះ។

ដោយ​ហេតុ​តែ​ឡើង​កម្តៅ​លឿន​ខ្លាំងពេក ​ទឹក​កក​នៅលើ​កំពូលជួរ​​ភ្នំ​Alpes​របស់​អឺរ៉ុប បាន​រលាយ​អស់​កម្រាស់​៣០​ម៉ែត្រ​ ក្នុង​រវាង​ពី​ឆ្នាំ ១៩៩៧-២០២១។ ចំណែក​នៅ​តំបន់​Groenland ស្នូល​ផ្ទាំង​ទឹកកក​បាន​រលាយ​ជា​លំដាប់​​ ដែល​មក​ជួយ​ពន្លឿន​​ការ​ដំឡើង​កម្ពស់​ទឹក​សមុទ្ទ​។ ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិកំណត់​ត្រា​អាកាសធាតុ កម្ពស់​ទឹក​ភ្លៀង​នៅ​ Groenland នា​រដូវ​ក្តៅ​ឆ្នាំ​២០២១ បាន​ឡើង​ដល់​ចំណុច​ខ្ពស់​ជាង​គេ​​បំផុត។

អឺរ៉ុប​ជា​តំណាង​ទិដ្ឋភាព​ដ៏​រស់រវើក​នៃ​ផែនដី​ដែល​រង​អាកាសធាតុ​ប្រែប្រួល និង​ជា​ការ​ដាស់​តឿន​​ប្រាប់​ពិភពលោក​ថា​ទោះបី​ជា​សង្គម​បាន​ត្រៀម​លក្ខណៈ​ប្រឈម​យ៉ាងណា​ក៏​ដោយ​ក៏​មិន​អាច​គេច​រួច​ពី​បាតុភូត​អាកាសធាតុ​អាក្រក់ៗបំផុត​បាន​ដែរ។  នៅ​ឆ្នាំ​២០២១ ទ្វីបអឺរ៉ុប​បាន​រងគ្រោះ​មហន្តរាយ​អាកាសធាតុ​និង​សីតុណ្ហភាព​យ៉ា​ងធ្ងន់ធ្ងរ ទឹក​ជំនន់​​នៅ​អឺរ៉ុប​កណ្តាល និង​ខាងលិច ភ្លើង​ឆេះ​ព្រៃ​នៅ​អឺរ៉ុប​ប៉ែកអាគ្នេយ៍ ក្នុង​ខែ​ក្តៅ​ ចារ​ជាប់​ក្នុង​ឯកសារ​អាកាសធាតុ​អន្តរជាតិ​ដោយ​គ្មាន​ថ្ងៃ​រលុប​បាន​ឡើយ។

បាតុភូត​អាកាសធាតុ​និង​ឧតុនិយម បាន​សម្លាប់​ជីវិត​មនុស្ស​រាប់​រយ​នាក់​នៅអឺរ៉ុប ជាង​កន្លះ​លាន​នាក់​រង​ផលប៉ះពាល់​ដោយ​ផ្ទាល់​និង​លើ​ជីវភាព​​ ក្នុង​កំរិត​ជាង​៥០ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ឧតុនិយម​ពិភពលោក​ដដែល ដោយ​លើក​សរសើរ​ថា ​អឺរ៉ុប​ ជា​​ទ្វីប​ដែល​មាន​កិច្ចសហប្រតិបត្តិការ​អន្តរព្រំដែន​ដើម្បី​សម្របសម្រួល​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ល្អ​ប្រសើរ​ជាង​គេ​។ ៧៥%​នៃ​ប្រជាជន​​បាន​ទទួល​ការ​ការពារ​ពី​គ្រោះ​ធម្មជាតិ​និង​អាកាសធាតុ​ តាម​រយៈ​ប្រព័ន្ធ​ប្រកាសអាសន្ន​​មាន​ប្រសិទ្ធភាព។ អឺរ៉ុប​បាន​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​បាន​៣១%​ នៅ​រវា​ងពី​ឆ្នាំ​១៩៩០-២០២០ ហើយ​អាច​សម្រេច​​ ​ដល់​៥៥%​ នៅ​ឆ្នាំ​២០៣០ ពោល​គឺ​សម្រេច​​កម្មវត្ថុ​កាបោនស្រប​តាម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស នៅ​មុន​ឆ្នាំ​២០៥០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ