អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួបកំពូល​G20 គ្របដណ្តប់​ដោយ​សង្រ្គាមរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួបកំពូល ក្រុមប្រទេស​G20 បាន​ចាប់ផ្តើម​បើកទ្វារ​ជាផ្លូវការ​នៅថ្ងៃអង្គារ នេះ នៅកោះបាលី​ប្រទេស​ឥណ្ឌូណេស៊ី។ ជំនួបកំពូល G20 ជា​វេទិកាសេដ្ឋកិច្ច​ដែលប្រមូលផ្តុំ​ដោយ​ក្រុមប្រទេស​អ្នកមាន និង​ប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់ថ្មី ដែលតំណាង​ឲ្យ​៨០%​នៃ​ផលិតផល​ដុលពិភពលោក។ ជំនួបកំពូល​G20 មាននាទី​ផ្តោតសំខាន់​តែ​ពីរឿង​សេដ្ឋកិច្ច ប៉ុន្តែ ក្នុង​កាលៈទេសៈ សង្រ្គាមឈ្លានពាន​អ៊ុយក្រែន ដែល​កំពុង​ជះផល​អាក្រក់លើ​សេដ្ឋកិច្ច​ពិភពលោក ជំនួបកំពូល​G20 ដែលមាន​ឥណ្ឌូណេស៊ី​ធ្វើ​ជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំនេះ ជៀសមិនផុត​ពី​និយាយ​បញ្ហា​សេដ្ឋកិច្ច និង​សន្តិភាព នៅក្នុង​ពិភពលោក។

ជំនួបកំពូល ហ្សេ ២០​នៅកោះបាលី ប្រទេស​ឥណ្ឌូណេស៊ី ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦​វិច្ឆិកា ២០២២
ជំនួបកំពូល ហ្សេ ២០​នៅកោះបាលី ប្រទេស​ឥណ្ឌូណេស៊ី ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦​វិច្ឆិកា ២០២២ AP - Achmad Ibrahim
ផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​របស់​ក្រុមប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់ជាងគេ​នៅក្នុង​ពិភពលោក បាន​ជួបប្រជុំគ្នា នៅក្នុង​ជំនួបកំពូលហ្សេ ២០ ​ដែល​បើក​សម្ពោធ​ ជាផ្លូវការ​នៅថ្ងៃ​អង្គារ​ទី ១៥​វិច្ឆិកា នៅ​កោះបាលី ប្រទេស​ឥណ្ឌូណេស៊ី។

នៅក្នុងសុន្ទរកថា បើកជំនួបកំពូល​ហ្សេ ២០ ជាផ្លូវការ នៅថ្ងៃកោះបាលី នៅថ្ងៃអង្គារ លោកប្រធានាធិបតី​ឥណ្ឌូណេស៊ី ដែលជា​ម្ចាស់ផ្ទះ បាន​ថ្លែង​ព្រមាន ពីការផ្ទុះឡើងនូវ​សង្រ្គាម​ត្រជាក់​ថ្មី។ តាមលោកហ្សូកូ វីដូដូ ការទទួលខុសត្រូវ មានន័យថា គេត្រូវបិទបញ្ចប់​សង្រ្គាម។ “យើងមិនត្រូវធ្វើ​ឲ្យពិភពលោក​បែកបាក់គ្នា​ជាច្រើនក្រុម។ យើងមិនត្រូវ​ធ្វើ​ឲ្យ​ពិភពលោកជួបសង្រ្គាមត្រជាក់សាជាថ្មីនោះទេ”។ នេះជាប្រសាសន៍​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី។

ជំនួបកំពូល​ហ្សេ ២០ នៅកោះបាលី​ធ្វើឡើងក្នុងកាលៈទេសៈ​ដែល​ពិភពលោក​កំពុងតានតឹង និង​ប្រេះឆាគ្នា​ខ្លាំង ដោយសារតែ​សង្រ្គាមរុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន។ ថ្លែង​តាម​សន្និសីទ​វីដេអូ ទៅកាន់មេដឹកនាំ​ក្រុមប្រទេស ហ្សេ ២០ ដែលនៅក្នុងនោះ មានផងដែរ លោក​រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោក​ហ្សេឡេនស្គីបាន​ទាមទារ​ឲ្យ​ក្រុមប្រទេស ហ្សេ ២០ ដាក់សម្ពាធ ដើម្បី​ឲ្យ​រុស្ស៊ី បញ្ឈប់ជាបន្ទាន់ សង្រ្គាម​ដ៏បំផ្លិចបំផ្លាញអ៊ុយក្រែន។ តាម​ប្រធានាធិបតី​អ៊ុយក្រែន វាដល់​ពេលហើយ​ដែល​សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី ត្រូវ​បិទបញ្ចប់។

ក្រុមប្រទេស​លោកខាងលិច ចង់យកឱកាស​ជំនួបកំពូល​ហ្សេ ២០ ដើម្បីអូសទាញ​ឲ្យ​ប្រទេស​សមាជិក ជាពិសេស ចិន និង​ឥណ្ឌា​​ថ្កោលទោស រុស្ស៊ី ព្រោះថា ចិន កន្លងមក មិនបាន​ថ្កោលទោស សង្រ្គាមឈ្លានពាន​រុស្ស៊ី នៅអ៊ុយក្រែន ហើយ​ចិន​នៅបាន​ស្តីបន្ទោស ប្រទេស​លោកខាងលិច​ដែលដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី។

ប៉ុន្តែ នៅក្នុង​ជំនួបកំពូល​ហ្សេ ២០ ចិន​ហាក់​បង្ហាញ​ជំហរ​ឃ្លាតឆ្ងាយ​បន្តិច ពី​រុស្ស៊ី នៅពេល ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង បានឡើង​ថ្លែង​ប្រឆាំងដាច់ខាត​នឹង​ការយក​រឿង​ថាមពល និង​បញ្ហាស្បៀង​មក​ធ្វើជា​នយោបាយ ជាអាវុធ។ លោក​ស៊ី ជីនពីង​នៅបាន​ប្រកាសដែរថា ចិនចេញមុខ​ប្រឆាំង​នឹង​ការគំរាម ឬការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ តាក់ទិក នៅក្នុង​សង្រ្គាមអ៊ុយក្រែន។

ប្រសាសន៍​របស់​ប្រធានាធិបតី​ចិន ធ្វើ​ឲ្យ​គេយល់ថា រុស្ស៊ីអាច​បាត់បង់​ការគាំទ្រ​របស់​មហាអំណាចចិន ដែលនេះ​មិនមែន​ជារឿងល្អ​នោះទេ សម្រាប់​រុស្ស៊ី។ ដោយសារតែ​ឥទ្ធិពល​និង​អំណាច​របស់​ចិន ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​ត្រូវ​បាន​គេស្វែងរក​ជួបគ្រប់គ្នា។ នៅក្នុងជំនួប​ជាមួយ លោក​ប្រធានាធិបតីបារាំងកាលពីថ្ងៃ​អង្គារទី ១៥​វិច្ឆិកា លោកស៊ី ជីនពីង​ក៏ត្រូវ​បាន​សមភាគីបារាំង​អំពាវនាវ​ឲ្យ​ទៅ​និយាយ​បញ្ចុះបញ្ចូល​ប្រធានាធិបតី​រុស្ស៊ី ឲ្យ​ត្រលប់ចូលតុចរចា និងបញ្ឈប់ធ្វើ​សង្រ្គាមនៅអ៊ុយក្រែន។

សំណុំរឿងសំខាន់ៗនៅក្នុង​ហ្សេ ២០

នៅក្នុង​កាលៈទេសៈ ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិសេដ្ឋកិច្ច​ដើរថយក្រោយ កង្វល់ធំបំផុត​ដែល​ក្រុមប្រទេស​ហ្សេ ២០ ត្រូវ​ពិភាក្សាជាអាទិភាព គឺ បញ្ហា​អសន្តិសុខស្បៀង ដែល​បណ្តាលឡើង​មួយផ្នែក ដោយសារ​សង្រ្គាមនៅអ៊ុយក្រែន។ បន្ទាប់មក ក្រុមប្រទេស​ហ្សេ ២០ ត្រូវ​ពិភាក្សាពីបញ្ហា​​មួយចំនួនទៀត ដែល​កំពុង​ប៉ះពាល់​ស្ថិរភាព សេដ្ឋកិច្ច​ពិភពលោក ដូចជា​បញ្ហា​ថាមពល​ឡើងថ្លៃ វិបត្តិ​ហិរញ្ញវត្ថុ និង​វិបត្តិ​ប្រាក់បំណុល ហើយ​ចុងក្រោយ គឺ​ជំហរ​របស់​ក្រុមប្រទេស​ហ្សេ ២០ នៅក្នុង​រឿងប្រែប្រួល​អាកាសធាតុ។

ទាក់ទង​នឹង​បញ្ហា​អសន្តិសុខ​ស្បៀង ក្រុមប្រទេស​ហ្សេ ២០ ត្រូវ​ផ្តោតសំខាន់​លើ​កិច្ចព្រមព្រៀង ស្តីពី​ការនាំចេញ​ស្រូវសាលី​របស់​អ៊ុយក្រែន ដែល រុស្ស៊ីទើប​បាន​គំរាម​លែង​គោរពអនុវត្ត ចាប់ពីថ្ងៃ​សៅរ៍ ចុងសប្តាហ៍នេះ។ នៅក្រោមការសម្របសម្រួល​របស់ អង្គការ​សហប្រជាជាតិ និង​មាន​តួកគី​ជា​អាជ្ញាកណ្តាល រុស្ស៊ី​បាន​យល់ព្រម​ចុះហត្ថលេខា លើកិច្ចព្រមព្រៀង ដែលបើកផ្លូវ​ឲ្យ​គេ​នាំចេញ​ស្រូវសាលី​អ៊ុយក្រែន ២០លានតោន​ចេញពីកំពង់ផែ​អ៊ុយក្រែន។ ជាថ្នូរមកវិញ គេ​ក៏ត្រូវ​នាំចេញ​ស្រូវសាលី​រុស្ស៊ីដែរ។ ប៉ុន្តែ​រហូតមកដល់ពេលនេះ ស្រូវសាលី គ្រាប់ធញ្ញជាតិ របស់​រុស្ស៊ី មិនត្រូវ​បាននាំចេញ​ច្រើន ដដែល ព្រោះថា ក្រុមហ៊ុន​បរទេស ដែលខា្លចជាប់​ទណ្ឌកម្ម​របស់​អាមេរិកនិង​អឺរ៉ុប បដិសេធ​មិនដឹកជញ្ជូន​ស្រូវសាលី​រុស្ស៊ី។ ដោយសារ​តែរឿងនេះ ទើប​រុស្ស៊ី លែង​ចង់​គោរព​កិច្ចព្រមព្រៀង ដែលបើកផ្លូវ​សម្រាប់​ការនាំចេញ​ស្រូវសាលី​អ៊ុយក្រែនតទៅទៀត។

វិបត្តិ​ប្រាក់បំណុលក៏ជា​សំណុំរឿង​សំខាន់​មួយដែរ​នៅក្នុងជំនួបកំពូល​ហ្សេ ២០។ តាម​សេតវិមាន អាមេរិក​កំពុង​ចង់បញ្ចុះបញ្ចូល​សមាជិក ហ្សេ ២០ ដើម្បី​សម្រាល​បន្ទុកបំណុល​របស់​ក្រុមប្រទេស​ក្រីក្រ។ ដោយសារ​តែ​សង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ប្រទេស​កាន់តែ​ច្រើន​នៅក្នុងពិភពលោក ដែលកំពុង​រួបរឹត​ដោយសារ​វិបត្តិកូវីដ ត្រូវធ្លាក់ខ្លួន​កាន់តែ​ក្រីក្រ និង​ជាប់បំណុលមួយជាន់ទៀត ដោយសារ​វិបត្តិថាមពល និង​ទំនិញឡើងថ្លៃ។

ប៉ុន្តែ តាមមន្រ្តីអាមេរិក ដែលសុំ​មិន​បញ្ចេញឈ្មោះ មានប្រទេស​មួយដែល​អាច​លើកដៃ មិន​ព្រម​បន្ធូរបន្ថយ​ប្រាក់បំណុល​របស់​ប្រទេស​ក្រីក្រ។ មន្រ្តីអាមេរិក​ទំនង​ចង់និយាយ​ដល់​ចិន ដែលជា​ម្ចាស់បំណុល​ធំជាងគេ។ តាម​អាមេរិក ចិន​ចង់​យកបញ្ហា​បញ្ហាប្រាក់បំណុលនេះ​ទៅធ្វើ​ជា​ឈ្នាន់​ដើម្បី​ពង្រឹង​អំណាចរបស់ខ្លួនដើម្បីក្តោបក្តាប់​សេដ្ឋកិច្ចពិភពលោក។

នៅក្នុង​វិបត្តិថាមពល ក្រុមប្រទេស​ហ្សេ ២០ ត្រូវ​ពិភាក្សា ជាមួយ​ប្រទេស​ផលិតប្រេង ដូចជា អារ៉ាប៊ីសាអូឌីត ដែលមាន​រាជបុត្រ​ស្នងរាជ្យមានវត្តមានចូលរួមប្រជុំ។ អារ៉ាប៊ី សាអូឌីត បានរងការរិះគន់​ពីអាមេរិក​ថា កំពុង​រួមដៃជាមួយ​រុស្ស៊ី ដោយបដិសេធ​មិនព្រម​បង្កើនការផលិត ដែលជាហេតុធ្វើ​ឲ្យ​ប្រេង​កាន់តែឡើង​ថ្លៃ​កប់ពពក។

តើរុស្ស៊ី​និយាយការពារខ្លួន និង​ទម្លាក់កំហុស​លើ​អ៊ុយក្រែន

នៅ​កិច្ចប្រជុំ​ហ្សេ ២០ នយោបាយការទូត​របស់​រុស្ស៊ី ធ្វើ​យ៉ាងណា ជៀសវាង​ការថ្កោលទោស​នៅក្នុង​សេចក្តីថ្លែងការណ៍រួម​របស់​ក្រុមប្រទេស​G20។ ថ្លែងនៅក្នុង​កិច្ចប្រជុំនៅថ្ងៃ​នេះ រដ្ឋមន្រ្តីការបរទេស រុស្ស៊ី ដែលតំណាង​ឲ្យលោកប្រធានាធិបតី​រុស្ស៊ី ពូទីនបាន​និយាយ​ថា ក្រុមប្រទេស​លោកខាងលិច កំពុង​ដាក់សម្ពាធ​នយោបាយ​ឲ្យគេ​ចេញសេចក្តីថ្លែងការណ៍​ថ្កោលទោស រុស្ស៊ី។ សេចក្តីព្រាង​នៃ​សេចក្តីថ្លែងការណ៍​រួម​របស់​ហ្សេ ២០ ដែលអ្នកកាសែត​បានទទួលកាលពីថ្ងៃ​ចន្ទម្សិលមិញ មាននិយាយ​ពីការថ្កោលទោស របស់​ប្រទេស​សមាជិកជាច្រើន​របស់​ហ្សេ​២០ ទៅលើ​សង្រ្គាមអ៊ុយក្រែន ដែលកំពុងគំរាមកំហែង​សេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែ បើតាម​ប្រមុខការទូតរុស្ស៊ី ការប៉ុនប៉ង ថ្កោលទោស ទម្លាក់កំហុស​លើ​រុស្ស៊ី ថា ជា​អ្នកធ្វើ​ឲ្យពិភពលោកជួបវិបត្តិស្បៀង និង​វិបត្តិថាមពលឡើងថ្លៃ ត្រូវ​បាន​បរាជ័យទៅវិញ ព្រោះថា នៅមានប្រទេស​មួយចំនួន ដែលមិនគាំទ្រ លង់ជឿការបញ្ចុះបញ្ចូល​​របស់ប្រទេស​លោកខាងលិច។

ឆ្លើយនឹងសំណួរ​របស់​អ្នកកាសែត​ដែលថា តើ​ប្រទេស​ណា​ដែល​នៅគាំទ្រ​រុស្ស៊ី នៅហ្សេ ២០ ប្រមុខការបរទេស​រុស្ស៊ីនិយាយថា លើកលែងក្រុមប្រទេស​លោកខាងលិច និង​បក្សពួក ក្រុមប្រទេស​តតិយលោក ដែល​ប៉ះពាល់ដោយសារ​សំណុំរឿងនេះ បានអំពាវនាវឲ្យមាន​ការដោះស្រាយ​ដោយសន្តិភាព និងការចរចា​ឲ្យបានឆាប់ៗ។

ម្យ៉ាងវិញ បើតាម​រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី មិនមែន​រុស្ស៊ី ទេ​ដែលមិនចង់ចរចា ប៉ុន្តែ គឺភាគី​អ៊ុយក្រែន ដែល​បដិសេធ​មិនព្រម​ចរចា។ តាម​ប្រមុខការបរទេស​រុស្ស៊ីដដែល អ៊ុយក្រែន បាន​ដាក់សំណើជា​ដែល​មិនអាចទទួលយកបាន។ លោក​ឡាវ្រូវមិនបាន​និយាយ​លម្អិត​តើ​សំណើរបស់អ៊ុយក្រែន​គឺ អ្វីទេ ប៉ុន្តែ លោកគ្រាន់តែ​និយាយ​ថា លោកបាន​យកបញ្ហានេះ ទៅប្រាប់ភាគីបារាំង​និង​អាល្លឺម៉ង់រួចហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ