អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សន្និសីទ​អាកាសធាតុ Cop27៖ កិច្ចព្រមព្រៀង​ប្រវត្តិសាស្រ្ត​សម្រាប់ប្រទេស​ក្រីក្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពីពន្យារពេល១ថ្ងៃ និង​ចរចា​រហូត​ដល់ម៉ោង​៤ភ្លឺ នៅថ្ងៃ​អាទិត្យនេះ អ្នកតំណាង​របស់​ប្រទេស​ជិត​២០០ នៅទីបំផុត បាន​រកឃើញ​កិច្ចព្រមព្រៀងរួមគ្នា​មួយ នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពីអាកាសធាតុ Cop27 ដែលប្រព្រឹត្តទៅ​នៅប្រទេស​អេហ្ស៊ីប។ សេចក្តីថ្លែងការណ៍​ចុងក្រោយ ដែល​ប្រធាន​សន្និសីទ​អាកាសធាតុ Cop27​បានអានជាសាធារណៈ នៅព្រឹកថ្ងៃអាទិត្យ​មានបញ្ជាក់​ពីការបង្កើត​មូលនិធិ សម្រាប់​ការខូចខាត និង​បាត់បង់​ដោយសារ​កត្តាប្រែប្រួលអាកាសធាតុ ដែលជា​ការទាមទារ​ចង់បាន​ប្រទេស​ក្រីក្រ និងប្រទេស​កំពុងអភិវឌ្ឍ។

នៅម៉ោង ៤ព្រឹកថ្ងៃអាទិត្យ ទី២០​វិច្ឆិកា គណៈប្រតិភូទះដៃអបអរ​នៅពេល​ប្រធាន​សន្និសីទ​Cop27ថ្លែង​សេចក្តីថ្លែងការណ៍​ចុងក្រោយ សន្និសីទ ដែលនិយាយពីការបង្កើត​មូលនិធិ​សម្រាប់ការខូចខាត និងការបាត់បង់​សម្រាប់​ជួយ​ប្រទេស​ដែលរងគ្រោះ​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ
នៅម៉ោង ៤ព្រឹកថ្ងៃអាទិត្យ ទី២០​វិច្ឆិកា គណៈប្រតិភូទះដៃអបអរ​នៅពេល​ប្រធាន​សន្និសីទ​Cop27ថ្លែង​សេចក្តីថ្លែងការណ៍​ចុងក្រោយ សន្និសីទ ដែលនិយាយពីការបង្កើត​មូលនិធិ​សម្រាប់ការខូចខាត និងការបាត់បង់​សម្រាប់​ជួយ​ប្រទេស​ដែលរងគ្រោះ​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ REUTERS - MOHAMED ABD EL GHANY
ផ្សាយពាណិជ្ជកម្ម

នៅទីបំផុត សន្និសីទអាកាសធាតុ​នៅ​អេហ្ស៊ីប Cop 27 បាន​បិទបញ្ចប់ នៅព្រឹកព្រលឹម​ថ្ងៃអាទិត្យ បន្ទាប់ពី​ត្រូវបាន​ពន្យារពេល ១ថ្ងៃបន្ថែមទៀត។ នៅប៉ុន្មានម៉ោង​មុន​ការបិទបញ្ចប់​សន្និសីទ អ្នកតំណាង​របស់​ប្រទេស​ជិត ២០០​បានចរចាតយ៉ាងស្វិតស្វាញ មុននឹងយល់ព្រមព្រៀង លើការបង្កើត​មូលនិធិ​ពិសេស​សម្រាប់​ការខូចខាត និង​ការបាត់បង់​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ ដែលជា​លទ្ធផល​នៃ​ការប្រែប្រួលអាកាសធាតុ។ ការបង្កើត​មូលនិធិ​សម្រាប់​ការខូចខាត និងការបាត់បង់​ជា​ការទាមទារ​ចង់បាន​ខ្លាំង​របស់ប្រទេស​ក្រីក្រ។

កិច្ចព្រមព្រៀង​ស្តីពីការបង្កើត​មូលនិធិ​សម្រាប់ការខូចខាត និង​ការបាត់បង់ ជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្រ្ត ព្រោះថា នេះជា​លើកទី​១ ដែល ការទាមទារ របស់​ក្រុមប្រទេស​ក្រីក្រ ប្រទេស​កំពុងអភិវឌ្ឍ ដែល​បញ្ចេញ​ឧស្ម័នកាបូនិក តិចតួច ប៉ុន្តែ រងគ្រោះ​ខ្លាំងជាងគេ​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ ត្រូវបាន​គេសរសេរ​ចែង នៅក្នុងកិច្ចព្រមព្រៀង ស្តីពីអាកាសធាតុ។

ក្រុមប្រទេស​ក្រីក្រ ប្រទេស​កោះដែល​ខូចខាត​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ ឬ​កំពុង​ប្រឈមខ្លាំង​នឹង​ការឡើង​កំពស់ទឹកសមុទ្រ បាន​តស៊ូ​ជាង ៣០ឆ្នាំ​មកហើយ ដើម្បី ឲ្យ​គេ​បង្កើត​មូលនិធិ​ពិសេស សម្រាប់បាត់បង់ និងការខូចខាត​កន្លងមក។ នៅក្នុង​សន្និសីទ​Cop27 នៅអេហ្ស៊ីប ពួកគេ​នៅបន្តក្រាញននៀល ចរចា ធ្វើយ៉ាងណា​ឲ្យគេ​ដឹងលឺ​ពីតម្រូវការចង់បាន បន្ទាន់​របស់ពួកគេ។

សន្និសីទ​ស្តីពីអាកាសធាតុ នៅអេហ្ស៊ីប ត្រូវ​ពន្យារពេល មួយថ្ងៃ​បន្ថែមទៀត ក៏ដោយសារតែ ការចរចា​ត្រូវ​ជាប់គាំង នៅពេល​គេ​និយាយ​ពីការទាមទារ​បង្កើត មូលនិធិ​សម្រាប់ជួយប្រទេស​ក្រីក្រ។ ក្រុមប្រទេស​អ្នកមាន​ធ្លាប់បានជំទាស់​មិន​ឲ្យ​គេ​បង្កើត​មូលនិធិថ្មី​សម្រាប់​ការខូចខាត និងការបាត់បង់ ក្នុង​ហេតុផល​ថា គេ​មាន​មូលនិធិ​បៃតៃង​រួចទៅហើយ។

ប៉ុន្តែ សម្រាប់ ក្រុមប្រទេស​ក្រីក្រ ក្រុមប្រទេស​អ្នកមាន មិនបាន​គោរព​ពាក្យ​សន្យាក្នុងការផ្តល់​ប្រាក់​១០០ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ សម្រាប់​មូលនិធិបៃតង ដែលមាន​គោលដៅ ជួយ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក និង​សម្រប​ប្រទេស​នៅ​នឹង​ផលប៉ះពាល់​អាកាសធាតុ។ ម្យ៉ាង គេចង់​ឲ្យមាន​មូលនិធិពិសេស​ថ្មី ព្រោះគេ​ត្រូវការថវិកាបន្ថែម សម្រាប់​ជួយជាពិសេស ប្រទេស​ដែល​រងការខូចខាត និងការបាត់បង់​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ។

កិច្ចព្រមព្រៀង​ស្តីពីការបង្កើត​មូលនិធិសម្រាប់ការខូចខាត និងការបាត់បង់ ដោយសារ​កត្តាប្រែប្រួលអាកាសធាតុ គឺជា​ជោគជ័យ​ដ៏ធំមួយ សម្រាប់​ប្រទេសនៅភាគខាងត្បូង ព្រោះ ដែល​នៅទីបំផុត ការទាមទារ ចង់បាន​របស់ពួកគេ​ត្រូវ​បាន​ដឹងលឺ និង​សរសេរចែងច្បាស់​នៅក្នុងកិច្ចព្រមព្រៀងជាផ្លូវការ។

តើ​អ្នកណា​ដែលត្រូវ​បង់ប្រាក់​ទៅក្នុង​មូលនិធិ​សម្រាប់​ការខូចខាត និងការបាត់បង់?

អ្នកណា​ជា​បង់ប្រាក់​ទៅក្នុង​មូលនិធិ ហើយ​ប្រទេសណា​ដែលទទួល​ថវិកា​ពី​មូលនិធិ។ រឿងនេះ​គេ​នៅមិនទាន់ដឹង​នៅឡើយទេ ព្រោះ​ថា កិច្ចព្រមព្រៀង នៅ​Cop27 នៅអេហ្ស៊ីប និយាយ​ត្រឹម​ការបង្កើតមូលនិធិប៉ុណ្ណោះ។ ចំណែក​ខ្លឹមសារ​លម្អិត ត្រង់ថា តើ​ប្រទេស​ណា​ដែល​ត្រូវ​ទទួលបន្ទុក​ចេញថវិកា ហើយ​និង​លក្ខខណ្ឌ​ជួយកម្រិតណា​នោះ នឹង​ត្រូវ​គេ​ពិភាក្សា​បន្ត នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពីអាកាសធាតុ នៅឆ្នាំក្រោយ ឬ​Cop28 នៅប្រទេស​អេមីរ៉ាត អារ៉ាប់រួម។

ប៉ុន្តែ តាម​លោកស្រី Sherry Rehmen រដ្ឋមន្រ្តី​អាកាសធាតុ​របស់​ប៉ាគីស្ថាន និងជាអ្នកតំណាងក្រុមប្រទេស​កំពុងអភិវឌ្ឍ +ចិន G77 ដែល​តស៊ូមតិ​ខ្លាំង នៅក្នុង​ការចរចា ប៉ុន្មានថ្ងៃ​មកនេះ ការបង់ថវិកា​ទៅក្នុង​កញ្ចប់​មូលនិធិ សម្រាប់ការខូចខាត និងការបាត់បង់ ធ្វើឡើង​ដោយ​ការស្ម័គ្រចិត្ត ពោលគឺ​នៅតែ​គ្មានការចាប់បង្ខំ។ ចំណែកប្រទេស​ដែល​ត្រូវ​ទទួល​ប្រយោជន៍​ពីមូលនិធិ អាច​ជាប្រទេស​ដែល​ក្រីក្រ និង​ប្រទេសកោះ ដែល​ងាយរងគ្រោះដោយសារ​គ្រោះមហន្តរាយធម្មជាតិ និងការឡើងកំពស់ទឹកសមុទ្រ។

អឺរ៉ុប​ខកចិត្ត​នឹង​កិច្ចព្រមព្រៀង នៅ​Cop27

ជារួម គ្រប់គ្នា​សប្បាយចិត្ត ដែល​នៅទីបំផុត ប្រទេស​ក្រីក្រ​ទទួល​បានយុត្តិធម៌ ទាមទារ​បានសម្រេច​ឲ្យមាន​កញ្ចប់ជំនួយ ដើម្បីជួយពួកគេ​ដែលរងគ្រោះដោយសារ​កត្តាប្រែប្រួល​អាកាសធាតុ។ ប៉ុន្តែ ប្រទេស​នៅអឺរ៉ុប​មិនសប្បាយចិត្ត​ដែល​ឃើញថា ចិន និង​ឥណ្ឌា ដែល​ជាប្រទេស​កំពុងបញ្ចេញ​ឧស្ម័នកាបូនិក ច្រើនដែរនោះ ស្ថិតក្នុងបញ្ជីប្រទេស​កំពុងអភិវឌ្ឍ​ដែលត្រូវទទួល​កញ្ចប់ថវិកាសម្រាប់​ការខូចខាត និងការបាត់បង់។ អឺរ៉ុប​ចង់​ឲ្យ​ចិន ដែលជា​មហាអំនាច​សេដ្ឋកិច្ច​ទី២​ក្នុងពិភពលោក​ជួយចេញ​ថវិកាសម្រាប់មូលនិធិ។​

មួយវិញទៀត អ្វីដែល​បណ្តាប្រទេស​អឺរ៉ុប​មិន​ពេញចិត្ត​នៅត្រង់ថា សន្និសីទ​Cop27 ផ្តោតនិយាយ​ច្រើនតែ​ពី​រឿងថវិកា ប៉ុន្តែ ភ្លេច​និយាយ​ពី​ការប្រឹងប្រែងដើម្បី​កាត់បន្ថយការបញ្ចេញ​ឧស្ម័នការបូនិក។

អគ្គលេខាធិការអង្គការ​សហប្រជាជាតិផ្ទាល់ ក៏មាន​ជំហរ​ដូច​ប្រទេស​អ្នកមាន ប្រទេ​សនៅអឺរ៉ុបដែរ។ នៅថ្ងៃនេះ​លោកអង់តូនីញ៉ូ ហ្គូទែរស៍ បាន​ស្វាគម​កិច្ចព្រមព្រៀង ស្តីពីការបង្កើត មូលនិធិសម្រាប់​ជួយប្រទេសក្រីក្រ ប៉ុន្តែ ដូច​ប្រទេសអឺរ៉ុប លោក​បាន​សំដែង​ការសោកស្តាយ ព្រោះថា បញ្ហា​កាត់បន្ថយ​ឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ ត្រូវ​បាន​គេលើកនិយាយ​តិចតួច នៅក្នុង​សន្និសីទ។ នៅក្នុង​រឿងកាត់បន្ថយ ឧស្ម័នកាបូនិក កិច្ចព្រមព្រៀង​នៅ​អេហ្ស៊ីបគឺ​មិនសូវ​ជាមានមហិច្ឆតា​ដូចនៅ Cop26 នៅប្រទេស​អង់គ្លេស​អីចឹង ពោល គឺ​គេ​គ្មានឃើញ ប្រទេស​ទាំងអស់ ជាពិសេស​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័នកាបូនិកក្រាស់ក្រែល ចេញមុខ សន្យាថ្មី ដើម្បីកាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក​របស់ខ្លួន​ឲ្យបានច្រើនជាងមុន​នោះទេ។

ជាក់ស្តែង ពាក្យដែលគេ​ប្រើប្រាស់ នៅក្នុង​កិច្ចព្រមព្រៀង សម្រាប់​និយាយ​ពីការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក ក៏​មិនសូវ​តឹងរ៉ឹង។ ឧទាហរណ៍ គេ​បានប្រើពាក្យ ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​កាត់បន្ថយ​ការប្រើប្រាស់​ធ្យូងថ្ម និង​លុបបំបាត់​ឧបត្ថម្ភ​ទុន សម្រាប់​កាប្រើប្រាស់​ផូស៊ីលដែលមិនចាំបាច់។ សម្រាប់​ក្រុមប្រទេស​នៅអឺរ៉ុប​កិច្ចព្រមព្រៀង​មិន​សូវ​មាន​មហិច្ឆតា និង​ចង់​ឲ្យ​គេ​ប្រើ​ពាក្យផូស៊ីល ព្រោះថា ពាក្យនេះ ក្តោបបញ្ចូល ថាមពល​ធ្យូងថ្ម ប្រេង និង​ឧស្ម័ន។ ប្រធានកម្មវិធីនយោបាយអាកាសធាតុ របស់អឺរ៉ុប និង​ជាអ្នកតំណាងការចរចា​របស់​អឺរ៉ុប លោក​Frans Timmermans បានបន្ទោស អេហ្ស៊ីប ដែលជា​ប្រធានសន្និសីទ ថា រងការដាក់សម្ពាធ ជឿតាមការបញ្ចុះបញ្ចូល របស់​អ៊ីរ៉ង់ អារ៉ាប៊ី សាអូឌីត និងរុស្ស៊ី ដើម្បី​ជៀសវាង​មិនប្រើពាក្យ កាត់បន្ថយ​ប្រេង និង​ឧស្ម័ន នៅក្នុងកិច្ចព្រមព្រៀង។

មួយវិញភាគីអឺរ៉ុប មិន​ពេញចិត្តផងដែរ ដែល​គេ​សរសេរ​ចាត់ទុក ឧស្ម័ន ដែលបញ្ចេញ​ឧស្ម័ន​តិចតួច ជា​ប្រភពថាមពលស្អាតស្អំ ដូចជាផ្ទាំងសូឡា និង​វាយោថាមពល។ ការចែងយ៉ាងដូច្នេះ នឹង​អាច​ធ្វើ​ឲ្យអ្នកប្រើប្រាស់​ឧស្ម័ន រួចខ្លួន​ពីកាតព្វកិច្ច​កាត់បន្ថយ ឧស្ម័នកាបូនិក។

សម្រាប់​អ្នកតំណាងអឺរ៉ុប ភាគីជាច្រើន​មិនទាន់បាន​ត្រៀមខ្លួន​ដើម្បីបោះជំហានទៅមុខ នៅក្នុង​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួលអាកាសធាតុ ពីព្រោះពួកគេ​នៅ​ខ្លាច នៅចំពោះមុខការផ្លាស់ប្តូរ ហើយនិងមិន​ចង់ចំណាយច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ