អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ នៅអាចស្រោចស្រង់បាន ឬមួយក៏ស្លាប់បាត់ហើយ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់​បាន​ក្លាយ​ជា​ប្រធានបទ​តានតឹង​ជា​ថ្មី​រវាង​បស្ចិមលោក និង​អ៊ីរ៉ង់។ ទីភ្នាក់ងារថាមពល​បរមាណូ​អន្តរជាតិ AIEA បាន​បញ្ជាក់​ថា អ៊ីរ៉ង់​បាន​ចាប់​ផ្តើម​ធ្វើកា​រ​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​របស់​ខ្លួន​ក្នុង​កម្រិត ៦០% នៅ​ក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វ័រដូ (Fordo)។ ទង្វើ​​ថ្មី​របស់ក្រុង​តេហេរ៉ង់​ពេល​នេះ​ជា​ការ​រំលោភបំពាន​យ៉ាង​កម្រោល​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥។ អ៊ីចឹង​ហើយ​បាន​ជា​​បស្ចិមប្រទេស ពិសេស​អាមេរិក និង​អឺរ៉ុប​បាន​បញ្ចេញ​ប្រតិកម្ម​ថ្កោលទោស​អ៊ីរ៉ង់​ចាស់​ដៃ។

សំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់​បាន​ក្លាយ​ជា​ប្រធានបទ​តានតឹង​ជា​ថ្មី​រវាង​បស្ចិមលោក និង​អ៊ីរ៉ង់។ ទីភ្នាក់ងារថាមពល​បរមាណូ​អន្តរជាតិ AIEA បាន​បញ្ជាក់​ថា អ៊ីរ៉ង់​បាន​ចាប់​ផ្តើម​ធ្វើកា​រ​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​របស់​ខ្លួន​ក្នុង​កម្រិត ៦០% នៅ​ក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វ័រដូ (Fordo)។
សំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់​បាន​ក្លាយ​ជា​ប្រធានបទ​តានតឹង​ជា​ថ្មី​រវាង​បស្ចិមលោក និង​អ៊ីរ៉ង់។ ទីភ្នាក់ងារថាមពល​បរមាណូ​អន្តរជាតិ AIEA បាន​បញ្ជាក់​ថា អ៊ីរ៉ង់​បាន​ចាប់​ផ្តើម​ធ្វើកា​រ​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​របស់​ខ្លួន​ក្នុង​កម្រិត ៦០% នៅ​ក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្វ័រដូ (Fordo)។ AP
ផ្សាយពាណិជ្ជកម្ម

ដើម្បី​អាច​យល់​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជា​ថ្មី​រវាង​បស្ចិមលោក និង​អ៊ីរ៉ង់​ទាក់ទង​នឹង​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ពេល​នេះ​បាន គេ​មិន​អាច​មិន​និយាយ​បាន​ឡើយ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ ២០១៥ និង​រឿងរ៉ាវ​មួយ​ចំនួន​ដែល​បាន​កើត​មាន​ជា​បន្តបន្ទាប់​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ គួរ​រម្លឹក​ថា កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​អ៊ីរ៉ង់ និង​សមាជិក​អចិន្ត្រៃយ៍​ទាំង ៥ ប្រទេស​នៃ​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​បូក​នឹង​ប្រទេស​អាល្លឺម៉ង់ និង​បាន​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ ២០១៦។

ក៏​ប៉ុន្តែ អ្វីៗ​បាន​ផ្តើម​ប្រេះឆា​នៅ​ក្នុង​ជំនាន់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ដែល​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​វិញ​កាល​ពី​ឆ្នាំ ២០១៨ និង​ថែម​ទាំង​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ឡើង​វិញ​ប្រឆាំង​អ៊ីរ៉ង់។ ជា​ការ​សងសឹក​នឹង​លោក​ត្រាំ​វិញ​កាល​ណោះ អ៊ីរ៉ង់​ក៏​បាន​ផ្តើម​ឈប់​គោរព​ត្រឹមត្រូវ​តាម​កិច្ចព្រមព្រៀង។ តែ​ក្នុង​ពេល​ជាមួយ​គ្នា ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​ដែល​មិន​បាន​ដក​ខ្លួន​ចេញ​បាន​ព្យាយាម​ស្រោចស្រង់​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ឡើង​វិញ។ ការ​ចរចា​ក៏​បាន​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​រហូត​ដល់​មាន​ក្តីសង្ឃឹម​ថ្មី​នៅ​ពេល​ដែល​លោក​ចូ បៃដិន​បាន​ជាប់​ឆ្នោត​ប្រធានាធិបតី​អាមេរិក។

ក្តីសង្ឃឹម​ថ្មី​នោះ គឺ​ការ​សន្យា​របស់​លោក​បៃដិន​ក្នុង​ការ​នាំ​អាមេរិក​ឲ្យ​ចូល​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ឡើង​វិញ។ តែ​បញ្ហា​នៅ​ត្រង់​ថា ការ​ត ថ្លៃ​គ្នា​បាន និង​កំពុង​បន្ត​អូសបន្លាយ​មក​ដល់​សព្វថ្ងៃ ហើយ​ក្នុង​ពេល​ដែល​អាមេរិក និង​អ៊ីរ៉ង់​កំពុង​បន្ត​ត ថ្លៃ​គ្នា​មិន​ត្រូវ អ៊ីរ៉ង់​ក៏​កំពុង​បង្កើន​បរិមាណ​ស្តុក​អ៊ុយរ៉ាញ៉ូម និង​ធ្វើ​ការ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​អត្រា​ខ្ពស់​លើស​ពី​ការ​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង។

តាម​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ AIEA អ៊ីរ៉ង់​បាន​ធ្វើ​ការ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​អត្រា ២០% ចាប់​តាំង​ខែ​ធ្នូ ឆ្នាំ ២០២០ និង​បាន​ឡើង​ដល់ ៦០% ចាប់​ពី​និទាឃរដូវ ខណៈ​ដែល​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ បាន​កំណត់​ក្នុង​អត្រា​តែ ៣,៦៧% ប៉ុណ្ណោះ។

អ៊ីរ៉ង់​កំពុង​ឈាន​ទៅ​ផលិត​គ្រាប់បែក​បរមាណូ?

អ្វី​ដែល​សហគមន៍​អន្តរជាតិ​បាន​ខ្នះខ្នែង និង​បាន​ព្យាយាម​ខ្លាំង​នៅ​ក្នុង​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​តាំង​ពី​ដើម គឺ​ទប់​កុំ​ឲ្យ​អ៊ីរ៉ង់​មាន​លទ្ធភាព​ផលិត​គ្រាប់បែប​បរមាណូ។ នៅ​ក្នុង​ជម្រើស​ទប់​ស្កាត់​នេះ​មាន​តែ​មួយ​គត់ គឺ​រារាំង​អ៊ីរ៉ង់​មិន​ឲ្យ​ស្តុក​បរិមាណ​អ៊ុយរ៉ាញ៉ូម និង​ធ្វើ​ការ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​លើស​ពី​កម្រិត​មួយ​ដែល​អាច​ប្រើ​នៅ​ក្នុង​ការ​ផលិត​គ្រាប់បែប​បរមាណូ។ កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ដែល​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហគមន៍​អន្តរជាតិ​បាន​ចែង​ច្បាស់​ថា អ៊ីរ៉ង់​មិន​អាច​ធ្វើ​ការ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​អត្រា​ខ្ពស់​ជាង ៣,៦៧% ហើយ​ក្នុង​រយៈពេល ១០ឆ្នាំ អ៊ីរ៉ង់​មិន​អាច​ស្តុក​ទុក​អ៊ុយរ៉ាញ៉ូម​ចម្រើន​រួច​ក្នុង​អត្រា​ទាប​ជាង ៣,៦៧% លើស​ពី ៣០០គីឡូក្រាម​បាន​ទេ។ បើ​លើស គឺ​ត្រូវ​ដឹក​ចេញ​ទៅ​បរទេស ពិសេស​ប្រទេស​រុស្ស៊ី។

តែ​ពេល​នេះ អ៊ីរ៉ង់​បាន​ធ្វើ​ការ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​អត្រា​ដល់​ទៅ ៦០% ឯណោះ ពោល​គឺ​ច្រើន​ជាង​ឆ្ងាយ​ខ្លាំង​ណាស់​ពី​អត្រា ៣,៦៧% ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥។ តាម​ពិត​ទៅ សហគមន៍​អន្តរជាតិ​បាន​សម្តែង​ក្តី​បារម្ភ​តាំង​ពី​អ៊ីរ៉ង់​បាន​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​អត្រា ២០% ចាប់​ពី​ខែ​ធ្នូ ឆ្នាំ ២០២០ មក​ម្ល៉េះ។ ពិតណាស់ ដើម្បី​អាច​ផលិត​គ្រាប់បែក​បរមាណូ​បាន អ៊ីរ៉ង់​ត្រូវ​ការ​អ៊ុយរ៉ាញ៉ូម​ចម្រើនធាតុ​រួច​ក្នុង​អត្រា​ដល់​ទៅ ៩០%។ តែ​គេ​ត្រូវ​ដឹង​ថា នីតិវិធី​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ពី​អត្រា ២០% ទៅ ៩០% គឺ​ងាយស្រួល និង​ឆាប់​រហ័ស​ជាង​នីតិវិធី​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ពី​អត្រា ៣% ទៅ ២០% ឆ្ងាយ​ណាស់។

អ៊ីចឹង​ហើយ​បាន​ជា​ក្នុង​ពេល​មិន​ដល់ ២ឆ្នាំ​ស្រួល​បួល​ផង សន្ទុះ​នៃ​ការ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​បាន​ស្ទុះ​ពី ២០% ដល់ ៦០% នៅ​ពេល​នេះ។ ៦០% គឺ​កាន់​តែ​រំកិល​ក្បែរ ៩០% ដែល​គ្រប់គ្រាន់​ដើម្បី​អាច​ផលិត​បាន​នូវ​គ្រាប់បែក​បរមាណូ​តែ​ក្នុង​រយៈពេល ១០ថ្ងៃ​ប៉ុណ្ណោះ។ ដូច្នេះ សហគមន៍​អន្តរជាតិ​មាន​ហេតុផល​ត្រឹមត្រូវ និង​គ្រប់គ្រាន់​ដើម្បី​ទាញ​សញ្ញាអាសន្ន​នៅ​ក្នុង​រឿង​នេះ។

ព្រឹត្តិការណ៍​បះបោរ​ផ្ទៃក្នុង​នៅ​អ៊ីរ៉ង់​ជា​ឧបសគ្គ​បន្ថែម​របស់​បស្ចិមលោក?

អ្វីៗ​វា​អាស្រ័យ​លើ​ឆន្ទៈ​របស់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ដែល​គេ​មិន​អាច​ទម្លាក់​កំហុស​ដាក់​ភាគី​ណា​មួយ​បាន​ទេ។ តែ​គេ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដ៏​សែន​ស្មុគស្មាញ​មួយ​នេះ​នៅ​មិន​ទាន់​អាច​បិទ​បញ្ចប់​ដោយ​កិច្ចព្រមព្រៀង​កាល​ពី​ជាង ៧ឆ្នាំ​មុន​បាន​នៅ​ឡើយ​ទេ ហើយ​កិច្ចព្រមព្រៀង​មួយ​នេះ​ទៀត​សោត​ក៏​កំពុង​ដើរ​មក​ដល់​ផ្លូវ​ទាល់​មួយ​នៅ​ពេល​នេះ។ អ្វី​ដែល​កំពុង​លេច​ធ្លោ​ខ្លាំង​នៅ​ពេល​នេះ គឺ​ការ​ចង្អុល​មុខ​ដាក់​គ្នា និង​សង្រ្គាម​ពាក្យ​សម្តី​យ៉ាង​ផុសផុល​រវាង​អ៊ីរ៉ង់ និង​បស្ចិមលោក។ ព័ត៌មាន​ស្តីពី​ការ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​ក្នុង​អត្រា ៦០% របស់​អ៊ីរ៉ង់​ពេល​នេះ​មិន​បាន​ធ្វើ​ឲ្យ​បស្ចិមលោក​ឈរ​ឱបដៃ​នៅ​ស្ងៀម​បាន​ឡើយ ពិសេស​អាមេរិក និង​អឺរ៉ុប។

ប្រទេស​ហត្ថលេខី​របស់ ៣ប្រទេស​អឺរ៉ុប​មាន​បារាំង អង់គ្លេស និង​អាល្លឺម៉ង់​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​គ្នា​ថ្កោលទោស​អ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍​បាន​មើល​ឃើញ​ថា ទង្វើ​របស់​អ៊ីរ៉ង់​បង្កប់​ដោយ​ហានិភ័យ​នៃ​ការ​សាយភាយ​នុយក្លេអ៊ែរ និង​គ្មាន​ភស្តុតាង​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ស្តីពី​នុយក្លេអ៊ែរ​ស៊ីវិល​របស់​អ៊ីរ៉ង់​ឡើយ។ នៅ​អាមេរិក អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​សន្តិសុខជាតិ​របស់​សេតវិមាន​បាន​បញ្ជាក់​ថា អាមេរិក​បន្ត​តាម​ដាន​មើល​ជាមួយ​នឹង​ក្តី​កង្វល់​ទាក់ទង​នឹង​ភាព​ចម្រើន​ទៅ​មុខ​នៃ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ រួម​ទាំង​ភាព​ចម្រើន​ទៅ​មុខ​នៃ​សមត្ថភាព​មីស៊ីលបាលីស្ទិក​របស់​អ៊ីរ៉ង់។ បើ​តាម​មើល​ទៅ ការ​ចរចា​រវាង​អ៊ីរ៉ង់ និង​សហគមន៍​អន្តរជាតិ​ក្នុង​រឿង​នុយក្លេអ៊ែរ​ប្រហែល​ពិបាក ខណៈ​ដែល​អ៊ីរ៉ង់​កំពុង​បន្ត​ប្រឈម​នឹង​ការ​បាតុកម្ម​របស់​មហាជន​តាំង​ពី​ជាង ១ខែ។

សហគមន៍​អន្តរជាតិ ពិសេស​បស្ចិមលោក​ដែល​កំពុង​ថ្កោលទោស​រដ្ឋអំណាច​អ៊ីរ៉ង់​នៅ​ក្នុង​ការ​បង្រ្កាប​បាតុករ​ក្នុង​ថ្លុក​ឈាម​ក៏​ពិបាក​ចូល​អង្គុយ​តុ​ចរចា​ជាមួយ​អ៊ីរ៉ង់។ការ​សម្របសម្រួល ឬ​ការ​ធ្វើ​សម្បទាន​ណា​មួយ​របស់​បស្ចិមលោក​ចំពោះ​អ៊ីរ៉ង់​អាច​ទទួល​រង​ការ​រិះគន់ និង​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ការ​គាំទ្រ​រដ្ឋអំណាច​អ៊ីរ៉ង់។ យ៉ាង​ណា​ក៏​ដោយ មាន​សំណួរ​ពីរ​ដែល​កំពុង​បន្ត​គ្មាន​ចម្លើយ តើ​កិច្ចព្រមព្រៀង​កាល​ពី​ជាង ៧ឆ្នាំ​មុន​នៅ​តែ​អាច​ស្រោចស្រង់​បាន​ដែរ ឬ​ទេ និង​ថា តើ​ភាគី​ពាក់ព័ន្ធ​មិនមែន​កំពុង​ព្យាយាម​ស្រោចស្រង់​កិច្ចព្រមព្រៀង​មួយ​ដែល​បាន​ស្លាប់​បាត់​ទៅ​ហើយ​ទេ ឬ​យ៉ាង​ណា?៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ