អានតួអត្ថបទ
នុយក្លេអ៊ែអ៊ីរ៉ង់

មហាអំណាចអឺរ៉ុប​ បង្ហាញ​ការបារម្ភ​ទាក់ទិន​នឹង​ឆន្ទៈ​ពិតប្រាកដ​​របស់​អ៊ីរ៉ង់ ក្នុងការ​គោរព​​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

ទាក់ទិននឹងការស្រោចស្រង់​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បន្ទាប់ពីបានជួបប្រជុំគ្នាជាច្រើនលើកច្រើនសារ ក្តីសង្ឃឹមហាក់កាន់តែរលាយ​សាបសូន្យទៅ។ កាលពីថ្ងៃសៅរ៍​ម្សិលមិញ ក្រុមប្រទេសមហាអំណាចអឺរ៉ុប ទាំង៣ មានបារាំង អាល្លឺម៉ង់ និង​អង់គ្លេស ដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ បានចេញលិខិតប្រកាសរួមគ្នា ដោយ​បាន​លើកឡើងថា គេមាន​ការបារម្ភខ្លាំងណាស់ ទាក់ទិន​នឹងឆន្ទៈពិតប្រាកដរបស់អ៊ីរ៉ង់ ក្នុងការ​គោរព​កាតព្វកិច្ចរបស់ខ្លួន។

លោក Reza Najafi (ឆ្វេង) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និង​មន្ត្រីជំនាញ​នុយក្លេអ៊ែរអ៊ីរ៉ង់ Behrouz Kamalvandi ចាកចេញពីកិច្ចប្រជុំនៅ​វិមាន Coburg ទីក្រុងវីយែន ថ្ងៃទី៥សីហា២០២២។​
លោក Reza Najafi (ឆ្វេង) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និង​មន្ត្រីជំនាញ​នុយក្លេអ៊ែរអ៊ីរ៉ង់ Behrouz Kamalvandi ចាកចេញពីកិច្ចប្រជុំនៅ​វិមាន Coburg ទីក្រុងវីយែន ថ្ងៃទី៥សីហា២០២២។​ AP - Florian Schroetter
ផ្សាយពាណិជ្ជកម្ម

កាលពីដើមខែសីហា ក្រុមការងារចរចា នៅទីក្រុងវីយែន បានសម្រេចកំណត់​យកអត្ថបទព្រាងចុងក្រោយ ដែលគេសង្ឃឹមថា នឹងអាចដាក់ស្នើឲ្យ​គ្រប់ភាគីទាំងអស់ចុះហត្ថលេខាទទួលយក។ កិច្ចព្រមព្រៀង​គ្រប់គ្រងនុយក្លេអ៊ែរអ៊ីរ៉ង់ អាចនឹង​ត្រូវបានស្រោចស្រង់ឡើងវិញ អ៊ីរ៉ង់អាចនឹងត្រលប់មកគោរពកាតព្វកិច្ចខ្លួន ហើយសហរដ្ឋអាមេរិក អាចនឹងត្រឡប់​មកចូលរួម​ក្នុងកិច្ចព្រមព្រៀងនេះវិញ។

ក៏ប៉ុន្តែរហូតមកទល់ពេលនេះ ក្តីសង្ឃឹមហាក់កំពុងតែរលាយ។ ក្រសួងការបរទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេសបានចេញលិខិតរួមគ្នា ដោយ​បានបង្ហាញអំពី​ការមិនទុកចិត្តកាន់តែខ្លាំងឡើង ចំពោះឆន្ទៈពិតប្រាកដ របស់ភាគីអ៊ីរ៉ង់ ក្នុងការស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ យោងតាមមហាអំណាចទាំង៣ គេសង្កេតឃើញថា អ៊ីរ៉ង់នៅតែចចេស បន្តមិនគោរពកាតព្វកិច្ចខ្លួន ដែលមានចែងក្នុងក្របខណ្ឌកិច្ចព្រមព្រៀង ក៏ដូចជាសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ តាមរយៈការចំរាញ់ធាតុ​អ៊ុយរ៉ានីញ៉ូម ដែលលើសហួសខ្លាំងឡើងៗ ពីកម្រិតប្រើប្រាស់ក្នុងវិស័យស៊ីវីល​។​

គួរបញ្ជាក់ដែរថា ការលើកឡើងរបស់ក្រុមប្រទេសអឺរ៉ុបនេះ គឺបន្ទាប់ពីភាគីអ៊ីរ៉ង់ បានដាក់លក្ខខណ្ឌ​ឲ្យ​ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ AIEA ត្រូវឈប់​ស៊ើបអង្កេតអង្កេតទាក់ទិននឹង​ ការប្រទះឃើញ​​ស្លាកស្នាម​ធាតុអ៊ុយរ៉ានីញ៉ូម នៅ​ស្ថានីយនុយក្លេអ៊ែរអ៊ីរ៉ង់​​ចំនួន​៣ទីតាំង ដែលមិនមានចុះនៅក្នុងបញ្ជី។ ការទាមទារ ដែលលោក Rafael Grossi អគ្គនាយក​ទីភ្នាក់ងារថាមពលនុយក្លែអ៊ែរអន្តរជាតិ បានបដិសេធ មិនព្រមធ្វើតាម។​ យ៉ាងណាមិញ ការទាមទារលក្ខខណ្ឌរបស់អ៊ីរ៉ង់នេះ ត្រូវបាន​លោក​អង់តូនី ប្លីងកិន លើកឡើងកាលពីថ្ងៃសុក្រកន្លងទៅ ថាជាការឈានជើងដើរថយក្រោយ​របស់អ៊ីរ៉ង់។

គួរកត់សំគាល់ដែរថា នៅក្នុងលិខិតប្រកាសរបស់ បារាំង អង់គ្លេស និងអាល្លឺម៉ង់ បាន​លើកឡើងថា គោលជំហររបស់គេគឺច្បាស់​ណាស់ គឺអ៊ីរ៉ង់ត្រូវតែសហការដោយស្មោះត្រង់ ឲ្យ​បានពេញលេញ និង​ជាបន្ទាន់បំផុត ជាមួយ​ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ។ ក្នុងករណី ដែលអ៊ីរ៉ង់ មិនទទួលយក​កិច្ចព្រមព្រៀង បារាំង អង់គ្លេស​ អាល្លឺម៉ង់ នឹងនិយាយពិភាក្សាជាមួយ​សម្ព័ន្ធមិត្តអន្តរជាតិ ឈាន​ទៅ​​ដាក់ចេញនូវវិធានការឲ្យ​បានសមស្របបំផុត ដើម្បី​ឆ្លើយតបទៅនឹង​មហិច្ឆតា​នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ព្រមទាំង​កង្វះកិច្ចសហការរបស់អ៊ីរ៉ង់​ ជាមួយ​ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ