អានតួអត្ថបទ
នុយក្លេអ៊ែរ​-អ៊ីរ៉ង់

អ៊ីរ៉ង់​ប្រកាស​មាន​សមត្ថភាព​ផលិត​អាវុធ​នុយក្លេអ៊ែរ

នៅថ្ងៃ​ចន្ទ​ទី ១៨​កក្កដា​២០២២​នេះ អ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់​អ៊ីរ៉ង់​ជា​ច្រើន​រូប​បាន​ប្រកាស​ថា​ “អ៊ីរ៉ង់​សម្រេច​សមត្ថភាព​បច្ចេកទេស​ផលិត​គ្រាប់​បែក​នុយក្លេអ៊ែរហើយ”។ សេចក្តី​ប្រកាស​នេះធ្វើ​ឡើង​តែ​មួយ​ក្រោយ​ពី​លោក​ប្រធានាធិបតី​អាមេរិក​ចូបៃដិន បាន​ចាក​ចេញ​ពី​តំបន់​ដើមបូព៌ា បន្ទាប់​ពី​បាន​បំពេញ​ទស្សនកិច្ច​អស់​បី​ថ្ងៃ​និង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​មួយ​ជាមួយ​អ៊ីស្រាអែល សន្យាដាច់​ខាត​មិន​​ឱ្យ​អ៊ីរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ​។

Le drapeau iranien flottant devant une vue de la capitale Téhéran, le 31 mars 2020.
Le drapeau iranien flottant devant une vue de la capitale Téhéran, le 31 mars 2020. © Vahid Salemi/AP
ផ្សាយពាណិជ្ជកម្ម

គឺ​អតីត​រដ្ឋមន្ត្រីក្រសួងការបរទេស​អ៊ីរ៉ង់ លោក កាម៉ាល់ ខារ៉ាហ្ស៊ី Kamal Kharazi ដែល​ជា​ទីប្រឹក្សា​របស់​អគ្គមគ្គុទេសក៍​​អ៊ីរ៉ង់​ និង​ជា​ប្រធានក្រុម​ប្រឹក្សាយុទ្ធសាស្ត្រ​នៃទំនាក់ទំនង​បរទេស​​ ជា​អ្នក​ប្រកាស​ដំណឹង ទៅ​ក្នុង​ទូរទស្សន៍ Al Jazira ​ ថា​ “អ៊ីរ៉ង់​មាន​សមត្ថភាព​បច្ចេកទេស​ផលិត​អាវុធ​អាតូមិក​ហើយ ប៉ុន្តែ​មិន​ទាន់​សម្រេច​ចិត្ត​ធ្វើ​ទេ”។ មិន​តែ​ប៉ុណ្ណោះ ​អ្នក​ទទួល​ខុស​ត្រូវ​អ៊ីរ៉ង់​ បាន​អះអាង​បន្ថែម​ទៀត​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាមកំហែង​របស់​អ៊ីស្រាអែល កងកម្លាំង​យោធា​អ៊ីរ៉ង់​ បានធ្វើ​​​​សមយុទ្ធ​ ទ្រង់ទ្រាយ​ធំ ​​ជា​ច្រើន​លើក​ច្រើន​សា ដើម្បីអាច​វាយប្រហារ​​អ៊ីស្រាអែល​ ជាពិសេសវាយប្រហារ​លើ​ចំណុច​រសើបៗ​របស់​ប្រទេស មាន​ជា​អាទិ៍​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​តែម្តង។

អន្តរាគមន៍​របស់​លោក ខារ៉ាហ្ស៊ី ធ្វើ​ឡើងក្នុង​ខណៈ​ដែល​ការ​ចរចារបស់​អ៊ីរ៉ង់​ជាមួយ​ក្រុម​មហាអំណាច​និង​សហរដ្ឋ​អាមេរិក​ស្តី​ពី​ការ​វិល​ត្រលប់​ទៅរក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ត្រូវ​ជាប់​គាំង​ស្តូក​តាំង​ពី​ខែ​មីនា​២០២២​មក និង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ការ​បិទ​បញ្ចប់​ទស្សនកិច្ច​នៅ​ដើមបូព៌ា​របស់​លោក​ចូបៃដិន។

ក្នុងឱកាស​បំពេញ​​ទស្សនកិច្ច​នៅ​អារ៉ាប៊ីសាអូឌីត និង​អ៊ីស្រាអែល ប្រធានាធិបតី​អាមេរិក​បាន​ធានា​ហើយ​ធានា​ទៀត​ថា​វ៉ាស៊ីនតោន​នឹង​ធ្វើ​ប្រើ​គ្រប់​មធ្យោបាយ​ទប់​ស្កាត់​អ៊ីរ៉ង់​មិន​ឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរជា​ដាច់​ខាត ដោយ​បាន​ទាំង​ចុះ​ហត្ថលេខាជាមួយ​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លើ​សេចក្តី​ថ្លែងការណ៍​ហ្សេរុយសាឡិមផង។

ជា​ការកាតិការ​សញ្ញា​បំភាន់​ភ្នែក និង​ប្រកប​ដោយ​ពុតត្បុត​របស់​សហរដ្ឋ​អាមេរិក​ដែល​បិទ​ភ្នែក​បណ្តោយ​ឱ្យ​អ៊ីស្រាអែល​មាន​អាវុធ​នុយក្លេអ៊ែរ​តែ​ម្នាក់​ឯង​នៅក្នុង​តំបន់។ នេះ​ជា​ប្រតិកម្ម​របស់អ្នក​នាំពាក្យ​ក្រសួងការបរទេស​​អ៊ីរ៉ង់​ កាលពី​ថ្ងៃ​អាទិត្យ​។

​អ៊ីរ៉ង់សត្រូវ​លេខ​មួយ​របស់​អ៊ីស្រាអែល​ ​កំពុង​បោះជំហាន​ទៅ​មុខ​យ៉ាង​លឿន ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​និង​ការ​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​​ នៅ​តែ​បដិសេធ​ជា​និច្ច​ថា​មិន​ចង់​មាន​គ្រាប់​បែក​បរមាណូ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ