អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

អ៊ីរ៉ង់​ចាប់​ផ្តើម​ចម្រាញ់ធាតុ​អ៊ុយរ៉ានីញ៉ូម ក្នុង​​កម្រិត​៦០% នៅ​ស្ថានីយ៍ Fordo

អ៊ីរ៉ង់ហាក់កំពុងតែដើរចាកឆ្ងាយ​កាន់តែខ្លាំង ពីកាតព្វកិច្ច​ដែលមានចែងក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​។ អង្គភាពថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ បាន​ប្រកាសថា ខ្លួន​បានចាប់​ផ្តើម​ផលិត ​អ៊ុយរ៉ានីញ៉ូចម្រាញ់ធាតុ ក្នុងកម្រិត​៦០% នៅឯស្ថានីយ៍ Fordo ។ ជាការសម្រេច​ ដើម្បីជាប្រតិកម្ម​ឆ្លើយតប ចំពោះ​សេចក្តីសម្រេចចិត្តនៃទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ ដែលបាន​រិះគន់អ៊ីរ៉ង់។ សូមបញ្ជាក់ថា ដើម្បីអាចផលិតគ្រាប់បែក​បរមាណូបាន គឺត្រូវការ​អ៊ុយរ៉ានីញ៉ូម​​ចម្រាញ់​ធាតុ ក្នុងកម្រិត៩០%។

រូបភាព​​ផ្តល់​ឲ្យដោយ​អង្គភាព​ថាមពលនុយ​ក្លេអ៊ែរអ៊ីរ៉ង់ ៖ បំពង់​ចម្រាញ់​ធាតុអ៊ុយរ៉ានីញ៉ូម នៅស្ថានីយ៍​Natanz ថ្ងៃទី ៥ វិច្ឆិកា ២០១៩
រូបភាព​​ផ្តល់​ឲ្យដោយ​អង្គភាព​ថាមពលនុយ​ក្លេអ៊ែរអ៊ីរ៉ង់ ៖ បំពង់​ចម្រាញ់​ធាតុអ៊ុយរ៉ានីញ៉ូម នៅស្ថានីយ៍​Natanz ថ្ងៃទី ៥ វិច្ឆិកា ២០១៩ AP
ផ្សាយពាណិជ្ជកម្ម

លោក Mohammad Eslami ប្រធានអង្គភាព​ថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ បានបញ្ជាក់ឲ្យ​ដឹងថា សកម្មភាពចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូម ក្នុងកម្រិត​៦០% ត្រូវបាន​ចាប់ផ្តើម​ដំណើរការហើយ ចាប់ពីថ្ងៃចន្ទទី​២១វិ​ច្ឆិកា នៅឯស្ថានីយ៍ Fordo។ នេះបើផ្អែកតាមការចុះផ្សាយ របស់​បណ្តាញព័ត៌មានអ៊ីរ៉ង់ Isna។ ប្រភពដដែលបាន​លើកឡើងថា ប្រធានអង្គភាពអ៊ីរ៉ង់រូបនេះ បាន​អះអាងថា ការដាក់សំពាធនយោបាយគឺគ្មានប្រយោជន៍អ្វីនោះទេ ហើយ​អ៊ីរ៉ង់ធ្លាប់​បានប្រាប់ហើយ ថានឹងឆ្លើយតបទៅវិញយ៉ាងម៉ឹងម៉ាត់បំផុត ចំពោះសំដីរិះគន់ទាំងឡាយ របស់ទីភ្នាក់ងារថាមពល​នុយក្លេអ៊ែរអន្តរជាតិ AIEA។

សូមរំលឹកថា កម្រិតចម្រាញ់ធាតុអ៊ុយរ៉ានូញ៉ូម ដល់ទៅ៦០% ដែលអ៊ីរ៉ង់ទើបតែប្រកាសនេះ គឺវាលើសច្រើនខ្លាំងសម្បើមណាស់ ទៅនឹងកម្រិតអតិបរមាដែលមានចំនួនតែ ៣,៦៧% ចែងនៅក្នុងកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ JCPAO ចុះឆ្នាំ​២០១៥។ គឺដោយយោងតាម​កិច្ចព្រមព្រៀងនេះហើយ ដែលអ៊ីរ៉ង់បាន​សន្យាបិទរោងចក្រនុយក្លេអ៊ែរ​ Fordo ដែលជាស្ថានីយ៍ចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូម ស្ថិតនៅក្រោម​ដី ចំងាយ​ប្រមាណ​១៨០គីឡូម៉ែត្រ ខាងត្បូងទីក្រុងតេហេរ៉ង់ ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចចេញពី​អ៊ីរ៉ង់​។

ក៏ប៉ុន្តែ បន្ទាប់ពីរដ្ឋាភិបាល​អាមេរិក ដឹកនាំដោយ​លោកដូណាល់ ត្រាំ បានដកខ្លួនឈប់នៅក្នុងកិច្ចព្រមព្រៀង​ ហើយ​បាន​ដាក់បន្ថែមទណ្ឌកម្ម​លើអ៊ីរ៉ង់ អ៊ីរ៉ង់បាន​ផ្តើម​ឈប់អនុវត្តកាតព្វកិច្ច​របស់ខ្លួន​ បន្តិចម្តងៗ។ កាលពីខែមករា ឆ្នាំ​២០២១ អ៊ីរ៉ង់បានចាប់ផ្តើមចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូម ក្នុងកម្រិត​២០% នៅស្ថានីយ៍ Fordo។ ហើយ​នៅខែមេសាឆ្នាំដដែល អ៊ីរ៉ង់បានចម្រាញ់ធាតុអ៊ុយរ៉ានីញ៉ូម ដល់ទៅ​៦០% នៅស្ថានីយ៍Natanz។ ជាកម្រិតដែលកាន់តែកើនខ្ពស់ ក្បែរ ៩០% ដើម្បីអាចឈានទៅផលិត​គ្រាប់បែកបរមាណូបាន​។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍​កន្លងទៅ ទីភ្នាក់ងារថាមពលនុយ​ក្លេអ៊ែរអន្តរជាតិ AIEA ដែលមានតួនាទីតាមដាន​ពិនិត្យ​ការគោរពកាតព្វកិច្ចរបស់អ៊ីរ៉ង់ បានចេញសេចក្តីសម្រេចចិត្តមួយរិះគន់ធ្ងន់ៗ ចំពោះអាកប្បកិរិយាអ៊ីរ៉ង់ ដែលមិនសហការ ហើយ​មិនផ្តល់ចម្លើយ​បច្ចេកទេស ដែលគួរឲ្យទុកចិត្ត​ ទាក់ទិននឹងស្លាកស្នាមសាធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ធាតុ ដែលគេប្រទះឃើញនៅ​ស្ថានីយ៍ចំនួន​៣ ដែលគ្មានឈ្មោះ​ក្នុង​បញ្ជី។​

យោងតាម AIEA គិតត្រឹមចុងខែតុលា អ៊ីរ៉ង់មានអ៊ុយរ៉ានីញ៉ូមចម្រាញ់ធាតុ២០% ចំនួន ៣៨៦,៤​គីឡូក្រាម និង​អ៊ុយរ៉ានីញ៉ូមចម្រាញ់ធាតុ​៦០% ចំនួន​៦២,៣គីឡូក្រាម។ ជាទំហំដែលកើនឡើងជាលំដាប់ ដែលធ្វើឲ្យ​គេបារម្ភថាអ៊ីរ៉ង់កំពុងតែឈានទៅមានលទ្ធភាព​ផលិត​គ្រាប់​បែកបរមាណូ។ ទន្ទឹមគ្នានេះ ការចរចានៅទីក្រុងវីយែន ដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ គឺកាន់តែរលត់ក្តីសង្ឃឹមទៅហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ