អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាកាសធាតុ៖កាណាដាលាតត្រដាងយុទ្ធសាស្រ្តតម្លៃ ១ ១០០លានអឺរ៉ូដើម្បីសម្របទៅនឹងការប្រែប្រួលអាកាសធាតុ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​កាណាដា រដ្ឋាភិបាល​បាន​លាត​ត្រដាង​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ វិច្ឆិកា​នូវ​យុទ្ធសាស្រ្តជាតិ​លើកទី១ ដើម្បី​សម្រប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ លោក​ប៊ីល ប៊្លែរ រដ្ឋមន្រ្តី​ក្រសួង​គាំពារ​ស៊ីវិល​បាន​ថ្លែង​ថា ការ​ប្រែប្រួល​អាកាសធាតុ​បាន​កើត​មាន​នៅ​គ្រប់​ទីកន្លែង និង​នៅ​លើ​សហគមន៍​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កាណាដា។ តាម​រដ្ឋមន្រ្តី​កាណាដា​រូប​នេះ​ដដែល ការ​កើន​ឡើង​ញឹកញាប់ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ព្រឹត្តិការណ៍​អាកាសធាតុ​មិនមែន​មាន​តែ​នៅ​កាណាដា​មួយ​ទេ តែ​មាន​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់​ក្នុង​លោក​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

​លោក​ហ្សូសស្តាំង ទ្រុយដូ នាយករដ្ឋមន្រ្តី​កាណាដា។
​លោក​ហ្សូសស្តាំង ទ្រុយដូ នាយករដ្ឋមន្រ្តី​កាណាដា។ AP - Sean Kilpatrick
ផ្សាយពាណិជ្ជកម្ម

យុទ្ធសាស្រ្តជាតិ​របស់​កាណាដា​ដើម្បី​សម្រប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ជា​យុទ្ធសាស្រ្តជាតិ​មួយ​សម្រាប់​រយៈពេល ៥ឆ្នាំ​ដែល​មាន​ជិត ៧០វិធានការ និង​ដែល​មាន​តម្លៃ​សរុប ១ ៦០០លានដុល្លារ​កាណាដា ឬ​ស្មើ​នឹង​ជិត ១ ២០០លានដុល្លារ​អាមេរិក។ តាម​រយៈ​កញ្ចប់​ថវិកា​ទាំង​ជិត ១ ២០០លានដុល្លារ​នេះ រដ្ឋាភិបាល​នឹង​ធ្វើ​ការ​ចំណាយ​ទៅ​លើ​វិធានការ​ជា​ច្រើន​ដើម្បី​សម្រប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ពិសេស​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ថ្មី​ដែល​ធន់​នឹង​គ្រោះធម្មជាតិ ដូច​ជា​ខ្យល់ព្យុះ ទឹកជំនន់ ឬ​មួយ​ក៏​ចំណាយ​ទៅ​លើ​ការ​បង្កើត​ឧបករណ៍​ថ្មី​ជាមួយ​នឹង​បច្ចេកវិទ្យា​ខ្ពស់​ដើម្បី​ផ្តល់​ដំណឹង​ឆាប់​រហ័ស និង​ជាក់ច្បាស់​ដល់​ប្រជាជន​កាណាដា​ស្តីពី​ទីកន្លែង​ដែល​អាច​ប្រឈម​នឹង​គ្រោះទឹកជំនន់ ឬ​មួយ​ក៏​ទិន្នន័យ​ស្តីពី​អាកាសធាតុ។

ប្រសិន​បើ​ប្រជាជន​មាន​ព័ត៌មាន​គ្រប់គ្រាន់ និង​ច្បាស់លាស់​ស្តីពី​ទីកន្លែង​នៃ​ការ​មក​នូវ​ទឹកជំនន់ ព្យុះសង្ឃរា ឬ​មួយ​ក៏​រលកកម្តៅ​ក្តៅ​ខ្លាំង ពួក​គេ​អាច​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ជម្លៀស​ខ្លួន​ចេញ ឬ​មួយ​ក៏​ប្រើ​មធ្យោបាយ​ដើម្បី​សម្រប​ខ្លួន។ នៅ​ក្នុង​ជិត ៧០វិធានការ​នៃ​យុទ្ធសាស្រ្តជាតិ​ដើម្បី​សម្រប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ រដ្ឋាភិបាល​ព្យាយាម​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ទី១ ចាប់​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៥០ ប្រជាជន​កាណាដា​ចំនួន ៦០% ស្គាល់ និង​ដឹង​ពី​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​ដែល​ពួក​គេ​ប្រឈម ទី២ ចាប់​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០ ដី និង​ទឹក​ត្រូវ​បាន​អភិរក្ស​ដើម្បី​ទ្រទ្រង់​ប្រព័ន្ធ​ជីវចម្រុះ និង​ទី៣ ចាប់​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៤០ ការ​ស្លាប់​ដោយ​រលក​កម្តៅ​ក្តៅ​ខ្លាំង​នឹង​លែង​មាន។

ជម្រើស​ផ្លូវ​សម្រប​ខ្លួន និង​ជម្រើស​ផ្លូវ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ត្រូវ​ដើរ​ទន្ទឹម​គ្នា?

ការ​ដែល​រដ្ឋាភិបាល​កាណាដា​បាន​លាតត្រដាង​នូវ​យុទ្ធសាស្រ្តជាតិ​ដើម្បី​សម្រប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ពេល​នេះ​មិនមែន​ជា​ការ​បោះ​ចោល​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ទេ។ វិធានការ​ទប់​ស្កាត់ និង​វិធានការ​សម្រប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ត្រូវ​ដើរ​ទន្ទឹម​គ្នា។ ក្រៅ​ពី​កាណាដា វិធានការ​ទប់​ស្កាត់ និង​វិធានការ​សម្រប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ក៏​ត្រូវ​បាន​ប្រទេស​មួយ​ចំនួន​ទៀត​យក​ទៅ​អនុវត្ត​ដែរ។ ចូរ​កុំ​ភ្លេច​ថា ការ​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានការណ៍​មួយ​ដែល​គេ​ពិបាក​ទប់​ស្កាត់ ដូច​រឿង​ប្រែប្រួល​អាកាសធាតុ​ជា​ជម្រើស​ល្អ និង​ទទួល​បាន​ផល​ចំណេញ។

តាម​រយៈ​យុទ្ធសាស្រ្តជាតិ​ដើម្បី​សម្រប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ពេល​នេះ រដ្ឋាភិបាល​កាណាដា​សង្ឃឹម​កាត់​បន្ថយ​តម្លៃ​នៃ​ការ​ខាតបង់​ដែល​បង្ក​ដោយ​គ្រោះមហន្តរាយ​ធម្មជាតិ ដូច​ជា​គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ឬ​មួយ​ក៏​ព្យុះសង្ឃរា។ តាម​រដ្ឋាភិបាល​ក្រុង​អូតាវ៉ា ការ​បោះទុន​វិនិយោគ​ចំនួន ១ដុល្លារ​នឹង​អាច​សន្សំសំចៃ​បាន​រហូត​ដល់​ទៅ ១៥ដុល្លារ។ អ្វី​ដែល​រដ្ឋាភិបាល​ចង់​និយាយ​គឺ​ថា បើ​គេ​ចំណាយ​តែ ១ដុល្លារ​ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន​ដែល​ធន់​នឹង​គ្រោះ​ធម្មជាតិ ដូច​យ៉ាង​ទឹកជំនន់ គេ​អាច​បញ្ជៀស​ការ​ខាត​បង់​ដែល​បង្ក​ដោយ​គ្រោះទឹកជំនន់​ដល់​ទៅ ១៥ដុល្លារ។

រដ្ឋាភិបាល​បាន​លើក​ឧទាហរណ៍​ជាក់ស្តែង​ទៅ​ពន្យល់​ថា គ្រាន់​តែ​ការ​ប្រើ​និយាម​ថ្មី​នៅ​ក្នុង​វិស័យ​សំណង់​ពាក់ព័ន្ធ​នឹង​គ្រោះទឹកជំនន់ និង​គ្រោះ​អគ្គីភ័យ​មួយ​អាច​សន្សំសំចៃ​ប្រាក់​បាន​ដល់​ទៅ ៤ ៧០០លានដុល្លារ​ក្នុង​មួយ​ឆ្នាំ។ បន្ទាប់​មក រដ្ឋាភិបាល​ក៏​បាន​លើក​ឡើង​ពី​ការ​អភិវឌ្ឍន៍​តំបន់​បៃតង​នៅ​តាម​ទីក្រុង​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ និង​គ្រោង​បង្កើន​ការ​អភិវឌ្ឍន៍​បន្ថែម​ទៀត​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០។ តាម​រដ្ឋាភិបាល តំបន់​បៃតង​នេះ​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​កាត់​បន្ថយ​លើ​ការ​ប្រើ​ម៉ាស៊ីន​ត្រជាក់ និង​ការ​បង្កើន​គុណភាព​ខ្យល់​ជា​ដើម។

ក្រុម​សកម្មជន និង​អង្គការ​បរិស្ថាន​សាទរ

យុទ្ធសាស្រ្តជាតិ​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​របស់​រដ្ឋាភិបាល​ពេល​នេះ​ទទួល​បាន​ការ​សាទរ ពិសេស​ពី​ក្រុម​អង្គការ និង​ក្រុម​សកម្មជន​បរិស្ថាន។ « គឺ​ជា​ការ​បោះ​មួយ​ជំហាន​យ៉ាង​ធំ » នេះ​ជា​ប្រតិកម្ម​របស់​អង្គការ Greenpeace។ ចំណែក​ការិយាល័យ​ធានា​រ៉ាប់រង​កាណាដា​ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ឯកជន​ជា​ច្រើន​បាន​ចាត់​ទុក​យុទ្ធសាស្រ្តជាតិ​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​របស់​រដ្ឋាភិបាល​ថា​ជា​យុទ្ធសាស្រ្ត​ប្រកប​ដោយ​មហិច្ឆតា និង​ភាព​ក្លាហាន ព្រម​ទាំង​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ផ្សេង​ក្នុង​លោក​យក​គំរូ​តាម​កាណាដា។

អ្វី​ជា​ការ​កត់សម្គាល់ យុទ្ធសាស្រ្ត​ថ្មី​របស់​រដ្ឋាភិបាល​កាណាដា​ពេល​នេះ​ជា​វិធានការ​បន្ថែម​ទៅ​លើ​ផែនការ​លើក​មុន​តាំង​ពី​ឆ្នាំ ២០០៩ ដែល​មាន​កញ្ចប់​ទឹកប្រាក់​ចំនួន ៨ ០០០លានដុល្លារ។ គួរ​បញ្ជាក់​ថា សំណួរ​ទាក់ទង​នឹង​ការ​សម្រប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ត្រូវ​បាន​លើក​យក​ទៅ​ជជែក​យ៉ាង​ផុសផុល​នា​សន្និសីទអន្តរជាតិ​ស្តីពី​អាកាសធាតុ COP២៧ ដែល​ទើប​បិទ​បញ្ចប់​ថ្មីៗ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប។ ក៏​ប៉ុន្តែ ជំនួយ​ដែល​សន្យា​ដោយ​ក្រុម​ប្រទេស​អ្នក​មាន​ដើម្បី​ជួយ​ក្រុម​ប្រទេស​អ្នក​ក្រ​ដែល​បាន​រងគ្រោះ​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ជា​ប្រធានបទ​ប្រឈម និង​ចោទ​ជា​បញ្ហា​ដដែល។

គ្រប់​គ្នា​បាន​យល់​ឃើញ​ដូច​គ្នា​ថា ជម្រើស​សម្រប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ជា​ជម្រើស​ដែល​គួរ​ដើរ​ទន្ទឹម​គ្នា​នឹង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ តែ​បញ្ហា​នៅ​ត្រង់​ថា​សម្រាប់​ក្រុម​ប្រទេស​ក្រីក្រ កុំ​ថា​ឡើយ​ជម្រើស​សម្រប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ សូម្បី​តែ​ជម្រើស​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ក៏​ពួក​គេ​គ្មាន​លទ្ធភាព​ដែរ។ អ្វី​ដែល​គេ​កំពុង​មើល​ឃើញ ជម្រើស​ដែល​ក្រុម​ប្រទេស​ក្រីក្រ​កំពុង​មាន​ក្នុង​ដៃ​ពេល​នេះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​បន្ត​ទ្រាំទ្រ និង​ទទួល​រង​នូវ​ផលវិបាក​អាកាសធាតុ​ដែល​ក្រុម​ប្រទេស​អ្នក​មាន​ជា​អ្នក​បង្ក​ឡើង​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ