អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អូនុយស៊ីដា៖វិសមភាព ការរើសអើង និងអំពើហិង្សាក្នុងគ្រួសាររារាំងដល់យុទ្ធនាការប្រឆាំងនឹងជំងឺអេដស៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី១ ធ្នូ​នេះ​ជា​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍។ នៅ​ក្នុង​ឱកាស​នេះ អង្គការ​អូនុយស៊ីដា​បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​ស្ថានភាព​ជំងឺ​ស៊ីដា ឬ​ជំងឺ​អេដស៍​នៅ​ទូទាំង​ពិភពលោក។ នៅ​ក្នុង​របាយការណ៍​ដែល​មាន​កម្រាស់ ៧ទំព័រ អូនុយស៊ីដា​បាន​កត់សម្គាល់​ឃើញ​ពី​កំណើន​អ្នក​ឆ្លង​ជំងឺ​អេដស៍​នៅ​ក្នុង​តំបន់​ជា​ច្រើន​ក្នុង​លោក និង​បាន​មើល​ឃើញ​ថា វិសមភាព ការ​រើសអើង និង​អំពើហិង្សា​ក្នុង​គ្រួសារ​ជា​កត្តា​ដែល​បាន​រារាំង​ដល់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អេដស៍។

ថ្ងៃទី១ ធ្នូ​នេះ​ជា​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍។ នៅ​ក្នុង​ឱកាស​នេះ អង្គការ​អូនុយស៊ីដា​បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​ស្ថានភាព​ជំងឺ​ស៊ីដា ឬ​ជំងឺ​អេដស៍​នៅ​ទូទាំង​ពិភពលោក។
ថ្ងៃទី១ ធ្នូ​នេះ​ជា​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍។ នៅ​ក្នុង​ឱកាស​នេះ អង្គការ​អូនុយស៊ីដា​បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​ស្ថានភាព​ជំងឺ​ស៊ីដា ឬ​ជំងឺ​អេដស៍​នៅ​ទូទាំង​ពិភពលោក។ © Shutterstock - nito
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​បាន​លេច​រូបរាង​ជាង ៤០ឆ្នាំ ជំងឺ​ស៊ីដា ឬ​ជំងឺ​អេដស៍​កំពុង​បន្ត​មាន​វត្តមាន កំពុង​បន្ត​ឆ្លង និង​កំពុង​បន្ត​លេប​ត្របាក់​ជីវិត​មនុស្ស​ដោយ​មិន​រើស​មុខ​ជា​រៀងរាល់​ថ្ងៃ។ អ្វី​ដែល​គួរ​ឲ្យ​សោកស្តាយ ទោះ​បី​ជា​អង្គការ​អន្តរជាតិ​អូនុយស៊ីដា​ប្រឹងប្រែង​ផ្សព្វផ្សាយ និង​មាន​វិធានការ​ដើម្បី​ទប់ស្កាត់​ក៏​ដោយ​ក៏​ជំងឺ​កាច​សាហាវ​មួយ​នេះ​កំពុង​បន្ត​ឆ្លង​ខ្លាំង និង​ហាក់​កាន់​តែ​មាន​កំណើន​ទៀត​ផង។ ក្នុង​ឆ្នាំ ២០២០ មាន​អ្នក​កើត​ជំងឺ​អេដស៍​ចំនួន ៤០លាននាក់ និង​មាន​អ្នក​ស្លាប់​ជិត ៧០០ ០០០នាក់។ ចំណែក​របាយការណ៍​ថ្មី​ដែល​ទើប​ផ្សព្វផ្សាយ​បាន​ឲ្យ​ដឹង​ថា អ្នក​ឆ្លង​ជំងឺ​អេដស៍​ក្នុង​ឆ្នាំ ២០២១ មាន​ចំនួន ១ ៥០០ ០០០នាក់ និង​មាន​អ្នក​ស្លាប់​ប្រមាណ​ជា ៦៥០ ០០០នាក់។

តាម​របាយការណ៍​ថ្មី​ចុង​ក្រោយ​នេះ​នាំ​ឲ្យ​គេ​អាច​សន្និដ្ឋាន​បាន​ថា កម្មវត្ថុ​នៃ​ការ​បិទបញ្ចប់​ការ​ឆ្លង​ជំងឺ​អេដស៍​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០ ដែល​កំណត់​ដោយ​អង្គការ​អូនុយស៊ីដា​ប្រហែល​មិន​អាច​ទៅ​រួច​ទេ។ គួរ​បញ្ជាក់​ថា កម្មវត្ថុ​មួយ​នេះ​របស់​អូនុយស៊ីដា គឺ​កាត់​បន្ថយ​ការ​ឆ្លង​ប្រចាំ​ឆ្នាំ​ចំនួន ៥០០ ០០០ ករណី​ក្នុង​ឆ្នាំ ២០២១ និង​ចំនួន ៣៧០ ០០០ករណី​ក្នុង​ឆ្នាំ ២០២៥។ យ៉ាង​ណា​ក៏​ដោយ ពិភពលោក​ហាក់​មិន​បាន​បន្ធូរដៃ​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អេដស៍​ទេ  មិន​ថា​ទាក់ទង​នឹង​ការ​ស្រាវជ្រាវ​រក​វ៉ាក់សាំង​បង្ការ ឬ​ការ​រក​ថ្នាំ​ព្យាបាល​ឲ្យ​ជា​សះស្បើយ។ តែ​គេ​ហ៊ាន​ទទួល​ស្គាល់​ថា​នា​រយៈពេល ២ឆ្នាំ​ចុង​នេះ ពោល​ក្នុង​ពេល​ដែល​ពិភពលោក​បាន​ញាំញី​ខ្លាំង​ដោយ​កូវីដ១៩ ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អេដស៍​ហាក់​មិន​សូវ​ស្វាហាប់​ប៉ុន្មាន​ទេ។

វិធានការ​បិទខ្ទប់​ប្រទេស បំរាមគោចរ និង​ការ​រឹតបន្តឹង​ចរាចរណ៍​មនុស្ស​ដើម្បី​ទប់​ស្កាត់​នឹង​ការ​ឆ្លង​រាលដាល​កូវីដ១៩ បាន​បង្ក​ការ​លំបាក​ខ្លាំង​ដល់​អ្នក​ជំងឺ​អេដស៍ ពិសេស​បាន​រារាំង​អ្នក​ផ្ទុក​ជំងឺ​អេដស៍​មិន​អាច​ចេញ​ទៅ​ធ្វើ​រោគវិនិច្ឆ័យ ឬ​ចេញ​ទៅ​ទទួល​ការ​ព្យាបាល។

សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ជា​ផលវិបាក​ថ្មី

តាម​នាយិកា​ប្រតិបត្តិ​អង្គការ​អូនុយស៊ីដា​លោកស្រី​វីននី ប៊ីយ៉ានយីម៉ា ជំងឺ​កូវីដ១៩ គ្រាន់​ជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​មួយ​ចំនួន​ទៀត​ដែល​បាន​ធ្វើ​ឲ្យ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អេដស៍​ជួប​ការ​លំបាក។ នៅ​ក្នុង​ហេតុផល​មួយ​ចំនួន​ទៀត​នេះ លោកស្រី​ប៊ីយ៉ានយីម៉ា​បាន​លើក​ឡើង​ពី​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ សង្រ្គាម​មួយ​នេះ​ក៏​ដូច​ជា​ជំងឺ​កូវីដ១៩​បាន​បាន​ជះ​វិបាក​ខ្លាំង​ដល់​វិស័យ​សេដ្ឋកិច្ច។ ជំងឺ​កូវីដ១៩ បាន​ធ្វើ​ឲ្យ​សង្វាក់​ផលិតកម្ម និង​សង្វាក់​ផ្គត់ផ្គង់​ជាប់​គាំង ហើយ​សង្រ្គាម​អ៊ុយក្រែន​ពេល​នេះ​បាន​ធ្វើ​ឲ្យ​តម្លៃ​ថាមពល និង​តម្លៃ​ម្ហូបអាហារ​ឡើង​ថ្លៃ​ខ្ពស់។ អ្នក​ដែល​បាន​រងគ្រោះ​ខ្លាំង​ដោយ​កូវីដ១៩ ពិសេស​សង្រ្គាម​អ៊ុយក្រែន​ពេល​នេះ​គឺ​អ្នក​ក្រីក្រ​ដែល​មាន​ចំណូល​តិច និង​ក្រុម​ប្រទេស​ក្រក្រី ឬ​ហៅ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឃ។

នៅ​ក្នុង​ន័យ​នេះ ក្រុម​ប្រទេស​កំពុង​អភិវឌ្ឃ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បង្វែរ​លុយ​ទៅ​ចំណាយ​លើ​វិស័យ​អាទិភាព​ផ្សេង​ដោយ​ទុក​ចោល​មួយ​អន្លើ​នូវ​វិស័យ​សុខាភិបាល វិស័យ​អប់រំ ឬ​វិស័យ​គាំពារ​សង្គម។ ចំណែក​ក្រុម​ប្រទេស​អ្នក​មាន ឬ​ក្រុម​ប្រទេស​អភិវឌ្ឃ​នៅ​មាន​លទ្ធភាព​ក្នុង​ការ​ចំណាយ​លើ​សឹង​គ្រប់​ផ្នែក​ទាំង​អស់ ក្នុង​នោះ​ក៏​មាន​ផ្នែក​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អេដស៍​មួយ​ដែរ។ ទន្ទឹម​គ្នា​នេះ ជំនួយ​អភិវឌ្ឃបរទេស​ចំពោះ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឃ​ក៏​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង។ ក្រៅ​ពី​នេះ នាយិកា​ប្រតិបត្តិ​អង្គការ​អូនុយស៊ីដា​លោកស្រី​វីននី ប៊ីយ៉ានយីម៉ា​បាន​លើក​ឡើង​ពី​វិសភាព ការ​រើសអើង និង​អំពើហិង្សា​ក្នុង​គ្រួសារ​ដែល​ជា​កត្តា​រារាំង​ដល់​យុទ្ធនាការ​ប្រឆាំង​នឹង​ជំងៃ​អេដស៍។

វិសមភាព​ដែល​លោកស្រី​ប៊ីយ៉ានយីម៉ា​ចង់​និយាយ គឺ​វិសមភាព​រវាង​ភេទ​ដែល​ស្រ្តី​បាន​ឆ្លង​ច្រើន​ជាង​បុរស ពិសេស​នៅ​ក្នុង​តំបន់​អាហ្រ្វិកសាហារ៉ា។ នៅ​ក្នុង​តំបន់​នេះ ក្មេងស្រ្តី​មាន​អាយុ​ចន្លោះ​ពី ១៥ឆ្នាំ​ទៅ ២៤ឆ្នាំ​មាន​ហានិភ័យ​ឆ្លង​ជំងឺ​អេដស៍​ច្រើន​ជាង​ក្មេង​ប្រុស​ក្នុង​ចន្លោះ​អាយុ​ដូច​គ្នា​ដល់​ទៅ ៣ដង។ នៅ​ក្នុង​តំបន់​នេះ​ដដែល ស្រ្តី​ដែល​រងគ្រោះ​ដោយ​អំពើហិង្សា​ពី​ស្វាមី​ក្នុង​រឿង​រួម​ភេទ​ក៏​ប្រឈម​ខ្ពស់​ដល់​ទៅ​ជាង​ជាង ៥០% នឹង​ការ​ឆ្លង​ជំងឺ​អេដស៍។

វ៉ាក់សាំង​បង្ការ​ជំងឺ​អេដស៍​បន្ត​ស្ថិត​ក្នុង​សុបិន?

ការ​វិវត្តន៍​ក្នុង​រឿង​ថ្នាំព្យាបាល​ជំងឺ​អេដស៍​ឲ្យ​ជា​សះស្បើយ​ហាក់​មិន​សូវ​មាន​ការ​វិវត្តន៍​លឿន​ប៉ុន្មាន​ទេ។ នេះ​អាច​ចាត់​ទុក​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​មួយ ក្រោយ​ពី​ជំងឺ​មួយ​នេះ​បាន​លេច​រូបរាង​តាំង​ពី​ជាង ៤០ឆ្នាំ​កន្លង​ទៅ។ អ្វី​ដែល​ពិភពលោក​កំពុង​មាន​ក្នុង​ដៃ​សព្វថ្ងៃ​សម្រាប់​ជំងឺ​អេដស៍ គឺ​ថ្នាំគ្រាប់ Antirétroviraux ឬ​ហៅ​ថ្នាំ​ពន្យារ​ជីវិត។ ថ្នាំ​ប្រភេទ​នេះ​ជួយ​អ្នក​ផ្ទុក​មេរោគ​អេដស៍​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ អាច​បន្ត​មាន​សុខភាព​ធម្មតា និង​ថែម​ទាំង​អាច​ជួយ​ទប់​មិន​ឲ្យ​ចម្លង​ទៅ​អ្នក​ដទៃ។ តែ​អ្វី​ដែល​ថ្មី​បន្ថែម​ពី​លើ​ថ្នាំគ្រាប់ Antirétroviraux ពេល​នេះ គេ​ថ្នាំគ្រាប់​ថ្មី​មួយ​មុខ​ទៀត​ហៅ​ជា​ភាសា​បារាំង Prophylaxie pré-exposition ឬ​ហៅ​កាត់ PrEP។ ថ្នាំគ្រាប់ PrEP នេះ​ត្រូវ​លេប​លាយ​ជាមួយ​ថ្នាំ​គ្រាប់ Antirétroviraux។

ថ្នាំគ្រាប់ PrEP ជា​ថ្នាំ​បន្ថែម​ចំពោះ​អ្នក​ដែល​ប្រឈម​នឹង​ជំងឺ​អេដស៍​ខ្លាំង​ជាង​គេ។ ទាក់ទង​នឹង​វ៉ាក់សាំង​បង្ការ​ជំងឺ​អេដស៍​ក៏​ហាក់​មិន​ទាន់​មាន​ពន្លឺ​ជាង​មុន​នៅ​ឡើយ​ដែរ។ នេះ​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​មួយ​ទៀត ខណៈ​ដែល​វ៉ាក់សាំង​សម្រាប់​ជំងឺ​កូវីដ១៩ ត្រូវ​បាន​គេ​រក​ឃើញ​តែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ ក្រោយ​ពី​ការ​ផ្ទុះ​មេរោគ​កូវីដ១៩។ យ៉ាង​ណា​ក៏​ដោយ វិធានការ​ដែល​ត្រូវ​បន្ត​អនុវត្ត​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អេដស៍ គឺ​វិធានការ​បង្ការ និង​ការ​បន្ត​ប្រើថ្នាំ​ពន្យារ​ជីវិត​សម្រាប់​អ្នក​មាន​មេរោគ​អេដស៍​ក្នុង​ខ្លួន។ អង្គការ​អូនុយស៊ីដា​នឹង​មិន​បោះបង់​យុទ្ធនាការ​ប្រឆាំង​ដើម្បី​ឈាន​ទៅ​បិទបញ្ចប់​ជំងឺ​កាច​សាហាវ​មួយ​នេះ​ទេ។ នាយិកា​ប្រតិបត្តិ​អង្គការ​អូនុយស៊ីដា​លោកស្រី​វីននី ប៊ីយ៉ានយីម៉ា​បាន​អះអាង​ថា ដើម្បី​អាច​ឈាន​ទៅ​បិទបញ្ចប់​ជំងឺ​អេដស៍​ក្នុង​លោក​បាន គេ​ត្រូវ​ការ​នូវ​ឆន្ទៈ​នយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ