អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើ​អ្នក​ជំងឺប្រភេទ​ណា អាច​ជា​ពី​ជំងឺ​អេដស៍​ ឬ​ស៊ីដា ​​ទៅ​វិញ​ដោយ​ឯងៗ បាន ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឆ្នាំ​នេះ​ជា​គម្រប់​៤០​ឆ្នាំគត់​ នៃ​ការ​លេច​ឡើងដំបូង​​នូវ​ជំងឺ​ស៊ីដា​ឬ​អេដស៍​នៅ​ពេល​ពិភពលោក។ ៤ទសវត្សរ៍​​ក្រោយ ទោះ​បី​ជា​វិទ្យាសាស្ត្រ​ជឿន​លឿន​ខ្លាំង ក៏ជំងឺ​អេដស៍​នៅ​តែ​ជា​តំណាង​គ្រោះ​ថ្នាក់​ គ្មាន​ថ្នាំព្យាបាល និង​គ្មាន​ថ្នាំ​បង្ការ​ទេ។ ប៉ុន្តែ​​មាន​អ្នក​ជំងឺ​ពីរ​នាក់​បាន​ជា​ដោយ​ឯងៗ​ពី​ជំងឺ​ស៊ីដា។ តើ​អ្នក​វិទ្យាសាស្ត្រ​ពន្យល់​ហេតុការណ៍​នេះ​យ៉ាង​ដូចម្តេច ? ហើយ​ហេតុ​អ្វី​បាន​ជា​ពិភពវេជ្ជសាស្ត្រ​​ដែល​កាន់​តែ​ជឿន​លឿន​ជា​លំដាប់ នៅ​តែ​​មិនទាន់​​អាច​រក​ឃើញ​ថ្នាំ​ព្យាបាល​និង​បង្ការ​ជំងឺ​ស៊ីដាបាន​ ?

តើ​អ្នក​ជំងឺប្រភេទ​ណា អាច​ជា​ពី​ជំងឺ​អេដស៍​ ឬ​ស៊ីដា ​​ទៅ​វិញ​ដោយ​ឯងៗ បាន ?
តើ​អ្នក​ជំងឺប្រភេទ​ណា អាច​ជា​ពី​ជំងឺ​អេដស៍​ ឬ​ស៊ីដា ​​ទៅ​វិញ​ដោយ​ឯងៗ បាន ? © Shutterstock / Kuboo
ផ្សាយពាណិជ្ជកម្ម

ស្រ្តី​ជាតិ​អាហ្សង់ទីន អាយុ ៣០ឆ្នាំ បាន​ឆ្លង និង​មាន​ផ្ទុក​មេរោគ​ជំងឺ​ស៊ីដា តាំងពី​ឆ្នាំ​២០១៣​មក ទើប​ត្រូវ​បានក្រុម​អ្នក​វិទ្យាសាស្ត្រ​​ប្រកាស​ កាលពី​ថ្ងៃទី ១៦​វិច្ឆិកា ២០២១ ថា​បាន​​ជា​ពី​ជំងឺ​ស៊ីដា ដោយ​ពុំ​បាន​ទទួល​ថ្នាំ​ព្យាបាលអ្វី​សោះ​ លើក​លែងតែ​ក្នុង​ពេលពរពោះ ដើម្បី​កាត់បន្ថយ​គ្រោះ​ចម្លងស៊ីដា​ទៅកូន។ ដើម្បី​គោរពសិទ្ធិសុំ​មិន​បញ្ចេញ​អត្តសញ្ញាណ ក្រុម​អ្នកស្រាវជ្រាវ​អន្តរជាតិ​បាន​ប្រសិទ្ធនាម​អ្នក​ជំងឺជាតិ​អាហ្សង់ទីន​នេះ​ថា Esperanza  “អ្នក​ជំងឺជាទីសង្ឃឹម”។ អ្នក​ជំងឺ​រូប​នេះ​បានទទួល​បាន​ការ​​​​តាម​ដានសុខភាព​ ពិនិត្យ​ឈាម អាដេអិន និង​វិភាគ​កោសិកា ជា​រឿយៗ តាំង​ពី​ឆ្នាំ​២០១៧មក។ ​ នៅ​ឆ្នាំ​២០២០ ក្រោយពី​បាន​​ឆ្លង​ទន្លេកូន​ទីពីរ​​រួច អ្នក​វិទ្យាសាស្ត្រ បាន​ធ្វើ​ការ​វិភាគ​លម្អិត ទឹកភ្លោះ​របស់​ស្ត្រីនោះទៀត។ ជា​លទ្ធផល​ គ្មានសល់​​ដាន​មេរោគ​ស៊ីដា ឬ​អេសដ៍ ក្នុង​កោសិកា​របស់​គាត់​សោះ។

នេះ​ជា​ករណី​ជាសះស្បើយ​​ពី​ជំងឺ​ស៊ីដា ដោយ​ឯកឯង​ទីពីរ​ហើយ​ដែល​មាន​កត់​ត្រា​ក្នុង​បញ្ជី​របស់​​ពិភពលោក។ ​ករណី​ជា​ពី​ជំងឺអេសដ៍​ ដំបូង​គេ​បង្អស់ ដោយ​គ្មាន​ទទួលថ្នាំព្យាបាល​ពន្យារ​ជីវិត​ប្រភេទ​អង់ទីរ៉េត្រូវីរ៉ូ សោះ គឺ​ជា​បុរស​វ័យ​ចំណាស់​អាយុ​ខ្ទង់​៦០ឆ្នាំ រស់​នៅ​សាន់ហ្វាន់ស៊ីស្កូ សហរដ្ឋ​អាមេរិក កាលពី​ឆ្នាំ​២០២០ដែរ។

​ដំណឹង​ស្តី​ពីការ​ជា​ដោយ​ធម្មជាតិ​ពីជំងឺ​ស៊ីដា អាច​ត្រូវ​បាន​គេ​បកស្រាយ​ពន្យល់​ថាមានជំពូក​​មនុស្ស​ មួយ​ក្រុម​តូច ប្រមាណ​ពី ០,៥ទៅ​១% នៃ​ប្រជាជន​សរុប​លើ​ពិភពលោក កើត​មក​ពី​ប្រព័ន្ធទប់​ទល់​​ឈ្នះ​នឹង​មេរោគស៊ីដា​ ​ពី​កំណើត។​ ជា​សម្បត្តិ​ធម្មជាតិ​ពី​កំណើត​ដ៏​កម្រ។ វាមិន​ខុស​ពី​អ្វី​ដែល​យើង​ធ្លាប់ប្រទះ​ដោយ​ជាក់​ស្តែង​ក្នុង​សង្គម​ ក្នុង​គ្រួសារ​តែមួយ តែ​កូន​ខ្លះ​ឈឺ​ច្រើន កូន​ខ្លះ​កើតមក​មាន​សុខភាព​ល្អ ​មិន​ចេះ​ឈឺ​រហូត​ដល់​ចាស់​ស្លាប់។ មនុស្ស​ខ្លះ​កើត​មក​មាន​ហ្សែនខ្លាំង​អាច​​ការពារ​ និង​រារាំង​មិន​ឱ្យ​មាន​ការ​បង្ក​រោគ​ទេ អាច​យក​ឈ្នះ​លើ​គ្រប់​មេរោគ។ ខ្លះ​ទៀត អាច​ឆ្លងមេរោគ​និង​ធ្លាក់​ខ្លួន​ឈឺ​ តែ​ក៏​អាច​កម្ចាត់កម្ចាយ​មេរោគនោះ​បាន​ទៅ​វិញ​ ដោយ​ខ្លួនឯង។ តែ​មនុស្ស​ភាគ​ច្រើន​ បើ​ឈឺហើយ​នឹង​ត្រូវ​ការ​ការ​ព្យាបាល​ ការព្យាបាលជំងឺ​ស៊ីដា​ដោយ​ប្រើ​ថ្នាំ​ពន្យារ​ជីវិត​ប្រភេទ​អង់ទីរ៉េត្រូវីរ៉ូ រហូត​អស់​មួយ​ជីវិត បើ​ពុំ​នោះ​ទេ វីរុស​នឹង​កម្រើក​ឡើង​វិញ​ ហើយ​ងើប​មក​វាយប្រហារ​បង្កឱ្យ​អ្នក​​ជំងឺអាច​ធ្លាក់​ខ្លួន​បាន​វិញ។

នៅលើពិភពលោក​យើង​នេះ មានអ្នកជំងឺ​ស៊ីដា​សរុប​តែ​បួន​នាក់​គត់ ដែល​អ្នក​វិទ្យាសាស្ត្រ​ទទួល​ស្គាល់​ថា​បាន​ជាដាច់​ពី​ជំងឺ​ស៊ីដា ៖ ពីរករណី​បាន​ជា​ដោយ​ធម្មជាតិ ដូច​មាន​រៀប​រាប់​ខាង​លើ និង​​ពីរ​នាក់ទៀត ​បានជា​ដោយ​មានការ​ព្យាបាល នោះគឺករណី​អ្នក​ជំងឺនៅ​ប៊ែរឡាំង ម្នាក់​និងអ្នក​ជំងឺ​នៅឡុងដ៍ម្នាក់។ អ្នក​ជំងឺស៊ីដា ជាតិ​អង់គ្លេស​ រស់​នៅ​ទីក្រុង​ឡុងដ៍ ឬ​ហៅ​ អ្នក​ជំងឺ​ឡុងដ៍ ​​បាន​ជា​ពី​ជំងឺស៊ីដា បន្ទាប់​ពី​ទទួល​ការ​វះកាត់​បន្សាំ​កោសិកា ដើម្បី​ព្យាបាល​ជំងឺ​មហារីក។ អ្នកជំងឺ​បាន​ជា​ពីជំងឺ​មហារីក​ហើយ​ កោសិកា​ដែល​ឆ្លង​វីរុស​ហ៊ីវ​ក៏​ត្រូវ​បាន​លុបបំបាត់ និង​ជំនួស​មកវិញនូវ​កោសិកា​ល្អ ក្នុង​អំឡុង​ពេលព្យាបាល​ជំងឺមហារីក។ ចាប់ពីពេលនោះ​មក​អ្នកជំងឺឡុងដ៍​ក៏​លែងលេប​ថ្នាំ​ពន្យារជីវិត​រហូតមក។

បើ​តាម​ការ​សិក្សាជា​ច្រើន​ផ្សេង​ទៀត នេះ​ជា​​ក្រុម​អ្នក​ជំងឺមួយ​ប្រភេទទៀតដែល​មាន​ឈ្មោះ​ថា “contrôleurs d’élite” អាច​កម្ចាត់​វីរុស​ហ៊ីវ​បានពុំ​បាច់​ត្រូវ​ការ​ជំនួយ​ជាថ្នាំ​ព្យាបាល​ជីវិត​អង់ទីរ៉េត្រូវីរ៉ូ​​ទៀតទេ។ លទ្ធ​ផល​ជា​ទីគាប់​ប្រសើរ​នេះ ក៏​មិន​មែន​ជា​ការ​ចៃដន្យ​ទាំងស្រុង​ឡើយ។ អ្នក​ផ្តល់​អំណោយ​កោសិកា​សម្រាប់​យកមក​ធ្វើ​បន្សាំសរីរាង្គ ជា​មនុស្ស​ស្ថិត​នៅ​ក្នុង​ក្រុម​អ្នកមាន​ហ្សែនខ្លាំង​ទល់​នឹងការបង្ករោគ​ ទល់​នឹង​​មេរោគ​ហ៊ីវ។ ពោលគឺ​អាច​ស្រដៀង​និង​ស៊ី​ជាមួយ​ករណីជា​ដោយ​ធម្មជាតិ​របស់​ អ្នក​ជំងឺ​អាហ្សង់ទីនEsperanza។

ការ​ជា​ដោយ​ធម្មជាតិ​ពី​ជំងឺ​ស៊ីដា ទាំង​ពីរ​ករណី​នេះ បាន​ផ្តល់​សន្ទុះ​ថ្មី​ដល់​ក្រុម​អ្នកស្រាវជ្រាវ​នៅ​លើ​ពិភពលោក ដែល​ខិត​ខំប្រឹង​ប្រែង​សិក្សា​អស់​ជា​ច្រើនថ្នាំ​មក​ហើយ​ដើម្បី​រក​ថ្នាំ មក​ព្យាបាល​ជំងឺស៊ីដា។ ​សម្រាប់​ពេល​នេះ អ្នក​ស្រាវជ្រាវ​​បន្ត​តាមដាន​អ្នក​ជំងឺ​អាហ្សង់ទីន ​ដើម្បី​បាន​យល់​អំពី​យន្តការ​ដែល​ឱ្យ​នាំឱ្យ​គាត់​បាន​ជា​សះស្បើយ​ពី​មេរោគ​ហ៊ីវ និង​ពិសេស​ដើម្បី​អាចចម្លងយន្តការ​ជា​របស់​Esperanza ឱ្យ​​ចេញ​ជា​ថ្នាំព្យាបាល​ ឬ​វ៉ាក់សាំង។ ជា​ថ្នាំ​ដែល​អាច​មាន​សមត្ថភាព​​ផ្តល់​ភាព​ស៊ាំ​ ភាព​ធន់​​នឹង​វីរុស​ហ៊ីវ ឬ​ទៅបង្រៀន​ប្រព័ន្ធ​ការពារខ្លួន​ឱ្យ​ចេះ​គ្រប់គ្រងវីរុស​ដោយ​មិន​ប្រើថ្នាំ។

ហេតុ​អ្វី​ពិភពវេជ្ជសាស្ត្រ​មិន​អាច​បិទ​បញ្ចប់​ជំងឺ​ស៊ីដា ឬ​អេដស៍ បាន ?

នេះ​គ្រាន់​តែ​ជា​ក្តី​សង្ឃឹម​ថ្មី ប៉ុណ្ណោះ! ក្នុង​ពេល​រង់ចាំ និង​៤ទសវត្សរ៍​ ក្រោយ​ការ​ប្រកាស​រកឃើញ​ករណី​កើត​ជំងឺ​ស៊ីដា​ឬ​អេដស៍​ដំបូង មេរោគ​ ហ៊ីវ HIV នៅ​តែ​បន្ត​គំរាម​កំហែង​មនុស្សជាតិ​។ គិត​មក​ទល់​ពេល​នេះ ​ពិភពលោកមានថ្នាំ​ព្យាបាល​ពន្យារ​ជីវិត​​និង​វិធី​ការពារ​កុំ​ឱ្យ​ឆ្លង​ជំងឺ​ស៊ីដា​ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ណាស់។ ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​ ពន្យារ​ជីវិត ប្រភេទ​ អង់ទីរ៉េត្រូវីរ៉ូ ជា​ថ្នាំគ្រាប់​លេប​ជា​ប្រចាំ​រាល់​ថ្ងៃ អាច​ជួយ​ការពារ​សុខភាព​អ្នក​ផ្ទុក​មេរោគ​អេដស៍​មិន​ឱ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​ចម្លង​ទៅ​អ្នក​ដទៃ​បាន​ដល់​ទៅ​៩៩%។ ប៉ុន្តែ​គេ​នៅ​តែ​ពុំ​ទាន់​រក​ឃើញ​ថ្នាំ​ព្យាបាលឱ្យ​ជា​ដាច់​ ឬ​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​ស៊ីដាបាន​នៅឡើយ​ទេ។ ហេតុ​អ្វី​បាន​ជា​វិទ្យាសាស្ត្រ​ត្រូវ​ការ​ប្រើពេល​វេលា​ច្រើន​ម្ល៉េះ ?! ចម្ងល់​និង​សំណួរ មាន​ចោទ​កាន់​ខ្លាំង នៅពេល​ជំងឺ​កូវីដ​១៩ បាន​ចូល​មក​រាតត្បាត ហើយ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថ្នាំ​បង្ការ ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ឆ្នាំផង។ នេះ​ជា​ចម្ងល់​ដ៏​សមហេតុផល​មួយ​។ តែ​ស៊ីដា ខុស​ពី​កូវីដ​១៩។ អង់ទីក័រ​មនុស្ស​អាច​យក​ឈ្នះ​លើ​មេរោគកូវីដ១៩​បាន​១០០% តែ​មិន​អាច​យក​ឈ្នះ​មេរោគ​ស៊ីដាបានទាំងស្រុងទេ។ ដូច្នេះគេ​មិន​អាច​យកមក​ប្រៀប​ធៀប​គ្នា​បាន​ទេ។

តែ​យ៉ាងណា​ក៏​ដោយ​​ក៏​កម្មវត្ថុ​ចង់​បិទ​បញ្ចប់​ជំងឺ​ស៊ីដា​ឬ​អេដស៍ នៅត្រឹម​​ឆ្នាំ ២០៣០ មិន​អាច​សម្រេច​ទៅ​បាន​ ដូច​ការ​គ្រោង​ទុក​ទេ។ ហេតុ​អ្វី​បាន​ជា​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ស៊ីដា​ មាន​ការ​យឺតយ៉ាវ​យ៉ាង​ដូច្នេះ ? ការ​យឺត​យ៉ាវនេះ​មិនមែន​បណ្តាល​មក​ពី​ការ​ខ្វះ​ចំណេះ​ដឹង​ ឬ​កង្វះ​ឧបករណ៍​សម្រាប់​យក​ឈ្នះលើ​​ជំងឺ​ស៊ីដា​ទេ តែ​បណ្តាល​មក​ពី​វិសមភាព​នៃ​រចនា​សម្ព័ន្ធ​ដែល​មក​រាំង​ស្ទះ​ដំណោះស្រាយ​នៃ​ការ​ការពារ​និងព្យាបាល​ ប្រកប​ដោយ​ប្រសិទ្ធភាព។​

ហេតុ​ដូច្នេះ​ហើយ​បាន​ក្នុង​ឱកាស​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ស៊ីដាឬ​អេដស៍ ថ្ងៃទី ១​ធ្នូ ២០២១ អង្គការ​សុខភាព​ពិភពលោក​ បាន​កំណត់​ប្រធានបទ​ “បិទ​បញ្ចប់​វិសមភាព បិទបញ្ចប់​ជំងឺ​ស៊ីដា និង​ជំងឺ​រាតត្បាត” ផ្សេ​ងទៀត​នៅ​លើ​ពិភពលោក។

វិសមភាព​សេដ្ឋកិច្ច សង្គម វប្បធម៌ និង​តុលាការ ត្រូវ​តែ​បិទ​បញ្ចប់​ ជា​បន្ទាន់​ ប្រសិន​បើ​ពិភពលោកចង់​បិទបញ្ចប់​ជំងឺ​ស៊ីដា ត្រឹម​ឆ្នាំ​២០៣០។ គេអាចគិត​ថា​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​កូវីដ​១៩​យ៉ាង​ធ្ងន់ធ្ងរ​យ៉ាង​ដូច្នេះ មិនមែន​ជាពេលវេលាដែល​ត្រូវ​ផ្តល់​អាទិភាពដល់ការលុប​បំបាត់​វិសមភាព​សង្គម​និង​វិសមភាព​ផ្សេង​ទៀត​ទេ។ តែ​បើ​គេ​មិន​អាច​ជំនះ​វិសមភាព​បាន នោះ​គេ​ក៏​មិន​អាច​ដើរ​ចេញ​ផុត​ពី​វិបត្តិ​នេះ​បាន​ដែរ។

ប្រយុទ្ធ​ប្រឆាំង​នឹង​វិសមភាព​ មិនមែន​ជាពាក្យ​សន្យា​ថ្មី​ស្រឡាង​ទេ ប៉ុន្តែ​ជា​ភាពបន្ទាន់​ដែល​ត្រូវ​សម្រេច​។ កាលពី​ឆ្នាំ ២០១៥ គ្រប់​ប្រទេស​បាន​សន្យា​កាត់​បន្ថយ​វិសមភាព ក្នុង​កំរិត​ថ្នាក់​ជាតិ និង​អន្តរជាតិ ដើម្បី​ការ​អភិវឌ្ឍ​ជា​និរន្តរ៍​។ ប្រយុទ្ធ​ប្រឆាំង​នឹង​វិសមភាព ជា​ការ​ចាំបាច់​ក្នុង​ការ​លុប​បំបាត់​ជំងឺ​ស៊ីដា ប៉ុន្តែក៏​ដើម្បី​លើក​កម្តើង​សិទ្ធិរបស់​ប្រជាពលរដ្ឋ របស់​បុគ្គល​ក្នុង​ការ​រស់​នៅ​ជាមួយ​នឹង​វីរុស​ហ៊ីវ  និង​ដើម្បី​លើក​ស្ទួយ​សង្គម​​ ក្នុង​ការ​ត្រៀម​ប្រឈម​នឹង​ជំងឺរាតត្បាត​កូវីដ​១៩ និង​ជំងឺរាតត្បាត​ផ្សេង​ទៀត ព្រមទាំង​ដើម្បី​សម្រួល​ស្ថិរភាព​និងការស្ទុះ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច។ ប្រសិន​បើ​គ្រប់​ប្រទេស​គោរព​ពាក្យ​សន្យា​កាត់​បន្ថយ​វិសមភាពបាន នោះ​គេ​អាច​នឹង​សង្គ្រោះ​ជីវិត​មនុស្ស​បាន​រាប់​លាន​នាក់ និង​ធ្វើ​ឱ្យ​សង្គម​ទាំង​មូល​នៅលើ​ពិភពលោក​បាន​ប្រសើរ​ឡើង។

បិទ​បញ្ចប់​វិសមភាព​តម្រូវ​ឱ្យ​មាន​ការប្តូរ​ផ្លាស់ នយោបាយ សេដ្ឋកិច្ច​និង​សង្គម​។ នេះ​ជា​ភារៈ និង​ទំនួលខុស​ត្រូវ​របស់​រដ្ឋាភិបាល​នីមួយៗ ដែល​ត្រូវ​ប្រែក្លាយ​ពាក្យ​សន្យា​ជា​សកម្មភាពជាក់ស្តែង។ ​ឆ្នាំនេះ ទិវា​ពិភពលោក​ប្រឆាំង​នឹងស៊ីដា សូម​រលឹក​ដល់​រដ្ឋាភិបាល​ទាំង​អស់​ថាវិសមភាព​ពិភពលោក​ ប៉ះពាល់លើ​មនុស្ស​គ្រប់រូប មិនថា​អ្នក​ជា​នរណា ឬ​នៅទីណាទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ